កម្ពុជា​នឹង​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន នៅ​ចំ​ថ្ងៃ​ខួបកំណើត​លោក ហ៊ុន សែន ៥ សីហា

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​ថា នឹង​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន នៅ​ថ្ងៃទី​០៥ ខែសីហា​ខាងមុខ ចំ​ថ្ងៃ​ខួបកំណើត​ឪពុក​របស់​លោក​គឺ​លោក ហ៊ុន សែន។ បក្ស​ប្រឆាំង​និង​អ្នកឃ្លាំមើល​ចាត់​ទុក​ការ​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន នៅ​ចំ​ថ្ងៃ​ខួបកំណើត​របស់​លោក ហ៊ុន សែន នេះ ថា​ក្នុង​គោលបំណង​ឱ្យ​ប្រជាពលរដ្ឋ​ចងចាំ​ពី​គុណសម្បត្តិ​លោក ហ៊ុន សែន និង​គ្រួសារ​ត្រកូល​ហ៊ុន។

ការ​ប្រកាស​របស់​លោក ហ៊ុន ម៉ាណែត កំណត់​ថ្ងៃ​ជាក់​លាក់ ដើម្បី​ចាប់ផ្តើម​ការសាងសង់​ព្រែកជីក​ហ្វូណន​នៅ​ពេល​នេះ គឺ​ក្រោយពី​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​កូនប្រុស​លោក គិតគូរ​ពី​ការ​សាងសង់​ព្រែកជីក​ហ្វូណន​ឱ្យ​បាន​ឆាប់ ជៀសវាង​ទុក​ឱ្យ​យប់​កាន់តែ​យូរ​សុបិន្ត​កាន់​តែ​ច្រើន។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កំពង់ផែ​ពហុ​បំណង​កំពត​នៅ​ថ្ងៃទី​០៦ ខែមិថុនា លោក ហ៊ុន ម៉ាណែត បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ជួយ​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន ដោយ​ថា ការ​សាងសង់​ព្រែកជីក​នេះ ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ខ្មែរ​ពី​បច្ចុប្បន្ន​ទៅ​អនាគត​មិនមែន​ដើម្បី​ប្រយោជន៍​បរទេស​នោះ​ឡើយ។

លោក​ថា គម្រោង​ព្រែកជីក​ហ្វូណន​នេះ មាន​ក្រុមហ៊ុន​ខ្មែរ​ចូលរួម​វិនិយោគ​ប្រមាណ ៥១​ភាគរយ ក្នុង​នោះ មាន​ក្រុមហ៊ុន​របស់​រដ្ឋ​កំពង់​ផែ​ស្វយ័ត​ព្រះសីហនុ និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​ក្រុមហ៊ុន​ឯកជន​មួយ​ទៀត។

ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន ម៉ាណែត ក៏បាន​ព្រមាន​ចាត់វិធានការ​លើ​អង្គការ សង្គម​ស៊ីវិល បើ​ហ៊ាន​លូកដៃ​ចំពោះ​រឿង​នេះ ខណៈ​ដំណោះស្រាយ និង​សំណង សម្រាប់​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ព្រែកជីក​នេះ រដ្ឋាភិបាល​មិន ទាន់​បាន​បញ្ជាក់​ច្បាស់​នៅ​ឡើយ។

លោក ហ៊ុន ម៉ាណែត៖ «​ថ្ងៃទី​០៥ ខែសីហា យើង​នឹង​បើក​ធ្វើ​។ គេ​នឹង​ថយ​មួយទៀត ប្រហែលជា​រុញ​មនុស្ស​ឱ្យមក​តវ៉ា​ប្រឆាំង សូមកុំ​ចូលរួម​ល្បិចកល​បែបនេះ ហើយ​ផលប្រយោជន៍​ទាំងអស់​នេះ គេ​គិត​ថា ផលប្រយោជន៍​បាន​គុណសម្បត្តិ​គណបក្ស​ប្រជាជន​បាន​គុណសម្បត្តិ​សម្ដេច​តេជោ ដែល​ជា​អ្នក​ផ្ដួចផ្ដើម គុណសម្បត្តិ ហ៊ុន ម៉ាណែត ដែល​ដឹកនាំ​។ អត់​ទេ​!រាជរដ្ឋាភិបាល​សម្ដេច​តេជោ ខ្ញុំ​គ្រាន់តែ​ជា​អ្នក​គ្រាន់តែ​ជា​អ្នក​តួអង្គ​តូច​មួយ​នៅក្នុង​សម្ដេច​តេជោ​ជា​ផ្ដួចផ្ដើម ខ្ញុំ​ជំរុញ​ការ​អនុវត្ត»។

