សមត្ថកិច្ចកម្ពុជាកាលពីថ្ងៃទី ១១កុម្ភៈ កន្លងទៅនេះបានរំដោះកុមារីអាយុ ១៤ឆ្នាំម្នាក់ ដែលចាញ់បោកមេខ្យល់នាំយកទៅនៅប្រទេសចិនអស់រយៈពេលជាង ៤ខែ ដោយសារគេសន្យាថា នឹងរកការងារធ្វើនៅទីនោះ។ សមត្ថកិច្ចកម្ពុជា សហការជាមួយអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសចិន បានរំដោះកុមារីរងគ្រោះពីខេត្ត ហឺណាន (Hunan) ប្រទេសចិន។
ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន របស់ក្រសួងមហាផ្ទៃមានប្រសាសន៍ថា មូលហេតុដែលនាំឱ្យសមត្ថកិច្ចរំដោះជនរងគ្រោះបានមកវិញគឺដោយសារតែក្រុមគ្រួសារស្នាក់នៅខេត្តបន្ទាយមានជ័យបានមកប្ដឹងសមត្ថកិច្ច ក្រោយពីបានបាត់កូនពីផ្ទះអស់រយៈ ៤ខែ ហើយក្រុមគ្រួសារបានទទួលដំណឹងតាមការបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុកថា កូនរបស់ខ្លួនកំពុងចាញ់បោកគេនៅប្រទេសចិន។
លោកបន្តថា អាជ្ញាធរចិន និងកម្ពុជាបានចុះទៅដល់កន្លែងកើតហេតុនៅក្នុងខេត្តហឺណាន ហើយបានរំដោះជនរងគ្រោះត្រឡប់មកកម្ពុជាវិញ។ ប៉ុន្តែជនល្មើសដែលបាននាំកុមារីរងគ្រោះទៅនោះបានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ដើម្បីផ្ដន្ទាទោសតាមច្បាប់។
ករណីជនសង្ស័យជួញដូរស្រ្តី និងកុមារីទៅឲ្យរៀបការនឹងបុរសចិន កើតឡើងជាញឹកញាប់។
សមត្ថកិច្ចកម្ពុជាកាលពីថ្ងៃទី២៩ ខែមករា ក៏បានរំដោះស្ត្រីខ្មែរអាយុ ២០ឆ្នាំម្នាក់ ពីប្រទេសចិន ក្រោយពីបានចាញ់បោកគេ និងត្រូវគេបង្ខំឱ្យរៀបការជាមួយជនជាតិចិន។
ជនរងគ្រោះអាយុ ២០ឆ្នាំ រស់នៅឃុំឃ្សឹមក្រៅ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសចិនបញ្ជូនមកដល់ប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី២៨ មករា។
ជនរងគ្រោះបានបង្ហោះព័ត៌មានក្នុងគណនីហ្វេសប៊ុកថា នាងបានចាញ់បោកមេខ្យល់ ហើយត្រូវបានគេបង្ខំឱ្យរៀបការជាមួយប្ដីជនជាតិចិន បើមិនដូចច្នេះទេ គេនឹងយកទៅលក់ក្នុងហាងស្ត្រីរកស៊ីផ្លូវភេទ។ កាលពីឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងការបរទេសបានរំដោះស្ត្រីខ្មែរ ដែលចាញ់បោកមេខ្យល់ទៅរស់នៅប្រទេសចិន បានចំនួន ១៤៤នាក់ហើយនិងបុរសម្នាក់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។