លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី ៥ កុម្ភៈថា មូលហេតុដែលកម្ពុជាសម្រេចផ្អាកសមយុទ្ធយោធាជាមួយប្រទេសចិន ដោយសារតែក្នុងឆ្នាំ២០២០ កន្លងទៅនេះមានគ្រោះទឹកជំនន់យ៉ាងធំដែលមិនធ្លាប់មាន ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសបានទទួលរងនូវការបំផ្លិចបំផ្លាញ រហូតដល់ស្បៀងអាហាររបស់ប្រជាជន ដែលនៅក្នុងនោះក៏មានគ្រួសាររបស់កងទ័ពផងដែរ។
លោកបញ្ជាក់ថា កម្ពុជាត្រូវការត្បិតត្បៀតចំណាយ ហើយមួយវិញទៀតកម្ពុជាកំពុងប្រឈមមុខនឹងជំងឺកូវីដ១៩។ លោកថា ការលុបចោលនេះមិនមែនត្រឹមតែ សមយុទ្ធនាគមាសជាមួយប្រទេសចិននោះទេ គឺរាល់ចំណាយផ្សេងៗ ក៏ត្រូវត្បិតត្បៀតផងដែរដោយសារកម្ពុជាឆ្នាំនេះមានបញ្ហាច្រើនដែលត្រូវដោះស្រាយ៖ « ធ្វើកិច្ចការងារនេះ មិនមែនយើងមិនចំណាយទេ គឺយើងត្រូវការចំណាយ ដើម្បីថាស្តាអំពីការលំបាកទាំងនោះ ដូច្នេះយើងធ្វើការងារច្រើនរឿង ច្រើនរ៉ាវពេក វាប៉ះពាល់ជាមិនខានទៅដល់សុខុមាលភាពផល ជីវភាពរស់នៅផង វានឹងនាំមកនូវភាពក្រីក្រកាន់តែធំធេងថែមទៀត នាំមកនូវការលំបាកថែមទៀត។ ដូច្នេះឈរលើមូលហេតុនេះគឺជាបញ្ហាដែលយើងបានផ្អាក»។
កងទ័ពកម្ពុជា និងយោធានៃប្រទេសចិនជារៀងរាល់ឆ្នាំបានកំណត់យកថ្ងៃទី ១៣ ខែមីនា ដើម្បីធ្វើលំហាត់សមយុទ្ធនាគមាសដោយបាញ់គ្រាប់ពិតនៅសាលាហ្វឹកហ្វឺនយោធារបស់កងពលតូចលេខ ៧០ នៅស្រុកជុំគិរី ខេត្តកំពត។ លំហាត់សមយុទ្ធយោធាម្តងៗ មានការចូលរួមពីកងទ័ពកម្ពុជា និងចិនសរុបប្រមាណជា២ ពាន់ ៥រយនាក់(២៥៤២នាក់)។
អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោក បណ្ឌិត សេង សារី មានប្រសាសន៍ថា កម្ពុជាគួរតែលំហាត់សមយុទ្ធនាគមាសផ្អាកយូរមកហើយ មិនមែនទើបតែឆ្នាំនេះទេ ដោយសារតែប្រទេសកម្ពុជាមានសន្តិភាព ដូច្នេះមិនចាំបាច់មានសមយុទ្ធយោធាទេ។
លោកថា អ្វីដែលសំខាន់គួរតែពង្រឹងកងសមត្ថភាពកងទ័ព ជាជាងការពង្រីកកងទ័ព នៅក្នុងប្រទេសកម្ពុជា៖ « សមយុទ្ធគឺជាផ្នែកមួយដែលពង្រឹងសមត្ថភាពកងទ័ព។ ប៉ុន្តែដំណាក់កាលបច្ចុប្បន្ននេះវាជារឿងដ៏ល្អដែលយើងផ្អាកការធ្វើសមយុទ្ធផ្សេងៗដែលថា ការចំណាយថវិកាជាតិមានកម្រិត ហើយអ្វីដែលសំខាន់ក្នុងករណីធ្វើសមយុទ្ធនេះ មានការគាំទ្រហិរញ្ញវត្ថុពីបណ្ដាប្រទេសដៃគូ យើងពិចារណាទៅប៉ុន្តែក្នុងករណីបែបនេះគឺ ការជ្រើសរើសមិនធ្វើសមយុទ្ធគឺជាជម្រើសដ៏ត្រឹមត្រូវ»។
របបក្រុងភ្នំពេញតែងតែអះអាងថា ការធ្វើសមយុទ្ធយោធា ប្រទេសចិនជាអ្នកចេញទាំងថវិកា និងសម្ភារៈបច្ចេកទេសយោធាទាំងអស់។ ប៉ុន្តែនៅក្នុងឆ្នាំនេះបែរជាលើកឡើងថា ការផ្អាកសមយុទ្ធយោធាដោយសារតែកម្ពុជាត្បិតត្បៀតក្នុងការចំណាយទៅវិញ។
អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង មិនយល់ស្របថា ការសម្រេចផ្អាកសមយុទ្ធនេះបណ្តាលមកពីការខ្វះខាតថវិកាទេ ពីព្រោះដោយសារកន្លងមករាល់ការចំណាយអ្វីផ្សេងៗសម្រាប់ការធ្វើសមយុទ្ធយោធាគឺ ប្រទេសចិនជាអ្នកចំណាយទាំងអស់។
លោកបន្តថា ការផ្អាកសមយុទ្ធយោធាឆ្នាំនេះដោយសារតែកម្ពុជាមើលឃើញថា ប្រធានាធិបតី របស់សហរដ្ឋអាមេរិកគឺ លោក ចូ បាយឌិន( Joe Biden) ទើបចូលកាន់មុខដំណែង ហេតុដូច្នេះហើយ កម្ពុជាត្រូវប្រកាន់ជំហរកណ្ដាលបន្តិច កុំលម្អៀងទៅរកចិនខ្លាំងពេក ដើម្បីរងចាំមើលគោលនយោបាយថ្មីរបស់ប្រធានាធិបតីថ្មីជាមុនសិន។លោក ថា កន្លងមកសហរដ្ឋអាមេរិកធ្លាប់រិះគន់ខ្លាំងៗ ចំពោះការគាំទ្ររបស់កម្ពុជា ចំពោះប្រទេសចិនឱ្យបើកមូលដ្ឋានកងទ័ពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា៖ «គឺអ្វីដែលរដ្ឋាភិបាលលោក ហ៊ុន សែន ផ្អាកការធ្វើសមយុទ្ធនាគមាសគឺដោយសាររឿងហ្នឹងច្រើនជាង មិនមែនដោយសារកូវីដអីទេ។ ពីព្រោះយើងដឹងហើយថា សមយុទ្ធនាគមាសកាលពីឆ្នាំ២០២០ ហ្នឹង ក៏ស្ថិតនៅក្នុងស្ថានភាពកូវីដ កំពុងរីករាលដាលខ្លាំង ហើយកាលនោះមិនទាន់មានវ៉ាក់សាំងផង។ ហេតុដូច្នេះការដែលថា ផ្អាកធ្វើសមយុទ្ធនេះមិនមែនអញ្ចឹងទេគឺជារឿងនយោបាយការបរទេសច្រើនជាង»។
ទោះបីជាមានការផ្អាកសមយុទ្ធយោធាក៏ដោយ ប្រទេសចិនបន្តផ្តល់ជំនួយយោធាដល់កម្ពុជា
ដដែល។
ប្រទេសចិន កាលពីថ្ងៃទី ១ កុម្ភៈ បានផ្ដល់ជំនួយដល់ការសាងសង់ទីលានហ្វឹកហាត់ចម្រុះដែលមិនប្រាប់តម្លៃទឹកប្រាក់ ដល់នាយទាហានកងទ័ពជើងគោកកម្ពុជា ដើម្បីជួយបង្កើនសមត្ថភាពកងទ័ពកម្ពុជា និងដើម្បីកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ទីក្រុងប៉េកាំងបានផ្ដល់ជំនួយឥតសំណង និងកម្ចីឥណទាន ព្រមទាំងសម្ភារៈបរិក្ខារផ្សេងៗ។ ក្នុងបរិបទបែបនេះ កិច្ចសហប្រតិបត្តិការជាច្រើនរវាងរបបក្រុងភ្នំពេញ និងទីក្រុងប៉េកាំង ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់។ កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរនេះ មានមួយចំនួន ត្រូវបានប្រកាសឱ្យដឹងជាសាធារណៈ ប៉ុន្តែខ្លះទៀតត្រូវគេមើលឃើញថា រក្សាជាសម្ងាត់ ដូចជា ការចុះហត្ថលេខាជាមួយចិន ដែលរងការចោទប្រកាន់ថា ប្រទេសចិនកំពុងបង្កើតមូលដ្ឋានកងទ័ពនៅរាម ជាដើម។
សហរដ្ឋអាមេរិក កាលពីខែកក្កដា ឆ្នាំ២០១៩ ធ្លាប់បានបង្ហាញកង្វល់ជាសាធារណៈជុំវិញព័ត៌មានថា កម្ពុជាបានលួចចុះហត្ថលេខាដោយសម្ងាត់ជាមួយប្រទេសចិន ដែលនឹងអនុញ្ញាតឱ្យយោធាចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកនៅរាមរយៈពេល ៣០ឆ្នាំ ហើយកិច្ចសន្យានោះ ត្រូវបន្តដោយស្វ័យប្រវត្តិសម្រាប់រយៈពេល ១០ឆ្នាំ ក្រោយពីកិច្ចសន្យា ៣០ឆ្នាំ បានបញ្ចប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។