កម្មករ កម្មការីនីរោងចក្រកាត់ដេរសំលៀកបំពាក់ ឈ្មោះ ឃែនធើរេន អឹភែរឹល ខេមបូឌា (Canteran Apparel Cambodia Co., Ltd.) ជាង ៣០០នាក់ នៅរាជធានីភ្នំពេញ បន្តប្ដូរវេនគ្នាទាំងយប់ទាំងថ្ងៃ ដើម្បីដេកយាមសម្ភារៈនៅខាងមុខរោងចក្រអស់រយៈពេល ១ខែមកហើយ ដោយសារតែថៅកែរោងចក្រមួយនេះ បានរត់ចោលកម្មករ ទាំងមិនបានដោះស្រាយប្រាក់ឈ្នួលជូនពួកគាត់។
ក្រុមកម្មករ ក៏បានបន្តដាក់ញត្តិទៅកាន់ក្រសួងការងារ នៅព្រឹកថ្ងៃទី៣១ ឧសភា នេះទៀត សុំពន្លឿននីតិវិធីដោះស្រាយវិវាទការងារនេះឱ្យបានឆាប់។ ពួកគាត់រិះគន់ថា ក្រសួងការងារហាក់មិនមានឆន្ទៈពិតប្រាកដ ដើម្បីរកយុត្តិធម៌ជូនពួកគាត់នោះទេ ដែលធ្វើឱ្យកម្មកររាប់រយនាក់ប្រឈមនឹងបញ្ហាជីវភាពគ្រួសារ និងបញ្ហាជំពាក់បំណុលធនាគារ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដើម្បីសាកសួរបន្ថែមពីការដាក់ញត្តិរបស់ក្រុមកម្មករទាំងនេះបានទេ នៅថ្ងៃទី៣១ ឧសភា។
កម្មការីម្នាក់លោកស្រី ហឿន អៀម ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃអង្គារនេះថា ចាប់តាំងពីក្រុមថៅកែរោងចក្រ ឃែនធើរេន អឹភែរឹល ខេមបូឌា បានលាឈប់ពីការងារកាលពីចុងខែមេសា ក្រុមកម្មករបាននាំគ្នាដើរថ្មើរជើងពីផ្លូវ វេង ស្រេង ដើម្បីដាក់ញត្តិទៅកាន់ក្រសួងការងារចំនួន ៣ដងហើយ។ ប៉ុន្តែ មកដល់ពេលនេះ លោកស្រីថា ក្រសួងការងារ ហាក់មិនបានខ្វាយខ្វល់ ក្នុងការជំរុញឱ្យក្រុមថៅកែទាំងនេះ ចេញមុខមកទទួលខុសត្រូវលើបញ្ហាប្រាក់ឈ្នួលកម្មករនោះទេ។
លោកស្រីបារម្ភថា បើវិវាទការងារនេះ បន្តអូសបន្លាយពេលទៀត ក្រុមកម្មករនឹងមិនអាចទៅរកការងារថ្មីបាននៅកន្លែងបានឡើយ។ លោកស្រី បញ្ជាក់ កម្មករមួយចំនួនទៀត ក៏គ្មានប្រាក់សម្រាប់បង់ធនាគារប្រចាំខែ ដែលធ្វើឱ្យពួកគាត់ប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិពីសំណាក់ម្ចាស់បំណុល៖ «»។
លោកស្រី ហឿន អៀម បន្ថែមថា ភាគីថៅកែមិនចរចា ជាមួយកម្មករនោះទេ ហើយក្រសួងការងារ ក៏បានជំរុញថៅកែទាំងនោះឱ្យមកទទួលខុសត្រូវតាមផ្លូវច្បាប់ដែរ។ លោកស្រីឱ្យដឹងថា បើភាគីថៅកែគ្មានទទួលខុសត្រូវបែបនេះ ក្រសួងការងារបានជំរុញឱ្យកម្មករ បន្តនីតិវិធីតាមផ្លូវតុលាការវិញ។
ក្រុមកម្មករថា ក្រោយពីក្រុមនិយោជកបានដាក់ពាក្យលាឈប់ពីការងារនៅរោងចក្រ ឃែនធើរេន អឹភែរឹល ខេមបូឌា ក្រុមថៅកែទាំងនោះ បានចូលបម្រើការងារនៅសាខាថ្មីស្ថិតនៅសង្កាត់ទួលពង្រ គឺ ក្រុមហ៊ុន ខ្វលីធីត្សេកស្ទីល (Quality Textiles Co.,LTD) ដោយមិនខ្វល់ពីការដោះស្រាយប្រាក់ឈ្នួលកម្មករឡើយ។ ក្រុមកម្មករថា កន្លងមក ក្រុមហ៊ុនមួយនេះ បានរំលោភ សិទ្ធិកម្មករជាច្រើន ក្នុងនោះថៅកែ បានបង្ខំឱ្យកម្មករធ្វើច្រើនម៉ោងទាំងមិនបានបើកប្រាក់ឈ្នួលឱ្យកម្មករ។ មកដល់ពេលនេះ ប្រាក់អតីតភាពការងារ ប្រាក់ប្រចាំខែឧសភា និងប្រាក់អត្ថប្រយោជន៍ការងារផ្សេងៗ ក្រុមហ៊ុនមួយនេះ នៅទាន់ទទួលខុសត្រូវលើកម្មករ ដែលនៅសល់ជាង ៣០០នាក់នោះដែរ៕