មូលដ្ឋានទ័ពរាម «អាចក្លាយជាកន្លែងចូលចតនាវាមុជទឹកយោធាចិន»

ដោយ អាស៊ីសេរី
2024.07.29
មូលដ្ឋានទ័ពរាម «អាចក្លាយជាកន្លែងចូលចតនាវាមុជទឹកយោធាចិន» ផែស្ងួត ផ្លូវជម្រាលសម្រាប់នាវាតូចៗ និងកំពង់ផែនៅគែមខាងត្បូងនៃមូលដ្ឋានទ័ពជើងទឹករាម ខែមិថុនា ឆ្នាំ ២០២៤។
រូប៖ Planet Labs

អ្នក​វិភាគ​ខាង​យោធា​អាមេរិក​លោក ថូម៉ាស ស៊ូហ្កាត (Thomas Shugart) ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​របស់​កម្ពុជា បាន​សាងសង់​ផែ​សំចត​ស្ងួត​ថ្មី​មួយ ដែល​អាច​ប្រើប្រាស់​សម្រាប់​ការ​ចូល​ចត​របស់​នាវា​មុជ​ទឹក​ចិន​។ អ្នក​វិភាគ​មក​ពី​មជ្ឈមណ្ឌល​សន្តិសុខ​អាមេរិក​ថ្មី (Center for a New American Security) រូប​នេះ​បន្ត​ថា ផែ​សំចត​ស្ងួត​ថ្មី​នេះ រួម​ទាំង​ផែ​មួយ​ទៀត ហាក់​ត្រូវ​បាន​សាងសង់​រួច​រាល់​ហើយ​។

រូបភាព​ផ្កាយរណប ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​ពី​ក្រុមហ៊ុន​អាមេរិក ផ្លេនណិត លេបស៍ (Planet Labs) កាល​ពី​ខែ​មិថុនា បង្ហាញ​ថា នៅ​ភាគ​ខាង​ត្បួង​មូលដ្ឋាន​ទ័ព​រាម ផែ​សំចត​ស្ងួត​ថ្មី​នេះ មាន​ប្រវែង​ប្រហែល​១៤០​ម៉ែត្រ ត្រូវ​បាន​សាងសង់​ឡើង​កាត់​ទទឹង​ឆ្នេរ និង​ស្ថិត​នៅ​ក្បែរ​ផ្លូវ​ជម្រាល​មួយ​។ ចំណែក​ផែ​មួយ​ទៀត មាន​ប្រវែង​២៧០​ម៉ែត្រ ត្រូវ​បាន​សាងសង់​តាម​បណ្ដោយ​ឆ្នេរ​។

អ្នក​វិភាគ​និង​ជា​អតីត​យោធា​ជើង​ទឹក​អាមេរិក​បន្ថែម​ថា ផែ​សំចត​ស្ងួត​ថ្មី​ប្រវែង​១៤០​ម៉ែត្រ​នេះ គឺ​ខ្លី​ពេក​មិន​អាច​ឱ្យ​នាវា​ធំ​ៗ​របស់​កងទ័ព​ចិន​ចូល​ចត​ឡើយ ប៉ុន្តែ​វា​មាន​ប្រវែង​ល្មម​សម្រាប់​ការ​ចូលចត​របស់​ក្រុម​នាវា​មុជ​ទឹក​។ ចិន​មាន​នាវា​មុជ​ទឹក​ប្រហែល​៦០​គ្រឿង ហើយ​ភាគ​ច្រើន​នៃ​នាវា​មុជ​ទឹក​ទាំង​នោះ មាន​ប្រវែង​ខ្លី​ជាង​១៤០​ម៉ែត្រ​។ នេះ​បើ​តាម​របាយការណ៍​ពី​មន្ទីរ​បញ្ចកោណ​អាមេរិក​។

អតីត​យោធា​ជើង​ទឹក​អាមេរិក​ថា ការ​សាងសង់​សំណង់​ថ្មី​ៗ​ទាំង​នេះ នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម មាន​លក្ខណៈ​ស្រដៀង​គ្នា និង​មូលដ្ឋាន​នាវា​មុជ​ទឹក​នៅ​ទីក្រុង​កំពង់​ផែ ឈីងតោ (Qingdao) ភាគ​ខាង​កើត​ប្រទេស​ចិន ដែល​មាន​សាងសង់​ផែ​ស្ងួត​ប្រវែង​១៤០​ម៉ែត្រ ទន្ទឹម​​គ្នា​នឹង​ផ្លូវ​ជម្រាល​មួយ សម្រាប់​ការ​ចូល​ចត​នាវា​តូច​ៗ​។

លោក ថូម៉ាស ស៊ូហ្កាត បញ្ជាក់ថា មូលដ្ឋាន​នាវា​មុជ​ទឹក​នៅ​រាម អាច​ផ្ដល់​ជាមធ្យោបាយ​ធ្វើ​នាវាចរណ៍​ថ្មី​មួយ​បែប​ទៀត សម្រាប់​យោធា​ចិន ប្រសិន​បើ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ផ្ទុះ​ឡើង​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។