កម្មករ​រោង​ចក្រ​ឃេនធើរេន​ បន្ត​ដាក់​ញត្តិ​នៅ​​ស្ថាន​ទូត​អាមេរិក​ ឱ្យ​ជួយ​អន្តរាគមន៍​រឿង​ថៅកែ​មិន​បើក​ប្រាក់​ឈ្នួល

0:00 / 0:00

កម្មករ​ កម្មការិនី​រោង​ចក្រ​កាត់ដេរ​សំលៀក​បំពាក់​ ឈ្មោះ ឃែនធើរេន​ អឹភែរឹល​ ខេមបូឌា (Canteran Apparel Cambodia Co., Ltd.) ជាង៣រយ​នាក់​ (៣២០)​ នៅ​រាជធានី​ភ្នំពេញ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី៣​ មិថុនា​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ពី​ចំណុច​ផ្លូវ​វែង​ស្រេង ដើម្បី​យក​ញត្តិ​ដាក់​នៅ​ស្ថាន​ទូតអាមេរិក ស្នើ​ឱ្យ​ជួយ​អន្តរាគមន៍​ រឿង​ថៅកែ​មិន​បើក​ប្រាក់​ឈ្នួល​ជូន​កម្មករ។ ក្រុម​កម្មករ​ និង​សហជីព​ អះអាង​ថា​ ការ​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាន​ទូត​អាមេរិក​នេះ ព្រោះ​ក្រសួង​ការងារ​កម្ពុជា​ មិន​អើពើ​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​ដែល​កំពុង​រង​គ្រោះ។

កម្មករ ​កម្មការិនី​រោង​ចក្រ​កាត់ដេរ​សំលៀក​បំពាក់​ ឃែនធើរេន​ អឹភែរឹល​ ខេមបូឌា​ (Canteran Apparel Cambodia Co., Ltd.) ឱ្យ​ដឹង​ថា​ មូលហេតុ​ដែល​ពួកគាត់​យក​ញត្តិ​មក​ដាក់​នៅ​តាម​ស្ថាន​ទូតអាមេរិក​នេះ ដោយសារ​តែ​ពួកគាត់​អះអាង​ថា​ ក្រសួង​ការងារ​គ្មាន​ឆន្ទៈ និង​អសមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ចប់​វិវាទ​។ ក្រុម​កម្មករ​ ឱ្យ​ដឹង​ថា​ពួកគាត់​នាំ​គ្នា​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ទាំង​កណ្ដាល​ថ្ងៃ​ក្ដៅ​ ចាប់​ពី​បណ្តោយ​ផ្លូវ​វែងស្រេង ដើម្បី​ដាក់​ញត្តិ​នៅ​ស្ថាន​ទូតអាមេរិក គឺ​ដើម្បី​ទាមទារ​ដល់​ស្ថានទូត​អាមេរិក​ ជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ចាត់​វិធាន​ការ​លើ​ថៅកែ​រោងចក្រ​ឃែន​ធើរេន​ ឱ្យ​ទទួល​ខុសត្រូវ​ផ្នែក​សីលធម៌​ក្នុង​សង្គម និង​ដោះស្រាយ​ប្រាក់​ឈ្នួល​ជូន​កម្មករ​ខ្មែរ​ ឱ្យ​បាន​ឆាប់។

