កម្ពុជា​បញ្ជូន​ជនជាតិ​ចិន​១៦នាក់​​ ទៅ​​ប្រទេស​ចិន​វិញ​ ពាក់​ព័ន្ធ​រឿង​ចាប់​បង្ខាំង​មនុស្ស​ជំរិត​ទារ​ប្រាក់

0:00 / 0:00

អ្នក​នាំពាក្យ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​ លោក​ កែវ វណ្ណថន ​ប្រាប់​អាស៊ីសេរី​ កាល​ពី​ថ្ងៃទី​​១៣​​ មករា​ថា ​សមត្ថកិច្ច​កម្ពុជា​បាន​បញ្ជូន​ពួក​គេ​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​វិញ​ហើយ ​កាល​ពី​ថ្ងៃទី១១​ មករា​កន្លង​ទៅ​នេះ​ និង​ហាម​អ្នក​ទាំង​នោះ​​ចូល​ប្រទេស​កម្ពុជា​រយៈពេល​ ៣​ឆ្នាំ៖ «​បាទ​! យើង​ចាប់​តាំង​ពី​យូរ​មក​ហើយ​ ប៉ុន្តែ​ដោយ​សារ​រឿង​កូវីដ​១៩​ នេះ​វា​អត់​មាន​ជើង​ហោះ​ហើរ​ដើម្បី​បណ្ដេញ​ចេញ​នេះ​ ហេតុ​ដូច្នេះ​ហើយ​បាន​ចាំ​រហូត​ដល់​មាន​ជើង​ហោះ​ហើរ ​បាន​យើង​បណ្ដេញ​ចេញ។​ យើង​អនុវត្ត​សេចក្ដី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​ស្តី​ពី​ការ​បណ្ដេញ​ចេញ»។

លោកថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជនជាតិ​ចិន​ទាំង​ ១៦​នាក់​ នេះ​ដាច់​ដោយ​ឡែកៗ ​ពីគ្នា​ កាល​ពី​ដើម​ឆ្នាំ​២០២០​ ក្រោយ​ពី​មាន​ការ​ស្នើ​សុំ​ពី​អាជ្ញាធរ​ចិន។​ ជនជាតិ​ចិន​ទាំង​នោះ​បាន​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ បង្ខាំង​មនុស្ស​ខុស​ច្បាប់ ​ដើម្បី​ជំរិត​ទារ​ប្រាក់​នៅ​ក្នុង​ប្រទេស​ចិន​ ហើយ​បាន​ភៀស​ខ្លួន​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​តាំង​ពី​ឆ្នាំ​២០១៩។

លោក​ឱ្យ​ដឹង​ថា ជនជាតិ​ចិន​ទាំង​ ១៦​នាក់​ ដែល​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា ​ពួក​គេ​ស្លៀក​សំលៀក​បំពាក់​ពណ៌​ស ប៉ុន្តែ​ដៃ​របស់​ពួក​គេ​មិន​បាន​ដាក់​ខ្នោះ​ទេ​ គឺ​បាន​បណ្ដើរ​ចូល​នៅ​ក្នុង​យន្តហោះ​ឯក​ជន​មួយ​ ដែល​ហោះ​ហើរ​ត្រង់​ពី​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ចិន។​​​​​​​​

លោក​ កែវ វណ្ណថន​ បាន​បញ្ជាក់​ថា​ ពួក​គេ​បាន​ទៅ​ដល់​ប្រទេស​ចិន​អស់​ហើយ ​ដើម្បី​រង​ចាំ​ជំនុំ​ជម្រះ​ទោស​ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ ដើម្បី​ជំរិត​ទារ​ប្រាក់។

ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្ដី​ប្រកាស​ កាល​ពី​ឆ្នាំ​២០១៩​ថា​ ជន​ល្មើស​ដែល​ត្រូវ​ចាប់​ខ្លួន​ និង​បញ្ជូន​ចេញ​ពី​ប្រទេស​កម្ពុជា​ គឺ​ជា​ជន​ដែល​មាន​ដីកា​ ស្វែង​រក​ការ​ចាប់​ខ្លួន​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចិន​ ដែល​នឹង​ត្រូវ​យក​ទៅ​អនុវត្ត​នីតិវិធី​បន្ត​តាម​ផ្លូវ​ច្បាប់​ ដើម្បី​ស្វែង​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​នៅ​ក្នុង​ប្រទេស​ចិន​ ពោល​គឺ ​មិន​មាន​ការ​ដោះ​លែង​ឱ្យ​រួច​ខ្លួន​នោះ​ទេ។​