តាមរយៈ​ការប្រកាស​ជា​ផ្លូវការ​របស់​លោក ហ៊ុន ម៉ាណែត នៅ​ពេល​នេះ អាច​ឱ្យ​គេ​សន្និដ្ឋាន​បាន​ថា វា​អាច​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ដែល​លោក ហ៊ុន សែន ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ឱ្យ​បាន​ឆាប់ នោះ​ប្រហែលជា​លោក ហ៊ុន សែន ខ្លួនឯង ក៏​ចង់ឱ្យ​រដ្ឋាភិបាល​កូនប្រុស​របស់​លោក​ជ្រើស​យក​ថ្ងៃ កំណើត​របស់​លោក​សម្រាប់​ការ​សាងសង់​ព្រែកជីក​នេះ​តែម្តង ព្រោះ​លោក ហ៊ុន សែន ធ្លាប់​លើកឡើង​ថា ទោះជា​ក្នុង​តម្លៃ​ណាក៏ដោយ​លោក​ត្រូវ ធ្វើ​ឱ្យ​គម្រោង ព្រែកជីក​នេះ​ចេញ​ជា​រូបរាង​ទាល់តែ​បាន ហើយ​ម្យ៉ាងទៀត​គម្រោង​នេះ គឺ​រដ្ឋាភិបាល​របស់​លោក​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​សាងសង់​ទៀត​ផង។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី ០៦ ខែមិថុនា ថា ការ​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​របស់​លោក ហ៊ុន ម៉ាណែត នៅ​ចំ​ថ្ងៃ​ខួបកំណើត​ឪពុក​របស់​ខ្លួន​នេះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ចងចាំ​ពី​គុណសម្បត្តិ​របស់​លោក ហ៊ុន សែន និង​បង្ហាញ​ពី​គុណសម្បត្តិ​របស់​គ្រួសារ​ត្រកូល​ហ៊ុន។

លោក ម៉ែន ណាត៖ «ពួក​កាន់អំណាច​ទាំង ហ៊ុន សែន និង​ហ៊ុន ម៉ាណែត ដូច​តែ​គ្នា​ហ្នឹង គឺ​គេ​ចង់​បង្ហាញ​ពី​ស្នាដៃ​គ្រួសារ​គេ ស្នាដៃ​ឪពុក​គេ​។ ដូច​ខ្ញុំ​បញ្ជាក់​អ៊ីចឹង​ថា ជា​អំណាច​ផ្ដាច់មុខ​របស់​គ្រួសារ​គេ បើ​អត់​គ្រួសារ​គេ​ទៅ រដ្ឋាភិបាល​វា​អាច​រង្គោះរង្គើ។ អ៊ីចឹង​ហើយ​គេ​ចង់​ប្រាប់​អ្នក​គ្រប់គ្នា ត្រូវតែ​អរគុណ​ក្រុម​គ្រួសារ​របស់​ពួកគេ​ហ្នឹងឯង»។

រីឯ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន យល់​ថា ការ​ប្រកាស​របស់​លោក ហ៊ុន ម៉ាណែត ហាក់​បង្ហាញ​ពី​ការលើកតម្កើង​លោក ហ៊ុន សែន ពីព្រោះ​ការ​ជីក​ព្រែក​នេះ មិនមែន​ជា​សមិទ្ធផល​របស់​លោក ហ៊ុន សែន តែ​ម្នាក់ឯង​នោះ​ទេ។

