អាជ្ញាធរខេត្តបន្ទាយមានជ័យបានដោះលែងយុវជនបរិស្ថានលោក ហ៊ុន វណ្ណៈ វិញហើយ បន្ទាប់ពីឃាត់ខ្លួនសាកសួរអស់ជាង៤ម៉ោង នៅព្រឹកថ្ងៃទី១ មិថុនា។ លោក ហ៊ុន វណ្ណៈ ត្រូវបានចាប់ខ្លួនក្នុងពេលដែលលោកចុះឃ្លាំមើលអាជ្ញាធរដាក់ពង្រាយកងកម្លាំងជាច្រើននាក់ទប់ស្កាត់ប្រជាពលរដ្ឋមិនឱ្យតវ៉ានៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
អាជ្ញាធរខេត្តបន្ទាយមានជ័យដាក់ពង្រាយប៉ូលិស និងប៉េអិមរាប់រយនាក់បិទផ្លូវគ្រប់ច្រកល្ហកនៅតំបន់ព្រំដែនក្រុងប៉ោយប៉ែត រារាំងមិនឱ្យពលរដ្ឋធ្វើបាតុកម្មនៅច្រកទ្វារព្រំដែនកម្ពុជានិងថៃ។ ជាមួយគ្នានេះក្រុមប្រជាពលរដ្ឋក៏កំពុងរកឱកាស ដើម្បីចូលទៅតវ៉ានៅតំបន់ព្រំដែនតាមការគ្រោងទុកដដែល។
យុវជនបរិស្ថានដែលចុះឃ្លាំមើលរឿងនេះដល់ទីកន្លែងលោក ហ៊ុន វណ្ណៈ ថ្លែងក្រោយពេលអាជ្ញាធរដោះលែងថា អាជ្ញាធរខេត្តបន្ទាយមានជ័យ រួមមានតំណាងអយ្យកា និងស្នងការរង ព្រមទាំងអភិបាលរងខេត្ត និងមន្ត្រីប៉ូលិសមួយចំនួន បាននាំលោកទៅសួរចម្លើយនៅស្ថានីយរថភ្លើងក្រុងប៉ោយប៉ែតប្រមាណ៤ម៉ោង។លោកបញ្ជាក់ថា អាជ្ញាធរបានចោទប្រកាន់លោកថាជាក្រុមអ្នកយកព័ត៌មានទូរទស្សន៍ព្រះអាទិត្យរបស់គណបក្សសង្គ្រោះជាតិ ហើយបានបង្ខំឱ្យលុបរូបភាពក្នុងទូរស័ព្ទចោល ប៉ុន្តែ ត្រូវបានលោកបដិសេធ៖ «គេព្យាយាមសួរខ្ញុំថា ដេកនៅផ្ទះសំណាក់ណាដើម្បីឆែកមើលក្រែងមានអីវ៉ាន់អីដែលអាចចោទប្រកាន់បាន។ ម្យ៉ាងទៀតគេព្យាយាមឱ្យខ្ញុំផឹកទឹក ដើម្បីគេពិនិត្យទឹកនោមហើយក្នុងហ្នឹងមានរូបភាពខ្ញុំជឿជាក់តែម្ដងវាជាការដាក់ថ្នាំពីក្រោយខ្នង ខ្ញុំមិនដែលមានស្ថានភាពបែបហ្នឹងទេ គឺខ្ញុំញ័រខ្ញុំភ័យដូចកូនសត្វនៅពេលហ្នឹងតែខ្ញុំតាំងស្មារតីវិញបាន»។
ទាក់ទងនឹងបញ្ហានេះអភិបាលរងខេត្តបន្ទាយមានជ័យលោក គឹង វណ្ណៈ ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា អាជ្ញាធរបានដោះលែងលោក ហ៊ុន វណ្ណៈ វិញហើយនៅព្រឹកថ្ងៃដដែល។ ទោះជាយ៉ាងណាលោកមិនបានអត្ថាធិប្បាយជុំវិញការចាប់ខ្លួននិងការដាក់ពង្រាយកងកម្លាំងទប់ស្កាត់ប្រជាពលរដ្ឋតវ៉ានោះឡើយ៖ «ទាល់តែសួរទៅខាងសមត្ថកិច្ចព្រោះសមត្ថកិច្ចគេអ្នកធ្វើការព្រោះអីពេលហ្នឹងខ្ញុំអត់បានចូលទៅសួរគាត់ផង»។
អាស៊ីសេរីបានព្យាយាមទាក់ទងស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធ ឡោះ និងព្រះរាជអាជ្ញារង លោក តេង សាម៉ៃ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបន្ថែមទៀតនៅរសៀលថ្ងៃទី១មិថុនា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាលោក ឌិន ពុទ្ធី ថ្លែងថា ថ្វីត្បិតតែអាជ្ញាធរឃាត់ខ្លួនយុវជនម្នាក់បែបនេះក្ដី