តំណាង​កម្មករ​រោងចក្រ​ ឃែនធើរេន អឹភែរឹល ខេមបូឌា ​លោកស្រី​ សាន សុផា​ ប្រាប់​វិទ្យុអាស៊ីសេរី​ថា​ខ្លឹមសារ​នៃ​ញត្តិ​មាន​ជា​អាទិ៍ គឺ​ក្រុម​កម្មករ​ទាមទារ​ ដល់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ត្រូវ​តែ​ជំរុញ​ឱ្យ​ភាគី​ក្រុមហ៊ុន​បញ្ជា​ទិញ​ (Buyer) ធំៗ​ចំនួន២​ គឺ​ក្រុមហ៊ុន​ វើលម៉ាត់ (Walmart) និង​ក្រុមហ៊ុន​ ព្រីម៉ាក​(Primark)​ ឱ្យ​ចូល​រួម​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ទូទាត់​ប្រាក់​ឈ្នួល ​និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​ ស្រប​តាម​ច្បាប់ ដោយសារ​តែ​ភាគីថៅកែ​រោងចក្រ​ ឃែនធើរេន​ បាន​បិទ​ទ្វារ​រោងចក្រ​ និង​រត់​ចោល​កម្មករ​ ដោយ​គ្មាន​ទំនួល​ខុស​ត្រូវ៖ «ហើយ​មួយទៀត​សុំ​ឱ្យ​សាខា​វា [ក្រុមហ៊ុន​ ខ្វលីធីត្សេកស្ទើស (Quality Textiles Co.,LTD) សាខា​វា​មាន​ពីរ​ក្នុង​ខណ្ឌ​ជាប់​គ្នា​ដែរ​ សូម​ឱ្យ​ថៅកែ​នៅ​រោងចក្រ​ហ្នឹង​មក​ទទួល​ខុស​ត្រូវ​នៅ ឃេន​ធើ​រេន ​ហ្នឹង។ យើង​ធ្វើ​ការ​ ២២​ឆ្នាំ​ ហើយ​ មិន​ថា​ម៉ាស៊ីន​ដេរ មិន​ថា​អីវ៉ាន់​ធ្វើ​ការ ម៉ាស៊ីន​ល្អ​វា (ថៅកែ ) ដឹក​ទៅ​រោងចក្រ​ [ក្រុមហ៊ុន​ ខ្វលីធីត្សេក​ស្ទើស (Quality Textiles Co.,LTD)ហ្នឹង​អស់​ហើយ​។ ខាង​ក្រសួង​ការងារ​ នៅ​កាន់​ជើង​ អ្នក​ហ្នុង​ទៀត​ ថា​មិនមែន​ ឱ្យ​យើង​រក​ភស្តុតាង​ ចង​រោចក្រពីរ​ ហ្នឹង​ឱ្យ​ជាប់​គ្នា។ [ក្រសួង​ការងារ ] ថា​យើង​និយាយ​មិន​ពេញ​លក្ខណៈ ​ដល់​ពេល​អ៊ីចឹង​ ការងារ​ដោះស្រាយ​របស់​គាត់ (ក្រសួង​ការងារ ) អីវ៉ាន​មាន​ប៉ុន្មាន​នៅ​ក្នុង​ឃ្លាំង​ហ្នឹង​លក់​ចែក​គ្នា​ទៅ »

កាល​ពី​ថ្ងៃ​ទី៣០​ មេសា ភាគី​និយោជក​នៃ​រោងចក្រ​ ឃែនធើរេន​ អឹភែរឹល​ ខេមបូឌា ជាង​១០នាក់ បាន​សម្រេច​លាឈប់​ពី​ការងារ និង​បិទ​ទ្វារ​រោងចក្រ​ ទាំង​មិន​ទាន់​ដោះស្រាយ​ប្រាក់​ឈ្នួល​ជូន​កម្មករ។ មក​ដល់​ពេល​នេះ ក្រុម​កម្មករ​អះអាង​ថា​ ក្រុមថៅកែ​ដែល​បាន​លាឈប់​ពី​រោងចក្រ ឃែនធើរេន​ គឺ​ក្រុម​ថៅកែ​ទាំង​នេះ​ ចូល​បម្រើ​ការងារ​ក្នុង​រោងចក្រ សាខា​ថ្មី​របស់​ពួកគេ​ថ្មី​មួយ​ទៀត​ឈ្មោះ ​ក្រុមហ៊ុន​ ខ្វលីធីត្សេកស្ទើស (Quality Textiles Co.,LTD) ដែល​ស្ថិត​ក្នុង​សង្កាត់​ទួល​ពង្រ​ រាជធានី​ភ្នំពេញ។ ក្រុម​កម្មករ​ឱ្យ​ដឹង​ថា សាខាថ្មី​នៃ​រោងចក្រ​នេះ​ គឺជា​ម្ចាស់​តែ​មួយ​ដែល​គ្រប់គ្រង​ដោយ​ថៅកែ​ជា​ជនជាតិ​ម៉ាឡេស៊ី​ និង​មាន​ជនជាតិ​ចិន​ជា​ដៃ​គូ​សហការ​ក្នុង​ក្រុមហ៊ុន​នេះ​ផង​ដែរ។

