លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចឱ្យលោក យន្ត មីន ចេញពីតំណែងអភិបាលខេត្តព្រះសីហនុ ក្រោយពីលោកសុំលាលែង និងទទួលស្គាល់កំហុសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់ នៅក្នុងហេតុការណ៍បាក់រលំសំណង់អគារចិនមួយកន្លែង គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ សង្គមស៊ីវិល និងអ្នកច្បាប់សាទរចំណាត់ការនេះ ប៉ុន្តែទាមទារឲ្យរដ្ឋាភិបាល បើកការស៊ើបអង្កេតស៊ើបមួយដោយឯករាជ និងជឿជាក់បាន ដើម្បីស្វែងឲ្យឃើញមូលហេតុពិតប្រាកដ និងអ្នកពាក់ព័ន្ធទាំងអស់យកមកផ្ដន្ទាទោសតាមច្បាប់។
ក្រោមការដឹកនាំរបស់លោក ហ៊ុន សែនជាង៤០ឆ្នាំមកនេះ នេះជាលើកទីមួយហើយដែលមានមន្ត្រីជាន់ខ្ពស់ហ៊ានលាលែងចេញពីតំណែងក្រោយមានហេតុការណ៍អាក្រក់កើតឡើងក្រោមការគ្រប់គ្រងរបស់ខ្លួន។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន សម្រេចសុំលាឈប់ពីតំណែង ក្រោយពីមានឧបទ្ទវហេតុបាក់រលំអគារប្រាំពីរជាន់ ដែលបណ្ដាលឲ្យកម្មករសំណង ២៨នាក់ ស្លាប់ និងរងរបួស ២៦នាក់ ។
លោក យន្ត មីន បានបង្ហោះសារក្នុងទំព័រហ្វេសប៊ុកសម្ដែងការសោកស្ដាយជាខ្លាំង និងសុំការអភ័យទោសពីក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់។ លោក យន្ត មីន ថា ហេតុការណ៍រលំអគារនេះ ជាការទទួលខុសត្រូវរបស់លោក ហើយលោកក៏ស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លាចេញពីតំណែងដែរ។
ក្រោយពីមានការស្នើសុំនេះ លោក ហ៊ុន សែន ប្រកាសនៅលើហ្វេសប៊ុកថា លោកយល់ព្រមបញ្ចប់តំណែងលោក យន្ត មីន ចេញពីតួនាទីអភិបាលខេត្តព្រះសីហនុ។ លោក ហ៊ុន សែន និងលោក ស ខេង សម្រេចរួមគ្នា ជ្រើសរើសយកអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន ទៅកាន់តំណែងជាអភិបាលខេត្តព្រះសីហនុវិញ បន្ទាប់ពីលោក យន្ត មីន បញ្ចប់ការដឹកនាំកម្លាំងរុករកមនុស្សនៅក្នុងគំនរអគារបាក់រលំ រួចរាល់ជាមុនសិន។
ជុំវិញរឿងសោកនាដកម្មរលំបាក់អគារនេះ ក៏មានមតិប្រតិកម្មជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ទាមទារឲ្យលោក យន្ត មីន ចុះចេញពីតំណែងអ្នកអភិបាលខេត្តដែរ។
ចំណែកអ្នកច្បាប់ និងអង្គការសង្គមស៊ីវិល ទាមទាររដ្ឋាភិបាលឱ្យស៊ើបអង្កេតដោយឯករាជមួយ ដែលអាចជឿទុកចិត្តបាន ដើម្បីរកឲ្យឃើញមូលហេតុពិតប្រាកដ និងអ្នកពាក់ព័ន្ធទាំងអស់យកមកផ្ដន្ទាទោសតាមច្បាប់។
