កម្ពុជា​សម្រេច​ផ្អាក​​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​ជា​មួយ​ប្រទេស​ចិនដោយសារកូវីដ ១៩​

ហេង រស្មី
2021-02-05
Share
កម្ពុជា​សម្រេច​ផ្អាក​​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​ជា​មួយ​ប្រទេស​ចិនដោយសារកូវីដ ១៩​ កងទ័ព​ចិន​ដែល​មក​ចូលរួម​​ជាមួយ​កងទ័ព​កម្ពុជា បើក​សម​យុទ្ធ "នាគ​មាស ឆ្នាំ២០១៩" ទ្វេភាគី កម្ពុជា-ចិន នៅ​ថ្ងៃ​ទី១៣ ខែ​មីនា ឆ្នាំ២០១៩ នៅ​ទីលាន​ហាត់​បាញ់​គ្រាប់​ពិត​នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំគីរី ខេត្ត​កំពត។
រូបថត៖ ហ្វេសប៊ុក​អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ

លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ​ ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​ ៥​ កុម្ភៈ​ថា​ មូល​ហេតុ​ដែល​កម្ពុជា​សម្រេច​ផ្អាក​​សម​យុទ្ធ​យោធា​ជា​មួយ​ប្រទេស​ចិន​ ដោយ​សារ​តែ​​ក្នុង​ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ​មាន​គ្រោះ​ទឹក​ជំនន់​យ៉ាង​ធំ​ដែល​មិន​ធ្លាប់​មាន​ ធ្វើ​ឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ​​នៅ​ក្នុង​ប្រទេស​បាន​ទទួល​រង​នូវ​ការ​បំផ្លិច​បំផ្លាញ​ រហូត​ដល់​ស្បៀង​អាហារ​របស់​ប្រជាជន​ ដែល​នៅ​ក្នុង​នោះ​ក៏​មាន​គ្រួសារ​របស់​កង​ទ័ព​ផង​ដែរ​។​

លោក​បញ្ជាក់​ថា​ ​កម្ពុជា​ត្រូវ​ការ​ត្បិត​ត្បៀត​ចំណាយ​ ហើយ​មួយ​វិញ​ទៀត​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​ជំងឺ​កូវីដ​១៩​។​ លោក​ថា​ ការ​លុប​ចោល​នេះ​មិន​មែន​ត្រឹម​តែ​ សម​យុទ្ធ​នាគ​មាស​ជា​មួយ​ប្រទេស​ចិន​នោះ​ទេ​ គឺ​​រាល់​ចំណាយ​ផ្សេងៗ​ ក៏​ត្រូវ​ត្បិតត្បៀត​ផង​ដែរ​ដោយ​សារ​កម្ពុជា​ឆ្នាំ​នេះ​មាន​បញ្ហា​ច្រើន​ដែល​ត្រូវ​ដោះ​ស្រាយ៖​ «​ ធ្វើ​កិច្ច​ការ​ងារ​នេះ​ មិន​មែន​យើង​មិន​ចំណាយ​ទេ​ គឺ​យើង​ត្រូវ​ការ​ចំណាយ​ ដើម្បី​ថា​ស្តា​អំពី​ការ​លំបាក​ទាំង​នោះ​ ដូច្នេះ​យើង​ធ្វើ​ការ​ងារ​ច្រើន​រឿង​ ច្រើន​រ៉ាវ​ពេក​ វា​ប៉ះពាល់​ជា​មិន​ខាន​ទៅ​ដល់​សុខុមាលភាព​ផល​ ជីវភាព​រស់​នៅ​ផង​ វា​នឹង​នាំ​មក​នូវ​ភាព​ក្រីក្រ​កាន់​តែ​ធំធេង​ថែម​ទៀត​ នាំ​មក​នូវ​ការ​លំបាក​ថែម​ទៀត​។ ដូច្នេះ​ឈរ​លើ​មូលហេតុ​នេះ​គឺ​ជា​បញ្ហា​ដែល​យើង​បាន​ផ្អាក»

កងទ័ព​កម្ពុជា​ និង​យោធា​នៃ​ប្រទេស​ចិន​ជា​រៀង​រាល់​ឆ្នាំ​បាន​កំណត់​យក​ថ្ងៃ​ទី​ ១៣​ ខែ​មីនា​ ដើម្បី​ធ្វើ​លំហាត់​សម​យុទ្ធ​នាគ​មាស​ដោយ​បាញ់​គ្រាប់​ពិត​នៅ​សាលា​ហ្វឹកហ្វឺន​យោធា​របស់​កង​ពល​តូច​លេខ​ ៧០​ នៅ​ស្រុក​ជុំ​គិរី​ ខេត្ត​កំពត។​ លំហាត់​សម​យុទ្ធ​យោធា​ម្តងៗ​ មាន​ការ​ចូល​រួម​ពី​កង​ទ័ព​កម្ពុជា​ និង​ចិន​សរុប​ប្រមាណ​ជា​២​ ពាន់ ៥​រយ​​នាក់(​២៥៤២​នាក់)