ក៏ក្រុមប្រជាពលរដ្ឋនៅតែបន្តគម្រោងធ្វើបាតុកម្មដដែល។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋកំពុងតាមដានស្ថានការណ៍នៅតំបន់ព្រំដែនក្រុងប៉ោយប៉ែត និងត្រៀមជួបជុំគ្នានៅគោលដៅដែលបានកំណត់ដដែល ប្រសិនបើអាជ្ញាធរបើកឱ្យឡានដឹកទំនិញរបស់ថៃចូលមកកម្ពុជាដូចមុននេះ៖ «អីចឹងការប្រើកម្លាំងហ្នឹងគឺប្រើកម្លាំងហួសហេតុយើងគិតថា កងកម្លាំងដែលអាជ្ញាធរដាក់ព្រាយហ្នឹងសុទ្ធតែស៊ីប្រាក់ខែពីរដ្ឋដែលប្រជាពលរដ្ឋបង់ពន្ធឱ្យរដ្ឋ។អីចឹងការដាក់កម្លាំងមកបង្ក្រាបវាមិនសម និងមិនត្រឹមត្រូវទេដោយសារតែពួកគាត់ស៊ីប្រាក់ខែពីរាស្ត្រ ហើយមកគាបសង្កត់រឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋហើយផ្ទុយទៅហ្នឹងច្បាប់រដ្ឋធម្មនុញ្ញ»។
លោកបន្ថែមថា ក្រុមអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿប្រទេសថៃ និងអ្នកប៉ះពាល់ពីការបិទព្រំដែននេះ សម្ដែងការមិនពេញចិត្តនឹងអាជ្ញាធរដាក់កម្លាំងហាមប្រាមពួកគាត់មិនឱ្យជួបជុំគ្នាតវ៉ាបែបនេះ។
ចំណែកមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc)ខេត្តបន្ទាយមានជ័យដែលបានចុះតាមដានរឿងនេះលោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ការចាប់ខ្លួនយុវជនម្នាក់ទៅសួរនាំនេះ ជាការបិទសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋ។លោកបន្តថា លោក ហ៊ុន វណ្ណៈ ពុំបានប្រព្រឹត្តខុសច្បាប់នោះឡើយ៖ «យើងបានសួរប្រជាពលរដ្ឋខ្លះដែរហើយពួកគាត់និយាយថាពួកគាត់ហ្នឹងបម្រុងធ្វើបាតុកម្មមែនប៉ុន្តែមិនដឹងថា ទៅផ្ដុំគ្នាកន្លែងណាបានទេបើប៉ូលិសពេញដីអីចឹង។យើងគិតថា ជាការទាក់ទងសេរីភាពបញ្ចេញមតិមួយដល់ពួកគាត់ជាសញ្ញាណមួយដែលបង្ហាញថាជាការរារាំងដល់ពួកគាត់ជាស្រេចទៅហើយសូម្បីតែពួកគាត់មិនទាន់ធ្វើបាតុកម្មក៏ដោយក៏មានការកើតឡើងដែរ»។
ចាប់តាំងពីអាជ្ញាធរដាក់កម្លាំងទប់ស្កាត់អ្នកតវ៉ាមក គឺពុំមានឡានដឹកទំនិញរបស់ថៃណាមួយចូលមកដល់ក្រុងប៉ោយប៉ែតនោះទេ នៅថ្ងៃទី១ មិថុនា ហើយអាជ្ញាធរក៏មិនទាន់ដកកម្លាំងចេញពីព្រំដែននៅឡើយ។ ចំណែកក្រុមប្រជាពលរដ្ឋក៏នៅតែបន្តឃ្លាំមើលព្រំដែនចាំទប់ស្កាត់រថយន្តដឹកទំនិញរបស់ថៃមិនឱ្យចូលមកទឹកដីកម្ពុជាឡើយ។
កាលពីថ្ងៃទី២៥ឧសភាពលរដ្ឋនៅក្រុងប៉ោយប៉ែតបានដាក់លិខិតស្នើសុំទៅសាលាខេត្តបន្ទាយមានជ័យធ្វើបាតុកម្មតវ៉ាទាមទារឱ្យអាជ្ញាធរកម្ពុជាអន្តរាគមន៍ទៅខាងភាគថៃសុំឱ្យបើកច្រកទ្វារព្រំដែនប្រទេសទាំង២ឡើងវិញ ដោយសារការបិទព្រំដែនបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ប៉ុន្តែត្រូវបានអាជ្ញាធរបដិសេធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។