ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ប្រជាពលរដ្ឋខ្មែរ អ្នកនយោបាយ និងមន្ត្រីរាជការនាំគ្នាបួសសួងទេវតាឆ្នាំថ្មីរៀងៗខ្លួន។ អ្នកវិភាគថា ការបួងសួងជាពាក្យពោលឱ្យធូរស្រាលក្នុងចិត្ត និងបានផ្ដល់ជំនឿចិត្តដល់ពួកគេ។ តែទោះជាយ៉ាងណា ពួកគេរំពឹងថា ការបួងសួងរបស់ពួកគេ នឹងបានឮដល់ថ្នាក់ដឹកនាំ និងសម្រេចពីសេចក្ដីប៉ងប្រាថ្នារបស់ពួកគេ។
ឆ្នាំចាស់បានកន្លងផុតទៅ ឆ្នាំថ្មីបានចូលមកដល់ ប៉ុន្តែវិបត្តិសេដ្ឋកិច្ច នយោបាយ និងបំណុលធនាគារ ដែលបន្សល់ទុកពីឆ្នាំចាស់ នៅតែជាចំណង ដែលប្រជាពលរដ្ឋ និងអ្នកនយោបាយត្រូវប្រឈមនៅឆ្នាំថ្មីនេះ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ប្រជាពលរដ្ឋ សង្គមស៊ីវិល និងអ្នកនយោបាយបានបួងសួងស្រដៀងៗគ្នា។
ពលរដ្ឋរស់នៅខេត្តព្រះវិហារ ដែលមានទំនាស់ដីធ្លីជាមួយអ្នកមានអំណាច គឺលោកស្រី ឡិង ហ៊ួ បន់ស្រន់សូមឱ្យទេវតាឆ្នាំថ្មី តាមជួយថែរក្សាការពារក្រុមគ្រួសារលោកស្រី ជាពិសេសជួយបន្ទន់ចិត្តមេដឹកនាំ ឱ្យគិតពីសុខទុក្ខប្រជាពលរដ្ឋ និងជួយដោះស្រាយបញ្ចប់បញ្ហាវិវាទដីធ្លីជូនពលរដ្ឋ។
លោកស្រី ឡិង ហ៊ួ៖ «ឱ្យទេវតាឆ្នាំថ្មីជួយថែរក្សាកូនចៅ ឱ្យសល់ដីសល់ធ្លី។ សូមឱ្យសល់ដីឱ្យប្រជាជនធ្វើស្រែធ្វើចម្ការនេះឯង»។
ចំណែកឯកម្មកររោងចក្រវិញ ពួកគេមានការបួងសួងដូចៗ គ្នាទៅនឹងជីវភាពការរស់នៅរបស់ពួកគេដែលអាស្រ័យទៅលើប្រព័ន្ធអនុគ្រោះពន្ធពីសហគមន៍អឺរ៉ុប។
ប្រធានសហជីពស្មារតីកម្មករកម្ពុជានៅក្រុមហ៊ុនសិនតៃ លោក កឹម សុភេន បួងសួងសុំឱ្យទេវតាឆ្នាំថ្មី ជួយឱ្យអ្នកនយោបាយលះបង់លេចក្ដីលោភលន់ ចរិតមានះ និងចូលតុចរចាគ្នា ដើម្បីបញ្ចប់ជម្លោះនយោបាយ ដែលបានរាលដាលធ្វើឱ្យកម្មកររាប់ម៉ឺននាក់បាត់បង់ការងារ។
លោក កឹម សុភេន៖ «សូមទេវតាឆ្នាំថ្មី ធ្វើយ៉ាងម៉េចឱ្យមេដឹកនាំយើងគិតគូឡើងវិញ សម្រាប់ការនិយាយគ្នា ជជែកគ្នា ចៀសវាងការប្រើហិង្សាចង់ឈ្នះចង់ចាញ់គ្នា វាគ្មានអ្វីចំណេញដល់ប្រទេសកម្ពុជាយើងទេ»។
មិនខុសពីប្រជាពលរដ្ឋដែលស្វែងរកទីពឹងផ្លូវចិត្តតាមជំនឿសាសនានោះទេ សូម្បីគណបក្សនយោបាយក៏បានបួងសួងដែរ។
តាមរយៈលិខិតជូនពររបស់គណបក្សភ្លើងទៀន នៅថ្ងៃទី១២ ខែមេសា ដែលចុះហត្ថលេខាដោយប្រធានគណបក្ស លោក ទាវ វណ្ណុល បានបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី ឱ្យជួយថែរក្សាកម្ពុជា ជួបប្រទះនូវសុខសន្តិភាពពិតប្រាកដ បញ្ចប់នូវជម្លោះនយោបាយ តាមរយៈវប្បធម៌សន្ទនា និងឆ្ពោះទៅរកឯកភាពជាតិ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សពិតប្រាកដ។
