កម្ពុជា​គ្រោង​ទាក់ទាញ​ទេសចរ​អាមេរិកាំង​ឱ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត

ដោយ ហង្ស សាវយុត
2016.01.26
ថោង ខុន ៨៥៥ ២០១៦ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ធ្វើ​សន្និសីទ​កាសែត​បន្ទាប់​ពី​វិល​ត្រឡប់​មក​ពី​ប្រជុំ​វេទិកា​ទេសចរណ៍​អាស៊ាន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៦ នា​ខេត្ត​សៀមរាប។
RFA/Hang Savyouth

មន្ត្រី​ក្រសួង​ទេសចរណ៍​​សម្លឹង​ឃើញ​ថា ជនជាតិ​​​អាមេរិកាំង គឺ​ជា​ទី​ផ្សារ​ទេសចរណ៍​​ដ៏​សំខាន់​មួយ​សម្រាប់​​កម្ពុជា ក្នុង​ចំណោម​​​ប្រទេស​​ចំនួន ១០​ផ្សេង​ទៀត ដូច​ជា​​ចិន កូរ៉េ​ខាងត្បូង ជប៉ុន អង់គ្លេស អូស្ត្រាលី កាណាដា ថៃ ​និង​វៀតណាម ជាដើម។

ដោយសារ​តែ​មើល​ឃើញ​ពី​សារសំខាន់​យ៉ាង​ដូច្នេះ ​រដ្ឋាភិបាល​​​​​​កំពុង​រៀបចំ​ឱ្យ​មាន​តំណាង​ក្រសួង​ទេសចរណ៍​ប្រចាំ​តាម​ស្ថានទូត​ខ្មែរ នៅ​សហរដ្ឋ​​​​អាមេរិក ​និង​កាណាដា សម្រាប់​​​សម្របសម្រួល ព្រម​ទាំង​ជំរុញ​ការ​ផ្សព្វផ្សាយ​អំពី​​​​​សក្ដានុពល​ផ្នែក​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​នេះ​ឱ្យ​មក​ទស្សនា​កម្ពុជា បាន​កាន់​តែ​​​ច្រើន​ឡើង​ថែម​ទៀត ក្នុង​ពេល​អនាគត។

មន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា ត្រៀម​ខ្លួន​ធ្វើ​កិច្ច​សហការ​ជាមួយ​នឹង​នារី​ឯក​ខ្មែរ-អាមេរិកាំង​ម្នាក់ ប្រចាំ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) ដើម្បី​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ទេសចរណ៍​ក្នុង​គោលបំណង​ទាក់ទាញ​ជនជាតិ​អាមេរិកាំង ឱ្យ​ធ្វើ​ទេសចរណ៍​មក​លេង​កម្ពុជា បាន​កាន់​តែ​ច្រើន​ថែម​ទៀត​សម្រាប់​អនាគត។

ការ​ប្រឹងប្រែង​ទាក់ទាញ​ពលរដ្ឋ​អាមេរិកាំង ឱ្យ​មក​ទស្សនា​កម្ពុជា នេះ ដោយសារ​តែ​គេ​មើល​ឃើញ​ថា បច្ចុប្បន្ន​ជនជាតិ​អាមេរិកាំង ជា​ច្រើន​នៅ​មិន​ទាន់​ស្គាល់​កម្ពុជា ទេ ហើយ​ចំនួន​អ្នក​ទេសចរណ៍​អាមេរិកាំង ដែល​មក​កម្ពុជា ក៏​នៅ​មាន​កម្រិត​ទាប។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ គឺ​លោក ថោង ខុន។ លោក​មាន​ប្រសាសន៍​ក្នុង​ពេល​វិល​ត្រឡប់​ពី​កិច្ច​ប្រជុំ​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មករា ថា​បច្ចុប្បន្ន​ថ្វី​ត្បិតតែ​ប្រទេស​កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ ៥​លាន​នាក់ ក៏​ប៉ុន្តែ​ពលរដ្ឋ​អាមេរិកាំង ដែល​មក​ទស្សនា​កម្ពុជា គឺ​នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ។

លោក ថោង ខុន បញ្ជាក់​ថា ក្រសួង​ទេសចរណ៍​កំពុង​រៀបចំ​ខ្លួន​ដើម្បី​ធ្វើ​កិច្ច​សហការ​ជាមួយ​នារី​ឯក​ខ្មែរ-អាមេរិកាំង ម្នាក់​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា គឺ​អ្នកស្រី ជេកហ្គឺលីន បាហ្កាវ៉ាន (Jacqueline Bhagavan) ឱ្យ​ជួយ​ផ្សព្វផ្សាយ និង​ទាក់ទាញ​ពលរដ្ឋ​អាមេរិកាំង ឱ្យ​មក​ទស្សនា​កម្ពុជា កាន់​តែ​ច្រើន​ថែម​ទៀត​សម្រាប់​អនាគត។