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​លោក​ បណ្ឌិត​ សេង សារី​ មាន​ប្រសាសន៍​ថា​ កម្ពុជា​គួរ​តែលំហាត់​សម​យុទ្ធ​នាគ​មាស​ផ្អាក​យូរ​មកហើយ ​មិន​មែន​ទើប​តែ​ឆ្នាំ​នេះ​ទេ​ ដោយសារ​តែ​ប្រទេស​កម្ពុជា​មាន​សន្តិភាព​ ដូច្នេះ​មិន​ចាំ​បាច់​មាន​សម​យុទ្ធ​យោធា​ទេ។​

លោក​ថា​ ​អ្វី​ដែល​សំខាន់​គួរ​តែ​ពង្រឹង​កង​សមត្ថភាព​កង​ទ័ព​ ជា​ជាង​ការ​ពង្រីក​កង​ទ័ព​ នៅ​ក្នុង​ប្រទេស​កម្ពុជា​​៖​ «​ សម​យុទ្ធ​គឺ​ជា​ផ្នែក​មួយ​ដែល​ពង្រឹង​សមត្ថភាព​កង​ទ័ព​។​ ប៉ុន្តែ​ដំណាក់​កាល​បច្ចុប្បន្ន​នេះ​វា​ជា​រឿង​ដ៏​ល្អ​ដែល​យើង​ផ្អាក​ការ​ធ្វើ​សម​យុទ្ធ​ផ្សេងៗ​ដែល​ថា​ ការ​ចំណាយ​ថវិកា​ជាតិ​មាន​កម្រិត​ ហើយ​អ្វី​ដែល​សំខាន់​ក្នុង​ករណី​ធ្វើ​សម​យុទ្ធ​នេះ​ មាន​ការ​គាំទ្រ​ហិរញ្ញវត្ថុ​​ពី​បណ្ដា​ប្រទេស​ដៃ​គូ យើង​ពិចារណា​ទៅ​ប៉ុន្តែ​ក្នុង​ករណី​បែប​នេះ​គឺ​ ការ​ជ្រើស​រើស​មិន​ធ្វើ​សម​យុទ្ធ​គឺ​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ»

របប​ក្រុង​ភ្នំពេញ​តែង​តែ​អះអាង​ថា​ ការ​ធ្វើ​សម​យុទ្ធ​យោធា​ ប្រទេស​ចិន​ជា​អ្នក​ចេញ​ទាំង​ថវិកា​ និង​សម្ភារៈ​បច្ចេកទេស​យោធា​ទាំង​អស់​។​ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​នេះ​បែរ​ជា​លើក​ឡើង​ថា​ ការ​ផ្អាក​សម​យុទ្ធ​យោធា​ដោយ​សារ​តែ​កម្ពុជា​ត្បិត​ត្បៀត​ក្នុង​ការ​ចំណាយ​ទៅ​វិញ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក​ អេង ឆៃអ៊ាង​ ​ មិនយល់ស្របថា ការ​សម្រេច​ផ្អាក​សមយុទ្ធ​នេះ​បណ្តាល​មកពី​ការខ្វះ​ខាត​ថវិកា​ទេ ​​​ពី​ព្រោះ​ដោយសារ​កន្លង​មក​រាល់​ការ​ចំណាយ​អ្វី​ផ្សេងៗ​សម្រាប់​ការ​ធ្វើ​សម​យុទ្ធ​យោធា​គឺ​ ប្រទេស​ចិន​ជា​អ្នក​ចំណាយ​ទាំង​អស់។​

