បណ្ដាញ​ក្រុមហ៊ុន​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​បង្កើន​ការ​ប្រកាស​ស្វែងរក​បុគ្គលិក

0:00 / 0:00

ការប្រកាស​ស្វែងរក​បុគ្គលិក​តាម​អនឡាញ (Online) ដើម្បី​បម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន​ឆបោក​តាម​អនឡាញ​កំពុង​ពេញ​និយម និង​បន្ត​កើត​ឡើង​យ៉ាង​ផុលផុស​តាម​បណ្ដាញ​សង្គម។ ទោះ​យ៉ាង​ណា​ក្ដី ប្រទេស​នៅ​ក្នុង​តំបន់​មួយ​ចំនួន បាន​ណែនាំ​ដល់​ពលរដ្ឋ​ពួកគេ​ឱ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​មុន​នឹង​សម្រេច​មក​ធ្វើ​ការ​នៅ​កម្ពុជា។

ក្រុមហ៊ុន​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​នៅ​តែ​បន្ត​សម្ងំ​លាក់​ខ្លួន​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ខណៈ​បុគ្គលិក​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន​ឆបោក​បន្ត​ផ្សព្វផ្សាយ​ស្វែងរក​បុគ្គលិក​បម្រើ​ការងារ​តាម​បណ្ដាញ​សង្គម។ ក្រុម​អ្នក​ប្រកាស​ស្វែងរក​បុគ្គលិក​តាម​បណ្ដាញ​សង្គម​ឱ្យ​ក្រុមហ៊ុន​ឆបោក ហាក់​បង្ហាញ​ពី​ការ​ធ្វើ​ការងារ​បែប​ងាយ​ស្រួល​ដោយ​គ្រាន់​តែ​ឆាត​ទាក់ទង (Add Contact) ភ្ញៀវ​បរទេស​នៅ​ជុំវិញ​ពិភព​លោក ដើម្បី​ណែនាំ​ឱ្យ​ទាក់ទង​ថៅកែ​ធំ​ជា​ជនជាតិ​ចិន ហើយ​អាច​រក​ប្រាក់​ចំណូល​ប្រចាំ​ខែ ១ពាន់​ដុល្លារ។

ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​បាន​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន​អនឡាញ​ភាគច្រើន​ដឹង​អំពី​ការ​ប្រឈម​មុខ​ការ​ចុះ​បង្ក្រាប​របស់​សមត្ថកិច្ច ប៉ុន្តែ​ពួកគេ​មួយ​ចំនួន​នៅ​តែ​បន្ត​ធ្វើ​ការងារ​លើ​វិស័យ​នេះ ដ្បិត​ការងារ​ប្រភេទ​ឆបោក​តាម​អនឡាញ​អាច​ងាយស្រួល និង​រក​ចំណូល​បាន​ច្រើន​ជាង​ការងារ​ក្នុង​ស្រុក​មួយ​ចំនួន។