លោក ថោង ខុន មាន​ជំនឿ​ថា នារី​ឯក​ខ្មែរ-​អាមេរិកាំង នៅ​រដ្ឋ​កាលីហ្វ័រញ៉ា នេះ អាច​នឹង​មាន​ឥទ្ធិពល​ច្រើន​លើ​ការ​ទាក់ទាញ​ទីផ្សារ​ទេសចរណ៍​ពី​អាមេរិក៖ «យើង​សព្វថ្ងៃ​នេះ ក្នុង​ចំនួន​ទេសចរណ៍​បរទេស ១០០% គឺ ៧៧% មក​ពី​អាស៊ី-​ប៉ាស៊ីហ្វិក។ ក្នុង​ហ្នឹង​មក​ពី​តំបន់​អាស៊ាន ជាង ៤០% មក​ពី​អឺរ៉ុប ១៦% ប៉ុន្តែ​មក​ពី​អាមេរិក តែ ៨% ទេ»

លោក ថោង ខុន បញ្ជាក់​ថា ក្រសួង​ទេសចរណ៍​នឹង​រៀបចំ​ផលិត​ជា​ប័ណ្ណ​ផ្សព្វផ្សាយ (poster) និង​ស្ប៉ត (Spot) វីដេអូ ស្ដីពី​សក្ដានុពល​ទេសចរណ៍​កម្ពុជា ដើម្បី​ឱ្យ​នារី​ឯក​ខ្មែរ-​អាមេរិកាំង អ្នកស្រី ជេកហ្គឺលីន យក​ទៅ​ជួយ​ផ្សព្វផ្សាយ​នៅ​អាមេរិក។

​អ្នកស្រី ជេកហ្គឺលីន បាហ្កាវ៉ាន ដែល​បាន​នាំ​ស្វាមី និង​កូន​មក​លេង​មាតុភូមិ បាន​មាន​ប្រសាសន៍​ថា ថ្វីត្បិត​តែ​អ្នកស្រី​ជា​ជនជាតិ​អាមេរិកាំង ប៉ុន្តែ​បេះដូង​របស់​អ្នកស្រី​នៅ​តែ​ជា​ខ្មែរ។ អ្នកស្រី​សន្យា​ថា នឹង​ជួយ​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​ទេសចរណ៍​កម្ពុជា ទៅ​កាន់​ពលរដ្ឋ​អាមេរិក ជា​ច្រើន​ទៀត។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប លោក ង៉ូវ សេងកាក់ មាន​ប្រសាសន៍​ថា កាល​ពី​ឆ្នាំ​២០១៥ មាន​ជនជាតិ​អាមេរិក ជាង ៩១.០០០​​នាក់ បាន​មក​ទស្សនា​ខេត្ត​សៀមរាប។ ចំនួន​នេះ​គឺ​កើន​ឡើង ០,១% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤ កន្លង​ទៅ។

លោក ង៉ូវ សេងកាក់ បញ្ជាក់​ថា ពលរដ្ឋ​អាមេរិកាំង ដែល​មក​ទេសចរណ៍​ខេត្ត​សៀមរាប ចូល​ចិត្ត​ទៅ​មើល​តំបន់​អេកូ​ទេសចរណ៍ និង​ប្រាសាទ​ខ្លះ​ដែល​សំបូរ​ដើម​ឈើ៖ «នៅ​ក្នុង​នេះ គឺ​តំបន់​អង្គរ បាយ័ន តាព្រហ្ម។ បី​ហ្នឹង គឺ​បំណង គោលដៅ​សំខាន់​របស់​ពួកគេ»

កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ មាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ ៥​លាន​នាក់ បាន​មក​ទស្សនា​កម្ពុជា ដោយ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​ទាំង​នោះ គឺ​ជន​ជាតិ​ចិន បាន​ជាប់​លំដាប់​ថ្នាក់​លេខ​១ កូរ៉េ លំដាប់​ថ្នាក់​លេខ​២ ជប៉ុន​លេខ​៣ ថៃ លំដាប់​ថ្នាក់​លេខ​៤ និង​សហរដ្ឋអាមេរិក ជាប់​លំដាប់​ថ្នាក់​លេខ​៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។