លោក​បន្ត​ថា​ ការ​ផ្អាក​សម​យុទ្ធ​យោធា​ឆ្នាំ​នេះ​ដោយ​សារ​តែ​កម្ពុជា​មើល​ឃើញ​ថា​ ប្រធានាធិបតី​​ របស់​សហរដ្ឋ​អាមេរិក​គឺ​ លោក​ ចូ បាយឌិន( Joe Biden)​ ទើប​ចូល​កាន់​មុខ​ដំណែង​ ហេតុ​ដូច្នេះ​ហើយ​ កម្ពុជា​ត្រូវ​ប្រកាន់​ជំហរ​កណ្ដាល​បន្តិច​ កុំ​លម្អៀង​ទៅ​រក​ចិន​ខ្លាំង​ពេក​ ដើម្បី​រង​ចាំ​មើល​គោល​នយោបាយ​ថ្មី​របស់​ប្រធានាធិបតី​ថ្មី​ជា​មុន​សិន។លោក​ ថា​ កន្លង​មក​សហរដ្ឋ​អាមេរិក​ធ្លាប់​រិះគន់​ខ្លាំង​ៗ​ ចំពោះ​ការ​គាំទ្រ​របស់​កម្ពុជា​ ចំពោះ​ប្រទេស​ចិន​ឱ្យ​បើក​មូលដ្ឋាន​កង​ទ័ព​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា៖​ «គឺ​អ្វី​ដែល​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ផ្អាក​ការ​ធ្វើ​សម​យុទ្ធ​នាគ​មាស​គឺ​ដោយ​សារ​រឿង​ហ្នឹង​ច្រើន​ជាង​ មិន​មែន​ដោយ​សារ​កូវីដ​អី​ទេ​។​ ពី​ព្រោះ​យើង​ដឹង​ហើយ​ថា​ សម​យុទ្ធ​នាគ​មាស​កាល​ពី​ឆ្នាំ​២០២០​ ហ្នឹង​ ក៏​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​កូវីដ​ កំពុង​រីក​រាល​ដាល​ខ្លាំង​ ហើយ​កាល​នោះ​មិន​ទាន់​មាន​វ៉ាក់សាំង​ផង​។ ហេតុ​ដូច្នេះ​ការ​ដែល​ថា​ ផ្អាក​ធ្វើ​សម​យុទ្ធ​នេះ​មិន​មែន​អញ្ចឹង​ទេ​គឺ​ជា​រឿង​នយោបាយ​ការបរទេស​ច្រើន​ជាង»។​​​​​​

ទោះបីជាមានការ​ផ្អាក​សម​យុទ្ធ​យោធា​ក៏​ដោយ​ ប្រទេស​ចិន​បន្ត​ផ្តល់​ជំនួយ​យោធា​ដល់​កម្ពុជា​

ដដែល​។

ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី ១​ កុម្ភៈ​ ​បាន​ផ្ដល់​ជំនួយ​ដល់​ការ​សាងសង់​ទីលាន​ហ្វឹកហាត់​ចម្រុះ​ដែល​មិន​ប្រាប់​តម្លៃ​ទឹក​ប្រាក់​ ដល់​នាយ​ទាហាន​កងទ័ព​ជើង​គោក​កម្ពុជា ដើម្បី​ជួយ​បង្កើន​សមត្ថភាព​កងទ័ព​កម្ពុជា និង​ដើម្បី​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត។

ទីក្រុង​ប៉េកាំង​បាន​ផ្ដល់​ជំនួយ​ឥត​សំណង និង​កម្ចី​ឥណទាន ព្រមទាំង​សម្ភារៈ​បរិក្ខារ​ផ្សេងៗ។ ក្នុង​បរិបទ​បែប​នេះ កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន​រវាង​របប​ក្រុង​ភ្នំពេញ និង​ទី​ក្រុង​ប៉េកាំង ត្រូវ​បាន​រៀបចំ​ឡើង​ជា​បន្ត​បន្ទាប់។ កិច្ចសហប្រតិបត្តិការយោធា​រវាង​ប្រទេស​ទាំង​ពីរ​នេះ មាន​មួយ​ចំនួន ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ ប៉ុន្តែ​ខ្លះ​ទៀត​ត្រូវ​គេ​មើល​ឃើញ​ថា រក្សា​ជា​សម្ងាត់ ដូច​ជា ការ​ចុះ​ហត្ថលេខា​ជាមួយ​ចិន ដែល​រង​ការ​ចោទ​ប្រកាន់​ថា ប្រទេស​ចិន​កំពុង​បង្កើត​មូលដ្ឋាន​កង​ទ័ព​នៅ​រាម ជាដើម។ 

សហរដ្ឋ​អាមេរិក កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៩ ធ្លាប់​បានបង្ហាញកង្វល់ជាសាធារណៈ​ជុំវិញព័ត៌មាន​ថា កម្ពុជា​បានលួច​ចុះ​ហត្ថលេខា​ដោយ​សម្ងាត់​ជាមួយ​ប្រទេស​ចិន ដែល​នឹង​អនុញ្ញាត​ឱ្យ​យោធា​ចិន​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​នៅ​រាម​រយៈ​ពេល ៣០ឆ្នាំ ហើយ​កិច្ច​សន្យា​នោះ ត្រូវ​បន្ត​ដោយ​ស្វ័យ​ប្រវត្តិ​សម្រាប់​រយៈ​ពេល ១០ឆ្នាំ ក្រោយ​ពី​កិច្ច​សន្យា ៣០ឆ្នាំ បាន​បញ្ចប់៕​ 


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល