របបក្រុងភ្នំពេញ បញ្ជា​ឲ្យ​ក្រុម​ហ៊ុនអ៊ីនធឹណេត រាំង​ខ្ទប់​គេហទំព័រ​សារ​ព័ត៌មាន​ជាង ១០ មិន​ឲ្យ​មើល​ឃើញ នៅ​អំឡុង​ពេល​បោះ​ឆ្នោត

របបក្រុងភ្នំពេញ បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​អ៊ីនធឹណេត​រាំង​ខ្ទប់ ឬ ប្លុក (block) អសយដ្ឋាន​គេហទំព័រ​​សារ​ព័ត៌មាន​ជាង ១០ មិន​ឲ្យ​បើក​មើល​ឃើញ រយៈ​ពេល ២​ថ្ងៃ នៅ​ក្នុង​​ពេល​របប​មួយ​នេះ កំពុង​រៀបចំ​ការ​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស​មួយ។ សង្គម​ស៊ីវិល​ហៅ​ទង្វើ​នេះ​ថា ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព របស់​​​​ពលរដ្ឋ នៅ​ពេល​បោះ​ឆ្នោត។ អ្នក​វិភាគ​ថា របប​ក្រុង​ភ្នំពេញ​ភ័យ​ខ្លាច ពលរដ្ឋ​បាន​ដឹង​ព័ត៌មាន​ពិត ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ទើប​លាប​ពណ៌ ដើម្បី​រាំង​ខ្ទប់​គេហទំព័រ​ទាំង​នោះ។

អ្នក​នាំ​ពាក្យ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា លោក អ៊ឹម វុត្ថា បញ្ជាក់​ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៨ កក្កដា​ថា ក្រសួង​ទូរគមនាគមន៍ បាន​បញ្ជា​ឲ្យ​បិទ​គេហទំព័រ ឬ វ៉ឹបសៃត៍ (Website) ជាង ១០ ដោយ​សារ​តែ​គេហទំព័រ​មួយ​ចំនួន​នេះ បាន​ធ្វើ​ខុស​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត ត្រង់​មាត្រា ៧២ និង​មាត្រា ១៤២។ លោក អ៊ឹម វុត្ថា អះ​អាង​ថា របប​ក្រុង​ភ្នំពេញ ធ្លាប់​បាន​ជូន​ដំណឹង​ព្រមាន​រួច​ហើយ ទៅ​គេហទំព័រ​ទាំង​អស់ តាម​រយៈ​ប្រកាស​អន្ដរ​ក្រសួង​លេខ ១៧០ ចុះ​កាល​ពី​ថ្ងៃ​ទី២៨ ខែ​ឧសភា ដើម្បី​ព្រមាន​ពី​ការ​បិទ ឬ​រាំង​ខ្ទប់​គេហទំព័រ​ណា ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ខុស​ច្បាប់​នៅ​កម្ពុជា។

មន្ត្រី​ជាន់ខ្ពស់នៃ​របប​លោក ហ៊ុន សែន ៣​នាក់ គឺ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធិ រដ្ឋ​មន្ត្រី​​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក បាន​នាំគ្នា​ចេញ​សេចក្ដីប្រកាស​អន្តរក្រសួង​មួយ ស្ដីពី​ការគ្រប់គ្រង​ផ្សព្វផ្សាយ​តាម​គេហទំព័រ និង​​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ប្រកាស​អន្តរក្រសួង​ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី​២៨ ឧសភា តែ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​០៤ មិថុនា កន្លង​ទៅមន្ត្រី​ជាន់​ខ្ពស់​ទាំង​៣ បាន​កំណត់​តួនាទី​គ្នា​ថា ក្រសួង​ព័ត៌មាន​ជា​អ្នកគ្រប់គ្រង​ការ​ចេញផ្សាយ​តាម​​​ប្រព័ន្ធ​អេឡិចត្រូនិច ខ្លឹមសារ​ទាំងស្រុង សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ ឬ​ទម្រង់​ផ្សេងៗ ជាដើម​។ចំណែក​ក្រសួង​ប្រៃសណីយ៍ ត្រូវ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​សេវា​អ៊ីនធឺណិត​ទាំងអស់ មានកម្ម​វិធី​សូហ្វវ៉ែ (Software) និង​បំពាក់​កម្មវិធី​គ្រប់គ្រង​អ៊ីនធឺណិត ដើម្បី​ងាយស្រួល​ក្នុង​ការ​ត្រង​ច្រោះ (Filter) ឬ​រាំង​ខ្ទប់ (Block) គេហទំព័រ ឬ​គណនី (Account) ឬ ទំព័រ (Page) របស់​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​ធ្វើ​អាជីវកម្ម ឬ​ការផ្សាយ​ណា ដែល​ពួកគេ​យល់​ថា ល្មើស​ច្បាប់។ ក្រសួង​ទាំង​ពីរ​នេះ ក៏​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ដទៃ​ទៀត ដើម្បី​រាំង​ខ្ទប់ ឬ​បិទ​គេហទំព័រ ឬ​បណ្ដាញ​សង្គម​ណា ដែល​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ ឬ​ផ្សាយ​ល្មើស​ច្បាប់ ដែល​មាន​លក្ខណៈ​ញុះញង់ បំបែកបំបាក់​សាមគ្គីភាព ការ​រើសអើងចេតនា​បង្ក​ចលាចល ដែល​បណ្ដាល​ឲ្យ​មាន​ការ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ ប្រយោជន៍​សាធារ​ណៈនិង​សណ្ដាប់ធ្នាប់​សង្គម​ជា​ដើម។ រីឯ​ក្រសួង​មហាផ្ទៃ ជា​អ្នក​បង្ក្រាប​រាល់​សកម្មភាព​ទាំង​អស់​នោះ។

មុន​កាល​ប្រកាស​អន្តរក្រសួង​នេះ អាជ្ញាធរ​ក្រុងភ្នំពេញ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​បង្ក្រាប​បែប​នេះ ម្ដង​រួច​ហើយ ទៅ​លើ​គេហទំព័រ​សារព័ត៌មាន​ឯករាជ្យ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) គឺ​ក្រោយ​ពេល​អគ្គនាយកដ្ឋាន​ពន្ធដារ បង្ខំ​ឲ្យ​បិទ​កាសែត​នេះ ក្រសួង​ប្រៃសណីយ៍ បាន​បង្គាប់​ឲ្យ​ក្រុម​ហ៊ុន​អ៊ីនធឺណិត​ទាំងអស់​នៅ​កម្ពុជា ត្រូវ​ធ្វើការ​រាំង​ខ្ទប់ មិន​ឲ្យ​អ្នកប្រើប្រាស់​អ៊ីនធឺណិត មើល​ឃើញ​គេហ​ទំព័រនិង​ទំព័រ​ហ្វេសប៊ុក របស់​កាសែត​ឯករាជ្យ​មួយ​នេះ ខណៈ​ដែល​របប​ក្រុង​ភ្នំពេញ បាន​ប្ដឹង​ម្ចាស់​​កាសែត ទៅ​តុលាការ​ក្នុង​របប​ក្រុងភ្នំពេញ។

នៅ​ក្នុង​បញ្ជី​មួយ មាន​ត្រា​ក្រសួង​ព័ត៌មាន ដែល​អាស៊ី​សេរី​ទទួល​បាន​បញ្ជាក់​ថា គេហទំព័រ​ដែល​រង​ការ​បញ្ជា​ឲ្យ​បិទ ឬ​រាំង​ខ្ទប់ មិន​ឲ្យ​មើល​ឃើញ​នៅ​កម្ពុជា មាន​ចំនួន ១៥ ក្នុង​នោះ​មាន​គេហទំព័រ​វិទ្យុ​អាស៊ី​​សេរី (RFA) គេហទំព័រ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) គេហ​ទំព័រ​វិទ្យុ​សំឡេង​ព្រះសង្ឃ​ឯករាជ្យ គេហទំព័រ​គណបក្ស សង្គ្រោះ​ជាតិ និង​គេទំព័រ​មួយ​ចំនួន​ទៀត។

អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង បាន​នៅ​ទេ នៅ​ថ្ងៃ​ទី២៨ កក្កដា។ ប៉ុន្ដែ​នៅ​រាល់​លើក​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត ក្រោម​ការ​ក្ដោបក្ដាប់​របស់​លោក ហ៊ុន សែន កន្លង​មក របប​មួយ​នេះ តែង​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដូច​​ជា បញ្ជា​​មិន​ឲ្យ​វិទ្យុ​អេហ្វអឹម (FM) ក្នុង​ស្រុក ផ្សាយ​បន្ដ​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ី​សេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ជា​ដើម ក្រោម​ហេតុផល​ផ្សេងៗ។

ជុំវិញការ អះអាង ពីមន្ត្រី​ជាន់​ខ្ពស់​នៃ​របប​ក្រុង​ភ្នំពេញ​ថា គេហទំព័រ​ជាង ១០​នេះ បាន​ធ្វើ​ខុស​ច្បាប់​បោះ​ឆ្នោត​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា បញ្ជាក់​ប្រាប់​អាស៊ី​សេរី​ថា គ.ជ.ប ពិត​ជា​ធ្លាប់​ធ្វើ​សំណើសុំ​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច​ទប់​ស្កាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា ដែល​ផ្សព្វផ្សាយ​ធ្វើ​ឲ្យ​ពលរដ្ឋ​យល់​ច្រឡំ​លើ​ការ​បោះ​ឆ្នោត​ពិត​មែន។ ប៉ុន្ដែ​មិន​បាន​ចុច​ចំ​ឈ្មោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ណា​ទេ ដោយ​ទុក​លទ្ធភាព​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច​ជា​អ្នក​ពិនិត្យ។ លោក ហង្ស ពុទ្ធា បន្ដ​ថា ការ​បិទ ឬ​រាំង​ខ្ទប់​គេហទំព័រ​សារព័ត៌មាន​ទាំង​នោះ មិន​ប៉ះ​ពាល់​ដល់​រៀបចំ​ការ​បោះ​ឆ្នោត ដែល គ.ជ.ប គ្រោង​ទុក​ទេ។

