កម្ពុជា ឈ្នះមេដាយមាសជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រប្រកួតកីឡាទ្វីបអាស៊ី។ មេដាយមាសនេះ រកបានដោយកីឡាការិនីតៃក្វាន់ដូទម្ងន់ ៧៣គីឡូក្រាម កញ្ញា ស៊ន សៀវម៉ី នៅរសៀលថ្ងៃទី៣ ខែតុលា ក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី (Asian Games) នៅទីក្រុងអ៊ីឈន (Incheon) ប្រទេសកូរ៉េខាងត្បូង។
កីឡាការិនី ស៊ន សៀវម៉ី បានផ្ដួលគូប្រកួតមកពីប្រទេសអ៊ីរ៉ង់ នាង រូហានី ហ្វាតាម៉ីស (Rouhani Fatameh) ដោយលទ្ធផល ៧ទល់នឹង៤ កាលពីម៉ោងប្រមាណជាង ៤រសៀល។ នេះជាលទ្ធផលល្អបំផុតក្នុងប្រវត្តិសាស្ត្រកីឡាកម្ពុជា រាប់តាំងពីឆ្នាំ១៩៧០ មក។
ទំព័រហ្វេសប៊ុក (facebook) ផ្លូវការរបស់គណៈកម្មការជាតិអូឡាំពិកកម្ពុជា សរសេរថា សៀវម៉ី បានមេដាយមាស ហើយនេះជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានរង់ចាំអស់រយៈពេល ៤៤ឆ្នាំមកហើយ។
ប្រធានកិត្តិយសគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា នេះជាជ័យជម្នះរបស់ជាតិខ្មែរទាំងមូល។ លោកបន្តថា ជ័យជម្នះលើកនេះ ជាការបើកផ្លូវឲ្យកម្ពុជា កាន់តែមានទឹកចិត្តក្នុងការអភិវឌ្ឍវិស័យកីឡាថែមទៀត៖ «នេះជាមោទនភាពមួយរបស់កម្ពុជា ហើយក៏ដូចអ្វីដែលយើងគ្រោងទុកដែរ។ យើងចង់បានយ៉ាងហោចណាស់មេដាយសំរឹទ្ធឲ្យបាន ១យ៉ាងតិច។ ឥឡូវដូចបំណងមែន»។
កម្ពុជា ចូលរួមប្រកួតកីឡាអាស៊ីនេះជាលើកដំបូងតាំងពីឆ្នាំ១៩៥៤។ មេដាយលើកចុងក្រោយនេះ គឺកម្ពុជា បានមេដាយប្រាក់នៅឆ្នាំ១៩៧០ ខាងផ្នែកប្រដាល់។ គិតមកដល់ថ្ងៃទី៣ ខែតុលា នេះ ប្រទេសចិន ឈរនៅលំដាប់លើគេ ដោយបានទទួលមេដាយមាស ១៤៣មេដាយ។ កូរ៉េខាងត្បូង ឈរនៅលេខពីរ បានមេដាយមាស ៧៥មេដាយ។ ចំណែកប្រទេសជិតខាងវិញ ម៉ាឡេស៊ី បានមេដាយមាស ៥មេដាយ ឥណ្ឌូនេស៊ី បាន ៤មេដាយ ថៃ បានមេដាយមាស ១២ វៀតណាម ហ្វីលីពីន បានមេដាយមាស ១ដូចកម្ពុជា ដែរ។
តាមរយៈមេដាយមាស១នេះ កម្ពុជា បានរំកិលចំណាត់ថ្នាក់ពីលេខក្រោយគេបង្អស់ មកនៅត្រឹមចំណាត់ថ្នាក់ទី២៧ ក្នុងចំណោមអត្តពលិកមកពី ៤៥ប្រទេស។ ប្រតិភូកីឡាកម្ពុជា នឹងត្រឡប់មកប្រទេសវិញនៅយប់ថ្ងៃទី៥ ខែតុលា។ គណៈកម្មការជាតិអូឡាំពិកកម្ពុជា នឹងបើកសន្និសីទកាសែតនៅព្រឹកថ្ងៃទី៦ ខែតុលា ដើម្បីរៀបរាប់ពីលទ្ធផលនៃព្រឹត្តិការណ៍កីឡានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។