ពលករ​ខ្មែរ​​ចូល​រួម​​ជា​មួយ​ពលករ​ចម្រុះ​ជាតិ​សាស្ត្រ​រាប់​រយ​នាក់​តវ៉ា​នៅ​ទីក្រុង​បាងកក​ឱ្យ​រដ្ឋាភិបាល​ថៃ​រក្សា GSP

ពលករ​ខ្មែរ​ប្រមាណ ២០នាក់​នៅ​ព្រឹក​ថ្ងៃ​ទី៣ មីនា ចូល​រួម​តវ៉ា​ជា​មួយ​ពលករ​ចម្រុះ​ជាតិ​សាសន៍​នៅ​មុខ​​ទីស្នាក់ការ​កណ្តាល​ប្រចាំ​តំបន់​របស់​អង្គការ​សហប្រជាជាតិ​ នៅក្រុង​បាងកក​ ​​ប្រទេស​ថៃ ​ដើម្បី​ឱ្យ​ជួយ​ជំរុញ​​ទៅ​រដ្ឋាភិបាល​ថៃ​ឱ្យ​គោរព​សិទ្ធិ​ការងារ ដើម្បី​រក្សា​ការ​អនុគ្រោះ​ពន្ធ GSP របស់​សហរដ្ឋ​អាមេរិក។

ក្រុម​អ្នក​តវ៉ា​បាន​ដាក់​ឧបករណ៍​បំពង​សំឡេង​លើក​បដា និង​កាន់​ទង់​ជាតិ​តំណាង​ប្រទេស​នីមួយៗ ឈរ​ស្រែក​តវ៉ា​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​​នៅ​ទីក្រុង​បាងកក ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថៃ​គោរព​សិទ្ធិ​មនុស្ស។

តំណាង​ពលករ​ខ្មែរ​ម្នាក់​ដែល​បាន​ចូល​រួម​តវ៉ា​នៅ​ទីក្រុង​បាងកក​ លោក ស៊ុម សីហា ប្រាប់​អាស៊ី​សេរី​ក្រោយ​ពេល​ចប់​តវ៉ា​ថា​ ការ​តវ៉ា​នេះ​មាន​ពលករ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​៨០០​នាក់ រួម​មាន​​​កម្ពុជា ភូមា លាវ និង​ថៃ​ ចូល​រួម​សម្ដែង​មតិ​យ៉ាង​ពេញលេញ។លោក​បន្ថែម​ថា មូលហេតុ​ដែល​ចូលរួម​តវ៉ា​នៅ​មុខ​ទីស្នាក់ការ​កណ្តាល​ប្រចាំ​តំបន់​របស់​អង្គការ​សហប្រជាជាតិ​ នៅក្រុង​បាងកក​ ​ដោយ​សារ​ពួក​គេ​ជា​ពលករ​ចម្រុះ​ជាតិសាសន៍ ​ហើយ​នាំ​គ្នា​សម្ដែង​មតិ​ដើម្បី​ឱ្យ​ស្ថាប័ន​នេះ​ជួយ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ឱ្យ​គោរព​សិទ្ធិ​ការងារ ដើម្បី​រក្សា​ការ​អនុគ្រោះ​​GSP ទៅ​លើ​ទំនិញ​ដែល​នាំ​ទៅ​លក់​នៅ​សហរដ្ឋអាមេរិក ប្រមាណ​១ពាន់​៣០០​លាន​ដុល្លារ (១.៣០០) អាមេរិក​​ក្នុង​មួយ​ឆ្នាំៗ​ ដើម្បី​ឱ្យ​ពួក​គេ​បាន​ធ្វើ​ការងារ​នៅ​ប្រទេស​នេះ​បន្ត​ទៀត៖ «ប៉ុន្តែ​បើ​សិន​ជា​រដ្ឋាភិបាល​ថៃ​មិន​ព្រម ស្ដារ​សិទ្ធិមនុស្ស​និង​សិទ្ធ​ប្រជាធិបតេយ្យ​ទេ​ គឹ​ហ្នឹង​បន្ត​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ អីចឹង​ហើយ​ ផល​ប៉ះពាល់​គឺ​ពលករ​បរទេស​មាន​ច្រើន​លាន​នាក់​។អីចឹង​ខ្ញុំ​ជឿ​ថា​គេ​មិន​មែន​ដក​កម្មករ​ជនជាតិ​គេ​ទេ​ គេ​ប្រាកដ​ជា​ដក​ពលករ​បរទេស​ហើយ​ គេ​មិន​សុខ​ចិត្ត​ឱ្យ​​ពលរដ្ឋ​ថៃ​បាត់បង់​ការងារ​ទេ​។​នេះ​ហើយ​ជា​បញ្ហា​ប្រឈម​ ហើយ​ស្រប​ពេល​ដែល​កម្ពុជា​​បាត់បង់ EBA និង​បាត់​បង់​ការងារ​ទៀត​ ហើយ​ ពលករ​ខ្មែរ​នៅ​ថៃ​បាត់​បង់​ការ​ងារ​ទៀត​ តើ​ឱ្យ​ពួកគាត់​ទៅ​ធ្វើ​ការ​នៅ​ទី​ណា

លោក​បន្ថែម​ថា ​ប៉ូលិស​ថៃ​​បាន​សម្រួល​ឱ្យ​​ក្រុម​អ្នក​តវ៉ា សម្ដែង​មតិ​រហូត​ដល់​ចប់​កម្មវិធី ដោយ​ពុំ​មាន​ការ​អុកឡុក​រំខាន​ដល់​ពួក​គេ​នោះ​ឡើយ។