អ្នក​កំពុង​ធ្វើ​ការងារ​ឱ្យ​ក្រុមហ៊ុន​អនឡាញ​នៅ​ខេត្តព្រះសីហនុ​ដែល​អ្នកនិពន្ធ​ដាក់​ឈ្មោះ​ថា ធន់ ចិន្តា ដោយសារ​តែ​ព្រួយបារម្ភ​ពី​បញ្ហា​សុវត្ថិភាព បាន​ទម្លាយ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ប្រភេទ​ការងារ​អនឡាញ​នៅ​ទីក្រុង​ព្រះសីហនុ​ភាគច្រើន​មាន​ថៅកែ​គ្រប់គ្រង​ជា​ជនជាតិ​ចិន ហើយ​គ្មាន​ឈ្មោះ​ក្រុមហ៊ុន​ជាក់លាក់​នោះ​ទេ និង​តែង​ផ្លាស់ប្ដូរ​ទីតាំង​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង។ ចំណែក បុគ្គលិក​វិញ​ធ្វើ​ការ​តាម​អគារ​ដែល​ថៅកែ​ចិន​ជួល។ បុគ្គលិក​ឈ្មោះ ធន់ ចិន្តា រៀបរាប់​ឱ្យ​ដឹង​ទៀត​ថា ការងារ​អនឡាញ ឬ​ការ​ឆាត​ទាក់ទង​ទៅ​កាន់​ភ្ញៀវ (Add Contact) គឺ​ទាក់ទង​អតិថិជន​ជុំវិញ​ពិភព​លោក ហើយ​ការ​និយាយ​ទៅ​កាន់​ភ្ញៀវ​បរទេស ថៅកែ ឬ​អ្នកគ្រប់គ្រង​គឺ​ជា​អ្នក​រៀប​ចំ​អត្ថបទ​ក្នុង​ការ​សន្ទនា​រួច​ជា​ស្រេច។ បុគ្គលិក​រូប​នោះ​ពន្យល់​ថា ការ​ឆបោក​តាម​អនឡាញ បែងចែក​ជា​ពីរ​ដំណាក់​កាលធំៗ។

ដំណាល​កាល​ទីមួយ សម្រាប់​ពលរដ្ឋ​ខ្មែរ​ភាគច្រើន ថៅកែ​តម្រូវ​ឱ្យ​ស្វែង​រក​ភ្ញៀវ​បរទេស​នៅ​តាម​បណ្ដា​ប្រទេស​នានា​ចំនួន ២០នាក់ ឬ​ច្រើន​ជាង​នេះ ដើម្បី​ល្បួង​លួង​ភ្ញៀវ​បរទេស ទាក់ទង​បន្ត​ទៅ​កាន់​ថៅកែ​ធំ ដែល​ជា​អ្នក​គ្រប់គ្រង ឬ​ហៅ​ថា ឃៀលលើ (Killer)។ ចំណែក​ដំណាក់​កាល​ទី​ពីរ​នោះ អ្នក​គ្រប់គ្រង​មាន​តួនាទី​ល្បួង​លួង​ភ្ញៀវ​បរទេស​ឱ្យ​ដាក់​លុយ​ជាមួយ​ក្រុមហ៊ុន។ លោក​បញ្ជាក់​ថា អ្នក​គ្រប់គ្រង​ធ្វើការ​នៅ​ទីតាំង​ផ្សេង​ទៀត ដែល​ភាគ​ច្រើន​នៅ​តាម​អគារ​កាស៊ីណូ​ធំៗ ហើយ​ពួក​គេ​រង​ការ​រឹតត្បិត​សេរីភាព​ផ្ទាល់​ខ្លួន។

«បើ​អ្នក​ឃៀល(Killer)នៅ​កាស៊ីណូ បើ​កន្លែង​ខ្ញុំ​នៅ មិនមែន​ហៅ​កាស៊ីណូ​ទេ គេ​ហៅ​តែ​អគារ​គេ​ធ្វើ​ការ ដូច​អគារ​គេ​ជួល​ឱ្យ​មនុស្ស​ដេក​អ៊ីចឹង។ អ្នក​ឃៀល(Killer)បាន​គេ​ហៅ​ថា កាស៊ីណូ រក​ភ្ញៀវ​ប៉ិន​បោក វា​ខុសច្បាប់​ដូច​តែ​គ្នា​ហ្នឹង។ ខ្ញុំ​នៅ​ជាយៗ ភាគ​ច្រើន​ប៉ូលិស​អត់​សូវ​ដែល​មក​រញ៉េរញ៉ៃ​ទេ»។

