ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តរុករកកម្មករបាត់ខ្លួនក្នុងការបាក់សាលាធម្មសភាក្នុងវត្តប្រាសាទគោកចក នៅក្នុងខេត្តសៀមរាប ដែលបានបណ្ដាលឱ្យមានជនរងគ្រោះស្លាប់ចំនួន ៣នាក់ និង ១៣ នាក់ផ្សេងទៀតរងរបួស ក្នុងនោះមានព្រះសង្ឃចំនួន ២អង្គផងដែរ។
ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម ប្រាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី២ ខែធ្នូថា អ្នកជួយសង្គ្រោះប្រមាណជាង ៧០០នាក់កំពុងប្រតិបត្តិការរុករកអ្នកដែលបានបាត់ខ្លួននៅក្នុងគំនរបាក់បែកនៃការបាក់រលំសាលាធម្មសភាក្នុងវត្តប្រាសាទគោកចក នៅខេត្តសៀមរាប។
លោកបញ្ជាក់ថា ក្រុមអ្នករុករកមិនទាន់រកឃើញអ្នកដែលបានបាត់ខ្លួនបន្ថែមទៀតទេ មកដល់ម៉ោងអាស៊ីសេរីកំពុងផ្សាយនេះ។ លោកបញ្ជាក់ថា មកដល់ពេលនេះមានជនរងគ្រោះសរុបចំនួន ១៦រូប រងរបួស ១៣នាក់ ក្នុងនោះមានព្រះសង្ឃចំនួន ២អង្គ និង ស្លាប់ចំនួន ៣នាក់ ដោយសារតែបំណែកដុំថ្មសង្កត់ពីលើ។ តែទោះជាយ៉ាងណាលោកមិនអាចបញ្ជាក់លម្អិតពីមូលហេតុនៃការបាក់រលំសាលាឆាន់នេះនៅឡើយទេ ហើយក៏គ្មានអ្នកទទួលខុសត្រូវណាម្នាក់ ត្រូវបាននាំយកមកកាត់ទោសនៅឡើយដែរ៖ « យើងសាកសួរបងប្អូនអ្នកស្រុកក្រុមជាងហ្នឹង គេថាបាត់បង់តែប៉ុណ្ណឹងនាក់ទេ។ តែឥឡូវឃើញតែប៉ុណ្ណឹង យើងស៊ើបបន្តទៅទៀតថា មានបាត់បង់បន្តទៅទៀតទេ ? គាត់បានឆ្លើយថា មិនមានការបាត់បង់បន្តទៅទៀតទេ ហើយក្រុមប្រតិបត្តិការរបស់យើងនៅតែបន្តឲ្យអស់លទ្ធភាពគំនរដែលនៅសេសសល់ » ។
រដ្ឋបាលសាលាខេត្តសៀមរាបកាលពីថ្ងៃទី២ ខែធ្នូ បានចេញសេចក្ដីប្រកាសព័ត៌មានមួយដោយទទួលស្គាល់ការបាក់រលំអគារការដ្ឋានសាងសង់សាលាធម្មសភា ដែលកំពុងសាងសង់ នៅវត្តប្រាសាទគោកចក ដែលមានទីតាំងនៅក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលបណ្ដាលឱ្យមានជនរងគ្រោះសរុបចំនួន ១៦នាក់។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសផ្តល់ថវិកាប្រមាណ ២០លានរៀល គឺប្រមាណ ៥ពាន់ដុល្លារដល់ជនរងគ្រោះម្នាក់ៗ ដែលបានស្លាប់ និង ៣លានរៀល សម្រាប់អ្នករងរបួសក្នុងហេតុការណ៍បាក់រលំអគារនេះ។
កាលពីថ្ងៃទី២២ ខែមិថុនាកន្លងទៅនេះ អគារកម្ពស់ ៧ជាន់ ដែលកំពុងសាងសង់ដោយគ្មានច្បាប់អនុញ្ញាត និងវិនិយោគដោយជនជាតិចិន បានបាក់រលំបណ្ដាលឱ្យកម្មករសំណង់ស្លាប់ ២៨នាក់ និងរបួស ២៦នាក់។ អាជ្ញាធរបានប្រើពេលវេលា ៣ថ្ងៃ ក្នុងការរុករក និងជួយសង្គ្រោះជនរងគ្រោះ ដែលកប់ក្នុងគំនរអគារបាក់បែកកាលពីពេលនោះ។
លោកនាយកមន្ត្រី ហ៊ុន សែន ធ្លាប់បានព្រមានថា នឹងមិនមានការលើកលែងនោះទេ ចំពោះការសាងសង់អគារដោយខុសច្បាប់ ហើយលោកចាត់ទុកគ្រោះថ្នាក់បាក់អគារនៅក្រុងព្រះសីហនុនេះគឺជាមេរៀនមួយ។ ទោះជាយ៉ាងនេះក្តី ក្រោយពីមានការព្រមានពីលោក ហ៊ុន សែន រហូតមកទល់ពេលនេះ អគារសាងសង់គ្មានគុណភាពនៅតែបន្តបាក់រលំជាបន្តបន្ទាប់៕
( ក្រុមអ្នកជួយសង្គ្រោះរុករកកម្មករបាត់ខ្លួនក្នុងគំនរដែក និងថ្មនៃការបាក់រលំសាលាធម្មសភាកំពុងសង់ក្នុងវត្តប្រាសាទគោកចក ក្នុងក្រុងសៀមរាប នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាប )
( អ្នករបួសពីការបាក់រលំសាលាធម្មសភាកំពុងសង់ក្នុងវត្តប្រាសាទគោកចក ក្នុងក្រុងសៀមរាប កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាប )
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។