កម្ពុជាត្រៀមបញ្ជូនមន្ត្រីជំនាញបោសសំអាតមីនទៅបណ្តុះបណ្តាលអ្នកដោះមីននៅអ៊ុយក្រែន
2022.11.03

កម្ពុជាត្រៀមបញ្ជូនមន្ត្រីជំនាញបច្ចេកទេសបោសសំអាតមីន ទៅបណ្តុះបណ្តាលអ្នកដោះមីននៅប្រទេសអ៊ុយក្រែន (Ukraine) នៅដើមខែធ្នូខាងមុខ។
ការបញ្ជាក់ពីការបញ្ជូនមន្ត្រីជំនាញដោះមីនរបស់កម្ពុជានេះ ធ្វើឡើងក្នុងជំនួបតាមទូរស័ព្ទរវាងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelensky) កាលពីថ្ងៃទី១ ខែវិច្ឆិកា។ លោកហ៊ុន សែន បញ្ជាក់ប្រាប់ទៅលោកប្រធានាធិបតីអ៊ុយក្រែនថា ដោយសហការជាមួយប្រទេសជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែន តាមពេលវេលាសមស្រប។
អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានប្រាប់កាសែតក្នុងស្រុក កាលពីល្ងាចថ្ងៃទី២ ខែវិច្ឆិកា ថា អង្គភាពស៊ីម៉ាក់ (CMAC) កំពុងពិភាក្សាជាមួយភាគីជប៉ុន និងមានគម្រោងបញ្ជូនក្រុមទី១ ចេញទៅប្រទេសអ៊ុយក្រែន នៅដើមខែធ្នូ ឆ្នាំ២០២២ និងក្រុមទី២ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ក៏ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនប៉ុន្មាននៅឡើយ។
សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន នៅបន្តកើតមានឡើងចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់បច្ចុប្បន្ន។ អង្គការយូមិនរ៉ៃត៍ វ៉ច្ច (Human Rights Watch) ចេញផ្សាយរបាយការណ៍មួយកាលពីខែមិថុនា ឆ្នាំ២០២២ ឲ្យដឹងថា កងទ័ពរុស្សី បានប្រើប្រាស់គ្រាប់មីនបង្កប់ក្នុងដី នៅប្រទេសអ៊ុយក្រែន បណ្តាលឲ្យពលរដ្ឋអ៊ុយក្រែន ស្លាប់និងរងរបួសជាច្រើននាក់ ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដែលជាហេតុនាំឲ្យប៉ះពាល់ដល់ផលិតកម្មចំណីអាហារ ថែមទៀតផង។
កម្ពុជាបានបញ្ជូនកងទ័ពជំនាញផ្នែកដោះមីន ទៅបំពេញបេសកកម្មមនុស្សធម៌នៅក្រៅប្រទេស ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ បច្ចុប្បន្ន កម្ពុជាមានកម្លាំងកងទ័ពមួកខៀវ ជិត៨០០នាក់ កំពុងបំពេញបេសកកម្មនៅប្រទេសលីបង់ (Lebanon) ស៊ូដង់ (Sudan) ស៊ូដង់ខាងត្បូង South Sudan) ម៉ាលី (Mali) និងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល (Central Africa)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។