កម្ពុជា-ថៃ ពង្រឹងសន្តិសុខព្រំដែនមុនការបកស្រាយសាលដីកា
2013.02.26
ការជួបចរចានេះ បន្ទាប់ពីស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរហាក់មានសភាពតានតឹងឡើងវិញ ខណៈក្រុមអាវលឿងថៃ រាប់ពាន់នាក់ព្យាយាមសម្រុកចូលមកកាន់ខ្សែបន្ទាត់ព្រំដែន និងប្រាសាទព្រះវិហារ ប្រឆាំងនឹងសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិអាយស៊ីជេ (ICJ)។
មន្ត្រីជាន់ខ្ពស់ខេត្តព្រះវិហារ ឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងថៃ សន្យាថានឹងបន្តរក្សាភាពស្ងប់ស្ងាត់ មិនផ្ទុះអាវុធនៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ បើទោះជាការបកស្រាយឡើងវិញលើសាលដីកាឆ្នាំ១៩៦២ ស្ដីពីប្រាសាទព្រះវិហារ ត្រូវដាក់ឲ្យស្ថិតនៅក្នុងបូរណភាពទឹកដីនៃប្រទេសណាមួយក៏ដោយ។
លោក អ៊ុំ ម៉ារា អភិបាលខេត្តព្រះវិហារ មានប្រសាសន៍នៅថ្ងៃទី២៦ កុម្ភៈ ថា រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរបានសន្យានៅក្នុងជំនួបនោះថា នឹងរក្សាការអត់ធ្មត់ ដោយបញ្ចៀសនូវការផ្ទុះអាវុធប្រឆាំងនឹងការបកស្រាយសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ឡើងវិញទៅតាមសំណើរបស់កម្ពុជា ស្ដីពីប្រាសាទព្រះវិហារ នោះ។ លោកបន្តថា ភាគីទាំងពីរបញ្ជាក់ជំហរថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងនាមមិត្តភាពប្រទេសជិតខាងល្អបន្ថែមទៀត នៅតាមខ្សែបន្ទាត់ព្រំដែន ដែលកំពុងមានជម្លោះដោយយោធានោះ។
ការបើកកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការពារប្រទេសទាំងពីរ កម្ពុជា ថៃ នៅថ្ងៃទី២៦ កុម្ភៈ នៅស្រះទឹកមុខប្រាសាទព្រះវិហារ ដើម្បីទម្លាយភាពជាប់គាំងផ្នែកយោធា ដែលអាចនឹងប្រឈមមុខដោយសព្វាវុធនៅមុនការបកស្រាយឡើងវិញសាលដីកាឆ្នាំ១៩៦២ នេះ គឺធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍របស់កាសែតថៃ (Bangkok Post) កាលពីថ្ងៃទី២៥ កុម្ភៈ ថា មន្ត្រីការពារជាតិកម្ពុជា បានលុបចោលកិច្ចប្រជុំរបស់ខ្លួនដោយមិនមានពេលកំណត់ និងថាកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងលើកទៅថ្ងៃក្រោយ។
មន្ត្រីនិយាយថា កិច្ចពិភាក្សាដែលគេរំពឹងថានឹងកាត់បន្ថយសម្ពាធដោយសព្វាវុធនៅតាមព្រំដែននេះ ខាងភាគីកម្ពុជា ដឹកនាំដោយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។ ចំណែកភាគីថៃ ដឹកនាំដោយលោក សុកុមពល សុវ៉ាន់ណាថាត (Sukumpol Suwanatat) រដ្ឋមន្ត្រីការពារជាតិថៃ លោកឧត្ដមសេនីយ៍ទោ ជា រៈសៈ ឈុំប្រាក់ស៊ុក មេបញ្ជាការភូមិភាគពីរ និងកម្លាំងសរុបចំនួន ៦៨នាក់។
ក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានលើកយកខ្លឹមសារមួយចំនួន រួមមាន ទប់ស្កាត់ការបំផ្លាញព្រៃឈើនៅតាមព្រំដែន ទំនាក់ទំនងសហការល្អលើផ្នែកសេដ្ឋកិច្ច ការព្យាបាលជំងឺឲ្យគ្នាទៅវិញទៅមក និងសន្យារួមគ្នាប្រកាន់យកសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ អាយស៊ីជេ។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការអត្ថាធិប្បាយពីមន្ត្រីជាន់ខ្ពស់កម្ពុជា មួយចំនួនប្រចាំទិសប្រាសាទព្រះវិហារ បានទេ នៅថ្ងៃទី២៦ កុម្ភៈ។
ក៏ប៉ុន្តែ មន្ត្រីអាជ្ញាធរជាតិព្រះវិហារ លោក ចាន់ ឆន បញ្ជាក់ថា ស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅពេលនេះ មានសភាពស្ងប់ស្ងាត់ជាធម្មតា ដូចនៅមុនថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨។
តុលាការយុត្តិធម៌អន្តរជាតិអាយស៊ីជេ នឹងជំនុំជម្រះលើសេចក្ដីសម្រេចរបស់ខ្លួននៅថ្ងៃទី១៩ មេសា ទៅតាមសំណើរបស់កម្ពុជា កាលពីខែមេសា ឆ្នាំ២០១១ ដែលស្នើសុំឲ្យតុលាការយុត្តិធម៌មួយនេះបកស្រាយឡើងវិញសាលដីកា ឆ្នាំ១៩៦២ ស្ដីពីប្រាសាទព្រះវិហារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។