ពលករ​ខ្មែរ​ជួប​ទុក្ខ​លំបាក​ខ្លាំង​ក្រោយ​ពី​ភ្លើង​ឆេះ​រោងចក្រ​នៅ​ប្រទេស​ថៃ

0:00 / 0:00

ពលករ​ខ្មែរ​ជាច្រើន​នាក់​ធ្វើការ​នៅ​ខេត្ត​រៈយ៉ង​(Rak Yorng)​ប្រទេស​ថៃ ជួប​ទុក​លំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ គ្មាន​ការងារ​ធ្វើ និង​គ្មាន​ប្រាក់​ចំណាយ​នោះ​ទេ បន្ទាប់ពី​ឆេះ​រោងចក្រ​គ្រឿង​សង្ហារិម​នៅ​ប្រទេស​ថៃ បណ្ដាល​ឱ្យ​ពលករ​មួយចំនួន​ត្រូវ​ភ្លើង​ឆេះ​លិខិត​ឆ្លង​ដែន​ខូច​អស់។

ពលករ​ខ្មែរ​ច្រើន​នាក់​ត្អូញត្អែរ​ពី​ទុក​លំបាក ក្រោយ​ភ្លើង​បាន​ឆាបឆេះ​រោងចក្រ​ពួកគាត់​ធ្វើការ ដែល​មាន​ពលករ​ខ្មែរ​ធ្វើការ​ប្រមាណ ៥០០​នាក់ ។ រោងចក្រ​ផលិត​គ្រឿង​សង្ហារិម​ដែល​ភ្លើង​ឆេះ​នេះ ស្ថិតនៅ ខេត្ត​រៈយ៉ង​(Rak Yorng) ។ ពលករ​ខ្លះ​ខូចខាត សម្ភារៈ​មួយ​ចំនួន និង​ខ្លះ​ត្រូវ ផ្អាក​ការងារ​ជា​បណ្ដោះអាសន្ន ក្នុង​នោះ​ក៏​មាន​ពលករ​ខ្មែរ​ចំនួន​១០ នាក់ ត្រូវ​បាន​ភ្លើង​ឆេះ​លិខិត​ឆ្លងដែន ឬ​ប៉ាស្ព័រ​(Passport)។

ពលករ​ខ្មែរ​ធ្វើ​ការ​រោងចក្រ​នៅ​ខេត្ត​រៈយ៉ង លោក ព្រួន កុសល ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៣​មិថុនា ថា លោក ព្រួយ​បារម្ភ​ពី​ជីវភាព​ខ្វះខាត​ក្នុង​ពេល​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ ព្រោះ​បើ​ការ​ដោះស្រាយ​មាន​រយៈពេល​យូរ ធ្វើ​ឱ្យ​ពួកគេ​មិនអាច​ចេញទៅ​រក​ការងារ​ធ្វើ​នៅ​កន្លែង​ផ្សេង​បាន ព្រោះ​គ្មាន​ប្រាក់​ធ្វើ​ដំណើរ និង​ពិបាក​ក្នុង​ការ​ប្ដូរ​ថៅកែ៖ «បាទ​ដូច​ថា អ្នកខ្លះ​គ្នា​ទើប​មក​ធ្វើការ​បាន មួយ​វិ ពី​វិ​អ៊ីចឹង មួយ​ខែ ២​ខែ​ជាង​អ៊ីចឹ​ង គ្នា​អត់​ដែរ​បង​អើយ ព្រោះ​អី​គ្នា​ចងការ​លុយ​គេ​មក ហ្នឹង​ហើយគ្នា​មានរឿង​អ៊ីចឹង​ទៀត​គ្នា​កាន់តែ​លំបាក ។ លំបាក​ខ្លាំង​ហ្មង​អ្នកខ្លះ ណាមួយ​ការ​ហូបចុក​ផង ណាមួយ​បង់លុយ​អង្គការ​គេ​នៅ​ផ្ទះ​ផង»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្ថាន​កុងស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​រឿង​នេះ​បានទេ ថ្ងៃទី​១៣ មិថុនា​នេះ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។ ប៉ុន្តែ ទំព័រ​ហ្វេសប៊ុក របស់​ស្ថាន​កុងស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​បង្ហោះ​រូបភាព ស្តីពី​អនុព័ន្ធ​ការងារ​តំណាង​ស្ថានទូត បាន​សហការ​ជាមួយ​មូលនិធិ​លើកកម្ពស់​សិទ្ធិ និង​គុណភាព​ជីវិត​ពលករ (LPN) និង​អង្គការ​សង់ត្រាល់ បាន​ចុះ​សួរសុខទុក្ខ​ពលករ​កម្ពុជា​ជាង ៤០០​នាក់ ក្នុង​ករណី​ផ្ទុះ​សេ​ខ្សែភ្លើង បណ្តាល​ឱ្យ​ភ្លើង​ឆេះ​នៅ​រោងចក្រ ខូច​ខាត​ទាំងស្រុង។

