កម្ពុជា​ឈ្នះ​មេដាយ​មាស​ជាប់​លេខ៤​ក្នុងចំណោម​ប្រទេស​​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២

លទ្ធផល​បណ្ដោះអាសន្ន​បង្ហាញ​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ៤ ក្នុង​ចំណោម​ប្រទេស​ទទួល​បាន​មេដាយ​មាស​ច្រើន​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​លើកទី៣២។

គិត​ត្រឹម​ដំណាច់​ថ្ងៃទី១៤ ខែ​ឧសភា វៀតណាម​គឺជា​ប្រទេស​ឈានមុខ​គេ​ក្នុង​ការ​ដណ្តើម​បាន​មេដាយ​មាស​ច្រើនជាង គឺ​រហូត​ដល់​ទៅ ១០៧​គ្រឿង។ ប្រទេស​ថៃ និង​ប្រទេស​ឥណ្ឌូណេស៊ី (Indonesia) ជាប់​លេខ២ និង​លេខ​៣ ខណៈ​កម្ពុជា​ជាប់​លេខ៤។

កម្ពុជា​ទទួល​បាន​មេដាយ​សរុប ២២៩​គ្រឿង ក្នុង​នោះ​មេដាយ​មាស​ចំនួន ៦៥​គ្រឿង មេដាយ​ប្រាក់ ៦១ គ្រឿង និង​មេដាយ​សំរិទ្ធ ១០៣​គ្រឿង។

medal051523.JPG
តារាង​មេដាយ​ក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេម​លើកទី៣២ នៅត្រឹមថ្ងៃទី១៥ ឧសភា ២០២៣។ Screenshot of https://games.cambodia2023.com/ (Vadhna Vey)

កម្ពុជា ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ៦៤​ឆ្នាំ កំពុង​បំបែក​ឯតទគ្គកម្ម​កំណត់ត្រា​ខ្លួនឯង​ដោយ​ទទួល​បាន​មេដាយ​ច្រើន​បង្អស់​ក្នុង​ប្រវត្តិ​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម។

កម្ពុជា​ធ្លាប់​បំបែក​ឯតទគ្គកម្ម​ចុងក្រោយ​ទទួល​បាន​មេដាយ​មាស​ច្រើនបំ​ផុត​កាលពី​ឆ្នាំ១៩៧១ នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia)។ កាល​នោះ កម្ពុជា​ទទួល​បាន​មេដាយ​មាស​សរុប ១៧​គ្រឿង។

នេះ​គឺ​ជា​មោទនភាព​របស់​ប្រជាជាតិ​កម្ពុជា​ទាំងមូល ខណៈ​កម្ពុជា​មាន​ប្រតិភូ​កីឡា​សរុប ១.២០៣ នាក់ ក្នុង​នោះ​មាន​កីឡាករ​ចំនួន ៨៩៦ នាក់ ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​លើកទី៣២៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។