ក្រុមកម្មករកាត់ដេរជិតមួយពាន់នាក់ បន្តធ្វើកូដកម្មក្នុងរោងចក្រ ឃេនធឹរ៉េន (Canteran Apparel Cambodia) ស្ថិតក្នុងសង្កាត់ចោមចៅ ក្រុងភ្នំពេញ ទាមទារឲ្យថៅកែម៉ាឡេស៊ីកាត់ចិន ទូរទាត់បើកប្រាក់ឈ្នួលឲ្យពួកគេឲ្យគ្រប់ចំនួន តាមច្បាប់ការងារដែលមានចែង។ មន្ត្រីសហជីពយល់ថាទង្វើរបស់និយោជក ដែលពន្យារពេល ហើយបើកផ្ដល់ប្រាក់ឲ្យកម្មករមិនគ្រប់ចំនួនបែបនេះ គឺធ្វើផ្ទុយនឹងច្បាប់។
កម្មករកាត់ដេរនៃរោងចក្រ ឃេនធឹរ៉េន អាផារ៉ែល (Canteran Apparel Cambodia Co., Ltd.) ប្រមាណ ៩៩០នាក់ ផ្ទុះការតវ៉ារឿងនេះ ២ថ្ងៃមកហើយ ក្រោយពីទទួលបានដំណឹងពីរដ្ឋបាលរោងចក្រថា ថៅកែនឹងបើកប្រាក់ត្រឹម ២៥% នៃប្រាក់ឈ្នួលលើកទី១ ឲ្យពួកគេ ឯប្រាក់នៅសល់ ២៥% ទៀតនឹងបើកឲ្យនៅខែបន្ទាប់។
កម្មការិនីផ្នែកដេរម្នាក់ ដែលធ្វើការនៅរោងចក្រនេះ ៦ឆ្នាំ លោកស្រី ស៊ម វត្ថា រៀបរាប់ថា តាមតាមច្បាប់ការងារ គឺតម្រូវថៅកែបើកឲ្យប្រាក់ឈ្នួលឲ្យកម្មករឲ្យទៀងទាត់ ក្នុង ១ខែ ២ដង។ លើកទី១ នៅថ្ងៃទី១៩ ខែមីនា និងលើកទី២ នៅថ្ងៃទី៧ ខែមេសា ប៉ុន្តែថៅកែសុំពន្យារពេលរហូតដល់ថ្ងៃទី២៣ មីនា ហើយថែមទាំងបើកប្រាក់ឲ្យមិនគ្រប់ចំនួនទៀត។
លោកស្រីឲ្យដឹងថា ប្រាក់ខែគោលកម្មករក្នុង ១ខែ គឺបាន ១៩៤ដុល្លារ ដោយត្រូវបើក ២ដង ហើយម្ដងទទួលបាន ៩៧ដុល្លារ ប៉ុន្តែលើកនេះ ថៅកែបើកឲ្យពួកគាត់បានតែ ៤៥ដុល្លារសម្រាប់កម្មករម្នាក់ៗ។ លោកស្រីបន្តថា កម្មករភាគច្រើន រំពឹងលើប្រាក់ខែនេះ ដើម្បីយកដោះស្រាយបញ្ហាជីវភាព និងសងថ្លៃជំពាក់គេ ខណៈដែលប្រទេសមានឆ្លងជំងឺកូវីដ១៩ ធ្វើទំនិញគ្រប់មុខឡើងថ្លៃមួយជាពីរ៖ «ជីវភាពខ្វះខាតចំពោះកម្មករ គឺទី១គាត់ត្រូវបង់រដ្ឋ ដល់ពេលមានជំងឺកូរ៉ូណាហ្នឹង ទំនិញក៏ឡើងថ្លៃ ទី២ថ្លៃផ្ទះជួលគេអត់មានអនុគ្រោះឲ្យ ថ្លៃទឹកភ្លើង ហើយខាងធនាគារ ក៏មិនដឹងថា គេអនុគ្រោះឲ្យដែរអត់ទេ តែកម្មករមានទុក្ខលំបាកច្រើនតែម្ដង។ បើសិនជា ក្រុមហ៊ុននៅតែមិនបើកលុយអ៊ីចឹង គឺប៉ះពាល់ជីវភាពខ្លាំងតែម្ដង។ ជំពាក់គេអីចឹង សងតែគេ ដល់ពេលអស់លុយខ្ចីគេបន្ថែមទៀត ដល់ពេលបើកមកបានតិចតួចមកសងតែគេ។ អ៊ីចឹង ! គឺប៉ះពាល់ខ្លាំងណាស់។ ភាគតិច ចំពោះអ្នកមាន តែចំពោះអ្នកអត់គឺស្លាប់តែម្ដង»។
កម្មការិនីវ័យ ២៦ឆ្នាំរូបនេះ ស្នើដល់ក្រសួងការងារចុះអន្តរាគមន៍ឲ្យថៅកែរោងចក្រ ដាក់ចេញការសន្យាជាមួយកម្មករឲ្យច្បាស់លាស់ ថាខាងរោងចក្រនឹងបើកប្រាក់ឈ្នួលដែលសេសសល់ទាំងអស់ឲ្យកម្មករ ត្រឹមថ្ងៃទី៧ ខែមេសា៖ «ពួកខ្ញុំនេះ ឯកភាពគ្នាថា លុយដែលសល់ ២៥ % ហ្នឹង ទាំងគ្នាហ្នឹងថាបើកនៅថ្ងៃទី៧ តែសូមឲ្យក្រុមហ៊ុន ថៅកែហ្នឹង សូមសន្យាបញ្ជាក់ជាមួយកម្មករទាំងអស់ហ្នឹង ឲ្យជាក់លាក់ ថាថ្ងៃទី៧ កុំឲ្យលើសពួកខ្ញុំអ៊ីចឹងណា៎ ត្រូវឲ្យគោរពតាមច្បាប់ក្រសួង តែថៅកែក្រុមហ៊ុន អត់មានសន្យាទេ។ ឥឡូវ ពួកខ្ញុំធ្វើកូដកម្ម ចូល ២ថ្ងៃ ថ្ងៃហ្នឹងហើយ។ ពួកខ្ញុំសុខចិត្តដាក់លុយទាំងអស់គ្នាទៀតថា កូដកម្មហ្នឹង តាមច្បាប់របស់ក្រសួង គឺដាច់លុយហើយ។ តែពួកខ្ញុំចង់ឲ្យថៅកែក្រុមហ៊ុនសន្យាជាមួយពួកខ្ញុំ លាយលក្ខណ៍ជាអក្សរមានក្រសួង មានតំណាងអ៊ីចឹង»។
អាស៊ីសេរីព្យាយាមទាក់ទងប្រធានរដ្ឋបាលនៃរោងចក្រមួយនេះ លោក លាវ គីមប៊ូ ដើម្បីបកស្រាយរឿងនេះ ប៉ុន្តែលោកមិនលើកទទួលទូរស័ព្ទ។ ចំណែក អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្ម បាតុកម្មគ្រប់មុខសញ្ញា នៃក្រសួងការងារ លោក វង្ស សុវណ្ណ ប្រាប់អាស៊ីសេរីដោយខ្លីថា ខាងមន្ត្រីលោក បានចុះសម្របសម្រួលដោះស្រាយវិវាទការងារហើយ ប៉ុន្តែលោកមិនបានផ្ដល់ព័ត៌មានលំអិត។
កម្មករឲ្យដឹងថា កាលពីថ្ងៃទី២៤ មីនា មានមន្ត្រីដោះស្រាយវិវាទការងារមកពីក្រសួងការងារ ចុះទៅដល់រោងចក្រ ដោយសម្របសម្រួលឲ្យកម្មករព្រមទួលយកប្រាក់ ២៥% ពីថៅកែសិន ហើយរង់ចាំបើកប្រាក់នៅពេលបន្តបន្ទាប់ ដោយគ្មានដាក់ចេញវិធានការជាក់ថា ថៅកែនឹងត្រូវបើកប្រាក់នៅសល់ឲ្យកម្មករនៅពេលនោះទេ។
ក្រុមកម្មករបញ្ជាក់ថា បើមិនមានកិច្ចសន្យាលាយលក្ខណ៍អក្សរជាក់លាក់ពីថៅកែរោងចក្រទេ ពួកគេនឹងបន្តធ្វើកូដកម្មក្នុងរោងចក្រតទៅទៀត។
រោងចក្រកាត់ដេរសំលៀកបំពាក់ ឃេនធឹរ៉េន អាផារ៉ែល (Canteran Apparel Cambodia) គឺមានទីតាំងស្ថិតតាមបណ្ដោយផ្លូវ វេង ស្រេង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយមានកម្មករធ្វើការសរុបជិត ១ពាន់នាក់ (៩៩៥នាក់)។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ការដែលនិយោជកពន្យារពេល ហើយបើកផ្ដល់ប្រាក់ឈ្នួលឲ្យកម្មករមិនគ្រប់ចំនួនបែបនេះ គឺជាទង្វើធ្វើផ្ទុយពីច្បាប់ការងារ ព្រោះការពន្យារពេលបើកប្រាក់ឈ្នួល គឺជាកំហុសផ្នែកច្បាប់មួយ ហើយការបើកប្រាក់មិនគ្រប់ចំនួនឲ្យកម្មករ គឺជាកំហុសមួយទៀត។ លោកលើកឡើងថា ក្នុងស្ថានភាពបែបនេះ គឺធ្វើឲ្យកម្មកររឹតជួបការលំបាកខ្លាំងឡើងៗ ដោយសារតែថៅកែមិនគោរពតាមច្បាប់ការងាររបស់កម្ពុជា៖ «ការដោះស្រាយទី១ គឺអនុវត្តតាមច្បាប់ គឺមានន័យថាគាត់អាចជូនដំណឹងឈប់សម្រាប់ពីរខែទៅ ហើយផ្ដល់ឲ្យកម្មករ ៥០ % បើសិនជាគាត់គ្មានលទ្ធភាព។ បើគាត់ទៅមិនរួចទៀតទេ គឺគាត់អាចប្រកាសបិទក្រុមហ៊ុនហ្នឹង ឬក៏គាត់សុំពន្យារ ១ខែ ២ខែទៅ កម្មករក៏មិនយល់ទាស់អ្វីដែរចំពោះបញ្ហាហ្នឹង។ នៅពេលស្ថានភាពល្អមកវិញ យើងអាចដោះស្រាយបានហើយ។ ប្រសិនបើអត់មានអ្វីឲ្យគាត់ ហើយគាត់នៅតែពិបាកអ៊ីចឹង ខ្ញុំគិតថា វាជារឿងមិនល្អទេ»។
លោក អាត់ ធន់ ស្នើដល់រដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកាបម្រុងណាមួយ ដើម្បីជួយដោះស្រាយផលប៉ះពាល់ភ្លាមៗដល់កម្មករ ដែលត្រូវថៅកែមិនប្រាក់ខែឲ្យ ក្រោមហេតុផ្សេងៗ ដោយយកលេសថាប្រាក់គ្រប់គ្រាន់ ហើយរត់គេចពីការទទួលខុសត្រូវតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។