អ្នក​បឹង​កក់​ជាង​២០​គ្រួសារ​តវ៉ា​មុខ​សាលា​ក្រុង​ស្នើ​ជួយ​បើក​ផ្លូវ​និង​ភ្ជាប់​បណ្ដាញ​អគ្គិសនី

0:00 / 0:00

ពលរដ្ឋ​ប្រមាណ​ជាង​១០​នាក់ តំណាង​ឲ្យ​២២​គ្រួសារ​រស់​នៅ​បឹងកក់ ប្រមូល​ផ្ដុំ​គ្នា​មុខ​សាលា​រាជធានី​ភ្នំពេញ តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​បើក​ផ្លូវ​ ដាក់​ភ្លើង​អគ្គិសនី​ប្រើ​ប្រាស់​ ខណៈ​ពួកគាត់​រង​ចាំ​ដំណោះស្រាយ​នេះ ពី​ខាង​សាលាក្រុង អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​យល់​ថា បើ​អាជ្ញាធរ​មិន​ពន្លឿន​ដោះស្រាយ​ហេដ្ឋារចនាសម្ពន្ធ​ឲ្យ​ពលរដ្ឋ​ទេ នោះ​វា​នឹង​អាច​បង្ក​ឲ្យ​មាន​ផល​លំបាក​ប៉ះពាល់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ និង​ហានិភ័យ​ដល់​ពួកគាត់​ទៅ​ថ្ងៃ​មុខ។

អ្នក​បឹងកក់ ២២​គ្រួសារ ស្មើ នឹង​​ផ្ទះ ២៤​ខ្នង ដែល​ព្រម​ទទួល​ការដោះដូរ​កន្លែង​រស់​នៅ​របស់​ពួកគាត់​ពី​ភូមិ​១ មក​រស់​នៅ​ភូមិ​២២ ម្ដុំ​ប៉ែក​ខាង​ជើង​វិហារ​ឥស្លាម​បឹងកក់ ជាង​២ឆ្នាំ​កន្លះ​កន្លង​មក នៅ​មិន​ទាន់​មាន​ផ្លូវ​ធ្វើដំណើរ​ក្នុង​តំបន់​ពួកគាត់​រស់នៅ ដូច​ការ​គូស​វាស​ក្នុង​ប្លង់​របស់​សាលាក្រុង​ភ្នំពេញ។

តំណាង​អ្នក​បឹងកក់ លោកស្រី វ៉ា សុភា ប្រាប់​អាស៊ីសេរី​ថា បញ្ហា​ធំ​ដែល​អ្នកភូមិ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជា​បន្ទាន់​នោះ គឺ​ការ​បើក​ផ្លូវ​សម្រាប់​ធ្វើដំណើរ និង​ដាក់​ប្រព័ន្ធ​លូ​ឲ្យ​បាន​ត្រឹម​ត្រូវ។ តំណាង​អ្នក​បឹងកក់​រូប​នេះ ឲ្យ​ដឹង​ថា កន្លង​ទៅ​មាន​បុគ្គលិក​ខាង​អគ្គិសនី​កម្ពុជា ចុះ​ទៅ​មើល​ជាច្រើន​ដង ប៉ុន្តែ​ពួកគាត់​ប្រាប់​ថា មិន​អាច​តភ្ជាប់​ឲ្យ​អ្នក​ភូមិ​ប្រើប្រាស់​ភ្លើង​អគ្គិសនី​រដ្ឋ​បាន ដោយ​សារ​គ្មាន​ផ្លូវ​សម្រាប់​បោះ​បង្គោល​ភ្លើង៖ «ពី​បញ្ហា​ប្លង់​ពួក​ខ្ញុំ​ហ្នឹង ពេល​គាត់​ធ្វើ​ចេញ​មក​វា​មាន​ផ្លូវ ច្រក​ចេញ​​ចូល​ ប៉ុន្តែ ឥឡូវ​ហ្នឹង​ពួក​ខ្ញុំ​ត្រូវ​ការ ទឹក​ភ្លើង​ប្រើ ប៉ុន្តែ​សំខាន់​ហ្នឹង​ វា​អត់​មាន​ផ្លូវ​សម្រាប់​ខាង​រដ្ឋាករ​ភ្លើង​ គាត់​ដាក់​បង្គោល​អី​អ៊ីចឹង។ វា​ទើស​ទាល់​ដោយ​សារ​ផ្លូវ នៅ​ខាង​ដើមផ្លូវ​គាត់​បាន​ប្រគល់​ឲ្យ​ទៅ​ខាង​ប៉េអិម​បាត់ ហើយ​ផ្លូវ​ខាង​ចុង​បន្ទាប់​មក​ទៀត​ហ្នឹង គឺ​គាត់​អត់​ទាន់​ដោះស្រាយ​ឲ្យ​​ប្រជាជន​ដែល​នៅ​ហ្នឹង​ផ្លូវ​នោះ។ អ៊ីចឹង ​ពួកគេ​មិន​អនុញ្ញាត​ឲ្យ​ពួក​ខ្ញុំ​ដាក់​បង្គោល​ភ្លើង​ទេ អ៊ីចឹង​ពួក​ខ្ញុំ​រក​ច្រក​ដើម្បី​ដាក់​បង្គោល​ភ្លើង​ហ្នឹង​ចូល​មក​ប្រើ​ប្រាស់​តែ​វា​អត់​មាន ដោយ​សារ​ខាង​សាលា​ក្រុង​ គេ​បាន​យក​ផ្លូវ​មួយ​ចំហៀង​ទៅ​ខាង​ប៉េអិម មួយ​ខាង​ទៀត អត់​ទាន់​ដោះស្រាយ​ឲ្យ​ប្រជាជន​ឲ្យ​បាន​ច្បាស់​លាស់​អ៊ីចឹង»។

