ល្អាង​ប្រចៀវ​ភ្នំ​សំពៅ​ជា​គោលដៅ​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ដ៏​ល្បី​នៅ​ខេត្ត​បាត់ដំបង

0:00 / 0:00

ហ្វូង​សត្វ​ប្រជៀវ​រាប់​ម៉ឺន​ក្បាល តែង​តែ​បង្ហាញ​ខ្លួន​​ចេញ​ពី​ល្អាង​ភ្នំសំពៅ គឺជា​គោលដៅ​ទេសចរ​យ៉ាង​សំខាន់ ក្នុង​ខេត្ត​បាត់ដំបង ដែល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចាប់​អារម្មណ៍​ទៅ​ទស្សនា​កម្សាន្ត។ អាជ្ញាធរ​អះអាង​ថា មន្ត្រី​ជំនាញ​បន្ត​យកចិត្តទុកដាក់ កែច្នៃ​តំបន់​​ភ្នំសំពៅ ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ ក្នុង​ខេត្ត​នេះ ដើម្បី​រក្សា​អត្តសញ្ញាណ​ប្រវត្តិសាស្ត្រ និង​បង្កើន​ប្រាក់​ចំណូល​សហគមន៍។

បើ​យើង​ធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​លេខ៥៧ ចាប់​ពី​ទី​រួម​ខេត្ត​បាត់ដំបង ទៅ​ទិស​ខាង​លិច ឆ្ពោះ​ទៅ​ខេត្តប៉ៃលិន បាន​ចម្ងាយ​ផ្លូវ​ជាង ១២គីឡូ​ម៉ែត្រ យើង​នឹង​ឃើញ​ភ្នំ​ធំ​មួយ​នៅ​ជាប់​ផ្លូវ​ខាង​ឆ្វេង​ដៃ ដែល​មាន​ជញ្ជាំង​ខ្ពស់​ចោទ​ពី​ធម្មជាតិ សណ្ឋាន​រាង​ដូច​ដូច​ជា​សំពៅ។ ភ្នំ​នោះ មាន​ឈ្មោះ​ថា ភ្នំសំពៅ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ប្រជុំ​ភ្នំ​ជា​ច្រើន​ទៀត ដែល​ជា​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ។ ភ្នំសំពៅ​បច្ចុប្បន្ន មាន​រូប​ចម្លាក់​ព្រះពុទ្ធ​បដិមា​យ៉ាង​ធំ​ស្កឹមស្កៃ គេ​ឆ្លាក់​ជាប់​ជញ្ជាំង​ថ្ម នៅ​ជើង​នឹង​ជើង​ភ្នំ ដែល​ជា​ទី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​ទៅ​ទស្សនា។ ក្រៅ​ពី​ព្រះពុទ្ធបដិមា​អង្គ​ធំ និង​ល្អាង​ជា​ច្រើន ហ្វូង​សត្វ​ប្រចៀវ​ជា​ច្រើន​ក្បាល ក៏​ជា​កត្តា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែរ។

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​រាប់​រយ​នាក់ តែងតែ​អង្គុយ​រង់ចាំ​ងើយ​មើល​សត្វ​ប្រចៀវ​ចេញ​ពី​ល្អាង​ភ្នំ​ជា​រៀងរាល់​​ពេល​ល្ងាច​ធ្វើ​ឱ្យ​តំបន់​នោះ ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ដ៏​ល្បីល្បាញ។

អ្នកនាំ​ភ្ញៀវ​ទេសចរ​ទស្សនា​ល្អាង​ប្រចៀវ លោក ក្រម រឿយ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​៥ មករា ថា អាជ្ញាធរ​មូលដ្ឋាន​កំពុង​រឹត​បន្តឹង​អភិរក្ស​ហ្វូង​សត្វ​ប្រចៀវ​ទាំងនេះ ដោយ​មិន​អនុញ្ញាត​ឱ្យ​មានការ​បរបាញ់ និង​ដាក់​អន្ទាក់​នោះ​ឡើយ។

ក៏ប៉ុន្តែ​លោក​បារម្ភ​ថា អ្នក​ខាងក្រៅ​តែងតែ​លួច​បរបាញ់ និង​ដាក់​អន្ទាក់​ចាប់​ប្រចៀវ​ធ្វើ​អាជីវកម្ម​ជា​ទ្រង់ទ្រាយ​តូចៗ នៅ​ពេល​ដែល​ពួកវា​ហើរ​ចេញ​ពី​ល្អាង​ភ្នំ។ លោក​ថា ហ្វូង​ប្រចៀវ​ទាំង​នេះ គឺជា​ប្រភព​ប្រាក់ចំណូល​របស់​ពលរដ្ឋ ដែល​លោក​ចង់ឱ្យ​អាជ្ញាធរ​ថែរក្សា​ឱ្យ​គង់វង្ស។