ការបួងសួងរបស់គណបក្សភ្លើងទៀនធ្វើឡើងក្នុងបរិបទនយោបាយ ហាក់មានភាពតានតឹង ដោយសារថ្នាក់ដឹកនាំគណបក្សនេះ បានប្រឈមមុខនឹងការវាយប្រហារដោយវិធីខ្មៅងងឹត ដូចជាការចូលទៅលួចស្ដាប់ការសន្ទនាឯកជនតាមទូរស័ព្ទ និងរងការចោទប្រកាន់តាមផ្លូវតុលាការជាដើម។
មិនខុសពីគណបក្សប្រឆាំងនោះទេ ថ្នាក់ដឹកនាំគណបក្សកាន់អំណាចក៏បានបួងសួងដែរ។
លោក ហ៊ុន សែន បាននាំប្រពន្ធ និងកូនចៅរបស់លោកមកចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅថ្ងៃទី១៤ ខែមេសា និងបានអុជធូប ទៀនបួងសួងទេវតាឆ្នាំថ្មី “ព្រះនាមកិមិរាទេវី” ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន និងបណ្ដែតគោមទឹកនៅមុខប្រាសាទអង្គរវត្ត ដើម្បីជម្រុះនូវឧបទ្រពចង្រៃទាំងពួងចោល និងនាំមកនូវសេចក្ដីសុខ ព្រមទាំងលាភសំណាងដល់ប្រជាពលរដ្ឋទាំងអស់។
ទោះជាយ៉ាងណា ការបួងសួងសុំពរជ័យពីទេវតារបស់លោក ហ៊ុន សែន ប្រហែលមានភាពស័ក្ដិសិទ្ធិចំពោះតែក្រុមគ្រួសារ និងមន្ត្រី របស់លោកប៉ុណ្ណោះទេ ព្រោះបើសង្កេតមើលទៅលើជីវភាពរស់នៅរបស់ក្រុមគ្រួសារ លោក ហ៊ុន សែន និងមន្ត្រីគ្រាកៗដែលស្និទ្ធនឹងលោករស់នៅយ៉ាងមានក្ដីសុខ គឺមានភាពខុសគ្នាឆ្ងាយ នឹងប្រជាពលរដ្ឋភាគច្រើនដែលរកមួយថ្ងៃសម្រាប់មួយថ្ងៃ។
ជុំវិញរឿងនេះ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី យល់ឃើញថា ការបួងសួងរបស់ប្រជាពលរដ្ឋ គឺជាពាក្យពោលឱ្យធូរស្រាលក្នុងចិត្ត ដើម្បីផ្ដល់ជំនឿចិត្តដល់ពួកគេ។ លោករំពឹងថា ការបួងសួងរបស់ប្រជាពលរដ្ឋ នឹងបានឮដល់ថ្នាក់ដឹកនាំ និងសម្រេចពីសេចក្ដីប៉ងប្រាថ្នារបស់ពួកគេ។
លោក មាស នី៖ «វិបត្តិនយោបាយក្រោយឆ្នាំ២០១៨មកហ្នឹង យើងឃើញថា ទំនាស់វិវាទនៃនយោបាយ នៅក្នុងប្រទេសកម្ពុជា យើងនៅតែដោះស្រាយមិនទាន់រួច ហើយភាពបែកបាក់គ្នានៃសង្គមខ្មែរយើងហ្នឹង នៅតែបន្តកើតមាន។ អ៊ីចឹងរឿងដែលសំខាន់បំផុតហ្នឹងរដ្ឋាភិបាលបច្ចុប្បន្នត្រូវមានតួនាទីចុងក្រោយមួយដើម្បីបំពេញកាតព្វកិច្ចដែលនាំមកអ្វីដែលជាការឯកភាពជាតិ និងសាមគ្គីភាព»។
ទោះជាយ៉ាងណា ការបួងសួងសុំពរជ័យ និងការជួយសង្គ្រោះពីទេវតាឆ្នាំថ្មី អាចជាវិធីមួយដែលផ្ដល់ក្ដីសង្ឃឹម ឬទីពឹងក្នុងចិត្ត និងធ្វើឱ្យមេដឹកនាំយល់ពីសេចក្ដីប៉ងប្រាថ្នារបស់ពលរដ្ឋ។ ប៉ុន្តែដំណោះស្រាយដែលល្អប្រសើរជាងការបួងសួងសម្រាប់ពលរដ្ឋ នោះគឺការបោះឆ្នោតជ្រើសរើសមេដឹកនាំដែលមានសមត្ថភាពដែលអាចដោះស្រាយបញ្ហាប្រទេសជាតិ និងស្ដារប្រជាធិបតេយ្យឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។