អាជ្ញាធរខេត្តស្ទឹងត្រែង គ្រោងដាក់លិខិតទៅអាជ្ញាធរខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ឲ្យផ្អាកការសាងសង់សំណង់រឹងនៅតំបន់ព្រំដែនមិនទាន់ឯកភាពរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការបោះបង្គោលព្រំដែនជាផ្លូវការ។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តស្ទឹងត្រែង ប្ដេជ្ញាថានឹងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដើម្បីរក្សាស្ថិរភាពកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ បើទោះបីជាមានចម្រូងចម្រាសបញ្ហាព្រំដែនក្តី។
នគរបាលការពារព្រំដែនឲ្យដឹងនៅថ្ងៃទី៤ មេសា ថា សមត្ថកិច្ចព្រំដែនខេត្តចម្ប៉ាសាក់ ប្រទេសឡាវ នៅតែសាងសង់ប៉ុស្តិ៍ការពារព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាបោះបង្គោលព្រំដែននៅឡើយ ដែលឋិតនៅចន្លោះបង្គោលព្រំដែនលេខ០៣៣ និង ០៣៤ ឋិតនៅភូមិដុងក្រឡ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
នាយប៉ុស្តិ៍ការពារព្រំដែនអូរស្វាយ នៃវរសេនាតូច៧០១ លោក ដួង ចន្ធី កត់សម្គាល់ថា សមត្ថកិច្ចឡាវ បានសាងសង់ប៉ុស្តិ៍ការពារព្រំដែនចាប់ពីថ្ងៃទី៣១ មេសា រហូតបច្ចុប្បន្ន ទោះបីជាសមត្ថកិច្ចការពារព្រំដែនរបស់កម្ពុជា បានចរចាឲ្យឡាវ គោរពកិច្ចព្រមព្រៀងគណៈកម្មការព្រំដែនប្រទេសទាំងពីរក្តី។ លោកបន្តថា សមត្ថកិច្ចឡាវ បានប្រាប់សមត្ថកិច្ចការពារព្រំដែនរបស់កម្ពុជា ថា ពួកគេកសាងនេះដោយសារមានបទបញ្ជាពីអភិបាលខេត្តចម្ប៉ាសាក់ ប្រទេសឡាវ។ ដូច្នេះ គម្រោងនេះអាចបញ្ឈប់បានលុះត្រាមានការឯកភាពពីអភិបាលខេត្តចម្ប៉ាសាក់ ជាមុនសិន៖ « យើងបានធ្វើការចរចាហើយ យើងបានស្នើសុំឲ្យភាគីឡាវ ហើយ យើងប្រជុំបីដងហើយ នៅចំណុចកំពុងសាងសង់ ប៉ុន្តែភាគីឡាវ គេប្រាប់មកវិញថា បើចង់ឲ្យគេឈប់សាងសង់ លុះត្រាតែមានបទបញ្ជាពីចៅហ្វាយខេត្តចម្ប៉ាសាក់ »។
លោក ដួង ចន្ធី បន្ថែមថា បន្ទាប់ពីមានភាពចម្រូងចម្រាសនេះ ឡាវ ហាក់ដូចជាប្ដូរឥរិយាបថក្នុងការរៀបចំកងកម្លាំងការពារព្រំដែន ពោលគឺកម្លាំងការពារព្រំដែនឡាវ កាន់តែកើនឡើងនៅតំបន់ចម្រូងចម្រាសនោះ។
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង និងជានាយករងរដ្ឋបាលសាលាខេត្ត លោក ម៉ែន គុង មានប្រសាសន៍ថា ទោះបីជាភាគីឡាវ បន្តសាងសង់ប៉ុស្តិ៍ព្រំដែន និងជញ្ជូនសម្ភារៈចូលតំបន់នោះក្តី រដ្ឋបាលខេត្តស្ទឹងត្រែង ប្រកាន់ជំហរសន្តិវិធី ដោយគ្រោងសរសេរលិខិតកំណត់ទូតទៅអាជ្ញាធរខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ឲ្យបញ្ឈប់ការសាងសង់នោះ និងរង់ចាំគណៈកម្មការព្រំដែនប្រទេសទាំងពីរឯកភាពគ្នាបោះបង្គោលព្រំដែនជាមុនសិន។ លោកថា អាជ្ញាធរខេត្តស្ទឹងត្រែង ធ្លាប់បានជូនដំណឹងទៅភាគីឡាវ ដែលកំពុងសាងសង់ប៉ុស្តិ៍ព្រំដែននោះឲ្យរក្សាស្ថានភាពដើម៖ « យើងបានស្នើសុំឲ្យអាជ្ញាធរខេត្តចម្ប៉ាសាក់ ធ្វើការពិនិត្យពិចារណា និងធ្វើការណែនាំឲ្យសមត្ថកិច្ចជំនាញផ្អាកការសាងសង់សំណងរឹងនៅតំបន់ព្រំដែន ដែលជាចំណុចមិនទាន់ធ្វើការឯកភាពរវាងរដ្ឋាភិបាលប្រទេសទាំងពីរក្នុងការបោះបង្គោលព្រំដែន »។
កន្លងទៅ គណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរ ធ្លាប់បានកោះប្រជុំលើកទី៦ ស្ដីពីការឯកភាពគ្នាឲ្យរក្សាបរិស្ថានព្រំដែនដដែល ប៉ុន្តែអាជ្ញាធរខេត្តស្ទឹងត្រែង អះអាងថា ប្រទេសឡាវ បានរំលោភកិច្ចព្រមព្រៀងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។