ការ​លើកឡើង​របស់​បុគ្គលិក ធន់ ចិន្តា ហាក់​ស៊ីសង្វាក់​នឹង​អតីត​បុគ្គលិក​ធ្លាប់​បម្រើ​ការងារ​អនឡាញ​នៅ​ភ្នំបូកគោ​ម្នាក់ទៀត​ដែល​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អ្នក​គ្រប់គ្រង នោះ​មាន​តួនាទី​ល្បួង​ឱ្យ​ភ្ញៀវ​បរទេស​ដែល​បុគ្គលិក​រក​បាន ដើម្បី​និយាយ​ឱ្យ​ភ្ញៀវ​ផ្ញើ​គណនី​ធនាគារ​ក្នុង​ការ​បញ្ជា​ទិញ​ទំនិញ​ខ្យល់ និង​បញ្ចុះបញ្ចូល ដាក់​លុយ​សម្រាប់​ការ​វិនិយោគ​ក្លែងក្លាយ។

ធន់ ចិន្តា៖«ឆាត(Chat)ជាមួយ​ភ្ញៀវ​ទាក់ទង ដើម្បី​ភ្ញៀវ​និយាយ​អំពី​រឿង​ដក​ដាក់​លុយ ឬ​ក៏​ទិញ​អីវ៉ាន់​បោកប្រាស់ របៀប​បោក​បញ្ឆោត។ ប៉ុន្តែ អា​ហ្នឹង​គាត់[បុគ្គលិក​ជនបរទេស]ជា​ខ្សែ​របស់​គាត់​ដូច​ជា​ក្រុមការងារ(Team Work)របស់​គាត់​ពី​របៀប​ធ្វើការ​បោកប្រាស់ របៀប​ធ្វើ​ជា​អ្នក​ជំនួយ​ការ​ទិញ​អីវ៉ាន់​ខ្យល់»។

អគារ​ក្រុមហ៊ុន​ឆបោក​តាម​អនឡាញ​ភាគច្រើន​មាន​សន្តិសុខ​យាមកាម​តឹងរ៉ឹង ខណៈ​ទីតាំង​នៃ​អគារ​ខ្លះ ថែម​ទាំង​មាន​សមត្ថកិច្ច​យាមកាម​តាម​ខ្លោងទ្វារ​ចេញ​ចូល​នៃ​អគារ​ទៀត​ផង។ ក្រុមហ៊ុន​ឆបោក​តាម​អនឡាញ​តែង​ចល័ត ទីតាំង​ដូចជា​នៅ​ខេត្តព្រះសីហនុ កណ្ដាល ក្រុងបាវិត ខេត្តស្វាយរៀង ទីក្រុង​ប៉ោយបែត និង​នៅ​រាជធានី​ភ្នំពេញ​ជា​ដើម។ នេះ​បើ​យោង​តាម​អតីត​បុគ្គលិក​ធ្លាប់​ធ្វើ​ការ​ក្នុង​មជ្ឈមណ្ឌល​ទីក្រុង​ហេងហេង នៅ​ក្រុង​បាវិត​ដែល​បាន​រាយការណ៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី។ ប្រភេទ​ក្រុមហ៊ុន​អនឡាញ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា កាល​ពី​អំឡុង​ខែសីហា ឆ្នាំ២០២២ កន្លង​មក ហាក់​ស្ងប់ស្ងាត់​ម្ដង​ហើយ បន្ទាប់​ពី​អតីត​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង ដាក់​បទ​បញ្ជា​រឹត​បន្តឹង​ផ្នែក​សន្តិសុខ ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​ជួញដូរ និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ។ ប៉ុន្តែ នា​រយៈពេល​ចុងក្រោយ​នេះ ក្រុមហ៊ុន​មួយ​ចំនួន​នៅ​តែ​បន្ត​ដំណើរ​ការ និង​ប្រកាស​ស្វែងរក​បុគ្គលិក​ជា​បន្ត​បន្ទាប់។

វិទ្យុ​អាស៊ី​សេរី​បាន​ទាក់ទង​អ្នក​ប្រកាស​ស្វែង​រក​បុគ្គលិក​បម្រើ​ការ​តាម​អនឡាញ​មួយ​ចំនួន ដោយ​ភាគ​ច្រើន​ពួក​គេ​និយាយ​ថា ជា​ប្រភេទ​ការងារ​ទាក់ទង និង​ឆ្លើយ​តប​ឆាត (Chat) ជា​មួយ​ភ្ញៀវ។

