អតិថិជនទិញផ្ទះជំរុញឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សាងសង់ផ្ទះឱ្យពួកគាត់តាមកិច្ចសន្យា
2024.09.29
អតិថិជនទិញផ្ទះពីក្រុមហ៊ុន ឡេង ណាវ៉ាត្រា រិះគន់ម្ចាស់ក្រុមហ៊ុននេះថា យកលុយពីអតិថិជនហើយមិនព្រមសាងសង់ផ្ទះឱ្យពួកគាត់តាមកិច្ចសន្យា ប៉ុន្តែបែរជាធ្វើខ្លួនជាមនុស្សចិត្តបុណ្យដើម្បីគេចពីការទទួលខុសត្រូវ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សយល់ឃើញថា រដ្ឋាភិបាលគួរតែជំរុញទៅម្ចាស់ក្រុមហ៊ុនដើម្បីឱ្យពន្លឿនការដោះស្រាយបញ្ហាជូនពលរដ្ឋពីព្រោះការអូសបន្លាយរយៈពេលយូរធ្វើប៉ះពាល់ជីវភាពពួកគាត់។
ក្រោយពេលបរិច្ចាគថវិការាប់លានដុល្លារឱ្យទៅរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន រួចមកពេលនេះម្ចាស់គម្រោងផ្ទះល្វែង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បែរជាមិនសាងសង់ផ្ទះជូនអតិថិជនតាមកិច្ចសន្យាក្រោយពេលពួកគាត់បានបង់លុយរួចរាល់។
អតិថិជនទិញផ្ទះពីក្រុមហ៊ុន ឡេង ណាវ៉ាត្រា លោកស្រី ភួន ស្រីល័ក្ខ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៨ ខែកញ្ញា ថា លោកស្រី ផ្ទះដែលលោកស្រីបានទិញនៅម្ដុំផ្លូវជាតិលេខ៦ អា (6A) ក្នុងខេត្តកណ្ដាលរយៈពេលជិត៤ឆ្នាំមកនេះ នៅមិនទាន់សាងសង់រួចរាល់នៅឡើយទេ ដែលកាលពីលោកស្រីទិញផ្ទះគឺនៅក្នុងកិច្ចសន្យាសាងសង់រួចរយៈពេល២ឆ្នាំ។
លោកស្រី ភួន ស្រីល័ក្ខ៖ «ឱ្យគាត់ជួយធ្វើផ្ទះឱ្យលឿនៗឱ្យអតិថិជននឹងបានពួកគាត់បានផ្ទះនៅពីព្រោះរាល់ថ្ងៃសេដ្ឋកិច្ចវាពិបាកហើយបើអត់ផ្ទះនៅវាកាន់តែពិបាក។ បើគាត់ជួយសម្រួលឱ្យអតិថិជនឆាប់បានផ្ទះនៅអ៊ីចឹងគាត់ជួយសម្រួលឱ្យអតិថិជនបានច្រើនដែរ។ អ៊ីចឹងសំណូមពរឱ្យខាងបុរីធ្វើផ្ទះឱ្យលឿនស្រូតៗមកហើយលុយសំណងដែលគាត់ឱ្យហ្នឹងជួយឱ្យអតិថិជនបានទាំងអស់គ្នាមក។ ពីព្រោះអីឥឡូវវាពិបាកអ៊ីចឹងត្រូវការលុយហើយអ៊ីចឹងម្នាក់ៗមិនមែនលើសកុងត្រាមួយឆ្នាំពីរឆ្នាំទេ ចូលបីឆ្នាំគិតទៅលុយច្រើនដែរ»។
កាលពីថ្ងៃទី២៧ ខែកញ្ញា អតិថិជនទិញផ្ទះពីក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានប្រមូលផ្ដុំគ្នាជិត ១០០នាក់ នៅខាងមុខក្រុមហ៊ុន ឡេង ណាវ៉ាត្រា សាខាគម្រោង៦អាក្នុងខេត្តកណ្ដាល ដើម្បីសួរនាំព័ត៌មានពីការសាងសង់ផ្ទះពីព្រោះរយៈពេលជិត ៤ឆ្នាំមកនេះក្រុមហ៊ុន ឡេង ណាវ៉ាត្រា នៅតែមិនទាន់សាងសង់ផ្ទះឱ្យពួកគាត់។
រីឯ អតិថិជនទិញផ្ទះម្នាក់ទៀតដែលបានចូលរួមប្រមូលផ្ដុំគ្នានៅខាងមុខក្រុមហ៊ុន ឡេង ណាវ៉ាត្រា លោក ហឿ សេធុល បានបង្ហោះសារលើគណនីហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី២៧ ខែកញ្ញា ថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានលុយបរិច្ចាគឱ្យកាកបាទក្រហមរាប់លានដុល្លារប៉ុន្តែមិនសាងសង់ផ្ទះឱ្យអតិថិជន។ លោកអះអាងថា គម្រោងលំនៅឋានដែលលោកទិញមិនទាន់ឃើញមានការសាងសង់សូម្បីសសរគ្រឹះមួយដើម។
