ការ​ជួញដូរ​គ្រឿងញៀន​នៅ​បាត់ដំបង​ថយ​ចុះ

0:00 / 0:00

នៅ​ក្នុង​ទិវា​ដុត​កម្ទេច​គ្រឿងញៀន​ដែល​ធ្វើ​ឡើង​នៅ​លើ​សួន​ច្បារ​ទី​សាធារណៈ ក្នុង​ខេត្ត​បាត់ដំបង មន្ត្រី​ទទួល​បន្ទុក​គ្រឿងញៀន​របស់​រដ្ឋាភិបាល និយាយ​ថា បទល្មើស​គ្រឿងញៀន​ក្នុង​រយៈពេល​១​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ថយ​ចុះ បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ។

ចំណែក​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នេះ​វិញ​យល់​ឃើញ​ថា ថ្វី​បើ​ការ​បង្ក្រាប​របស់​មន្ត្រី​មាន​សមត្ថកិច្ច​មាន​ស្នាដៃ​យ៉ាង​ណា​ក៏ដោយ តែ​គេ​សង្កេត​ឃើញ​ថា អ្នក​ប្រើប្រាស់​គ្រឿងញៀន​នៅ​តែ​មាន​ចំនួន​កើន​ខ្លាំង​ជាង​មុន ជាពិសេស ភាគ​ច្រើន​កើត​លើ​យុវវ័យ។

មន្ត្រី​នគរបាល​ទទួល​បន្ទុក​គ្រឿងញៀន​ប្រចាំ​ខេត្ត​បាត់ដំបង ឲ្យ​ដឹង​ថា ក្រុម​សមត្ថកិច្ច​បាន​បំពេញ​កិច្ចការ​របស់​ខ្លួន​យ៉ាង​សកម្ម ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ធ្វើ​ឲ្យ​បទល្មើស​ថ្នាំញៀន​ត្រូវ​កាត់​បន្ថយ​ទ្វេ​មួយ​ជា​ពីរ បើ​ធៀប​នឹង​មួយ​ឆ្នាំ​មុន។

ស្នងការ​រង និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​យុត្តិធម៌ ទទួល​បន្ទុក​គ្រឿងញៀន​ប្រចាំ​ខេត្ត​បាត់ដំបង លោក ជេត វណ្ណនី ឲ្យ​ដឹង​ក្រោយ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន សម្រាប់​ថ្ងៃ​ទី​២៦ មិថុនា បាន​បិទ​បញ្ចប់​ទៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា ថា ក្នុង​រយៈពេល ១​ឆ្នាំ​ចុង​ក្រោយ​នេះ គិត​ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ រហូត​ដល់​ដើម​ខែ​កក្កដា ឆ្នាំ​២០១៤ បទល្មើស​គ្រឿងញៀន​ត្រូវ​បាន​កាត់​បន្ថយ ហើយ​ការ​ថយ​ចុះ​នៃ​បទល្មើស​នេះ គឺ​តាម​រយៈ​ផែនការ​ដ៏​សកម្ម​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។

នៅ​ក្នុង​របាយការណ៍ លោក នួន សាន ព្រះរាជ​អាជ្ញា​នៃ​សាលា​ដំបូង​ខេត្ត​បាត់ដំបង ឲ្យ​ដឹង​ថា អាជ្ញាធរ​ចាប់​បាន​ថ្នាំ​ញៀន​ប្រភេទ​មេតាំហ្វីតតាម៉ីន​គ្រាប់​ជិត ៣​ពាន់​គ្រាប់ និង​មេតាំហ្វីតតាម៉ីន ជា​ម្សៅ​វិញ ប្រមាណ​ជាង​កន្លះ​គីឡូ​ក្រាម។ មន្ត្រី​នគរបាល​ទទួល​បន្ទុក​គ្រឿងញៀន​ប្រចាំ​ខេត្ត​បាត់ដំបង និយាយ​ថា តួលេខ​នេះ​បាន​កាត់​បន្ថយ​ច្រើន​ណាស់​ហើយ​ក្នុង​រយៈពេល​ដូច​គ្នា បើ​ប្រៀបធៀប​ពី​មួយ​ឆ្នាំ​មុន​នៃ​បទល្មើស​គ្រឿងញៀន​នេះ។