លោក ក្រម រឿយ៖«ប្រចៀវ​នេះ​ វា​ហើរ​ចេញពី​ល្អាង​ភ្នំ​សំពៅ​ទៅ ចម្ងាយ​​ប្រហែល​ជា ១គីឡូ​​ដី ឬ ២​គីឡូ​ដី ទើប​បែក​ចេញ​ជា​ក្រុម ​ហើយ​បែក​ចេញ​ជា​ក្រុម​ហ្នឹង វា​ហើរ​ចេញ​ទៅ​​តាម​សមុទ្រ និង​ទន្លេ​សាប ដោយសារ​នៅ​ទីនោះ សំបូរ​សត្វល្អិត ហើយជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​​ភ្ញៀវ​បរទេស​ហ្នឹង គាត់​មក គាត់​ចង់​ឃើញ​សត្វ​ប្រចៀវហើរ​នៅតំបន់​​រមណីយដ្ឋាន​នេះ​ឯង បាន​មាន​ភ្ញៀវមក​​ច្រើន​កុះករ»។

អ្នក​ខេត្ត​បាត់ដំបង បាន​ហៅ​ហ្វូង​ប្រជៀវ​ទាំងនោះ​ថា ជា “​កងទ័ព​ប្រជៀវ" ព្រោះ​គេ​សម្គាល់ ថា ការ ហោះហើរ​របស់​ពួកវា​ជា​ហ្វូង តម្រង់​ជួរ​គ្នា​ដូចជា​កងទ័ព​ចេញ​ច្បាំង លេច​សម្រស់​ដ៏​ស្រស់​ស្អាត។ ភ្ញៀវ​ទេសចរ​តែងតែ​ងើយ​មើល​លើ​មេឃ​មិន​ដាក់​ភ្នែក និង​ខ្លះទៀត ថតរូប​ភាព ​និង​វីដេអូ បង្ហោះ​តាម​បណ្ដាញ​សង្គម ឬ​ហ្វេសប៊ុក (Facebook)។

បន្ថែម​ពី​នេះ​ទៀត ហ្វូង​សត្វ​ប្រចៀវ​មាន​អត្ថប្រយោជន៍​ច្រើន គឺ​វា​ជួយ​ស៊ី​សត្វល្អិតៗ​ចង្រៃ​ដែល​បំផ្លាញ​ផល​ដំណាំ របស់​កសិករ​ហើយ​លាមក​របស់​វា គេ​យក​ធ្វើជា​ជី​កសិកម្ម​ធម្មជាតិ​ដ៏​មាន​តម្លៃ។

អាជ្ញាធរ​ខេត្ត​បាត់ដំបង អះអាង​ថា ហ្វូង​សត្វ​ប្រជៀវ​ទាំងនេះ បាន​ក្លាយ​ជា​ជា​ផលិតផល​ទេសចរណ៍​ដ៏​សំខាន់ ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​សហគមន៍​ក្នុង​ខេត្ត​បាត់ដំបង។ បច្ចុប្បន្ន​មាន​ពលរដ្ឋ​ជាច្រើន​គ្រួសារ លក់ដូរ​ម្ហូបអាហារ វត្ថុ​អនុស្សាវរីយ៍ និង​មានផ្ទះ​លម្ហែ​កម្សាន្ត​នៅ​តំបន់​ភ្នំ​សំពៅ ហើយ​ពលរដ្ឋ​ខ្លះទៀត បាន​ទិញ​រថយន្ត និង​ម៉ូតូ សម្រាប់​ដឹក​ភ្ញៀវ​ទេសចរ​ឡើង​ភ្នំ។

យុវជន​រស់នៅ​ខេត្ត​បាត់ដំបង កញ្ញា ឡូត សៅដា សង្កេត​ឃើញ​ថា វត្តមាន​សត្វ​ប្រចៀវ​ទាំងនេះ​មាន​សារៈសំខាន់​ណាស់​ នៅពេល​ដែល​មាន​មនុស្ស​ជាច្រើន​ចាប់អារម្មណ៍ ហើយ​វា​អាច​ការពារ​ភ្នំ​ប្រវត្តិសាស្ត្រ​មួយ​នេះ​គេច​ចេញ​ពី​ការបំផ្លាញ​ដោយ​ក្រុមហ៊ុន​ឯកជន ដើម្បី​ទាញ​យក​ថ្ម និង​រ៉ែ ធ្វើ​អាជីវកម្ម។

កញ្ញា​សង្កេត​ឃើញ​ថា ភ្នំ​ធម្មជាតិ​នៅ​ខេត្ត​បាត់ដំបង​ជាច្រើន ទទួល​រង​ការ​កាយ​កម្ទេច ដើម្បី​យក​ថ្ម និង​រ៉ែ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សម្រស់​បរិស្ថាន នៅ​ពេល​ដែល​ពុំ​សូវ​មាន​មនុស្ស​ចាប់អារម្មណ៍​។

