អ្នកជំនាញព្រមានថា ពលរដ្ឋជាពិសេសយុវជនដែលចូលចិត្តប្រើប្រាស់បណ្ដាញសង្គមតាមប្រព័ន្ធអ៊ីនធឺណិត ឱ្យចេះប្រយ័ត្នប្រយែងខ្ពស់ និងជៀសវាងពីការប្រព្រឹត្តិទង្វើមិនសមរម្យនានានៅលើបណ្ដាញអ៊ីនធឺណិត ដើម្បីកុំឱ្យក្លាយជាជនរងគ្រោះនៃអំពើសម្លុតធ្វើបាប និងបៀតបៀនតាមអ៊ីនធឺណិត (Cyberbullying)។ កាលពីដើមសប្ដាហ៍នេះ អង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា អំពាវនាវឱ្យមានសកម្មភាពរួមគ្នា ទប់ស្កាត់អំពើសម្លុតធ្វើបាប និងបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណិត មកលើយុវជនកម្ពុជា ដោយសារតែករណីនេះកំពុងកើតឡើងនៅកម្ពុជា។
មន្ត្រីជំនាញផ្នែកទំនាក់ទំនង នៃអង្គការមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ ហៅកាត់ថា យូនីសេហ្វ (UNICEF) លោក មាស ប៊ុនលី មើលឃើញថា ស្របពេលដែលពលរដ្ឋកំពុងនិយមប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ជាពិសេសបណ្ដាញសង្គមនៅកម្ពុជា ការប្រើប្រាស់បណ្ដាញនេះមិនសមរម្យ អាចបណ្ដាលមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ខ្លួនឯង និងដល់អ្នកដទៃ។ លោកថា ពួកគេអាចក្លាយជាជនរងគ្រោះនៃអំពើសម្លុតធ្វើបាប ឬបៀតបៀនតាមអ៊ីនធឺណិតដោយមិនដឹងខ្លួន៖ «យើងដឹងហើយថា ប្រព័ន្ធអ៊ីនធឺណិត ឬបណ្ដាញសង្គមនេះ កាលណាព័ត៌មានចែកចាយទៅហើយ គឺវានៅលើហ្នឹងរហូត មិនងាយនឹងលុបទេ លុបពីម្នាក់ នៅមានម្នាក់ទៀត។ អ៊ីចឹង គ្នារងគ្រោះស្ទើរតែពេញមួយជីវិត។ ហើយសម្រាប់យុវជន និងកុមារវិញ គាត់អាចបាក់ទឹកចិត្ត គាត់អាចឈានទៅរកការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន អាចថាខ្មាសគេពេកទៅ លែងចូលសាលារៀន។ ធ្ងន់ធ្ងរមែនទែនទៅ អាចឈានទៅដល់ការស្អប់ខ្លួនឯង ហើយលែងចង់រស់អីជាដើម»។
លោក មាស ប៊ុនលី ចង់ឃើញអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ជាពិសេសក្នុងចំណោមយុវជនខ្មែរអាយុចន្លោះពី ១៥ ដល់ ២៤ ឆ្នាំ ចេះការពារខ្លួនប្រកបដោយសុវត្ថិភាព ដើម្បីរួចផុតពីអំពើមិនគប្បីនានាដោយប្រការណាមួយនោះ។ លោកបន្តថា អ្វីៗចាប់ផ្ដើមពីអ្នកប្រើប្រាស់ខ្លួនឯង ដែលត្រូវស្វែងយល់ឱ្យបានច្បាស់ពីលក្ខខណ្ឌប្រើប្រាស់ និងសិទ្ធិឯកជនរបស់ខ្លួន៖ «តើយើងមានដឹងថាបណ្ដាញសង្គមមានលក្ខខណ្ឌសម្រាប់អ្នកប្រើប្រាស់យ៉ាងម៉េច។ យើងត្រូវស្វែងយល់។ ខ្ញុំគិតថា មួយចំនួនដែលគាត់បានដឹងគឺល្អមែនទែន។ គាត់ចេះការពារខ្លួន។ ហើយមួយចំនួនទៀតគាត់មិនបានដឹង គាត់នៅបន្តបង្ហាញ ឬចែករំលែកព័ត៌មានមួយចំនួនដែលអាចធ្វើឱ្យគាត់ក្លាយជាជនរងគ្រោះ ក៏ដូចជាធ្វើឱ្យអ្នកដទៃ រងផលប៉ះពាល់។ អ៊ីចឹង ចាប់ផ្ដើមពីចំណុចហ្នឹង គាត់ត្រូវរៀនសូត្រស្វែងយល់បន្ថែមថា ប្រព័ន្ធអ៊ីនធឺណិត ក៏ដូចជាបណ្ដាញសង្គម មានទាំងសារប្រយោជន៍ និងមានភាពគ្រោះថ្នាក់។ ត្រូវចាប់ផ្ដើមពីចំណុចហ្នឹង យល់ពីសិទ្ធិរបស់ខ្លួន ដើម្បីប្រយោជន៍ខ្លួន និងសហគមន៍ និងអ្នកដទៃ ...»។
ការលើកឡើងរបស់អ្នកជំនាញយ៉ាងដូច្នេះ ធ្វើឡើងស្របពេលដែលពិភពលោកបាននាំគ្នាប្រារព្ធទិវា «អ៊ីនធឺណិតមានសុវត្ថិភាពជាងមុន» ឬហៅជាភាសាអង់គ្លេសថា Safer Internet Day កាលពីថ្ងៃទី ៥ ខែកុម្ភៈ។ អង្គការយូនីសេហ្វ ដែលជាអ្នកផ្ដួចផ្ដើមយុទ្ធនាការនេះ បានព្រមានពីគ្រោះថ្នាក់នានា បណ្តាលមកពីអំពើហិង្សាលើបណ្ដាញអនឡាញ អំពើសម្លុតគំរាមធ្វើបាប និងការបៀតបៀនតាមបណ្ដាញអ៊ីនធឺណិត មកលើយុវជនខ្មែរជិត ៨៦ ភាគរយ វ័យចន្លោះពី ១៥ ទៅ ២៤ ឆ្នាំ ដែលកំពុងប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាសព្វថ្ងៃ។
ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី៥ កុម្ភៈ អង្គការយូនីសេហ្វ អំពាវនាវឱ្យមានសកម្មភាពរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នាំគ្នាចូលរួមទប់ស្កាត់អំពើសម្លុតធ្វើបាប និងបៀតបៀនតាមអ៊ីនធឺណិតនេះ។ នាយិកាស្ដីទីអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា អ្នកស្រី ណាតាសា ផាឌីសុន (Natascha Paddison) មានប្រសាសន៍ថា ប្រព័ន្ធអ៊ីនធឺណិត បានក្លាយជាប្រព័ន្ធមួយដែលគ្មានក្តីមេត្តា។ អ្នកស្រីបន្តថា អង្គការយូនីសេហ្វ ចូលរួមជាមួយកុមារ និងយុវជន សំណូមពរឱ្យមនុស្សគ្រប់គ្នា មានក្ដីសណ្តោសប្រណីចំពោះគ្នាទៅវិញទៅមក នៅតាមប្រព័ន្ធអ៊ីនធឺណិត។ អ្នកស្រី អំពាវនាវឱ្យចាត់វិធានការកាន់តែម៉ឺងម៉ាត់បន្ថែមទៀត ដើម្បីធ្វើឱ្យអ៊ីនធឺណិតក្លាយជាប្រព័ន្ធកាន់តែមានសុវត្ថិភាពសម្រាប់គ្រប់គ្នា។ នាយិកាស្ដីទីអង្គការយូនីសេហ្វប្រចាំកម្ពុជា អ្នកស្រី ណាតាសា ផាឌីសុន សង្កត់ធ្ងន់ៗថា ៣០ ឆ្នាំក្រោយការអនុម័តលើអនុសញ្ញាស្ដីពីសិទ្ធិកុមារ និងការបង្កើតប្រព័ន្ធអ៊ីនធឺណិត ដល់ពេលហើយ ដែលរដ្ឋាភិបាល គ្រួសារ ស្ថាប័នសិក្សាស្រាវជ្រាវ និងជាពិសេសវិស័យឯកជន គិតពិចារណាពីកុមារ និងយុវជន ដោយចាត់ទុកពួកគេជាស្នូលនៃគោលនយោបាយឌីជីថល។ អ្នកស្រីថា តាមរយៈការការពារពួកគេពីហេតុការណ៍អាក្រក់បំផុត ដែលកើតចេញពីការប្រើប្រាស់អ៊ីនធឺណិត និងពង្រីកការប្រើប្រាស់អ៊ីនធឺណិតរបស់ពួកគេ មនុស្សគ្រប់រូបអាចជួយឱ្យមានតុល្យភាព ដើម្បីឧត្ដមប្រយោជន៍របស់កុមារ និងយុវជនទាំងអស់គ្នា។