បុគ្គលិក​កំពុង​បម្រើ​ការងារ​អនឡាញ​នៅ​ខេត្តព្រះសីហនុ បុគ្គលិក ធន់ ចិន្តា ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ទៀត​ថា ថៅកែ​ជនជាតិ​ចិន​កម្រ​មិន​បើក​ប្រាក់​ខែ​ឱ្យ​បុគ្គលិក​ខ្មែរ ហើយ​ក្រុម​ថៅកែ​ពុំ​ហ៊ាន​យក​បុគ្គលិក​ខ្មែរ​បង្ខាំង​ធ្វើ​ទារុណកម្ម​នោះ​ទេ ដ្បិត​ក្រុម​ថៅកែ​ទាំង​នោះ​ភ័យ​ខ្លាច​បុគ្គលិក​ខ្មែរ​ផ្សេង​ទៀត​រាយការណ៍​ប្រាប់​សមត្ថកិច្ច។ បុគ្គលិក​រូប​នោះ បញ្ជាក់​ទៀត​ថា បុគ្គលិក​ជា​ជនជាតិ​ចិន ឬ​បុគ្គលិក​បរទេស​ផ្សេង​ទៀត​ត្រូវ​បាន​ថៅកែ​ចាប់​ឃុំឃាំង​ធ្វើ​ទារុណកម្ម ដោយសារ​តែ​ពួក​គេ​ភាគ​ច្រើន​ជំពាក់​បំណុល​ថៅកែ​យក​លុយ​ទៅ​លេងល្បែង ហើយ​ត្រូវ​បាន​ថៅកែ​បង្ខំ​ឱ្យ​រក​លុយ​តាមរយៈ​ការ​ស្វែង​រក​ភ្ញៀវ​តាម​អនឡាញ​ឱ្យ​ក្រុមហ៊ុន។

បុគ្គលិក ធន់ ចិន្តា ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​បុគ្គលិក​បរទេស​មិន​អាច​រក​លុយ​សង​ថៅកែ ពួកគេ​មួយ​ចំនួន បាន​សម្រេច​ធ្វើ​អត្តឃាត​ខ្លួនឯង​ក្នុង​រូបភាព​ផ្សេងៗ។ បុគ្គលិក ធន់ ចិន្តា អះអាង​ថា ជនបរទេស​ដែល​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​ដោយ​ខ្លួនឯង​តាមរយៈ​ការ​លោត​សម្លាប់​ខ្លួន​ពី​លើ​អគារ ក្នុង​ករណី​ខ្លះ​អាច​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ព្រោះ​ពួកគេ​មិន​អាច​ទ្រាំទ្រ​នឹង​ការ​ឈឺចាប់​ដោយសារ​តែ​ទទួល​រង​ការ​ធ្វើ​ទារុណកម្ម។

បុគ្គលិក ធន់ ចិន្តា៖«បើ​ដឹង​ហែង​ចង់​លួច​ចេញ​ដឹង​តែ​ងាប់​ប៉ុន​វា​ហើយ។ បើ​វា​ចាប់​បាន​ម្ដង​ហើយ​ថា ចិន​ហ្នឹង​ចង់​លួច​ចេញ​អ៊ីចឹង វា​អត់​ទុក​យូរ​ទេ​វា​ឃុំឃាំង​យក​ហ្មង ខ្សែ​គ្នា​វា អ្នក​ស្គាល់​អី​ក៏​វា​ធ្វើ​ដែរ ហើយ​បន្ទប់​ឃុំឃាំង​គ្នា​វា​ពីរ​នាក់ បន្ទប់​ងងឹត​ស្លុង ស្រែក​ម៉េច​ក៏​មិន​ឮ​ដែរ បន្ទប់​គេ​មិន​ដឹង​ធ្វើ​ពី​ស្អី​ទេ ស្រែក​ម៉េច​ស្រែក​ទៅ។ ចិន​គ្នា​វា​ពាក់​តែ​លីអូ​ទេ​បន្ទប់​ងងឹត​ស្លុង ឃុំ​ទុក​នៅ​ហ្នឹង​យក​បាយ​ឱ្យ​ហូប​រហូត​ហ្នឹង ប៉ុន្តែ យើង​អត់​ហ៊ាន​និយាយ​ដែរ​ហ្នឹង​បើ​ចេញ​ចង់​លួច​រត់​ដាក់​ឃុំឃាំង​ហើយ។ ចិន​ខ្លះ​វា​ឈឺ​ចិត្ត​ពេក​វា​លោត​ពី​លើ​អគារ​មក​ងាប់​ក៏​មាន លក្ខណៈ​ថា ជីវិត​វា​អត់​មាន​ន័យ​ខ្ចី​គេ​ក៏​ច្រើន នៅ​ក៏​អត់​ស្រួល​ទៀត​វា​មាន​តែ​បញ្ចប់​ជីវិត​វា»។

