វិវាទការប្រើប្រាស់ឈ្មោះ «គុនខ្មែរ» (Kun Khmer) និង «មួយថៃ» (Muay Thai) ក្នុងវិញ្ញាសាប្រកួតនៅស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កំពុងមានភាពចម្រូងចម្រាស ដោយសារភាគីថៃនៅតែបដិសេធមិនជញ្ជួនកីឡាករឱ្យចូលរួមប្រកួតក្រោមឈ្មោះគុនខ្មែរ ចំណែកភាគីកម្ពុជានៅតែរក្សាគោលជំហរប្រើឈ្មោះ គុនខ្មែរ (Kun Khmer) ដដែល ទោះបីភាគីថៃមិនបញ្ជូនកីឡាករមកចូលរួមប្រកួតក៏ដោយ។
ភាគីកម្ពុជារក្សាការសម្រេចប្ដូរឈ្មោះលើវិញ្ញាសាប្រដាល់ពី «មួយថៃ» ទៅ «គុនខ្មែរ»។ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន ឱ្យវិទ្យុអាស៊ីសេរីដឹង នៅថ្ងៃទី៣ កុម្ភៈថា ការសម្រេចនេះ យោងទៅតាមធម្មនុញ្ញរបស់ស៊ីហ្គេមក្នុងចំណាត់ថ្នាក់ទី៣ ដែលអនុញ្ញាតឱ្យបណ្ដាប្រទេសជាម្ចាស់ផ្ទះអាចដាក់បញ្ចូលប្រភេទកីឡាប្រពៃណីជាតិ ចូលទៅក្នុងការប្រកួតបាន។ លោកបញ្ជាក់ថា ក្នុងកិច្ចប្រជុំសម្របសម្រួល កាលពីថ្ងៃទី១៤ មករា ភាគីកម្ពុជាក៏បានពន្យល់ទៅតំណាងភាគីថៃ អំពីការប្ដូរឈ្មោះ "គុនខ្មែរ" ដែរ ហើយតំណាងភាគីថៃ ពុំមានការឆ្លើយតប ឬប្រតិកម្មអ្វីនោះទេ។
លោក វ៉ាត់ ចំរើន៖«គាត់និយាយតាមហ្នឹងទៅ ប៉ុន្តែយើងៗ ធ្វើម៉េចឱ្យតែចិត្តប្រជាជនរបស់យើង អំពីការរក្សាបានអត្តសញ្ញាណជាតិរបស់យើងជាម្ចាស់ផ្ទះទៅ បានហើយ។ យើងកុំថាឱ្យគេវិញ យើងកុំថាឱ្យ។ បើយើងថាឱ្យគេទៅ វាទៅមកៗ វាអត់ចប់ទេ»។
សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ កាលពីថ្ងៃទី២ កុម្ភៈ បានប្រកាសថា បន្ទាប់ពីការប្រជុំពិសេស រវាងប្រទេសចំនួន៨ រួមមាន ថៃ (Thai) ឡាវ (Lao) ម៉ាឡេស៊ី (Malaysia) មីយ៉ាន់ម៉ា (Myanmar) ឥណ្ឌូណេស៊ី (Indonesia) ហ្វីលីពីន (Philippine) វៀតណាម (Vietnam) រួមទាំងកម្ពុជា បានសម្រេចអនុម័តលើវិញ្ញាសាចំនួន១៩ ដើម្បីដាក់ចូលប្រកួតនៅស៊ីហ្គេម និងបានគាំទ្រ អនុម័តប្រើឈ្មោះ «គុនខ្មែរ» សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នេះ។
ទោះជាយ៉ាងណាក្ដី តំណាងគណៈកម្មការអូឡាំពិកថៃបញ្ជាក់ថា មូលហេតុដែលភាគីថៃ ឯកភាពឱ្យប្ដូរឈ្មោះ «មួយថៃ» ទៅ «គុនខ្មែរ» គឺដោយភាគីថៃយោគយល់លើការសម្រេចចិត្តរបស់កម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះ ហើយគណៈកម្មាធិការអូឡាំពិកថៃ មិនអាចរារាំងបានទេ ព្រោះគេមិនចង់មានជម្លោះរវាងប្រទេស។
ជុំវិញរឿងនេះ អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកប្រទេសថៃ លោក ឆៃយាផាក់ សិរីវឌ្ឍ (Chaiyaphak Siriwat) ប្រាប់សារព័ត៌មានថៃរ៉ាដ (Thai Rath) ថា គណៈកម្មការអូឡាំពិកថៃ(NOC) នឹងមិនបញ្ជូនកីឡាករប្រដាល់ថៃឱ្យចូលរួមប្រកួត «គុនខ្មែរ» ឡើយ ដោយសារសហព័ន្ធប្រដាល់ថៃអន្តរជាតិ (IFMA) បដិសេធចូលរួម។ លោកអះអាងថា នៅក្នុងកិច្ចប្រជុំកំណត់ប្រភេទកីឡា កាលពី ថ្ងៃទី១៤ ខែមករា កម្ពុជាមិនបានលើកឡើងពីការប្ដូរឈ្មោះ មួយថៃ ទៅ គុនខ្មែរ ឡើយ។ ក្នុងនោះ ភាគីកម្ពុជា ដែលជាម្ចាស់ផ្ទះ បានយល់ព្រមឱ្យសហព័ន្ធប្រដាល់ថៃអន្តរជាតិ (IFMA) ជាអ្នករៀបចំការប្រកួត។ ប៉ុន្តែនៅថ្ងៃទី៣០ មករា ភាគីកម្ពុជា បែរជាផ្លាស់ប្ដូរឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ ជាគណៈកម្មការរៀបចំការប្រកួតទៅវិញ។