ក្រោយ​ពី​ឈរ​ចាំ​អស់​ជិត ១​ម៉ោង ដើម្បី​ចូល​ជួប​មន្ត្រី​សាលាក្រុង​ភ្នំពេញ​​ដោះស្រាយ​រឿង​នេះ តំណាង​អ្នក​បឹងកក់​ម្នាក់​ទៀត លោក ចាន់ ពុទ្ធិសក្តិ ប្រាប់​អាស៊ីសេរី ថា អភិបាល​ខណ្ឌ​ដូនពេញ​ លោក សុខ ពេញវុធ បាន​ចេញ​មុខ​ដោះស្រាយ​ជំនួស​សាលាក្រុង​ ដោយ​តម្រូវ​ឲ្យ​តំណាង​អ្នកភូមិ​ធ្វើ​ញត្តិ​ដាក់​ទៅ​សាលា​ខណ្ឌ ដើម្បី​ស្នើ​សុំ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ប្រឈម។

អ្នក​បឹងកក់​ឲ្យ​ដឹង​ថា​ មន្ត្រី​សាលា​ក្រុង​រាជធានី​ភ្នំពេញ លោក ហុក លីម ធ្លាប់​បាន​សន្យា​នឹង​ពួកគាត់​ថា នឹង​រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​ត្រឹម​ត្រូវ​ បើ​ពួក​គាត់​យល់ព្រម​ដូរ​ពី​ភូមិ​១ ទៅ​រស់​នៅ​ភូមិ​២២​នោះ ប៉ុន្តែ​ការ​សន្យា​ដោយ​គ្មាន​ដំណោះស្រាយ​ទាំង​នេះ អូស​បន្លាយ​អស់​ពេល​ជាង​២ឆ្នាំ​មក​ហើយ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត យល់ថា ប្រសិន​បើ​បញ្ហា​ទាំង​អស់​នេះ មិន​ត្រូវ​បាន​ដោះស្រាយ​ទេ នោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​ពួកគាត់​រស់នៅ ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​ក្ដី​បារម្ភ​របស់​គាត់​ នៅ​ពេល​មាន​បញ្ហា​អ្វី​ផ្សេង​កើតឡើង ។ មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស​រូប​ ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ដំណោះស្រាយ​ដល់​ពលរដ្ឋ​ ជៀសវាង​ការ​អូស​បន្លាយ​ពេល​វេលា​ត​ទៀត៖ «សំខាន់​គឺ​ដំណោះស្រាយ​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់។ កាល​ណា​យើង​ដោះស្រាយ​ឲ្យ​គាត់​ឆាប់ ឬ​លឿន​ពេល​ណា ប្រជាពលរដ្ឋ​លោក​អាច​អស់​កង្វល់​អស់​បញ្ហា ហើយ​លោក​មាន​លំនឹង​ក្នុង​ការ​រស់​នៅ។ ហើយ​បើ​អាច​មាន​លំនឹង​ក្នុង​ការ​ប្រកប​មុខរបរ ចិញ្ចឹម​ជីវភាព​ហើយ​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​ពួកគាត់​ដែរ បើ​ផ្លូវ​មាន​ទឹក​មាន​ភ្លើង»។

បច្ចុប្បន្ន​ អ្នក​បឹងកក់ ២២គ្រួសារ ប្រើប្រាស់​ភ្លើងអគ្គិសនី​ឯកជន​ ដែល​មាន​តម្លៃ​ថ្លៃ​លើស​ពី​​តម្លៃ​ភ្លើង​អគ្គិសនី​របស់​រដ្ឋ​ពី ២ ទៅ ៣​ដង ហើយ​ផ្លូវ​បណ្ដោះអាសន្ន​ដែល​ពួកគាត់​ធ្វើ​ដំណើរ​ទៅ​មក​រាល់​ថ្ងៃ​ គឺ​ជា​ផ្លូវ​ក្រោយ​ផ្ទះ​អ្នកភូមិ ​ចំណែក​ផ្លូវ​នៅ​ជាប់​ស្នាក់​ការ​កងរាជអាវុធហត្ថ ដែល​ពួកគាត់​ធ្លាប់​ធ្វើដំណើរ​កន្លង​មក ត្រូវ​បាន​បិទ និង​ហាម​ពលរដ្ឋ​មិន​ឲ្យ​ឆ្លងកាត់។

អ្នក​បឹងកក់​ប្រកាន់​ជំហរ​ថា ប្រសិនបើ​អាជ្ញាធរ​ មិន​ខិត​ខំ​ដោះស្រាយ​បញ្ហា​ឲ្យ​ពួក​គាត់ ដូច​តាម​ការ​សន្យា​របស់​ខ្លួន​ទេ​ នោះ​ពួកគាត់​នឹង​លើក​គ្នា​ទៅ​តវ៉ា​មុខ​សាលាក្រុង​ភ្នំពេញ និង​សាលា​ខណ្ឌ​ដូនពេញ​ជាថ្មី​ទៀត លុះ​ត្រា​តែ​ទទួល​បាន​ដំណោះស្រាយ​ផ្នែក​ហេដ្ឋារចនាសម្ពន្ធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។