នៅក្នុងទិវាដុតកម្ទេចគ្រឿងញៀនដែលធ្វើឡើងនៅលើសួនច្បារទីសាធារណៈ ក្នុងខេត្តបាត់ដំបង មន្ត្រីទទួលបន្ទុកគ្រឿងញៀនរបស់រដ្ឋាភិបាល និយាយថា បទល្មើសគ្រឿងញៀនក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះបានថយចុះ បើធៀបនឹងឆ្នាំកន្លងទៅ។
ចំណែកអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងគ្រឿងញៀននេះវិញយល់ឃើញថា ថ្វីបើការបង្ក្រាបរបស់មន្ត្រីមានសមត្ថកិច្ចមានស្នាដៃយ៉ាងណាក៏ដោយ តែគេសង្កេតឃើញថា អ្នកប្រើប្រាស់គ្រឿងញៀននៅតែមានចំនួនកើនខ្លាំងជាងមុន ជាពិសេស ភាគច្រើនកើតលើយុវវ័យ។
មន្ត្រីនគរបាលទទួលបន្ទុកគ្រឿងញៀនប្រចាំខេត្តបាត់ដំបង ឲ្យដឹងថា ក្រុមសមត្ថកិច្ចបានបំពេញកិច្ចការរបស់ខ្លួនយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើឲ្យបទល្មើសថ្នាំញៀនត្រូវកាត់បន្ថយទ្វេមួយជាពីរ បើធៀបនឹងមួយឆ្នាំមុន។
ស្នងការរង និងជាប្រធានការិយាល័យកណ្ដាលយុត្តិធម៌ ទទួលបន្ទុកគ្រឿងញៀនប្រចាំខេត្តបាត់ដំបង លោក ជេត វណ្ណនី ឲ្យដឹងក្រោយទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់ថ្ងៃទី២៦ មិថុនា បានបិទបញ្ចប់ទៅកាលពីព្រឹកថ្ងៃទី៨ កក្កដា ថា ក្នុងរយៈពេល ១ឆ្នាំចុងក្រោយនេះ គិតចាប់ពីខែកក្កដា ឆ្នាំ២០១៣ រហូតដល់ដើមខែកក្កដា ឆ្នាំ២០១៤ បទល្មើសគ្រឿងញៀនត្រូវបានកាត់បន្ថយ ហើយការថយចុះនៃបទល្មើសនេះ គឺតាមរយៈផែនការដ៏សកម្មរបស់អាជ្ញាធរមានសមត្ថកិច្ច។
នៅក្នុងរបាយការណ៍ លោក នួន សាន ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបាត់ដំបង ឲ្យដឹងថា អាជ្ញាធរចាប់បានថ្នាំញៀនប្រភេទមេតាំហ្វីតតាម៉ីនគ្រាប់ជិត ៣ពាន់គ្រាប់ និងមេតាំហ្វីតតាម៉ីន ជាម្សៅវិញ ប្រមាណជាងកន្លះគីឡូក្រាម។ មន្ត្រីនគរបាលទទួលបន្ទុកគ្រឿងញៀនប្រចាំខេត្តបាត់ដំបង និយាយថា តួលេខនេះបានកាត់បន្ថយច្រើនណាស់ហើយក្នុងរយៈពេលដូចគ្នា បើប្រៀបធៀបពីមួយឆ្នាំមុននៃបទល្មើសគ្រឿងញៀននេះ។
ទិវាពិភពលោកប្រឆាំងគ្រឿងញៀន គឺនៅថ្ងៃទី២៦ មិថុនា ប៉ុន្តែនៅក្នុងខេត្តបាត់ដំបង ពិធីនេះត្រូវលើកពេលមកធ្វើក្នុងថ្ងៃទី៨ ខែកក្កដា វិញ ហើយមានដើមកញ្ឆាប្រហែល ១ពាន់ដើមផង ត្រូវដុតបំផ្លាញនៅក្នុងពិធីនេះ។
អ្នកចូលរួមជាង ១ពាន់នាក់ ដែលមានមន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្ត ព្រះសង្ឃ សិស្ស និស្សិត និងប្រជាពលរដ្ឋផង បានយកដៃ និងម៉ាស់បិទមាត់ និងច្រមុះ ក្នុងពេលដុតបំផ្លាញចោលនោះ ជាសញ្ញាបញ្ជាក់ថា ពួកគេស្អប់ខ្ពើមគ្រឿងញៀន។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានអ្នកចូលរួមមួយចំនួន ក្នុងចំណោមនោះ ពោលពាក្យស្ដាយក្រោយចំពោះការដុតបំផ្លាញគ្រឿងញៀន និងដើមកញ្ឆាទាំងនេះដែរ ដោយពួកគេចាត់ទុកថា គ្រឿងញៀនទាំងនេះវាមានតម្លៃរាប់ពាន់ដុល្លារ។
