មេទ័ព​កម្ពុជា និង​ចិន​ជួបពិភាក្សា​គ្នា​ពង្រឹង​វិស័យ​យោធា​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ

0:00 / 0:00

កម្ពុជា និង​ចិន​បង្កើន​សកម្មភាព​ក្នុងការ​រឹតចំណង​មិត្តភាព​គ្នា​កាន់តែ​ស៊ីជម្រៅ ជាពិសេស​ភាគី​ទាំងពីរ​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​វិស័យ​យោធា​ជា​បន្តបន្ទាប់​គួរ​ឱ្យ​កត់​សម្គាល់ នៅមុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​កម្ពុជា។ មន្ត្រី​គណបក្ស​ប្រឆាំង អះអាង​ថា ការណ៍​ដែល​កម្ពុជា​បង្កើន​សកម្មភាព​នៃ​កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា​ជាមួយ​ចិន គឺជា​ការ​បង្ហាញ​ទៅកាន់​ប្រទេស​លោក​ខាងលិច​ថា ចិន​នឹង​គាំទ្រ​កម្ពុជា​គ្រប់​កាលៈទេសៈ។

កម្ពុជា និង​ចិន​ឯកភាព​គ្នា​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត តាមរយៈ​ការ​ចែករំលែក​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ជាដើម។

ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ និង​សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ការពារ​ជាតិចិន​លោក ស៊ាវ ធៀនឡាំង (Xiao Tianliang) កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា លោក ទៀ បាញ់ ចាត់ទុក​ការ​មក​បំពេញ​ទស្សនកិច្ច​របស់ លោក ស៊ាវ ធៀនឡាំង នៅ​កម្ពុជា​ថា នឹង​បង្កើន​នូវ​ទំនាក់ទំនង​នៃ​កិច្ច​សហប្រតិបត្តិកា​រយ៉ា​ង​ជិត​ស្និត​បន្ថែម​ទៀត រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​។ លោក ទៀ បាញ់ អះអាង​ថា កម្ពុជា និង​ចិន នឹង​ពង្រឹង ពង្រីក​កិច្ច​សហប្រតិបត្តិការ​វិស័យ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​កងយោធពល​ខេមរភូមិន្ទ កាន់តែ​ប្រសើរ​ឡើង​ថែមទៀត និង​ផ្លាស់ប្ដូរ​ចែករំលែក​បទពិសោធន៍​ទៅវិញទៅមក រវាង​សាកលវិទ្យាល័យ​ការពារ​ជាតិ​កម្ពុជា និង​ចិន។

ជា​ការ​ឆ្លើយ​តប លោក ស៊ាវ ធៀនឡាំង លើកឡើង​ថា កម្ពុជា និង​ចិន បាន​ពិភាក្សា​គ្នា​ស៊ីជម្រៅ និង​ទូលំទូលាយ លើ​បញ្ហា​ដែល​កំពុង​កើតមាន​ក្នុង​វិស័យ​យោធា។ លោក​ឱ្យ​ដឹង​ថា ភាគី​ចិន និង​កម្ពុជា​ក៏បាន​សិក្សា​ស្រាវជ្រាវ​ជាមួយគ្នា​ស៊ីជម្រៅ អំពី​កិច្ច​សហប្រតិបត្តិការ​សាលា​យោធា​រួម​នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ​។ លោក​បញ្ជាក់​ថា ភាគី​ចិន​មក​កម្ពុជា​លើក​នេះ ក្នុង​គោលបំណង​ផ្ដោត​សំខាន់​លើ​ការអប់រំ​ផ្នែក​យោធា ការ​កសាង​កងទ័ព និង​សន្តិសុខ​តំបន់​។ ក្រៅ​ពី​នេះ ពង្រីក​ទំនាក់ទំនង​កងទ័ព​ទាំងពីរ​លើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នៃ​សាលា​សាកលវិទ្យាល័យ​ការពារ​ជាតិ នៃ​ប្រទេស​ទាំងពីរ។

កម្ពុជា និង​ចិន កំពុង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា​កាន់តែ​ស៊ីជម្រៅ​បែបនេះ ស្រប​ពេល​កម្ពុជា និង​ចិន​នៅតែ​ព្យាយាម​បិទបាំង​ព័ត៌មាន​អំពី​រឿង​ដ៏​ចម្រូងចម្រាស​នៃ​ការ​ធ្វើ​ទំនើបកម្ម​កំពង់ផែ​សមុទ្រ​រាម ដែល​អាមេរិក​ចោទ​ថា កម្ពុជា​អនុញ្ញាត​ឱ្យ​ចិន​សាងសង់​មូលដ្ឋាន​លើទឹក​ដី​ខ្មែរ​ដោយ​សម្ងាត់​។ លើស​ពី​នេះ អ្នកសង្កេតការណ៍​អះអាង​ថា កម្ពុជា បង្ហាញ​ជំហរ​ដោយ​ឥត​ងាករេ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា​ជាមួយ​ចិន​ជា​បន្តបន្ទាប់ ជាពិសេស​នៅមុន​ការរៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត​ថ្នាក់​ជាតិ អាច​ជា​ផែនការ​របស់​រដ្ឋាភិបាល​កម្ពុជា​ស្នើសុំ​យុទ្ធសាស្ត្រ​នានា និង​ជំនួយ​ពី​ប្រទេស​ចិន ដើម្បី​គ្រប់គ្រង​សន្តិសុខ​ជាតិ។

