មន្ត្រី​ជំនាញ​បញ្ជា​ឲ្យ​ផ្អាក​បណ្ដោះអាសន្ន​ការសាងសង់​សណ្ឋាគារ​ក្បែរ​អាគារ​បូឌីញ

0:00 / 0:00

មន្ត្រី​ជំនាញ​ផ្នែក​ដែនដី បាន​បញ្ជា​ភ្លាមៗ​ឲ្យ​ក្រុមហ៊ុន​សាងសង់​សណ្ឋាគារ​មួយ ផ្អាក​សកម្មភាព​របស់​ខ្លួន បន្ទាប់ពី​សង្ស័យ​ថា​ការសាងសង់ ធ្វើ​ឲ្យ​អាគារ​មាន​វ័យ​ចំណាស់​មួយ នៅ​ក្នុង​កណ្ដាល​ក្រុងភ្នំពេញ​នៅ​ក្បែរ​នោះ ដែល​គេ​ស្គាល់​ជា​ភាសា​បារាំង​ថា​បូឌិញ​ចេញ​ស្នាម​ប្រេះស្រាំ។

ទោះ​មិន​ទាន់​រក​ឃើញ​ថា​មូលហេតុ​នៃ​ការ​ប្រេះស្រាំ​នេះ បណ្ដាល​មក​ពី​ការ​បុក​គ្រឹះ​របស់​ក្រុមហ៊ុន​សាងសង់​សណ្ឋាគារ​ក្ដី វិធានការណ៍​ធំៗ ត្រូវ​បាន​មន្ត្រី​ជំនាញ​បញ្ជា ទៅ​ក្រុមហ៊ុន​សាងសង់​នៅ​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ គឺ​ផ្អាក​បណ្ដោះអាសន្ន និង​ត្រូវ​មាន​វិធានការ ការពារ​កុំ​ឲ្យ​ដាក់​ដី​បន្ត​ទៀត ដោយ​របាំង​ក្នុង​ដី​ដែល​បាន​កាយ​រួច។

ក្រុម​មន្ត្រី​ថា ពួកគេ​ថា​មិន​បញ្ឈប់​ការ​សាងសង់​របស់​ក្រុមហ៊ុន​នេះ​ឡើយ និង​ថា​ការ​បែក​ប្រេះ​ជញ្ជាំង​អាគារ​នេះ បណ្ដាល​មកពី​ការ​បុក​គ្រឹះ ឬ​ស្នាម​ប្រេះ​ចាស់​នោះ​ទេ។

អនុរដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ទទួលបន្ទុក​ផែន​សំណង់ លោក កើត សារ៉េត ថ្លែង​ក្រោយ​ចុះ​អង្កេត​ថា លោក​ឃើញ​មាន​ស្នាម​ប្រេះ​ពិតមែន ប៉ុន្តែ​មិនទាន់​អាច​សន្និដ្ឋាន​ស្នាម​ប្រេះ​នេះ ជា​ស្នាម​ចាស់ ឬ​ស្នាម​ថ្មី​ទេ។ លោក​ថា ពេលនេះ​លោក​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ក្រវាត់​ដែក​មួយ​ជាន់ បន្ថែម​ពីលើ​កន្លែង​ចាស់ ការពារ​កុំ​បាក់​ដី​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ៖ «ក្រុមហ៊ុន​ដែល​កំពុង​សាងសង់​សណ្ឋាគារ​នេះ ត្រូវតែ​ឆ្លើយតប​ទៅ​នឹង​សុវត្ថិភាព​របស់​ពលរដ្ឋ»។

កាលពី​រាត្រី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ នៅ​ពេល​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​សណ្ឋាគារ កំពុង​ដំណើរការ បុក​គ្រឹះ​និង​កាយ​ដី ពលរដ្ឋ​រស់នៅ​អាគារ​បូឌិញ​ឲ្យ​ដឹង​ថា ស្រាប់​តែ​ផ្នែក​ខ្លះ នៃ​អាគារ​នេះ​ចេញ​ស្នាម​ប្រេះ។ នៅ​ពេល​នោះ​ពួកគេ​បាន​ចាក​ចេញពី​អាគារ និង​អ្នក​ខ្លះ​ទៅ​គេង​នៅផ្ទះ​សាច់ញាតិ និង​អ្នក​ខ្លះ​ទៀត​ទៅ​គេង​នៅផ្ទះ​សំណាក់។

លោកស្រី សៀ អៀង ពលរដ្ឋ​រស់នៅ​អាគារ​បូឌិញ ទាមទារ​ឲ្យ​បញ្ឈប់​ការសាងសង់​នេះ ដោយ​លោកស្រី យល់ថា ប្រសិន​អាគារ​ថ្មី​សាងសង់​អាគារ​បូឌិញ​នឹង​ដួល​រលំ៖ «ខ្ញុំ​មិន​ឲ្យ​សាងសង់​ជាដាច់ខាត​ ! បើ​សាង​សង់ផ្ទះ​ខ្ញុំ​រលំ​ហើយ។ ខ្ញុំ​រស់នៅ​សុខសាន្ត​យូរ​ណាស់​មក​ហើយ មិនដែល​មានរឿង​អី»។

