ពលករធ្វើការនៅប្រទេសថៃចោទប្រកាន់ អាជ្ញាធរច្រកអន្តរជាតិដូងនៅខេត្តបាត់ដំបងថា ជំរិតទារប្រាក់ពួកគាត់ពេលឆ្លងដែន។ សង្គមស៊ីវិលយល់ថា នេះជាបញ្ហាកើតឡើងដដែលៗ ដោយសារតែ រដ្ឋាភិបាលគ្មានចំណាត់ការជាក់លាក់ក្នុងការបង្ក្រាបអំពើពុករលួយ ដែលចាក់ឫសយ៉ាងរឹងមាំនៅតាមច្រកព្រំដែន។
ពលករខ្មែរធ្វើការនៅខេត្តឈុនបុរី (ChounBury) ប្រទេសថៃ លើកឡើងថា អាជ្ញាធរទាំងថៃ និងខ្មែរនៅច្រកព្រំដែនអន្តរជាតិដូង (ឡែម) ក្នុងខេត្តបាត់ដំបង បានជំរិតទារប្រាក់ដោយខុសច្បាប់ពីពលករឆ្លងព្រំដែន។ ពលករថា ពួកគេអស់ជំនឿសម្រាប់មន្ត្រីច្រកអន្តរជាតិដូង ដែលមិនបានបំពេញតួនាទីបម្រើពលរដ្ឋក្រីក្រដែលទៅរកការងារធ្វើនៅក្រៅប្រទេសរកប្រាក់ចិញ្ចឹមជីវិត។
ពលករខ្មែរធ្វើការនៅខេត្តឈុនបុរី លោក ដាំ សុធី ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី៩ ខែតុលាថា លោកឈឺចាប់ដែលអាជ្ញាធរនៅតំបន់ព្រំដែនជំរិតទារប្រាក់ពីលោក ដែលខំប្រឹងរកទាំងយប់ថ្ងៃ ដើម្បីរកប្រាក់មកដោះស្រាយជីវភាពគ្រួសារ។ លោកបន្តថា ការចំណាយប្រចាំថ្ងៃ គឺលោកចាយវាយត្បិតត្បៀត បែរជា ត្រូវមន្ត្រីច្រកឃុបឃិតគ្នា ជំរិតទារប្រាក់ដោយមិនមានការអៀនខ្មាស។
លោក ដាំ សុធី អះអាងថា អាជ្ញាធរព្រំដែនបានទារប្រាក់ពីលោក ១ពាន់៦រយបាត (១,៦០០) ក្នុងពេលដែលលោកឆ្លងដែនទៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិដូង (ឡែម) កាលពីថ្ងៃទី៨ ខែតុលា។ លោក ដាំ សុធី បញ្ជាក់ថា កន្លងមក លោកចំណាយត្រឹមតែ ១០បាត ស្នើនឹង១ពាន់៣រយរៀល (១,៣០០៛) ប៉ុណ្ណោះ ដើម្បីឆ្លងព្រំដែននៅច្រកអន្តរជាតិដូង (ឡែម)៖ « គឺវាអត់សម! ណាមួយយើងធ្វើប៉ាសស្ព័រ (Passport) មានគ្រប់គ្រាន់អស់ហើយ យើងត្រូវទិញសំបុត្របើសិនណាចំណែកផ្លូវឡែម (ច្រកដូង) យើងត្រូវទិញសំបុត្រតែ១០បាត យើងដើរចូលបានហើយបង។ តែអានេះ វាខុសពីមុន គឺសម្រាប់ចំណាប់អារម្មណ៍របស់ប្អូន គឺអត់សមទេបង មិនមែនតែប្អូនទេ ដែលថាអ្នកមិនសម វាទូទាំងដែលខ្ញុំជួបម្សិលមិញ តែគេថា អត់ហ៊ានប្រកែក អត់ហ៊ានរអ៊ូទេ។ ពេលប្អូនផ្អែកប្អូនតវ៉ានឹងគេ គេថា គេនឹងដេញប្អូនចេញ ចេញពីក្រុម ដើម្បីអោយទៅក្រោយទៀត។ ទៅអ្នកដែលគ្នាទៅនេះ គេប្រាប់ប្អូនថា យើងមិនបាច់តវ៉ា មិនបាច់អីនឹងគេទេ អោយគេប៉ុននេះ គេយកអោយៗទៅ អោយតែយើងបានឡើងដល់ថៃ អ៊ីចឹងណាបង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីប៉ុស្តិ៍ច្រកអន្តរជាតិដូង (ច្រកឡែម) លោក ផាត់ វិរៈ និងអភិបាលខេត្តបាត់ដំបងលោក សុខ លូ ដើម្បីអត្ថាធិប្បាយ ជុំវិញរឿងនេះបានទេ កាលពីថ្ងៃទី៩ ខែតុលា ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល ។ ប៉ុន្តែកាលពីថ្ងៃទី២២ ខែកក្កដា ក៏មានពលរដ្ឋបង្ហោះសារតាមបណ្ដាញសង្គមហ្វេសបុក ទាក់ទងការជំរិតទារប្រាក់ពីពលករឆ្លងដែន តែត្រូវបានការិយាល័យប៉ុស្តិ៍ច្រកព្រំដែនធ្វើការបំភ្លឺ និងចេញលិខិតបដិសេធ នោថ្ងៃទី២៣ ខែកក្កដា។