ក្រុម​កម្មករ​អះអាង​ថា ដំណើរ​សង្វាក់​ផលិតកម្ម​ក្នុង​រោងចក្រ​នេះ​ កន្លង​មក​មាន​ភាព​មិន​ប្រក្រតី​ច្រើន ដោយសារ​តែ​ថៅកែ មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់​កម្ពុជា​ និង​មាន​ការ​រំលោភ​សិទ្ធ​កម្មករ​ខ្មែរ​ជាច្រើន​នា​ពេល​កន្លង​មក។ កម្មករ​រោងចក្រ ឃែនធើរេន​ បញ្ជាក់ថា កាលពី​រោងចក្រ​នេះ​មិន​ទាន់​បិទ​ទ្វារ​ កន្លងមក​ពួកគាត់​បាន​ចេញ​ធ្វើ​កូដកម្ម​ច្រើន​ដង​មក​ហើយ ដោយសារ​តែ​ភាគី​ថៅកែ តែង​បង្ខំ​ឱ្យ​កម្មករ​ធ្វើ​ការ​ច្រើន​​ម៉ោង​ ទាំង​មិន​បាន​បើក​ប្រាក់​ឈ្នួល​ជូន​ពួកគាត់។

វិទ្យុអាស៊ីសេរី​ មិន​អាច​ទាក់​ទង មន្រ្តី​ក្រសួង​ការងារ​ និង​ជា​អ្នក​ទទួល​បន្ទុក​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​នេះ គឺ​ លោក ឡាយ សុធារិទ្ធ​ ដើម្បី​សាកសួរ​ពី​បញ្ហា​នេះ​បាន​ទេ​នៅ​​ថ្ងៃ​ទី៣ មិថុនា ​ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាងណា​ តំណាង​កម្មករ​ លោកស្រី សាន សុផាថា​ ចាប់​តាំង​ពី​មាន​វិវាទ​ការងារ​នេះ​មក ក្រុមកម្មករ​បាន​ដាក់​ញត្តិ​ ទៅកាន់​ក្រសួង​ការងារ​ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ ចំនួន៣ ដង​មក​ហើយ។ លោក​ស្រី​បន្ត​ ពេល​ដែល​កម្មករ​ចូល​បំភ្លឺ​នៅ​ក្រសួង​ការងារ​កន្លង​មក​នេះ ​ក្រសួង​ការងារ​ បាន​បដិសេធ​ និង​មិន​ជឿ​ពី​ការ​រៀបរាប់​ក្រុម​កម្មករ អំពី​ករណី​ថៅកែ​មិន​បើក​ប្រាក់​ឈ្នួល​ និង​ការ​រំលោភសិទ្ធ​កម្មករ​ក្នុង​កន្លែង​ការងារ​នេះ​ឡើយ។