ទិវា​ពិភពលោក​ប្រឆាំង​គ្រឿងញៀន គឺ​នៅ​ថ្ងៃ​ទី​២៦ មិថុនា ប៉ុន្តែ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ពិធី​នេះ​ត្រូវ​លើក​ពេល​មក​ធ្វើ​ក្នុង​ថ្ងៃ​ទី​៨ ខែ​កក្កដា វិញ ហើយ​មាន​ដើម​កញ្ឆា​ប្រហែល ១​ពាន់​ដើម​ផង ត្រូវ​ដុត​បំផ្លាញ​នៅ​ក្នុង​ពិធី​នេះ។

អ្នក​ចូលរួម​ជាង ១​ពាន់​នាក់ ដែល​មាន​មន្ត្រី​ជាន់​ខ្ពស់​ថ្នាក់​ខេត្ត ព្រះសង្ឃ សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ផង បាន​យក​ដៃ និង​ម៉ាស់​បិទ​មាត់ និង​ច្រមុះ ក្នុង​ពេល​ដុត​បំផ្លាញ​ចោល​នោះ ជា​សញ្ញា​បញ្ជាក់​ថា ពួក​គេ​ស្អប់​ខ្ពើម​គ្រឿងញៀន។ ក៏ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ក៏​មាន​អ្នក​ចូលរួម​មួយ​ចំនួន ក្នុង​ចំណោម​នោះ ពោល​ពាក្យ​ស្ដាយ​ក្រោយ​ចំពោះ​ការ​ដុត​បំផ្លាញ​គ្រឿងញៀន និង​ដើម​កញ្ឆា​ទាំង​នេះ​ដែរ ដោយ​ពួក​គេ​ចាត់​ទុក​ថា គ្រឿងញៀន​ទាំង​នេះ​វា​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ។

ថ្វី​បើ​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​រក​ឃើញ​ថា ការ​ប្រើប្រាស់ និង​ការ​ចរាចរ​គ្រឿងញៀន ត្រូវ​កាត់​បន្ថយ។ តែ​ផ្ទុយ​ពី​នេះ អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​វិញ និយាយ​ថា គេ​ហាក់​មើល​មិន​ឃើញ​សោះ​ឡើយ​ថា បញ្ហា​នេះ​ត្រូវ​បាន​កាត់​បន្ថយ​នោះ។ តាម​រយៈ​ការ​សាងសង់​មជ្ឈមណ្ឌល​ជាច្រើន​ទីតាំង ដើម្បី​បន្សាប​អ្នក​ញៀន​ថ្នាំ បង្ហាញ​យ៉ាង​ច្បាស់​ថា ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​កម្ពុជា កំពុង​តែ​រីក​ធំ​ធាត់​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទៅ​វិញ​ទេ។

សកម្មភាព​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ដុត​កម្ទេច​ចោល​គ្រាប់​និង​ម្សៅ​មេតំហ្វេតាមីន នៅ​សួនច្បារ​សាធារណៈ​ក្នុង​ក្រុង​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៤។
សកម្មភាព​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ដុត​កម្ទេច​ចោល​គ្រាប់​និង​ម្សៅ​មេតំហ្វេតាមីន នៅ​សួនច្បារ​សាធារណៈ​ក្នុង​ក្រុង​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៤។ (RFA/Morm Moniroth)

ភ្ជាប់​នឹង​បញ្ហា​នេះ ប្រធាន​រដ្ឋបាល​នៃ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ដែល​ជា​ស្ថាប័ន​មួយ​ធ្វើ​ការ​យ៉ាង​សកម្ម​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក មែន ផល និយាយ​ថា បើ​គេ​សើៗ​នោះ​ប្រាកដ​ជា​យល់​ថា បញ្ហា​គ្រឿងញៀន និង​ការ​ធ្វើ​ចរាចរ​ពិត​ជា​បាន​កាត់​បន្ថយ​មែន។ ក៏ប៉ុន្តែ លោក​អះអាង​ថា វា​មិន​ដូច្នេះ​ឡើយ ដោយ​ហេតុ​ថា នៅ​តាម​មជ្ឈមណ្ឌល​នានា​ដែល​បាន​បង្កើត​រួច​ជា​ស្រេច​មក​នេះ ដែល​មាន​ផ្ទុក​ទៅ​ដោយ​អ្នក​ញៀន​ថ្នាំ​ចេះ​តែ​បន្ត​កើន​ឡើង​មិន​ឈប់​ឈរ​ប្រាកដ​ណាស់​ថា តួលេខ​នេះ គឺ​មិន​ថយ​ចុះ​នោះ​ទេ៖ «បើ​សិន​ថា​វា​ថយ បាន​សេចក្ដី​ថា មាន​មនុស្ស​ឥត​មាន​ថែម​ហ្នឹង ដល់​មនុស្ស​មាន​តែ​ចូល ឥត​មាន​ចេញ​ហ្នឹង​បាន​ដូច​ខ្ញុំ​ថា វា​មិន​ថយ»