មេធាវីនៃក្រុមអ្នកច្បាប់សិលា លោក ជូង ជូងី ថា ការសម្រេចលាឈប់ពីតំណែងនេះ អាចបង្ហាញថា លោក យន្ត មីន មានការទទួលខុសត្រូវខ្ពស់ក្នុងតួនាទីរបស់ខ្លួន ជាអភិបាលខេត្តព្រះសីហនុ។ ប៉ុន្តែលោកថា សោកនាដកម្មបានកើតឡើងរួចទៅហើយ។ លោក ជូង ជូងី យល់ថា រឿងហេតុនេះ គឺមកពីគ្មានអ្នកទទួលខុសត្រូវពិតប្រាកដ ប្រសិនបើអាជ្ញាធររកឲ្យឃើញអ្នកទទួលខុសត្រូវក្នុងការសាងសង់អគារ និងអ្នកផ្ដល់សិទ្ធិឲ្យសាងសង់តាំងដើមដំបូង នោះហេតុការណ៍បាក់រលំអគារ ក៏មិនកើតឡើងមានដែរ៖ «ដោយសារតែគ្មានអ្នកទទួលខុសទាំងអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន និងខាងរដ្ឋ ពាក់ព័ន្ធនឹងសំណង់ និងគ្មានការទទួលខុសត្រូវបច្ចេកទេសពីអ្នកនយោបាយ ដែលមានអំណាចលើអ្នកបច្ចេកទេសហ្នឹង ទើបបណ្ដាលឲ្យសោកនាដកម្មហ្នឹងកើតឡើង។ អ៊ីចឹង ! ការលាលែងតំណែងរបស់អភិបាលខេត្តអត់បានស្ដារនូវស្ថានការណ៍ហ្នឹងឡើងទេ គឺវាបានកើតឡើងរួចទៅហើយ។ ប្រសិនការលាលែងតំណែងរបស់គាត់ហ្នឹង ស្ដារស្ថានការណ៍ហ្នឹងបាន នោះគឺរួចអ្វីៗ ទាំងអស់» ។
លោក ជូង ជូងី លើកឡើងថា ស្ថាប័នអយ្យការ គឺដើរតួនាទីសំខាន់ក្នុងរឿងនេះ ដើម្បីរកឲ្យឃើញមូលហេតុពិតប្រាកដ ដែលនាំឲ្យរលំបាក់អគារនេះ ហើយជនណាខ្លះ ដែលពាក់ព័ន្ធនឹងរឿងនេះ៖ «សោកនាដកម្មកើតឡើងរួចទៅហើយ មានមនុស្សស្លាប់ច្រើន ដូច្នេះផ្លូវច្បាប់អត់បានរួចផុតពីការទទួលខុសត្រូវទេ ត្រូវមានការស៊ើបអង្កេតពីសមត្ថកិច្ច។ ជាពិសេសព្រះរាជអាជ្ញា ត្រូវដើរតួជាតំណាងរដ្ឋ អនុវត្តអំណាចអាជ្ញា ត្រូវស៊ើបអង្កេតថា តើនរណាជាអ្នកទទួលខុសត្រូវដែលបណ្ដាលឲ្យបាក់រលំអគារស្លាប់មនុស្សបែបនេះ។ អ៊ីចឹង ! ត្រូវយកអ្នកនោះមកទទួលទោសចំពោះមុខច្បាប់។ ហើយចំណែក ប្រជាពលរដ្ឋដែលគាត់រងគ្រោះ មានសិទ្ធិទាមទារសំណងទៅតាមទឹកចិត្តរបស់គាត់ ដែលគាត់យល់ឃើញថា បាត់បង់សាច់ញាតិគាត់ ឬសាច់ញាតិគាត់គ្រោះថ្នាក់ គាត់ត្រូវទទួលសំណងប៉ុន្មាន។ អ៊ីចឹង ! អ្នកទទួលខុសត្រូវហ្នឹង ត្រូវទទួលខុសព្រហ្មទណ្ឌផង និងទទួលខុសត្រូវសំណងដល់សាច់ញាតិអ្នកស្លាប់ហ្នឹងផង» ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថាការលាលែងចេញពីតំណែងរបស់លោក យន្ត មីន នៅពេលនេះ គឺជាគំរូល្អដល់មន្ត្រីដទៃទៀត ក្នុងជួររដ្ឋាភិបាល ឲ្យមានទំនួលខុសត្រូវក្នុងកិច្ចការរបស់ខ្លួន។ ក្រៅពីនេះ លោក អំ សំអាត នៅតែស្នើដល់អាជ្ញាធរធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរកឲ្យឃើញការពិតនៅពីក្រោយការបាក់រលំអគារនេះ ដោយសារមើលឃើញមានភាពមិនប្រក្រតីមួយចំនួន។ លោក អំ អាត លើកឡើងជាសំណួរថា តើមានមូលហេតុអ្វីដែលបណ្ដោយឲ្យអគារនេះ អាចសាងសង់បានរហូតដល់ទៅ៧ជាន់៖ «មានភាពមិនប្រក្រតីនៅពីក្រោយ បានជាអគារហ្នឹង ចេះតែសង់បន្ត រហូតដល់មានគ្រោះថ្នាក់ ដែលប៉ះពាល់ដល់អាយុជីវិតរបស់កម្មករដែលគាត់អត់បានដឹងអីសោះទៅធ្វើការ។ ចំណុចទាំងអស់នេះហើយ ដែលយើងទាមទារឲ្យមានការស៊ើបអង្កេតថា អ្វីដែលនៅពីក្រោយខ្នងនៃការសង់អគារនេះ មូលហេតុនៃការសង់អគារនេះ ហើយអ្នកណាដែលពាក់ព័ន្ធខ្លះ។ បើរកទៅមានអំពើពុករលួយ មានខ្នងបង្អែក ឬក៏មានអ្នកទទួលផលប្រយោជន៍ពីការសង់អគារនេះ នឹងត្រូវអនុវត្តទៅតាមក្រមព្រហ្មទណ្ឌ» ។
