ប្រជាកសិករខ្មែរដែលរស់នៅពឹងផ្អែកលើរបរធ្វើស្រែ បន្តរងគ្រោះដោយបញ្ហាតម្លៃស្រូវថោក ខណៈដែលអង្ករកម្ពុជា កំពុងដណ្ដើមបានចំណែកមួយចំនួនក្នុងទីផ្សារអន្តរជាតិ។ កសិករ និងអាជីវករស្រូវអះអាងថា ពួកគេបានខាតបង់ច្រើនក្នុងមុខរបរ ហើយមកទល់នឹងពេលនេះមិនមានភាគីពាក់ព័ន្ធណាអាចជួយអន្តរាគមន៍ដោះស្រាយបញ្ហានេះបាននៅឡើយ។
រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយស្ដីពី “ការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ” កាលពីឆ្នាំ២០១០ ក្នុងគោលបំណងជំរុញផលិតកម្មស្រូវឱ្យក្លាយជា "មាសស” នៅក្នុងទីផ្សារពិភពលោក។ វិធានការគោលនយោបាយសំខាន់ៗតាមដំណាក់កាលដែលរដ្ឋាភិបាលអនុវត្តរួមមាន វិធានការពាក់ព័ន្ធនឹងការជំរុញផលិតកម្មស្រូវ វិធានការប្រមូលទិញ និងកែច្នៃស្រូវ វិធានការរៀបចំប្រព័ន្ធសម្រួលការនាំចេញ និងវិធានការស្វែងរកទីផ្សារ។
យ៉ាងនេះក្តី គេសង្កេតឃើញតម្លៃស្រូវនាប៉ុន្មានឆ្នាំចុងក្រោយនេះមានការធ្លាក់ចុះច្រើន។ កសិករនៅតាមបណ្ដាខេត្តមួយចំនួន ដូចជានៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងនៅខេត្តតាកែវ ជាដើម បានត្អូញត្អែរ និងលើកជាបញ្ហានេះឡើងក្នុងបំណងស្វែងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ។
អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា គឹម សាវុធ បានថ្លែងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ថា ការធ្លាក់ចុះតម្លៃស្រូវនៅកម្ពុជា គឺជាឥទ្ធិពលនៃការធ្លាក់ចុះតម្លៃផលិតផលកសិកម្មជាសាកល។ លោកអះអាងថា របត់បែបនេះ គឺមិនមានជម្រើសអ្វីផ្សេងក្រៅតែពីការសម្របតាមស្ថានភាពទីផ្សារអន្តរជាតិនោះទេ។
លោកឧកញ៉ា គឹម សាវុធ៖ «រឿងតម្លៃអន្តរជាតិចុះថោក អាហ្នឹងយើងអត់ដឹងធ្វើម៉េចទេ ពីព្រោះមួយរយៈនេះផលិតផលកសិកម្មមិនមែនតែអង្ករទេ អ្វីក៏ចុះដែរឱ្យតែផលិតផលកសិកម្មចុះទាំងអស់។ រឿងអ្នកសារព័ត៌មានសួរថា តើវិធានការយ៉ាងម៉េចលើកតម្លៃ ជាទូទៅសហព័ន្ធយើងប្រឹងធ្វើការនេះគឺដើម្បីលើកតម្លៃស្រូវរបស់ប្រជាកសិករយើងហើយ។ ប៉ុន្តែអ្វីដែលជាកត្តាសត្យានុម័ត គឺទីផ្សារអន្តរជាតិ។ អ្វីដែលយើងអាចធ្វើបាន គឺសុំឱ្យគាត់ដាំដុះពូជល្អដែលបរទេសចង់បាន ហើយសុំឱ្យគាត់ប្ដូរពូជឱ្យទៀងទាត់ដើម្បីលើកតម្លៃឱ្យបានខ្ពស់»។

ផ្ទុយពីការលើកឡើងនេះ ប្រធានអង្គការសេដាក លោកបណ្ឌិត យ៉ង សាំងកុមារ យល់ឃើញថា រដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្ម គួរតែប្រឹងប្រែងជាងនេះ ដើម្បីកុំឱ្យកសិករខាតបង់ក្នុងមុខរបររបស់ពួកគេ។
លោក យ៉ង សាំងកុមារ ចង់ឃើញរដ្ឋាភិបាលអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ជាជាងទុកបណ្ដោយឱ្យតម្លៃស្រូវកាន់តែធ្លាក់ចុះថែមទៀត៖ «ទីមួយ យើងពន្លែងលុយខ្លះដើម្បីទិញស្រូវទុកក្នុងស្រុក ហើយទិញក្នុងតម្លៃអប្បបរមា មិនមែនទិញក្នុងតម្លៃថ្លៃ ហើយយកទៅលក់វិញខាតនោះទេ។ ទិញទុកដើម្បីកុំឱ្យវាធ្លាក់ចុះទាប។ ទីពីរ គឺថ្នាក់ដឹកនាំរដ្ឋាភិបាលទាំងអស់អំពាវនាវកុំឱ្យប្រជាកសិករបន្ទាន់លក់ស្រូវ ឱ្យគាត់ទុកសិនទៅ»។