បើតាមអង្គការយូនីសេហ្វ អំពើសម្លុតធ្វើបាប និងបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណិត បង្កើតឱ្យមានជាឥរិយាបថបង្កការឈឺចាប់ និងខូចខាតតគ្នាពីមួយទៅមួយមិនចេះចប់មិនចេះហើយ។ ជនរងគ្រោះដោយសារអំពើនេះ អាចរងផលប៉ះពាល់ ឈានទៅប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងគេចវេះមិនចូលរៀន ជាងសិស្សដទៃទៀត។ ក្នុងស្ថានភាពធ្ងន់ធ្ងរ អំពើនេះ អាចនាំឱ្យមានបញ្ហាសុខភាព ឬការឈានទៅរកការសម្លាប់ខ្លួនក៏មាន។ អង្គការយូនីសេហ្វថា កុមារគឺជាក្រុមដែលងាយរងគ្រោះពីព័ត៌មានគ្រោះថ្នាក់ អំពើកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ និងអំពើសម្លុតគំរាមធ្វើបាបតាមប្រព័ន្ធអ៊ីនធឺណិត។ កុមារីទំនងជាទទួលរងគ្រោះពីការធ្វើបាបតាមប្រព័ន្ធអ៊ីនធឺណិត ច្រើនជាងកុមារា។
លោក មាស ប៊ុនលី ឱ្យដឹងថា បច្ចុប្បន្ននៅមិនទាន់មានការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រជាក់លាក់ណាមួយ ពាក់ព័ន្ធនឹងករណី និងផលប៉ះពាល់នៃអំពើហិង្សា តាមរយៈការសម្លុតគំរាមធ្វើបាប និងអំពើបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជានៅឡើយទេ៖ «មកទល់ពេលនេះ យើងពុំទាន់មានការសិក្សាណាមួយជាក់លាក់អំពីបរិមាណ ឬតើមានកម្រិតធ្ងន់ប៉ុន្មានទាក់ទងទៅនឹងការធ្វើបាបនៅតាមប្រព័ន្ធអ៊ីនធឺណិតនោះទេ។ ហើយអ្វីដែលអង្គការយូនីសេហ្វ ចង់ឃើញ ឬចង់បានចេញពីការអំពាវនាវនេះ គឺ ឱ្យយើងគ្រប់គ្នាមិនមែនសំដៅតែរដ្ឋាភិបាលទេ គឺគ្រប់គ្នាតែម្ដង ឪពុកម្ដាយ គ្រូបង្រៀន អ្នកស្រាវជ្រាវ ឬក៏អ្នកជំនួញជាដើម ចូលរួមដំបូងបំផុតដោយនិយាយពីបញ្ហាហ្នឹង។ គិតថា វាជាផ្នែកមួយនៃជីវិតរបស់យើង ដោយសារតែបណ្ដាញសង្គម ឬអ៊ីនធឺណិតសឹងតែក្លាយជារបស់របរប្រចាំថ្ងៃ ហើយវាប៉ះពាល់ដល់កូនចៅយើង ដល់យុវជនយើង»។
អង្គការយូនីសេហ្វ ផ្ដល់ដំណោះស្រាយមួយចំនួនដើម្បីឱ្យមានសុវត្ថិភាពក្នុងការប្រើប្រាស់បណ្ដាញអ៊ីនធឺណិតសម្រាប់មនុស្សទាំងអស់គ្នា។ ដំណោះស្រាយទាំងនោះរួមមាន ត្រូវមានភាពសណ្តោសប្រណី ឬមេត្តាចំពោះគ្នាទៅវិញទៅមក ចែករំលែកវីដេអូនានាដើម្បីចែកចាយព័ត៌មានអំពីសុវត្ថិភាពនៅលើអនឡាញជាមួយមិត្តភ័ក្ដិ និងអ្នកដទៃ កំណត់ ឬរក្សាសិទ្ធិឯកជនលើបណ្ដាញសង្គម ហើយត្រូវចៀសវាងពីការចែករំលែកពាក្យចចាមអារ៉ាម រឿងរ៉ាវ ឬរូបភាពដែលធ្វើឱ្យប៉ះពាល់ ឬមានភាពឈឺចាប់ចំពោះអ្នកដទៃ ឬនាំឱ្យមានការអៀនខ្មាសជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។