កាលពីព្រឹកម៉ោង៤ទៀបភ្លឺ ថ្ងៃទី២២ មិថុនា មានហេតុការណ៍បាក់រលំសំណង់អាគារចិនមួយកន្លែងក្នុងក្រុងព្រះសីហនុ។ ករណីបាក់រលំអាគារនេះ ក្រុមអ្នកជួយសង្គ្រោះរកឃើញសាកសពខ្លះ បានដេកស្លាប់ក្នុងមុងក្រោមផ្ទាំងបេតុងអគារបាក់សង្កត់លើ។
អាជ្ញាធរក្រុងភ្នំពេញសន្យាថា នឹងរកឱ្យឃើញនូវមូលហេតុពិតប្រាកដ នៃការបាក់រលំអាគារកម្ពស់៧ជាន់នៅក្នុងខេត្តព្រះសីហនុ ដែលបានបណ្ដាលឱ្យមនុស្សស្លាប់កើនឡើងដល់ ២៨នាក់ រងរបួស ២៦នាក់ គិតត្រឹមរសៀលថ្ងៃទីថ្ងៃទី២៤ មិថុនា។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញលិខិតជាបន្ទាន់មួយ នៅចំថ្ងៃកើតហេតុការណ៍ បង្គាប់ឲ្យអាជ្ញាធរមានសមត្ថកិច្ចប្រមូលផ្ដុំកម្លាំង និងរកមធ្យោបាយ ដើម្បីពន្លឿនប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះអ្នកដែលបានបាត់ខ្លួន។ លោក ស ខេង បញ្ជាក់នៅក្នុងលិខិតដដែលនោះថា ក្រសួងមហាផ្ទៃនឹងចាត់វិធានការចំពោះមុខ ជំរុញការស្រាវជ្រាវ និងស្វែងរកឱ្យឃើញនូវដើមហេតុ ដែលនាំឱ្យកើតមានសោកនាដកម្ម ព្រមទាំងចាត់វិធានការលើបុគ្គលពាក់ព័ន្ធ ដើម្បីឱ្យមកទទួលខុសត្រូវតាមច្បាប់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយបានធ្វើសន្និសីទកាសែតនៅព្រលប់ថ្ងៃទី២៤ មិថុនាថា លោក ញឹម វណ្ណដា ត្រូវដកពីតំណែងដោយសារតែភាពយឺតយ៉ាវនៅក្នុងការបញ្ជូនក្រុមជួយសង្គ្រោះទៅកាន់ទីតាំង ដែលមានការរលំបាក់អគារនៅក្នុងខេត្តព្រះសីហនុ។ លោក ហ៊ុន សែន បញ្ជាក់ដែរថា លោក គន់ គីម នឹងត្រូវតែងតាំងជាអនុប្រធានទី១ ជំនួសលោក ញឹម វ៉ាន់ដា។
លោក ហ៊ុន សែន បញ្ជាក់ថា ការកាយអគារបាក់បែកស្វែងរកអ្នករងគ្រោះនេះ ត្រូវបានបិទបញ្ចប់នៅត្រឹមរាត្រីថ្ងៃទី២៤ មិថុនា ក៏ប៉ុន្តែលោកអះអាងថា ការស៊ើបអង្កេតទៅលើការសាងសង់សំណង់នេះ គឺមិនបញ្ចប់ឡើយ ដើម្បីស្វែងអ្នកជាប់ពាក់ព័ន្ធនឹងការបាក់អគារនេះបន្ថែមទៀត។
លោក ហ៊ុន សែន បានឆ្លើយតបទៅអ្នកសារព័ត៌មានដែលចោទសួរថា ជនជាតិចិនមកវិនិយោគនៅកម្ពុជាធ្វើឲ្យប៉ះពាល់ដល់កម្ពុជា តើលោកនឹងដោះស្រាយបែបណា? លោក ហ៊ុន សែន ឆ្លើយថា សារបែបនេះ ជាសាររបស់ក្រុមប្រឆាំងតែប៉ុណ្ណោះ ផ្ទុយទៅវិញ លោកនៅតែសរសើរវិនិយោគិនចិនដដែល ដោយអះអាងថា ចិនជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា៖ «»។
លោក ហ៊ុន សែន បន្ថែមថា ចិនមកវិនិយោគនៅកម្ពុជានេះ ថែមទាំងមានកំណើនភ្ញៀវទេសចរចិន ដែលជួយសម្រួលដល់កំណើនសេដ្ឋកិច្ចកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។