គណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី បានប្រកាសពីផែនការដង្ហែសពលោក កែម ឡី ជាថ្មីម្ដងទៀតហើយ គឺនឹងដង្ហែសពទៅកាន់ខេត្តតាកែវ នៅថ្ងៃទី២៤ កក្កដា ខាងមុខនេះ។
ទន្ទឹមនឹងនេះ គណៈកម្មការបុណ្យសពក៏កំពុងស្វែងរកឡាន និងក្រុមគ្រូពេទ្យដើម្បីមកជួយក្នុងកម្មវិធីដង្ហែសពនេះដែរ។ តើការរៀបចំដង្ហែសពលោកបណ្ឌិត កែម ឡី នឹងប្រព្រឹត្តទៅដូចម្ដេចខ្លះ?
តំណាងគណៈកម្មការបុណ្យសព ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកា នៅថ្ងៃទី១៨ កក្កដា ថា ការដង្ហែនេះនឹងចេញដំណើរពីម៉ោង ៧ព្រឹក ទៅកាន់គេហដ្ឋានរបស់លោក កែម ឡី ស្ថិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់។ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ សង្ឃឹមថា នឹងមានពលរដ្ឋជាច្រើនកុះករចូលរួមដង្ហែនេះ ដោយព្រះអង្គអំពាវនាវដល់ពលរដ្ឋទាំងអស់ ឲ្យចំណាយសមាជិកគ្រួសារម្នាក់ក្នុងគ្រួសារខ្លួន ដើម្បីចូលរួមដង្ហែ៖ «មកដល់ម៉ោងនេះ យើង ( គណៈកម្មការ ) មិនទាន់ដឹងថា មានអ្នកចូលរួមចំនួនច្រើន ឬតិចទេ ពីព្រោះអ្នកមកគោរពវិញ្ញាណក្ខន្ធរបស់លោក ( កែម ឡី ) មានចំនួនច្រើនលើសលប់ហើយ។ ដូច្នេះយើងនៅមិនទាន់មានជំនឿ ១០០ភាគរយថា ថ្ងៃដង្ហែសពគេនឹងមកម្ដងទៀត ឬយ៉ាងណាទេ ?»។
បន្ថែមពីនេះព្រះតេជព្រះគុណ អំពាវនាវដល់ពលរដ្ឋដែលអាចមានមធ្យោបាយផ្ទាល់ខ្លួនធ្វើដំណើរដោយខ្លួនឯង បើទោះបីជាគណៈកម្មការរៀបចំរថយន្តមួយចំនួនក្ដី។ លើសពីនេះទៀត ព្រះតេជព្រះគុណ បញ្ជាក់ថា អ្នកចូលរួមមិនចាំបាច់កាន់ធូបទៀន ផ្កាភ្ញីអ្វីទេ ដោយងាកមកកាន់ជាទង់ជាតិ ចំណែកព្រះសង្ឃកាន់ទង់សាសនា ក្នុងពេលដង្ហែសពនោះ និងអាចរក្សាទុកទង់នោះជាអនុស្សាវរីយ៍សម្រាប់ការដង្ហែសពបណ្ឌិត កែម ឡី។
កាលពីថ្ងៃទី១៦ កក្កដា ភរិយាលោកបណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា បានប្រកាសពន្យារពេល មិនដង្ហែសពប្ដីលោកស្រី ទៅកាន់ខេត្តតាកែវ នៅថ្ងៃទី១៧ ខែកក្កដា ដោយលោកស្រីទទួលយកសេចក្ដីសម្រេចទាំងស្រុងពីគណៈកម្មការបុណ្យ ក្រោយមានការស្នើសុំពីពលរដ្ឋឲ្យរក្សាសពនៅវត្តចាស់ បន្តទៀត។
លោក កែម ឡី ជាអ្នកវិភាគនយោបាយ និងអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ត្រូវបានឃាតកបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា។
សូមស្ដាប់បទសម្ភាសន៍របស់លោក ជុន ច័ន្ទបុត្រ ជាមួយព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ អំពីបញ្ហានេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។