ជាមួយគ្នានេះដែរ សហព័ន្ធប្រដាល់ថៃអន្តរជាតិ (IFMA) លើកឡើងថា សហព័ន្ធប្រដាល់មួយនេះ នឹងមិនបញ្ជូនកីឡាករខ្លួនឱ្យចូលរួមប្រកួត «គុនខ្មែរ» ឡើយ ដោយសារពួកគេ គ្មានទំនុកចិត្តលើការរៀបចំបច្ចេកទេសការប្រកួត និងការឱ្យពិន្ទុពីចៅក្រម ដែលចេញពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
ឆ្លើយតបនឹងការលើកឡើងនេះ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន ប្រតិកម្មថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ ក៏គ្មានទំនុកចិត្តលើគណៈកម្មការ ដែលបង្កើតឡើងដោយសហព័ន្ធប្រដាល់ថៃអន្តរជាតិ (IFMA) ដែរ។
ជម្លោះ «គុនខ្មែរ» និង «មួយថៃ» នេះ កើតឡើងជាច្រើនឆ្នាំមកហើយ ជាពិសេស នៅពេលមានការប្រកួតរវាងគូឯកប្រទេសទាំង២ លើសង្វៀនថៃហ្វៃ (Thai Fight) ម្ដងៗ ដែលប្រជាពលរដ្ឋអ្នកគាំទ្រកីឡាប្រដាល់ប្រទេសទាំង២ តែងតែឌឺដងដាក់គ្នាលើបណ្ដាញសង្គមទៅលើការឱ្យពិន្ទុ និងការរៀបចំការប្រកួត។
ទាក់ទងនឹងរឿងជម្លោះនេះ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) កាលពីថ្ងៃទី៣១ មករា បានអំពាវនាវឱ្យប្រជាពលរដ្ឋថៃ បញ្ឈប់ការឈ្លោះប្រកែកគ្នា ជុំវិញរឿងប្ដូរឈ្មោះកីឡាប្រដាល់ប្រពៃណី មួយថៃ និង គុនខ្មែរ ដែលជាឈ្មោះភាគីកម្ពុជាប្រើប្រាស់ធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅខែឧសភា។
ដោយឡែក អ្នកតាមដានស្ថានការណ៍អន្តរជាតិ យល់ឃើញថា ជម្លោះការប្រើប្រាស់ឈ្មោះ គុនខ្មែរ និង មួយថៃ នេះ អាចជាចេតនាបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ដែលជាទម្លាប់តែងតែបង្កើតរឿង ឬព្រឹត្តិការណ៍ប្រជាភិថុតិរាល់ឆ្នាំ ដែលមានការរៀបចំការបោះឆ្នោតម្ដងៗ។ ពួកគេមើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន ដែលដឹកនាំកម្ពុជា ជាង ៣០ឆ្នាំកន្លងមក ពុំសូវយកចិត្តទុកដាក់អភិរក្ស និងលើកស្ទួយវិស័យកីឡា សិល្បៈ និងវប្បធម៌ឡើយ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងប្រើប្រាស់តួនាទីម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមលើកទី៣២ ដើម្បីបង្ហាញពីឧត្ដមភាពក្រោមការដឹកនាំរបស់លោក ទោះបីជាពហុកីឡាដ្ឋានសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ដែលដាក់ឈ្មោះលោក ហ៊ុន សែន ជាលុយជំនួយរបស់មិត្តដែកថែបចិនក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។