ថ្វីបើមន្ត្រីជំនាញរបស់រដ្ឋាភិបាលរកឃើញថា ការប្រើប្រាស់ និងការចរាចរគ្រឿងញៀន ត្រូវកាត់បន្ថយ។ តែផ្ទុយពីនេះ អង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងគ្រឿងញៀនវិញ និយាយថា គេហាក់មើលមិនឃើញសោះឡើយថា បញ្ហានេះត្រូវបានកាត់បន្ថយនោះ។ តាមរយៈការសាងសង់មជ្ឈមណ្ឌលជាច្រើនទីតាំង ដើម្បីបន្សាបអ្នកញៀនថ្នាំ បង្ហាញយ៉ាងច្បាស់ថា ការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា កំពុងតែរីកធំធាត់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃទៅវិញទេ។

ភ្ជាប់នឹងបញ្ហានេះ ប្រធានរដ្ឋបាលនៃមជ្ឈមណ្ឌលឱកាសខ្ញុំ ដែលជាស្ថាប័នមួយធ្វើការយ៉ាងសកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មែន ផល និយាយថា បើគេសើៗនោះប្រាកដជាយល់ថា បញ្ហាគ្រឿងញៀន និងការធ្វើចរាចរពិតជាបានកាត់បន្ថយមែន។ ក៏ប៉ុន្តែ លោកអះអាងថា វាមិនដូច្នេះឡើយ ដោយហេតុថា នៅតាមមជ្ឈមណ្ឌលនានាដែលបានបង្កើតរួចជាស្រេចមកនេះ ដែលមានផ្ទុកទៅដោយអ្នកញៀនថ្នាំចេះតែបន្តកើនឡើងមិនឈប់ឈរប្រាកដណាស់ថា តួលេខនេះ គឺមិនថយចុះនោះទេ៖ «បើសិនថាវាថយ បានសេចក្ដីថា មានមនុស្សឥតមានថែមហ្នឹង ដល់មនុស្សមានតែចូល ឥតមានចេញហ្នឹងបានដូចខ្ញុំថា វាមិនថយ»។
លោកឧត្ដមសេនីយ៍ឯក មាស ភិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្រង់ខ្លឹមសារសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានមានប្រសាសន៍ថា គ្រឿងញៀន គឺជាបញ្ហាសកល ដែលប្រទេសនៅក្នុងពិភពលោកត្រូវរួមគ្នាដោះស្រាយ ហើយការកើតឡើងណាមួយនោះ វាពុំមែនជាកំហុសរបស់អ្នកណាម្នាក់ឡើយ តែថាវាជាបញ្ហារួម។ លោកមានជំនឿថា តាមរយៈយុទ្ធនាការនេះ ពលរដ្ឋកម្ពុជា ជាពិសេសយុវវ័យ គប្បីយល់ឲ្យបានច្បាស់ពីគ្រឿងញៀន។ ដោយហេតុថា វា គឺជាឫសគល់ដ៏ចម្បងមួយក្នុងចំណោមបញ្ហាដទៃទៀត ដែលបំផ្លាញអនាគតក្នុងរយៈពេលមួយយ៉ាងខ្លីរបស់មនុស្សម្នាក់ៗ៖ «ទិវាអន្តរជាតិនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលដៅឆ្លើយតបទៅនឹងមានការវិវឌ្ឍថ្មីៗនៃការផលិត ការចរាចរ ការជួញដូរ និងការបំពានគ្រឿងញៀន ដែលបានបង្ក និងវិនាសកម្ម និងវិបត្តិកាន់តែធ្ងន់ធ្ងរចំពោះសង្គមជាតិនីមួយៗ និងសកលលោកទាំងមូល»។
