អាជ្ញាធរ​មីន ណែនាំ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​គ្រប់​មិន​ទាន់​ផ្ទុះ​ក្នុង​ពេល​គ្រោះ​ទឹក​ជំនន់

0:00 / 0:00

អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ ​ពង្រឹង​វិធានការ​ការពារ​ និងទប់ស្កាត់​គ្រោះថ្នាក់​ដោយសារ​មីន ​និង​សំណល់​ជាតិផ្ទុះ​ពី​សង្គ្រាម ក្នុង​ពេល ​និង​ក្រោយ​ពេល​គ្រោះទឹក​ជំនន់។

សេចក្តី​ណែនាំ​របស់​អាជ្ញាធរ​មីន​ ដែល​អាស៊ី​សេរី ​ទទួល​បាន​នៅ​ថ្ងៃ​ទី១២ ​តុលា ឱ្យ​ដឹង​ថា ក្នុង​ពេល​និង​ក្រោយពេល​ទឹកជំនន់ មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​មួយ​ចំនួន ត្រូវ​បាន​ប្រទះឃើញ ​ដោយសារ​ការ​ហូរច្រោះ​ដី​រសាត់​មក​ពី​តំបន់​ដែល​មាន​មីន​ប្រឆាំង​មនុស្ស មីន​ប្រឆាំង​រថក្រោះ និង​សំណល់​ជាតិផ្ទុះ​ពី​សង្គ្រាម​ជាច្រើន​ប្រភេទ ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​ប្រជាពលរដ្ឋ ​ជាយថាហេតុ ​ជា​ពិ​សេស ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​តំបន់​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិផ្ទុះ​ពី​សង្គ្រាម។

អាជ្ញាធរ​មីន​ បញ្ជាក់​ថា ​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ ​គណៈកម្មាធិការ​សកម្មភាព​មីន​ខេត្ត គ្រប់​ប្រតិបត្តិ​ករនិង​អង្គការ​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​ចូលរួម​សហការ​តាមដាន​ជាប្រចាំ​នៅ​តាម​ទី​ទួល​សុវត្ថិ​ភាព ​និង​កន្លែង​ទំនាប​ដែល​ប្រជាពលរដ្ឋ ​ស្នាក់នៅ​និង​ឆ្លងកាត់​ និង​បង្កើន​ការ​ផ្សព្វ​ផ្សាយ​អប់រំ​ដល់​ពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​ផល​ប៉ះពាល់​ដោយសារ​​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​​ផ្ទុះ។ ​ប្រជាពលរដ្ឋ ​ត្រូវ​រាយ​ការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ពេល​ប្រទះឃើញ​គ្រាប់​ទាំង​នោះ​ ហើយ​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ ​ត្រូវ​ឆ្លើយតប​ឲ្យបាន​ទាន់​ពេល​វេលា​ក្នុង​ការ​ប្រមូល​យក​ទៅ​កម្ទេច​ចោល ​និង ​ត្រូវ​ដាក់​ស្លាក​សញ្ញា​សំគាល់​ជា​បន្ទាន់​តាម​តំបន់​សង្ស័យ​ថា ​មាន​មីន។

កាលពី​ពេលថ្មីៗនេះ ​អាជ្ញាធរ​មីន បាន​អះអាង​ថា ​កាក​សំណល់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង​នេះ បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ខ្លាំង​បំផុត​ ហើយ​នៅ​តែ​ប្រមូល​បាន​រាល់​ថ្ងៃ ដោយ​ក្នុង​រយៈ​ពេល ៥ខែ​ដើម​ឆ្នាំ ​២០២០ នេះ​ អាជ្ញាធរ​ជំនាញ​ ប្រមូល​បាន​ជាង ១ម៉ឺន ៣ពាន់​គ្រាប់​នៅ​ទូទាំង​ប្រទេស ។ របាយការណ៍​របស់​អាជ្ញាធរ​មីន​ បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ ​កម្ពុជា​នៅ​សល់​ផ្ទៃដី​រង​ផល​ប៉ះពាល់​ដោយសារ​គ្រាប់បែក​ចង្កោម​ប្រមាណ​ជាង ៧រយ (៧៤៣) គីឡូម៉ែត្រ​ក្រឡា ក្នុង​ខេត្ត​ចំនួន១៩ ទូទាំង​ប្រទេស ដែល​នៅ​មិនទាន់​បាន​បោសសម្អាត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។