ទាក់ទង​នឹង​រឿង​នេះ​ដែរ ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​កាល​ពី​ចុង​ខែធ្នូ ឆ្នាំ២០២៣ ប្រកាស​ថា មាន​ជនជាតិ​ថៃ​ជា​ច្រើន​នាក់​បាន​ចាញ់​បោក​ការ​បញ្ឆោត​លួងលោម​នៃ​បណ្ដាញ​ទំនាក់ទំនង​ក្រុមហ៊ុន ឬ (Call Center) បញ្ចុះបញ្ចូល​ជនជាតិ​ថៃ​ថា មាន​ការងារ​អាច​មាន​ចំណូល​ខ្ពស់​នៅ​កម្ពុជា ប៉ុន្តែ​នៅ​ពេល​ពួកគេ​មក​ធ្វើ​ជាក់ស្ដែង​មិន​ដូច​នឹង​អ្វី​ក្រុមហ៊ុន​ប្រកាស​នោះ​ទេ។ ស្ថានទូត​ថៃ​ព្រមាន​ដល់ ពលរដ្ឋ​ខ្លួន​ត្រូវ​គិតគូរ​សិក្សា​ឱ្យ​បាន​ច្បាស់​មុន​នឹង​សម្រេច​ចិត្ត​មក​ធ្វើការ​នៅ​កម្ពុជា។

កម្ពុជា​បាន​ស្ថិត​ក្នុង​បញ្ជី​នៃ​ការ​តាមដាន​របស់​អាមេរិក ២ឆ្នាំ​ចុងក្រោយ​នេះ ​ក្នុង​ចំណោម​ប្រទេស​មាន​ស្ថាន​ភាព​អាក្រក់ ​នៃ​អំពើ​ជួញដូរ​មនុស្ស។ ទន្ទឹង​គ្នា​នេះ អង្គការ​សហប្រជាជាតិ (UN) រក​ឃើញ​ថា មនុស្ស​ប្រមាណ ១សែន​នាក់ ​កំពុង​រងគ្រោះ​នពី​ការ​បង្ខំ​ឱ្យ​បម្រើ​ការងារ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។ របាយការណ៍​អង្គការ​សហប្រជាជាតិ​បង្ហាញ​ថា នៅ​ទូទាំង​សកលលោក អំពើ​ឆបោក​តាម​អនឡាញ អាច​រក​ចំណូល​បាន​ប្រមាណ ៧ពាន់ ៨រយ​លាន​ដុល្លារ (៧,៨ ប៊ីលាន​ដុល្លារ) ខណៈ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ អំពើ​ឆបោក​តាម​អនឡាញ អាច​រក​បាន​ចំណូល​រាប់ពាន់​លាន​ដុល្លារ។

ពាក់ព័ន្ធ​បញ្ហា​នេះ វិទ្យុអាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង និង​ស្នងការ​នគរបាល​ខេត្តព្រះសីហនុ លោក ស រដ្ឋា ដើម្បី​សាកសួរ​អំពី​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៥ ខែមករា។