កាលពី​ចុង​ឆ្នាំ​២០១៤ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​អនុញ្ញាត​ឲ្យ លោក ឬធី សំណាង និង​អ្នកស្រី ភូ ឈាលីន ជា​ប្ដី​ប្រពន្ធ​គ្នា​សាងសង់​សណ្ឋាគារ ដែល​កម្ពស់​១១​ជាន់ នៅ​ជាប់​អាគារ​បូឌិញ ដែល​ស្ថិត​ក្នុង សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន។ ភ្លាមៗ​នោះ​ដែរ ពលរដ្ឋ​ចំនួន​៥០០​នាក់ បាន​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ទាមទារ​ឲ្យ​ក្រុមហ៊ុន​សាងសង់ ទទួលខុសត្រូវ​ការខូចខាត​ប្រេះ​ស្រាំ​អាគារ និង​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​កខ្វក់ ក្នុង​ករណី ប៉ះពាល់​នៅ​ពេល​សាងសង់​ហើយ​អាជ្ញាធរ​បាន​ឯកភាព។

លោក តន់ វុទ្ធី កំពុង​រៀបចំ​ឥវ៉ាន់​ចេញ ពី​បន្ទប់​ដោយ​ភ័យខ្លាច​អាគារ​ស្រុត​បាក់ ឲ្យ​ដឹង​ថា​មូលហេតុ​ដែល​លោក​ចាក​ចេញ​នេះ ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​មិន​យកចិត្តទុកដាក់​ពី​ពលរដ្ឋ៖ «អាយុជីវិត​សំខាន់​ណាស់ បានជា​ខ្ញុំ​ចេញ​ជា​បណ្តើរៗ ព្រោះ​អាជ្ញាធរ​មិន​យកចិត្តទុកដាក់​បញ្ហា​ពលរដ្ឋ»។

តាម​ការអង្កេត​ដី​នៅ​ក្បែរ​កន្លែង​បុក​គ្រឹះ​មាន​ស្នាម​ប្រេះ និង​ស្រុត​ចុះ បើ​ធៀប​នឹង​ដី​នៅ​កន្លែង​ផ្សេង។ ជញ្ជាំង​អាគារ​ដែល​ប្រេះ​ស្រាំ មាន​ស្នាម​វែង​ប៉ុន​ចុង​ចង្កឹះ ដែល​អាច​មើល​ឃើញ ពី​ផ្ទៃ​ខាងក្នុង​ពី​ម្ខាង​ទៅ​ម្ខាង។ តំណាង​ក្រុមហ៊ុន​សាងសង់​សណ្ឋាគារ លាក់លៀម​ព័ត៌មាន​ពី​ការសាងសង់​នេះ ដោយ​ប្រើ​ពាក្យសំដី​ធ្ងន់ៗ ដាក់​អ្នកកាសែត​និង​បាន​លុប​រូបថត អ្នកកាសែត​ចោល​នៅ​ពេល​ដែល​ថតរូប​ទីតាំង​ការដ្ឋាន​សាងសង់។

នាយក​ប្រតិបត្តិ​អង្គការ​សមាគម​ធាងត្នោត លោក អ៊ី សារ៉ុម សម្ដែង​ការ​ព្រួយ​បារម្ភ ដោយ​បញ្ជាក់​ថា ស្នាម​ប្រេះ​នេះ​ជា​ស្នាម​ប្រេះ​ថ្មី ខណៈ​ដែល​អាគារ​បូឌិញ​កំពុង​ភាព​ទ្រុឌទ្រោម​ដូចនេះ។ លោក​ទាមទារ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​សិក្សា​ជ្រាវ​រឿង​នេះ ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​រឿង​នេះ​ទាក​ទង់​អាយុជីវិត​របស់​ពលរដ្ឋ៖ «តាមរយៈ​ការសិក្សា​របស់​យើង​ស្នាម​ប្រេះ​នេះ​ជា​ស្នាម​ប្រេះ​ថ្មី »

អាគារ​បូឌិញ​ដែល​មាន​វ័យ​ចំណាស់ និង​មាន​សភាព​ទ្រុឌទ្រោម​ស្រាប់​ទៅ​ហើយ​នោះ ពេល​នេះ​រឹតតែ​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​ទីនោះ​ភ័យ​ឆោឡោ និង​អ្នកខ្លះ​រើ​ឥវ៉ាន់​ចេញទៅ​ស្នាក់នៅ កន្លែង​ផ្សេង​ទាំង​យប់។

ទោះ​មានការ​ទទូច​ពី​ពលរដ្ឋ​ឲ្យ​បញ្ឈប់​ការសាងសង់​នេះ​ក្ដី ប៉ុន្តែ​អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ លោក កើត សារ៉េត លើក​ឡើង​ថា តាម​គោលការណ៍​ច្បាប់ និង​លក្ខណៈ​បច្ចេកទេស អាជ្ញាធរ​មិន​អាច​បញ្ឈប់​ការសាងសង់​សណ្ឋាគារ​នេះ​ឡើយ។ នៅ​ក្នុង​ការដ្ឋាន​នោះ​មាន​ដែក​បន្ទះ​ធំៗ បុក​ចូល​ដី និង​បាន​កាយ​ដី​ចេញ​ក្បែរ​ជញ្ជាំង​អាគារ​បូឌិញ មាន​ជម្រៅ​ជាង​ប្រហែល​ជា​ពី​៦​ម៉ែត្រ ទៅ​១០​ម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។