លោក​ចាត់ទុក​ការប្រកាស​របស់​លោក ហ៊ុន ម៉ាណែត មិន​ឱ្យ​សង្គម​ស៊ីវិល​លូកដៃ​រឿង​នេះ គឺ​ជា​សារ​គំរាមកំហែង​កុំឱ្យ​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ព្រែកជីក​នេះ​តវ៉ា​ដើម្បី​ទាមទារ​សំណង​សមរម្យ។

លោក អ៊ុំ សំអាន៖ «ទោះបីជា​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ចិន ផ្ដល់​សំណង​តិចតួច​មិន​សមរម្យ មិន​សម​នឹង​តម្លៃ​ទីផ្សារ​ក៏​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​យក​ទៅ​កុំ​តវ៉ា​។ បើសិន​តវ៉ា អាច​មានការ​ចាប់ចង ដាក់​ពន្ធនាគារ ឬ​ត្រូវ​ក្រុម​បាតដៃ​ទី ៣ វាយដំ​អ៊ីចឹង​ទៅ។ មាន​ន័យថា លោក ហ៊ុន ម៉ាណែត គំរាម​ប្រជាពលរដ្ឋ​មិន​ឱ្យ​តវ៉ា​រឿង​ហ្នឹង​។ យើង​គិតថា​រឿង​ហ្នឹង នឹង​កើតឡើង​នៅពេល​ក្រុមហ៊ុន​ចិន ស្ថាបនា​ព្រែកជីក​នេះ ហើយនឹង​ផ្ដល់​សំណង​តិចតួច​មិនបាន​ទៅ​តាម​តម្លៃ​ទីផ្សារ»។

រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​លើកឡើង​ថា គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន គ្រោង នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០២៤ ឬ​ដើមឆ្នាំ​២០២៥​និង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន​ឈ្មោះ China Road and Bridge Corporation (CRBC) សាងសង់​គម្រោង​ព្រែកជីក​នេះ ក្រោម​កិច្ចព្រមព្រៀង​សាងសង់ ប្រតិបត្តិ និង​ផ្ទេរ ឬ BOT ដែល​មាន​រយៈពេល ៥០​ឆ្នាំ។

គម្រោង​ដែល​មាន​តម្លៃ ១​ពាន់ ៧​រយ លាន​ដុល្លារ​នេះ គ្រោង​នឹង​បញ្ចប់​ត្រឹម​ឆ្នាំ ២០២៨ ដោយ​ត​ភ្ជាប់​ផ្លូវទឹក​រវាង​ទន្លេ​ទៅកាន់​សមុទ្រ​របស់​កម្ពុ​ជា និង​ឆ្លងកាត់ ខេត្ត​កណ្ដាល តាកែវ កំពត និង​កែប ដែល​មាន ប្រវែង​ប្រមាណ ១៨០​គីឡូម៉ែត្រ។

អ្នកឃ្លាំមើល​បញ្ហា​សង្គម​ទាមទារ​ឱ្យ​លោក ហ៊ុន ម៉ាណែត បង្ហាញ​ពី​តម្លាភាព​នៃ​គម្រោង​ព្រែកជីក​ហ្វូណន ជាពិសេស​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​គម្រោង​មួយ​នេះ ពីព្រោះ​កន្លងទៅ ក្រុមហ៊ុន​មួយចំនួន​ដែល​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ ត្រកូល​«​ហ៊ុន​» ភាគច្រើន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​ទុច្ចរិត និង​ការរំលោភ យក​ដីធ្លី​ពលរដ្ឋ ហើយ​ខ្លះទៀត​មានរឿង​អាស្រូវ​ករណី​ឆបោក​តាម​អនឡាយ ដែល​បញ្ហា​នេះ នាំ​ឱ្យ​មាន​ការ​រិះគន់​ពី​មតិ​ជាតិ និង​អន្តរជាតិ​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។