ជុំវិញ​រឿង​នេះ មន្ត្រី​គម្រោង​នៃ​អង្គការ​សង់ត្រាល់ ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុ​ផុន លើកឡើង​ថា ពលករ​ពិតជា​មាន​ការ​ត្អូញត្អែរ​ពី​ទុក្ខ​លំបាក​របស់​ពួកគាត់ ។ លោក​អះអាង​ថា ពលករ ព្រួយ​បារម្ភ​ថា ក្រោយ​បញ្ហា​នេះ​កើតឡើង មិន​ដឹង​ទៅ​ធ្វើ​ការ​នៅ​ទី​ណា​នោះ​ទេ ព្រោះ​ថា កន្លែង​ធ្វើការ​កន្លង​មក​នេះ គឺ​បើកប្រាក់​ខែ​ទៀត​ទាត់ មាន​ថ្ងៃ​សម្រាក​ត្រឹមត្រូវ និង​គោរព​សិទ្ធិ​ពលករ​បាន​ល្អ ហើយ​ម្យ៉ាង​បើសិនជា​ទៅ​ធ្វើ​ការ​កន្លែង​ផ្សេង គឺ​ត្រូវ​ធ្វើ​ឯកសារ​ជាច្រើន៖ «ពលករ​មួយចំនួន​គាត់​ស្នើសុំ អោយ​ខាង​អង្គការ ខាង​ស្ថាប័នរដ្ឋ ខាង​ស្ថានទូត​ហ្នឹង ជួយ​ដោះស្រាយ​ពួកគាត់ ដើម្បី​កុំ​ឱ្យ​ទុក​ពួកគាត់​យូរ​អ៊ីចឹង​ណា ។ ព្រោះ​អី​កាលណា​ទុក​យូរ​វា​អត់​មាន​លុយ​សម្រាប់​ចំណាយ​ប្រចាំថ្ងៃ​ផង ហើយនឹង​ការ​ចំណាយ​ប្រចាំថ្ងៃ​វា​ច្រើន ដូចជា​ថ្លៃ​បន្ទប់​ថ្លៃ​អី និង​ថ្លៃ​ហូបចុក​ក៏​ច្រើន​ដែរ អ៊ីចឹង​ហើយ​បន្ទាប់ពី​ការ​វែកញែក​អឺ​ ...​ ស្នើសុំ​ពី​ពលករ​ខ្មែរ​មាន​ចំនួន​ច្រើន ហើយ​ខាង​រោងចក្រ​ក៏​គេ​សុំ​ពេល​នៅ​ថ្ងៃទី​១៥ គេ​និង​ប្រាប់​ចម្លើយ ថា​តើ​គួរ​យក​ពួកគាត់​ទៅ​ធ្វើ​ការ​នៅ​សាខា​ផ្សេង ឬក៏​ឱ្យ​ពួកគាត់​ធ្វើការ​នៅ​កន្លែង​បណ្ដោះអាសន្ន​សិន»។

លោក លឹង សុផុន បន្ត​ថា រោងចក្រ​នេះ មាន​ពលករ​ខ្មែរ ៦៥​ភាគរយ ហើយ​មាន​ចំនួន​ពល​ការិនី ច្រើន​ជាង​ពលករ​ជា​បុរស ហើយ​ត្រូវ​បាន​អគ្គីភ័យ​ឆាបឆេះ​ថ្ងៃទី​៥ មិថុនា ដោយ​ផ្ទុះ​ខ្សែភ្លើង​ឆេះ។ លោក​បន្ថែម​ថា តំណាង​ស្ថានទូត​កម្ពុជា​នៅ​ថៃ កំពុង​តែ​បន្ត​នីតិវិធី​ការងារ​ជាមួយ​តំណាង​រោងចក្រ ដើម្បី​សម្រួល​ដល់​ពលករ​រង​គ្រោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។