លោក ហឿ សេធុល៖ «ឧកញ៉ាវិញមិនដឹងគាត់ទៅណាទេប្រហែលគាត់រវល់ណាស់អត់មានពេលមកជួបទេ។ ឃើញចូលកាកបាទចូលអីទាំងជួយនេះជួយនោះលានដុល្លារៗតែដល់ពេលអតិថិជនលៀនភ្នែកពេញហ្នឹង៣ឆ្នាំ ៤ឆ្នាំមិនទាន់ឃើញផ្ទះសម្បែងតែដីមិនទាន់បានផងខាងក្រសួងបានអន្តរាគមន៍រឿងដីរឿងអីតែឥឡូវហ្នឹងមិនទាន់ឃើញទទួលប្លង់ទទួលអីទេ»។
ក្រៅពីអតិថិជនទិញផ្ទះមិនបានផ្ទះនៅគម្រោងផ្លូវជាតិលេខនៅ៦អារ ហើយនោះ នៅមានអតិថិជនទិញផ្ទះនៅគម្រោងផ្លូវជាតិលេខ៣ ខណ្ឌចោមចៅ រាជធានីភ្នំពេញ ក៏មិនទាន់ទទួលបានផ្ទះនៅឡើយដែរ។ លើសពីនេះពួកគាត់អះអាងថា អតិថិជនមួយចំនួនដែលព្រមទទួលយកការដោះដូរដីក្រោយទិញផ្ទះមិនបានផ្ទះ កាលពីខែមេសា កន្លងទៅក៏មិនទាន់បានប្លង់រឹងផងដែរ បញ្ហានេះខាងក្រុមហ៊ុនអាចមានសិទ្ធិរឹបអូសយកពេលណាក៏បាន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងតំណាងក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដើម្បីការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៨ ខែកញ្ញា។ ចំណែកឯ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ក៏វិទ្យុអាស៊ីសេរីមិនអាចទាក់ទងបានដែរ។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្សដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា ការអូសបន្លាយពេលវេលាដោះស្រាយបញ្ហាឱ្យអតិថិជននេះពុំមែនជារឿងល្អនោះទេ ផ្ទុយទៅវិញធ្វើឱ្យពួកគាត់ប៉ះពាល់ដល់ជីវភាពរស់នៅកាន់តែខ្លាំង។ លោកជំរុញឱ្យរដ្ឋាភិបាលគិតពីទុក្ខលំបាកពលរដ្ឋ និងដាក់សម្ពាធទៅខាងភាគីក្រុមហ៊ុនដើម្បីឱ្យពន្លឿនការដោះស្រាយឱ្យពលរដ្ឋ។
លោក យិន ម៉េងលី៖ «កាលណាអ្នកជំនួយខ្លះមិនមានភាពសុចរិតទេធ្វើប៉ះពាល់ដល់អ្នកជំនួយអ្នករកស៊ីអ្នកវិនិយោគដែលគេមានភាពសុចរិតនោះគេខ្លាចរអាធ្វើឱ្យប្រជាពលរដ្ឋខ្លាចទៀតអ៊ីចឹងធ្វើឱ្យបញ្ហាវិនិយោគបញ្ហាសេដ្ឋកិច្ច វាអត់រីកចម្រើន។ អ៊ីចឹងរដ្ឋាភិបាលធ្វើយ៉ាងម៉េចចាត់វិធានការតាមផ្លូវច្បាប់ដើម្បីលើកស្ទួយវិស័យអចលនទ្រព្យវិស័យសេដ្ឋកិច្ចរបស់យើងពីព្រោះដល់ពេលឃើញអ៊ីចឹងទៅប្រជាពលរដ្ឋលែងទុកចិត្តអ្នកជំនួយដែលឃើញថា ជាអ្នកជំនួញដែលសុចរិតគាត់មិនហ៊ានទេ»។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាមនុស្សជិតស្និទ្ធ នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។ កន្លងមកអ្នកឧកញ៉ាវ័យក្មេងរូបនេះ បានបំពានកិច្ចសន្យាសាងសង់ផ្ទះឱ្យអតិថិជន និងថែមទាំងគំរាមអតិថិជនមិនឱ្យតវ៉ាទៀតផង។ ទោះជាយ៉ាងណា អតិថិជននៅតែចេញមុខតវ៉ាជាបន្តបន្ទាប់ដើម្បីទាមទារឱ្យលោក ឡេង ណាវ៉ាត្រា សាងសង់ផ្ទះតាមកិច្ចសន្យា ពីព្រោះពួកគាត់ខំចំណាយលុយដែលខំធ្វើការទាំងយប់ទាំងថ្ងៃដើម្បីទិញផ្ទះដោយសង្ឃឹមថា នឹងបានផ្ទះរស់នៅសមរម្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។