ស្រដៀង​គ្នា​នេះ​ដែរ ពលករ​ខ្មែរ​ម្នាក់​ទៀត​ លោក ឆន សុខឿន ថ្លែង​ថា ​ពលករ​ទាំង​អស់​មាន​សិទ្ធិ​សម្ដែង​មតិ​​ពេញលេញ ដោយ​មិន​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​​ឡើយ។ ពលករ​រូប​នេះ បញ្ជាក់​ទៀត​ថា ពួក​គេ​ព្រួយបារម្ភ​ខ្លាច​អត់​ការងារ​ធ្វើ​នៅ​ពេល​សហរដ្ឋអាមេរិក​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP​ ពី​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​២៥​ខែ​មេសា​ខាង​មុខ៖ «គ្រប់​ជាតិ​សាសន៍​ទាំង​អស់​ចូល​រួម​គឺ​យើង​មាន​សិទ្ធិ​ពេញលេញ​បាន​ស្រែក​ដូច​គ្នា​ទាំង​អស់​។ថ្ងៃ​នេះ​ខ្ញុំ​កាន់​ទង់​ជាតិ​ខ្មែរ​និង​បដា​​ផ្សេង​ៗ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ទាម​ទារ​​របស់​ពលករ​។ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយ​ដែរ​ដែល​ខ្ញុំ​រស់​នៅ​ប្រទេស​គេ​ហើយ​មាន​សិទ្ធិ​តវ៉ា​​ខ្លាំង​ជាង​នៅ​ប្រទេស​ខ្មែរ​ទៅ​ទៀត​ ខ្ញុំ​រំភើប​ណាស់​ដែល​ឃើញ​ប្រទេស​គេ​មាន​ប្រជាធិបតេយ្យ​រហូត​ដល់​៩៥​ភាគរយ​បែប​នេះ​​ »

លោក​បន្ថែម​ថា ក្រោយ​ពេល​ពួក​លោក​តវ៉ា​ប្រមាណ ៣ម៉ោង មាន​តំណាង​រដ្ឋាភិបាល​ថៃ​ម្នាក់​ឈ្មោះ​សុផន អថាវង្ស (Sophorn Athavung) បាន​ឡើង​ប្រកាស​នៅ​មុខ​ក្រុម​ពលករ​ដោយ​យល់​ព្រម​ទទួល​សំណើ​របស់​ក្រុម​អ្នក​តវ៉ា ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​របស់​ថៃ នៅ​ចុង​ខែ​មីនា​​ដើម្បី​ពិភាក្សា និង​សម្រេច​ជុំ​វិញ​ការ​ស្នើ​សុំ​របស់​ពលករ​នេះ។

ប្រទេស​ថៃ នាំ​ទំនិញ​ទៅដាក់​លក់​នៅ​សហរដ្ឋអាមេរិក​ ដោយ​រួច​ផុត​ពីកាតព្វកិច្ច​បង់ពន្ធ​ ក្រោម​ប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅ GSP របស់​អាមេរិក គិត​ជា​ទឹក​ប្រាក់​ប្រមាណ​១ពាន់​៣០០​លានដុល្លារ​អាមេរិក​ក្នុងមួយ​ឆ្នាំៗ។​ សហរដ្ឋអាមេរិក​នឹង​ផ្ដាច់ការ​អនុគ្រោះ​​ពន្ធ​នេះ ដោយសារ​រដ្ឋាភិបាល​ថៃ មិន​បាន​គោរព​សិទ្ធិ​ការងារ​ទៅ​លើ​ពលករ​បរទេស​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​​ ដែល​ពួក​គេ​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ ជា​ពិសេស​ពលករ​ធ្វើ​ការងារ​នៅ​លើ​ទូក​នេសាទ​ និង​​ផ្នែក​ឧស្សាហកម្ម​អាហារ​សមុទ្រ ដែល​ថៃ​បាន​ចេញ​ច្បាប់​ការពារ​ដល់​ពួកគេ​រួច​មក​នោះ។

ក្រុម​​អ្នក​តវ៉ា​ទាំង​នោះ ជា​តំណាង​ពលករ​ចម្រុះ​ជាតិសាសន៍​ប្រចាំ​នៅ​តំបន់​ឧស្សាហកម្ម​ក្នុង​ខេត្ត​ជុំ​វិញ​ទីក្រុង​បាងកក ​ដោយ​មាន​ជនជាតិ​ថៃ ដែល​ជា​មេ​សហជីព​​នាំ​ដឹក​នាំ​តវ៉ា។ ក្រុម​ពលករ​បាន​ត្រឡប់​ទៅ​កន្លែង​ធ្វើ​វិញ បន្ទាប់​ពី​តំណាង​មន្ត្រី​រដ្ឋាភិបាល​ថៃ​ចុះ​ជួប​ពួកគេ។ ទោះ​ជា​យ៉ាង​ណា​ក្រុម​អ្នក​តវ៉ា​​នឹង​ប្រមូល​គ្នា​​តវ៉ា​ជាថ្មី​ទៀត​ក្នុង​ឆាប់ៗ ប្រសិន​បើ​រដ្ឋាភិបាល​ថៃ​មិន​បាន​ដោះស្រាយ​តាម​ការ​ស្នើ​សុំ​របស់​ពលករ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។