លោក​ឧត្ដម​សេនីយ៍​ឯក មាស ភិរិទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ស្រង់​ខ្លឹមសារ​សុន្ទរកថា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​មាន​ប្រសាសន៍​ថា គ្រឿងញៀន គឺ​ជា​បញ្ហា​សកល ដែល​ប្រទេស​នៅ​ក្នុង​ពិភពលោក​ត្រូវ​រួម​គ្នា​ដោះស្រាយ ហើយ​ការ​កើត​ឡើង​ណា​មួយ​នោះ វា​ពុំ​មែន​ជា​កំហុស​របស់​អ្នក​ណា​ម្នាក់​ឡើយ តែ​ថា​វា​ជា​បញ្ហា​រួម។ លោក​មាន​ជំនឿ​ថា តាម​រយៈ​យុទ្ធនាការ​នេះ ពលរដ្ឋ​កម្ពុជា ជាពិសេស​យុវវ័យ គប្បី​យល់​ឲ្យ​បាន​ច្បាស់​ពី​គ្រឿងញៀន។ ដោយ​ហេតុ​ថា វា គឺ​ជា​ឫសគល់​ដ៏​ចម្បង​មួយ​ក្នុង​ចំណោម​បញ្ហា​ដទៃ​ទៀត ដែល​បំផ្លាញ​អនាគត​ក្នុង​រយៈពេល​មួយ​យ៉ាង​ខ្លី​របស់​មនុស្ស​ម្នាក់ៗ៖ «ទិវា​អន្តរជាតិ​នេះ ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោលដៅ​ឆ្លើយ​តប​ទៅ​នឹង​មាន​ការ​វិវឌ្ឍ​ថ្មីៗ​នៃ​ការ​ផលិត ការ​ចរាចរ ការ​ជួញ​ដូរ និង​ការ​បំពាន​គ្រឿងញៀន ដែល​បាន​បង្ក និង​វិនាសកម្ម និង​វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរ​ចំពោះ​សង្គម​ជាតិ​នីមួយៗ និង​សកលលោក​ទាំង​មូល»

សម្រាប់​ប្រធាន​បទ​នៅ​ក្នុង​ឆ្នាំ​នេះ ដែល​ដាក់​ថា រួម​គ្នា​បង្ការ និង​ព្យាបាល​បញ្ហា​គ្រឿងញៀន ហាក់​ពុំ​មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន​ឡើយ ក្រៅ​ពី​អ្នក​ដែល​ចូលរួម​ដោយ​ផ្ទាល់ និង​មាន​ភារកិច្ច​សម្រាប់​ពិធី​នេះ។ មាន​មនុស្ស​តិចតួច​ណាស់​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ ហើយ​ផ្ដោត​លើ​ទិដ្ឋភាព​ដែល​រៀបចំ​នៅ​ទីធ្លា​សួន​ច្បារ​កណ្ដាល​ទី​រួម​ខេត្ត​បាត់ដំបង នេះ។

បើ​ទោះ​ជា​បែប​ណា អភិបាល​រង​ខេត្ត និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ខេត្ត​បាត់ដំបង លោក សុក គង់ លោក​ទទួល​ស្គាល់​ថា ការ​ចរាចរ​គ្រឿងញៀន​នៅ​តែ​មាន តែ​ថា រហូត​មក​ដល់​ពេល​នេះ​ទៅ​ហើយ ក្នុង​ខេត្ត​បាត់ដំបង ពុំ​មាន​ឃើញ​សញ្ញា​ណា​ថ្មី​ក្នុង​រឿង​នេះ​កើត​ឡើង​ទៀត​ទេ៖ «អ្នក​ប្រើប្រាស់​គ្រឿងញៀន​ទូទាំង​ខេត្ត​យើង​ឃើញ​ថា មាន​ចំនួន​កើន​ឡើង​តិច​បំផុត ក្នុង​នោះ​មិន​មាន​របាយការណ៍​បញ្ជាក់​អំពី​ការ​ប្រើប្រាស់​គ្រឿងញៀន តាម​រយៈ​ប្រើ​ម្ជុល​សារាង​ចាក់​រួម​គ្នា ដែល​ជា​ហេតុ​ចម្លង​មេរោគ​អេដស៍។ មាន​តែ​ការ​ប្រើប្រាស់ ដោយ​ការ​ហិត ជក់ និង​លិឍ»