កាលពីដើម​ខែ​កុម្ភៈ កន្លង​ទៅ កម្ពុជា និង​ចិន បាន​ឯកភាព​គ្នា​ក្នុង​ការ​ជំរុញ​លើ​កិច្ច​សហប្រតិបត្តិ​ការ​ថ្មី​មួយទៀត​ដែល​ភាគី​ទាំងពីរ​ដាក់​ឈ្មោះ​ថា ត្បូង​ពេជ្រ។ កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ភាគី​កម្ពុជា និង​ចិន ប្ដេជ្ញា​ដោយ​ឥត​ងាករេ​ក្នុង​ការ​អភិវឌ្ឍ​ដោយ​ផ្ដោត​ចំណុច​សំខាន់ៗ​ដូចជា វិស័យ​នយោបាយ​ការ​ទូត សមត្ថភាព​ផលិតកម្ម កសិកម្ម ថាមពល និង​វិស័យ​សន្តិសុខ​ជាដើម​។ ភាគី​កម្ពុជា និង​ក៏បាន​ឯកភាព​គ្នា​ជាមួយ​ចិន​បង្កើន​ទំនាក់ទំនង​លើ​វិស័យ​យោធា​គ្រប់​លំដាប់ថ្នាក់ ដោយ​ចាប់​យក​សក្ដានុពល​តាម​រយៈ​ការ​ពង្រឹង​ការផ្លាស់ប្ដូរ​កងកម្លាំង​រវាង​កម្ពុជា​ចិន ក្នុង​ការ​ធ្វើ​សមយុទ្ធ ការ​ហ្វឹកហ្វឺន​រួមគ្នា ការ​បណ្ដុះបណ្ដាល​យោធា និង​ភស្តុភារ​កម្ម​ក្នុង​កិច្ចការពារ​សន្តិសុខ​ពហុភាគី​ជាដើម។

ទោះជា​យ៉ាងណា មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន មាន​ប្រសាសន៍​ថា កម្ពុជា និង​ចិន​បង្កើន​សកម្មភាព​នៃ​កិច្ច​សហប្រតិបត្តិ​ផ្នែក​វិស័យ​យោធា​កាន់តែ​ស៊ីជម្រៅ​បែបនេះ ភាគី​ទាំងពីរ​ចង់​បង្ហាញ​ទៅកាន់​ប្រទេស​លោក​ខាងលិច​ថា ចិន និង​កម្ពុជា នឹង​ជួយ​គាំទ្រ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា​ជាមួយគ្នា​គ្រប់​កាលៈទេសៈ។ លោក​ថា ជំហរ​កម្ពុជា​ពឹងពាក់​ចិន​ក្នុង​វិស័យ​កងទ័ព​បែបនេះ នឹង​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក និង​សម្ពន្ធមិត្ត​កាន់តែ​សង្ស័យ​អំពី​វត្តមាន​នៃ​មូលដ្ឋានទ័ព​ចិន​នៅ​កម្ពុជា​។ លើស​ពី​នេះ លោក​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​បាត់បង់​ការ​គាំទ្រ​ផ្នែក​នយោបាយ​ការទូត​ពី​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ និង​អាច​ទទួលរង​ទណ្ឌកម្មសេដ្ឋកិច្ច​បន្ថែម។

លោក អ៊ុំ សំអាន៖«ការ​ពង្រឹង​វិស័យ​យោធា​រវាង​កម្ពុជា និង​ចិន ជា​ការ​កំញើញ​មួយ​ទៅដល់​ប្រទេស​លោក​សេរី ជាពិសេស​សហរដ្ឋអាមេរិក​តែម្ដង និង​សម្ពន្ធមិត្ត​របស់​អាមេរិក នៅក្នុង​ប្រទេស​អាស៊ាន(ASEAN)ហើយ​អាមេរិក​គេ​ក៏​មិន​ផ្ដល់​ប្រពន្ធ​ការ​អនុគ្រោះ​ពន្ធ​ទូទៅ(GSP)ដល់​កម្ពុជា សហភាព​អឺរ៉ុប​ក៏​គេ​ពិនិត្យមើល​ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា ការរំលោភ​សិទ្ធិមនុស្ស និង​ការបំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដូច្នេះ​បន្ទាប់ពី​ការបោះឆ្នោត​សហភាព​អឺរ៉ុប​អាច​នឹង​ដក​ប្រព័ន្ធ​ការ​អនុគ្រោះ​ពន្ធ(EBA)ទាំងស្រុង ១០០​ភាគរយ​តែម្ដង»។

ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន​បាន​ឈាន​ដល់​កម្រិត​កិច្ច​សហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ ក្រៅពី​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ កសិកម្ម សន្តិសុខ ការពារ​ជាតិ និង​ការទូត ភាគី​ទាំងពីរ​ក៏បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វិទ្យាសាស្ត្រ អប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល និង​ឈាន​រហូតដល់​កិច្ច​សហប្រតិបត្តិការ​ថ្នាក់​មូលដ្ឋាន​ទៀត​ផង។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​លើកឡើង​ថា ក្រោយ​រដ្ឋាភិបាល​ឯក​បក្ស​គាស់​រម្លើង​គ្រឹះ​ប្រជាធិបតេយ្យ​តាមរយៈ​រម្លាយ​គណបក្ស​ប្រឆាំង​កាលពី​ឆ្នាំ​២០១៧ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ព្យាយាម​ក្រសោប​ចិន​កុម្មុយនីស្ត និង​យក​ចិន​ធ្វើជា​ខ្នងបង្អែក​ស្ទើរ​គ្រប់​វិស័យ​ដើម្បី​បន្ត​រក្សា​អំណាច​របស់​ខ្លួន និង​ដឹកនាំ​ប្រទេស​កាន់តែ​ផ្ដាច់ការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។