អ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ធ្លាប់​បារម្ភ​ថា ប្រកាស​អន្ដរ​ក្រសួង ដែល​មាន​ចេតនា​បិទ ឬ​រាំង​ខ្ទប់ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អន្ដរក្រសួង​នោះ ជា​ចេតនា​ក្នុង​ការ​បំបិទ​ការ​ចែក​ផ្សាយ​ព័ត៌មាន ក្នុង​ពេល​បោះ​ឆ្នោត។

ចំណែក​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​វិញ គឺ​ប្រធាន​អង្គការ ខុមហ្វ្រែល លោក គល់ បញ្ជា បាន​លើក​ឡើង​ក្នុង​ហ្វេសប៊ុក​លោក​ថា បន្ថែម​លើ​បញ្ហា​កំពុង​មាន ការ​បោះឆ្នោត និង​លទ្ធផល​ឆ្នោត អាច​ខ្វះ​តម្លាភាព និង​សុចរិតភាព ព្រោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​គេហទំព័រ​របស់​ពួក​គេ ត្រូវ​បាន​បិទ។

នាយកប្រព័ន្ធផ្សព្វផ្សាយ នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហៅ​កាត់​ថា វីអូឌី (VOD) លោក ណុប វី បង្ហាញ​ការ​ខក​ចិត្ត​នៅ​ពេល​ឃើញ​របប​ក្រុង​ភ្នំពេញ រាំង​ខ្ទប់​គេហទំព័រ​សារ​ព័ត៌មាន​ឯករាជ្យ។ លោក ណុប វី យល់​ថា ការ​រាំង​ខ្ទប់​គេហទំព័រ​ទាំង​នេះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត កាន់​តែ​ខ្វះ​ព័ត៌មាន​បន្ថែម​ទៀត ខណៈ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៨ មាន​ការ​រឹតត្បិត​សេរីភាព​សារ​ព័ត៌មាន។

លោក ណុប វី ហៅ​ការ​រាំង​ខ្ទប់​គេហទំព័រ​របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ថា ជា​រឿង​អយុត្តិធម៌ ព្រោះ​អង្គការ​មួយ​នេះ បាន​ក្លាយ​ជា​អង្គការ​ស្រប​ច្បាប់​មួយ ក្នុង​ចំណោម​អង្គការ​ជាង ១.០០០​អង្គការ ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​មហាផ្ទៃ។

សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក បុង ដែត យល់​ថា របប​ក្រុង​ភ្នំពេញ ឬ​គណបក្ស​កាន់​អំណាច​ភ័យ​ខ្លាច ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ទើប​មាន​ការ​លាប​ពណ៌ ដើម្បី​ដាក់​បន្ទុក និង​រាំង​ខ្ទប់​គេហទំព័រ​ទាំង​នោះ។ លោក បុង ដែត សង្គេត​ឃើញ​ថា នៅ​រាល់​ពេល​បោះ​ឆ្នោត​របប​ក្រុង​ភ្នំពេញ​តែង​ធ្វើ​ទុក្ខ​បុក​ម្នេញ​បែប​នេះ ទើប​បណ្ដាល​ឲ្យ​ពលរដ្ឋ​យល់​ថា ការ​បោះ​ឆ្នោត មិន​ត្រឹមត្រូវ មិន​ប្រក្រតី។ ប៉ុន្ដែ ទោះ​យ៉ាង​ណា​អ្នក​វិភាគ​ថា នៅ​ពេល​ដែល​របប​មួយ​ខិតខំ​គាប​សង្គត់ បំបិទ​សិទ្ធិ​សេរីភាព ពលរដ្ឋ​នឹង​កាន់​តែ​រើ​បម្រះ​កាន់​តែ​ខ្លាំង។

ក្រុម​មេ​ដឹក​នាំ​នៃ​របប​ក្រុង​ភ្នំពេញ បាន​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​បុក​ម្នេញ ឬ​បំបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ បណ្ដេញ​សង្គម​ស៊ីវិល​ឯករាជ្យ​ចេញ​ពី​កម្ពុជា តាំង​ពី​កំឡុង​ឆ្នាំ២០១៧ គឺ​ក្រោយ​ពេល ដែល​គណបក្ស​កាន់​អំណាច បាន​ធ្លាក់​ប្រជាប្រិយភាព​ខ្លាំង នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ កាល​ពី​ឆ្នាំ២០១៧៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។