សម្រាប់ប្រធានបទនៅក្នុងឆ្នាំនេះ ដែលដាក់ថា រួមគ្នាបង្ការ និងព្យាបាលបញ្ហាគ្រឿងញៀន ហាក់ពុំមានអ្នកចាប់អារម្មណ៍ច្រើនឡើយ ក្រៅពីអ្នកដែលចូលរួមដោយផ្ទាល់ និងមានភារកិច្ចសម្រាប់ពិធីនេះ។ មានមនុស្សតិចតួចណាស់ដែលធ្វើដំណើរតាមផ្លូវ ហើយផ្ដោតលើទិដ្ឋភាពដែលរៀបចំនៅទីធ្លាសួនច្បារកណ្ដាលទីរួមខេត្តបាត់ដំបង នេះ។
បើទោះជាបែបណា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង លោក សុក គង់ លោកទទួលស្គាល់ថា ការចរាចរគ្រឿងញៀននៅតែមាន តែថា រហូតមកដល់ពេលនេះទៅហើយ ក្នុងខេត្តបាត់ដំបង ពុំមានឃើញសញ្ញាណាថ្មីក្នុងរឿងនេះកើតឡើងទៀតទេ៖ «អ្នកប្រើប្រាស់គ្រឿងញៀនទូទាំងខេត្តយើងឃើញថា មានចំនួនកើនឡើងតិចបំផុត ក្នុងនោះមិនមានរបាយការណ៍បញ្ជាក់អំពីការប្រើប្រាស់គ្រឿងញៀន តាមរយៈប្រើម្ជុលសារាងចាក់រួមគ្នា ដែលជាហេតុចម្លងមេរោគអេដស៍។ មានតែការប្រើប្រាស់ ដោយការហិត ជក់ និងលិឍ»។
និយាយពីទិដ្ឋភាពទូទៅនៃពិធីឯណេះវិញ ក្រៅពីមានអ្នកចូលរួមជាសមត្ថកិច្ចចម្រុះ មន្ត្រីរាជការ សិស្ស និស្សិតហើយនោះ ជាងនេះទៀត មានពាក្យស្លោកជាច្រើនផ្ទាំងត្រូវគេចង់ភ្ជាប់រោងពិធីក្នុងន័យថា ការប្រព្រឹត្តគ្រឿងញៀន ប្រៀបដូចមេរោគអេដស៍ និងការប្រើប្រាស់គ្រឿងញៀន គឺបំផ្លាញអនាគតខ្លួនឯង ជាដើម។
ចំណែកអភិបាលខេត្តបាត់ដំបង លោក ច័ន្ទ សុផល វិញនិយាយថា ការពិតខេត្តដែលសម្បូរភោគផលផ្នែកខាងស្រូវនេះ គឺជាផ្នែកមួយដែលរងគ្រោះដោយការចរាចរគ្រឿងញៀនប៉ុណ្ណោះ។ លោកអះអាងថា បើពលរដ្ឋចូលរួមទប់ស្កាត់គ្រប់រូបភាពនោះ បញ្ហាគ្រឿងញៀននឹងមិនកើតឡើងទេ៖ «យើងពិតជាប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដល់ជីវិតរស់នៅរបស់យើងជាក់ជាមិនខាន។ មានន័យថា ជីវិតប្រចាំថ្ងៃរបស់យើងក៏ទទួលរងនូវសម្ពាធ និងការត្រួតត្រាពីគ្រឿងញៀន។ ដូច្នេះ ដើម្បីឲ្យយើងចៀសផុតពីការត្រួតត្រា ញាំញីដោយសារឥទ្ធិពលនៃសារធាតុគ្រឿងញៀន លុះត្រាធ្វើយ៉ាងណាឲ្យជីវិតយើង សហគមន៍យើងគ្មានគ្រឿងញៀន»។
បើទោះជាបែបណាក៏ដោយ មនុស្សមួយចំនួនចាត់ទុកថា ការធ្វើចរាចរគ្រឿងញៀនភាគច្រើន គឺជាជំពូកក្រុមមនុស្សដែលមានសែស្រឡាយអ្នកធំ មានបុណ្យស័ក្ដិ ឬមានខ្នងកាងពីក្រោយជាមន្ត្រីមានសមត្ថកិច្ច ជាដើម ឬថា អ្នកមានលុយស្តុកស្ដម្ភផង។ ក្នុងរឿងនេះ មានមនុស្សមានបានព្រោះតែគ្រឿងញៀនមិនតិចទេ តែមធ្យោបាយដែលអាចជួយធ្វើឲ្យពួកគេក្លាយជាមនុស្សស្អាតស្អំ ឬនិយាយបែបម្យ៉ាងទៀតថា យកលុយលាងខ្លួននោះ គឺភាគច្រើនតាមរយៈការបង្កើតមុខជំនួញផ្ទាល់ខ្លួន និងធ្វើពាណិជ្ជកម្មធំៗ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។