កញ្ញា ឡូត សៅដា៖ «ខ្ញុំ​គិតថា អាជ្ញាធរ​គួរ​ដាក់ទោស​ជន​បំផ្លាញ​សត្វព្រៃ និង​ព្រៃឈើ នៅ​តំបន់​អភិរក្ស​ហ្នឹង ពិន័យ​ជា​ប្រាក់ និង​ដាក់​ពន្ធនាគារ​ទៅ​តាម​កម្រិត​ទោស។ មួយទៀត អាជ្ញាធរ​គួរ​ចំណាយ​ថវិកា ដាក់​កង​ការពារ​ទីនោះ»។

អតីត​អ្នកយាម​ល្អាង​ប្រចៀវ លោក ក្រម រឿយ បន្ថែម​ថា កន្លង​ទៅ​មាន​ជន​ឆ្លៀតឱកាស​តែងតែ​លួច​បរបាញ់ ដើម្បី​យក​សាច់​ប្រចៀវ​ធ្វើ​អាជីវកម្ម។ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ​អាជ្ញាធរ​បាន​ពង្រឹង​ការ​អភិរក្ស ដោយ​មាន​ឆ្មាំ​យាមល្បាត​យ៉ាង​ប្រុង​ប្រយ័ត្ន​ជា​រៀងរាល់​ថ្ងៃ។

លោក​បន្ថែម​ថា ពលរដ្ឋ​ខ្លះពុំ​សូវ​យល់ដឹង​ពី​ប្រយោជន៍​សត្វ​ប្រចៀវ ហើយ​ពួកគាត់​តែងតែ​លួច​បរបាញ់ ធ្វើ​ជា​អាហារ នៅ​ពេល​វា​ហើរ​ចេញ​ពី​ល្អាង​ភ្នំ។

លោក ក្រម រឿយ៖ «អត់​យក​ក្នុង​ល្អាង​ទេ ប្រចៀវ​ហើរ​ចេញ​ក្រៅ ក្មេង​គុប​ហូប ឬ​អាច​ខ្លះ​ច្រើន វា​អត់​មាន​ឡើង​យក​ទាំង​ការុង ដូច​ពី​មុនៗ​ទេ»។

ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង លោក ហម អរុណ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អាជ្ញាធរ​បន្ត​ពង្រឹង​សណ្ដាប់ធ្នាប់​សន្តិសុខ និង​រក្សា​តម្លៃ​ម្ហូបអាហារ​ឱ្យ​បាន​សមរម្យ។ លោក​ចាត់ទុក ភ្នំ​សំពៅ​ជា​គោលដៅ​ទេសចរ​ប្រណិត​ប្រចាំ​ខេត្ត​បាត់ដំបង។

លោក​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​យកចិត្តទុកដាក់​អភិរក្ស​សត្វ​ប្រចៀវ និង​សត្វព្រៃ នៅ​តំបន់​ភ្នំ​សំពៅ​ឱ្យ​គង់វង្ស ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ។

លោក ហម អរុណ៖ «យើង​នៅ​អាច​និយាយ​បាន​ថា ភ្នំ​សំពៅ​ជា​គោលដៅ​ទេសចរ​មួយ​ដ៏​សំខាន់ មន្ទីរ​ទេសចរ​ក៏ដូច​ជា​រដ្ឋបាល​ខេត្ត យកចិត្តទុកដាក់ អភិវឌ្ឍន៍ និង​រៀបចំ​ទីនោះ​ហើយ នឹង​បង្កើន​ភាព​ទាក​ទាញ​ភ្ញៀវ​បន្ថែម។ យើង​នឹង​ពង្រឹង​បន្ថែម​ផលិត​ទាំងអស់​នោះ ក៏ដូចជា​អនាម័យ»។

លើ​កំពូលភ្នំ​សំពៅ មាន​វត្ត​អារាម​ចំណាស់​មួយ ដោយមាន​ល្អាង​ភ្នំ​ជាច្រើន​រួមមាន ល្អាង​ផ្កាស្លា ល្អាង​ប្រចៀវ និង​ល្អាង​ខ្មោច​ជាដើម​។ ដោយឡែក ​នៅ​ក្បែរ​ភ្នំ​សំពៅ​មាន​ចង្កោម​ភ្នំ​សំខាន់ៗ មួយ​ចំនួន​ទៀត​រួមមាន ភ្នំ​ក្តោង ភ្នំ​ក្រពើ ភ្នំ​អណ្ដើក ភ្នំ​ទ្រុងមាន់ ទ្រុង​ទា ភ្នំ​នាង​រំសាយសក់ និង​ភ្នំ​តាគ្រាម​ជាដើម ដែល​ភ្នំ​ទាំង​សុទ្ធសឹង​ជា​ភ្នំ​ប្រវត្តិសាស្ត្រ។

របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​ឱ្យ​ដឹង​ថា គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​ធ្នូ ឆ្នាំ ២០២៣ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ទៅ​ទស្សនា​នៅ​តំបន់​រមណីយដ្ឋាន​នានា ទូទាំង​ខេត្ត​នេះ មាន​ជាង ៦​សែន ២​ម៉ឺន​នាក់ (៦២៥.១៥២)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។