រហូតមកទល់ពេលនេះ តម្លៃស្រូវក្រអូបរបស់ប្រជាកសិករខ្មែរ បានធ្លាក់ចុះនៅចន្លោះពី ៩០០ ទៅ ១.០០០រៀល ក្នុងមួយគីឡូក្រាម។ ការធ្លាក់ចុះតម្លៃស្រូវនេះ ហាក់ផ្ទុយទៅនឹងបរិបទដែលអង្ករកម្ពុជា កំពុងត្រូវបានអន្តរជាតិទទួលស្គាល់ជាបណ្តើរៗ និងដណ្ដើមបានចំណែកទីផ្សារមួយចំនួន។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ បានបញ្ជាក់ថា តួលេខនៃការនាំអង្ករចេញទៅបរទេស គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៥ មានចំនួនប្រហែល ៤០៨.០០០តោន ទៅកាន់ ៥៨ប្រទេស ដែលមានក្រុមហ៊ុនប្រហែល ៧០ ចូលរួម។
រដ្ឋាភិបាលកម្ពុជា មានបំណងចង់នាំអង្ករចេញឱ្យបាន ១លានតោន នៅត្រឹមឆ្នាំ២០១៥ ដើម្បីប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសនាំអង្ករចេញដ៏សំខាន់មួយនៅលើពិភពលោក។ ប៉ុន្តែក្តីស្រមៃនេះបានបរាជ័យទៅវិញ ត្បិតកម្ពុជា នៅមានបញ្ហាប្រឈមជាច្រើនដែលស្រូវដោះស្រាយទាក់ទងនឹងរឿងស្រូវអង្ករ។
លោក សុខ ពុទ្ធីវុធ បានលើកឡើងពីបញ្ហាប្រឈមទាំងនោះនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវេទិកាស្រូវអង្ករ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅ៖ «គេត្រូវការច្រើន តែយើងផ្គត់ផ្គង់ឱ្យគេបានអត់? ហើយតម្លៃយើងប្រកួតប្រជែងជាមួយគេបានអត់? ហើយគុណភាពយើងអាចថែរក្សានៅតែល្អអ៊ីចឹងបានអត់ ពេលដែលការនាំចេញហ្នឹងវារីកចម្រើនច្រើនទៅៗ? អ៊ីចឹងសុទ្ធតែជាបញ្ហាដែលយើងត្រូវតែគិតដោះស្រាយ ទាំងពីពូជ របៀបដាំ សហគមន៍កសិករ ឃ្លាំងដាក់ស្រូវ ធនាគារ រហូតទៅដល់ម៉ាស៊ីនកិន និងការនាំចេញ ហើយនិងការរៀបចំឈ្មោះអង្ករយើងឱ្យកាន់តែល្បី»។
របាយការណ៍អំពីស្ថានភាពនៃការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០១៥ របស់ក្រសួងកសិកម្ម បង្ហាញថា កម្ពុជានាំអង្ករចេញទៅប្រទេសនៅសហគមន៍អឺរ៉ុបជាង ៦០ភាគរយ ប្រទេសក្នុងតំបន់អាស៊ានជាង ១០ភាគរយ និងប្រទេសដទៃទៀតជាង ២៥ភាគរយ។
អង្ករដែលកម្ពុជានាំចេញ គឺប្រភេទអង្ករសមានជិត ៤៧ភាគរយ អង្ករក្រអូបប្រហែល ៤៥ភាគរយ និងអង្ករចំហុយជិត ៩ភាគរយ។ អង្ករក្រអូបរបស់កម្ពុជា មានដូចជា អង្ករផ្កាម្លិះ ផ្ការំដួល នាងម្លិះ នាងក្រអូប និងសុមាលី ជាដើម។
ទាក់ទងទៅនឹងរឿងស្រូវអង្ករនេះ សហព័ន្ធស្រូវអង្ករកម្ពុជា សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងរៀបចំ “វេទិកាស្រូវអង្ករកម្ពុជាលើកទី៥” ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែមករា ឆ្នាំ២០១៦ ខាងមុខ។ វេទិកានេះនឹងមានការចូលរួមពីម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ សហគមន៍កសិករ ក្រុមហ៊ុនដឹកជញ្ជូន តំណាងអង្គក្រសួងពាក់ព័ន្ធ និងតំណាងដៃគូអន្តរជាតិ ហើយនឹងពិភាក្សាគ្នាលើបញ្ហាស្រូវអង្ករ ដើម្បីភាពរីកចម្រើននៃឧស្សាហកម្មស្រូវអង្ករកម្ពុជា។
គេរំពឹងថា ការកំណត់បញ្ហាប្រឈមសំខាន់ៗនៅក្នុងផលិតកម្មស្រូវអង្កររវាងអ្នកពាក់ព័ន្ធ នឹងជួយធ្វើឱ្យអង្ករកម្ពុជា មានលទ្ធភាពប្រកួតប្រជែងបានក្នុងតម្លៃមួយសមរម្យ ក្នុងគុណភាពល្អ និងមានកិត្តិនាមក្នុងទីផ្សារពិភពលោក ដែលអាចហុចផលឱ្យកសិករខ្មែរទទួលបានប្រយោជន៍ច្រើនក្នុងមុខរបររបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។