ជុំវិញរឿងនេះ ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIREA) លោក ឌិន ពុទ្ធី មានប្រសាសន៍ថា មន្ត្រីច្រកទ្វារព្រំដែនមិនត្រូវទារប្រាក់ពីពលរដ្ឋឡើយ ហើយបើសិនជាតម្រូវឱ្យបង់ប្រាក់ សមត្ថកិច្ចក៏ត្រូវមានវិក្ក័យបត្រ បង់ប្រាក់ដែលចេញពីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដែរ។ លោកបន្តថា កន្លងមកអាជ្ញាធរមិនថាខាងថៃ និងអាជ្ញាធរខ្មែរទេ តែងដាក់មនុស្សចាំទារលុយពីពលករ ហើយគ្មានការកែប្រែឡើយ។
លោក ឌិន ពុទ្ធី អះអាងថា ការទារប្រាក់ភាគច្រើនជាជនជាតិខ្មែរ ប៉ុន្តែសម្រាប់ជនបរទេស គឺមន្ត្រីទាំងនោះមិនហ៊ានទាមទារឡើយ។ លោក ឌិន ពុទ្ធី គ្រោងពិភាក្សាជាមួយពលករ និងកម្មករ ដាក់ញត្តិទៅរដ្ឋាភិបាលថៃ និងខ្មែរ ដើម្បីដោះស្រាយបញ្ហានេះ។ លោក ឌិន ពុទ្ធី យល់ថា ថ្នាក់លើមិនមែនមិនដឹងបញ្ហានេះឡើយ ប៉ុន្តែហាក់គ្មានយន្តការច្បាស់លាស់ក្នុងការជួយពលរដ្ឋនៅពេលឆ្លងដែន៖ « គួរតែរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ ពាក់ព័ន្ធអារឿងហ្នឹង បើមិនចាត់ការទេ ជនរងគ្រោះជាពលករ កម្មករ នៅច្រក គ្រប់ច្រកទាំងអស់ គឺបញ្ហាគ្រប់តែគ្នានឹងឯង។ ហើយអ្នកក្រអ្នកលំបាកគ្នារកស៊ី គ្នាចេញចូល គេចាប់ជំរិតយកលុយតាមតែអំពើចិត្ត ហើយមិនដឹងទៅតវ៉ាកន្លែងណាទេ ព្រោះដោយសារពួកគាត់ធ្វើដំណើរផ្លូវឆ្ងាយ វាត្រូវតែគេទារប៉ុន្មានអោយគេទៅអាហ្នឹង គឺអ៊ីចឹងឯង ព្រោះអីគាត់ចង់ទៅដល់គោលដៅរបស់គាត់ ទោះបីចំណាយប៉ុន្មានក៏គាត់អត់គិតដែរ។ ប៉ុន្តែគ្រាន់ថា អានេះ គឺធ្វើបាបពលរដ្ឋខ្លួនឯងហួសហេតុពេកហើយ ហើយរដ្ឋាភិបាលមិនគួរបណ្ដែតបណ្ដោយអ៊ីចឹងទេ ទាំងរដ្ឋាភិបាលថៃ និងកម្ពុជាហ្នឹង»។
កន្លងមក ពលរដ្ឋក្បែរព្រំដែនជាកម្មករ និងពលករនៅខេត្តបាត់ដំបង តែងត្អូញត្អែរ ពីបញ្ហាជីវភាព និងការជំរិតទារប្រាក់ពួកគេពីមន្ត្រីច្រកអន្តរជាតិដូង (ឡែម) ប៉ុន្តែស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ហាក់មិនអើពើ និងរកដំណោះស្រាយសម្រួលដល់ពលករ ចំណាកស្រុកឡើយ។
សង្គមស៊ីវិលយល់ឃើញថា ការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ និងគយនៅតាមច្រកអន្តរជាតិដូង (ឡែម) ព្រំដែនខេត្តបាត់ដំបង ទាំងអាជ្ញាធរថៃ និងខ្មែរ ក្រោមរូបភាពជំរិតទារប្រាក់នៅតាមច្រកព្រំដែននៅតែបន្តកើតឡើង។ លោកថា សកម្មភាពនេះ រឹតតែមានឥទ្ធិពលខ្លាំង និងគ្មានអាជ្ញាធរថ្នាក់ជាតិណាអើពើ ត្រួតពិនិត្យ និងចាត់វិធានការលើមន្ត្រីទាំងនោះបានឡើយ ទោះមានការផ្សព្វផ្សាយតាមសារព័ត៌មានហើយក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។