និយាយ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ពិធី​ឯណេះ​វិញ ក្រៅ​ពី​មាន​អ្នក​ចូលរួម​ជា​សមត្ថកិច្ច​ចម្រុះ មន្ត្រី​រាជការ សិស្ស និស្សិត​ហើយ​នោះ ជាង​នេះ​ទៀត មាន​ពាក្យ​ស្លោក​ជាច្រើន​ផ្ទាំង​ត្រូវ​គេ​ចង់​ភ្ជាប់​រោង​ពិធី​ក្នុង​ន័យ​ថា ការ​ប្រព្រឹត្ត​គ្រឿងញៀន ប្រៀប​ដូច​មេរោគ​អេដស៍ និង​ការ​ប្រើប្រាស់​គ្រឿងញៀន គឺ​បំផ្លាញ​អនាគត​ខ្លួន​ឯង ជាដើម។

ចំណែក​អភិបាល​ខេត្ត​បាត់ដំបង លោក ច័ន្ទ សុផល វិញ​និយាយ​ថា ការ​ពិត​ខេត្ត​ដែល​សម្បូរ​ភោគផល​ផ្នែក​ខាង​ស្រូវ​នេះ គឺ​ជា​ផ្នែក​មួយ​ដែល​រងគ្រោះ​ដោយ​ការ​ចរាចរ​គ្រឿងញៀន​ប៉ុណ្ណោះ។ លោក​អះអាង​ថា បើ​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់​គ្រប់​រូបភាព​នោះ បញ្ហា​គ្រឿងញៀន​នឹង​មិន​កើត​ឡើង​ទេ៖ «យើង​ពិត​ជា​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ដល់​ជីវិត​រស់នៅ​របស់​យើង​ជាក់​ជា​មិន​ខាន។ មាន​ន័យ​ថា ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ក៏​ទទួល​រង​នូវ​សម្ពាធ និង​ការ​ត្រួតត្រា​ពី​គ្រឿងញៀន។ ដូច្នេះ ដើម្បី​ឲ្យ​យើង​ចៀស​ផុត​ពី​ការ​ត្រួតត្រា ញាំញី​ដោយសារ​ឥទ្ធិពល​នៃ​សារធាតុ​គ្រឿងញៀន លុះត្រា​ធ្វើ​យ៉ាង​ណា​ឲ្យ​ជីវិត​យើង សហគមន៍​យើង​គ្មាន​គ្រឿងញៀន»

បើ​ទោះ​ជា​បែប​ណា​ក៏ដោយ មនុស្ស​មួយ​ចំនួន​ចាត់​ទុក​ថា ការ​ធ្វើ​ចរាចរ​គ្រឿងញៀន​ភាគ​ច្រើន គឺ​ជា​ជំពូក​ក្រុម​មនុស្ស​ដែល​មាន​សែស្រឡាយ​អ្នក​ធំ មាន​បុណ្យស័ក្ដិ ឬ​មាន​ខ្នង​កាង​ពី​ក្រោយ​ជា​មន្ត្រី​មាន​សមត្ថកិច្ច ជាដើម ឬ​ថា អ្នក​មាន​លុយ​ស្តុកស្ដម្ភ​ផង។ ក្នុង​រឿង​នេះ មាន​មនុស្ស​មាន​បាន​ព្រោះ​តែ​គ្រឿងញៀន​មិន​តិច​ទេ តែ​មធ្យោបាយ​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​មនុស្ស​ស្អាតស្អំ ឬ​និយាយ​បែប​ម្យ៉ាង​ទៀត​ថា យក​លុយ​លាង​ខ្លួន​នោះ គឺ​ភាគ​ច្រើន​តាម​រយៈ​ការ​បង្កើត​មុខ​ជំនួញ​ផ្ទាល់​ខ្លួន និង​ធ្វើ​ពាណិជ្ជកម្ម​ធំៗ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។