ជនបរទេស​ទាំង​ឡាយ​ណា​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ និង​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ គឺ​ស្រប​តាម​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​ និង​ត្រូវ​ដាក់​នៅ​ក្នុង​បញ្ជី​ខ្មៅ ​( Black List) នៃ​ប្រព័ន្ធ​គ្រប់គ្រង​អន្តោប្រវេសន៍​ ហើយ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា​ជា​ថ្មី​ទៀត​ឡើយ។​

អ្នក​វិភាគ​នយោបាយ​លោក​ គឹម សុខ​ បញ្ជាក់​ថា​ ករណី​ឧក្រិដ្ឋជន ដែល​ជា​ជនជាតិ​ចិន​​​មក​សំងំ​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ​ គឺ​អាច​បណ្ដាល​​មក​ពី​កម្ពុជា​អនុវត្ត​ច្បាប់​ធូរ​រលុង ក្រោម​អំណាច​លុយ​កាក់​ ដែល​ជា​ជម្រក​របស់​ក្រុម​ឧក្រិដ្ឋជន​ ហើយ​មន្ទីរ​ឃុំ​ឃាំង​នៅ​កម្ពុជា​ គ្រាន់​តែ​ជា​ឋានសួគ៌ា​របស់​ឧក្រិដ្ឋជន​ដែល​មាន​ប្រាក់​ប៉ុណ្ណោះ៖ «ការ​បង្ហាញ​ព័ត៌មាន​ឧក្រិដ្ឋ​នេះ​ គ្រាន់​តែ​ជា​បំណង​របស់​លោក​ ហ៊ុន សែន​ ដើម្បី​បំភាន់​មហា​ជន​ខ្មែរ​ ឱ្យ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​ឧក្រិដ្ឋ​មួយ​នេះ​ ខ្លាច​មហាជន​ខ្មែរបង្ហាញ​ផែន​ការ​ ដែល​លោក​ ហ៊ុន សែន​ ត្រៀម​បញ្ចូល​អ្នក​រក​ស៊ី​ចិន​គ្រប់​ប្រភេទ​ ប្រមាណ​ ៥០​ម៉ឺន​នាក់​ មុន​​ចូល​ឆ្នាំ​ចិន​​ខាង​មុខ​នេះ​ ដើម្បី​មក​គ្រប់គ្រង​សមុទ្រ​ខ្មែរ​ទាំង​អស់​ ហើយ​ក៏​ឱ្យ​ចិន​មក​ប្រកួត​ប្រជែង​ជា​មួយ​នឹង​យួន​ នៅ​តំបន់​អភិវឌ្ឍន៍​ត្រី​កោណ » ​​​​​

ក្រសួង​មហា​ផ្ទៃ​បាន​ចេញ​របាយការណ៍​ថា​ ចាប់​តាំង​ពី​ឆ្នាំ​២០១៤​ រហូត​ដល់​ដើម​ខែ​កក្កដា​ ឆ្នាំ​២០១៩​ អាជ្ញាធរ​កម្ពុជា​ បាន​បណ្ដេញ​ជនជាតិ​ចិន​ប្រមាណ​ ២.៧០០​នាក់​ ក្រោយ​ពី​ពួកគេ​បាន​សម្ងំ​លាក់​ខ្លួន​នៅ​កម្ពុជា។​

ទាក់​ទិន​នឹង​រឿង​ជនជាតិ​ចិន​នេះ​ដែរ​ សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ ជនជាតិ​ចិន​ ២នាក់​ ត្រូវ​បាន​​ជន​មិន​ស្គាល់​មុខ​សម្លាប់​នៅ​បន្ទប់​ជួល​មួយ​កន្លែង​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ក្រុង​ភ្នំពេញ។​

សមត្ថកិច្ច​​បាន​ឱ្យ​ដឹង​ទៀតថា​ ជនរងគ្រោះ​ជា​គូកំណាន់​នឹង​គ្នា ហើយ​ត្រូវ​បាន​អ្នក​បោស​សម្អាត​បន្ទប់​ប្រទះ​ឃើញ​ស្លាប់​ ដោយ​មាន​ស្នាម​កាប់​ជា​ច្រើន​កន្លែង​ ពេល​កំពុង​ស្នាក់​នៅ​ក្នុង​បន្ទប់​។​ ប៉ុន្តែ​សមត្ថកិច្ច​ មិន​ទាន់​សន្និដ្ឋាន​ថា ​រឿង​នេះ​បណ្ដាល​មក​ពី​រឿង​អ្វី​នោះ​នៅ​ឡើយ​ទេ​ ដោយ​សារ​តែ​ជន​ដៃ​ដល់​បាន​រត់​គេច​ខ្លួន​បាត់៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។