ប្រធាន​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តប្រវេសន៍ នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា មើល​ឃើញ​ថា សមត្ថកិច្ច​កម្ពុជា​ហាក់​មិន​បាន​ខ្នះខ្នែង​ក្នុង​ប្រតិបត្តិការ​ស្វែង​រក​ជន​រងគ្រោះ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​សហប្រជាជាតិ​ដែល​រក​ឃើញ​មនុស្ស​ប្រមាណ ១សែន​នាក់​កំពុង​រង​គ្រោះ​ពី​ការ​បង្ខំ​ឱ្យ​ធ្វើ​ការងារ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​នោះ​ទេ។ លោក​ពន្យល់​ថា អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ គឺជា​ធាតុ​ផ្សំ​មួយ​ក្នុង​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស​ដែរ។ ប៉ុន្តែ​លោក​ថា ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ អាច​គ្រោះថ្នាក់ និង​គួរ​ឱ្យ​ព្រួយបារម្ភ​ជាង​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ដោយសារ​ក្រុម​បណ្ដាញ​ក្រុមហ៊ុន​ឆបោក​អាច​មាន​មធ្យោបាយ ឬ​បច្ចេកវិទ្យា​ទំនើប និង​យុទ្ធសាស្ត្រ​ខ្ពស់​ក្នុង​ការ​ឆបោក​មនុស្ស​ឆ្លង​ដែន។

លោក ឌី ថេហូយ៉ា៖«ការ​ជួញដូរ​មនុស្ស​តាម​ប្រព័ន្ធ​អនឡាញ ពួក​នេះ​ពូកែ​ឆបោក​តាម​ការ​ទំនាក់ទំនង​នាំ​យក​មនុស្ស​ពី​ឆ្លងដែន​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ហើយ​ជា​ទូទៅ​រូបភាព​នៃ​អំពើ​ជួញដូរ​មនុស្ស​តាម​អនឡាញ​នេះ វា​ជា​សកម្មភាព​មួយ ដែល​បង្ខិតបង្ខាំង ជា​ទូទៅ​ច្រើន​យក​មក​ដាក់​មួយ​កន្តុប​កន្លែង​ណា គឺ​ចាក់​សោ បិទ​របង​ឱ្យ​នៅ​តែ​ក្នុង​រង្វង់​ហ្នឹង។ យើង​ចង់​ឃើញ​ពី​ប្រសិទ្ធភាព ហើយ​បើ​ការងារ​ហ្នឹង​ត្រូវ​ធ្វើ គឺ​ធ្វើ​ដោយ​តម្លាភាព​មាន​ន័យ​ថា កុំ​ចេះ​តែ​និយាយ ហើយ​យើង​ចូលរួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ ដែល​ធ្វើ​ការ​លើ​វិស័យ​ហ្នឹង​បង្ហាញ​ពី​សកម្មភាព​ឱ្យ​ច្បាស់លាស់​ថា យើង​ពិត​ជា​ធ្វើ​មែន»។

លោក ឌី ថេហូយ៉ា លើកឡើង​ថា បើ​សមត្ថកិច្ច​គ្មាន​ឆន្ទៈ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ឆបោក​តាម​អនឡាញ និង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ប្រកប​ដោយ​តម្លាភាព​នោះ​ទេ នោះ​ប្រទេស​ក្នុង​តំបន់ និង​សហគមន៍​អន្តរជាតិ​នឹង​សម្លឹង​ឃើញ​ថា កម្ពុជា​ជា​ប្រទេស​គ្មាន​សន្តិសុខ សុវត្ថិភាព។ លោក​ព្រមាន​ថា ការណ៍​នេះ​នឹង​ជះ​ឥទ្ធិពល​លើ​វិស័យ​សេដ្ឋកិច្ច និង​ការ​វិនិយោគ​នៅ​កម្ពុជា​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។