លោកស្រី សាន សុផា​ យល់ថា​ទង្វើ​របស់​ក្រសួង​ការងារ​កំពុង​តែ​ការពារ​ភាគី​ក្រុមហ៊ុន​ និង​ព្យាយាម​រក​លេស ដើម្បី​គេច​វេះ​ ក្នុង​ការ​រក​ដំណោះស្រាយ​ការងារ​ជូន​កម្មករ​ដែល​មាន​អាយុ​ចំណាស់ៗ​ដែល​កំពុង​បញ្ហា​ប្រឈម​ជីវភាព​គ្រួសារ៖ «គំនិត​ខ្ញុំ​ថា​ ក្រសួង​ (ការងារ )ហ្នឹង​ឡេម​ឡំ​ ជា​ថៅ​កែ ​ហ្នឹង​ហ្មង។ នាយក​វា​នៅ​ហ្នឹង​ លាឈប់​ការងារ​ពី​ឃេនធើរេន​ ទៅខ្វលីធី ប្រាប់​គាត់ ក្រសួង​ (ការងារ )ហើយ​ តែ​ចេតនា ​អត់​ស្ដាប់​យើង​ ធ្វើ​អត់​ឮ​យើង​ហ្មង។ ប្រសិន​ជា​អាច ​ខ្ញុំ​សុំ​ ឱ្យ​អ្នក​កាន់​អំណាច គាត់​ត្រូវ​អូស​ក ថៅកែ​មក​ដោះស្រាយ​ ព្រោះអី​ថៅកែ​ មក​រក​ស៊ី​រក​នៅ​ស្រុក​ខ្មែរ វា​សុទ្ធ​តែ​មាន​បញ្ជី​ពាណិជ្ជកម្ម​វា។ ខ្ញុំ​ចង់​ឱ្យ​រដ្ឋអំណាច ​ហ្នឹង​ ទាញ ​ក​ ហែង​មក​ដោះស្រាយ​ អត់​មាន​ទៅ​រួច​ខ្លួន​អ៊ីចឹង​ទេ។ ឯង​ [ថៅកែ ] រត់​ទៅ​ស្ងាត់ៗ​ កម្មករ​គ្នា​ទុក្ខ​លំបាក​ ម៉ាស៊ីន​ល្អៗ​វា​យក​ទៅ​សាខា ​វា​អត់​ហើយ​ហ្នឹង​ រលីង​ហើយ​ហ្នឹង​ សល់​តែ​ម៉ាស៊ីន​ កញ្ចាស់​ៗ »

ជុំវិញ​រឿង​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ (CUMW) លោក ប៉ាវ​ ស៊ីណា​ មាន​ប្រសាសន៍​ថា​ ការណ៍​ដែល​ភាគី​ថៅកែ​ សម្រេច​ការ​បិទទ្វារ​រោងចក្រ​សហគ្រាស​បែប​នេះ គឺជា​កលល្បិច​ដ៏​អាក្រក់​ ដើម្បី​គេចវេះ​ក្នុង​ដោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល​ជូន​កម្មករ។ លើស​ពី​នេះ លោក​មើល​ឃើញ​ថា​ ក្រសួង​ការងារ​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​នេះ​ ឱ្យ​បាន​សមស្រប​ទៅ​តាម​អ្វី​ដែល​ក្រុម​កម្មករ​ទាមទារ​នោះ។

ប្រធាន​សហជីព​រូប​នេះ ​យល់​ថា​រដ្ឋាភិបាល​ និង​ក្រសួង​ពាក់ព័ន្ធ​ គួរ​បង្កើត​ច្បាប់​ ឬ​មាន​យន្តការ​ណាមួយ​ឱ្យ​បាន​ជាក់លាក់ ចំពោះ​ថៅកែ​ដែល​រត់​ចោល​កម្មករ​បែប​នេះ​ មិន​គួរ​បណ្ដែត​បណ្តោយ​ឱ្យ​ថៅកែ​ទុច្ចរិត​ និង​គ្មាន​ទំនួល​ខុសត្រូវ​ទាំង​នោះ​ បន្ត​រក​ស៊ី​នៅ​កម្ពុជា​ទៀត​នោះ​ទេ៖ «ដោយ​ឡែក ក្នុង​អំឡុង​ឈប់​សម្រាក​ ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ហ្នឹង​​ ទំនិញ​ជា​ច្រើន​ សម្ភារៈ​ ក្រណាត់ ​សម្ភារៈ​សំខាន់​ជា​ច្រើន​ ដូច​ម៉ាស៊ីន​ភ្លើង​ ជា​ច្រើន​អី​ជាដើម​ត្រូវ​បាន​ក្រុមហ៊ុន ​ឃែនធើរេន​ ដឹក​ចេញ ​ទៅ​ក្រុមហ៊ុន​ខ្វលីធី ​មួយ​ទៀត​ដែល​ ក្រុមហ៊ុន​របស់​ខ្លួន ​ដែល ​ក្រុមហ៊ុន​តែ​មួយ។ សកម្មភាព​នេះ​ បង្ក​ឱ្យ​បង​ប្អូន​កម្មករ​ ធ្វើ​ការ​តវ៉ា​ហូរហែ ​មក​ហើយ តែ​ការ​ដោះស្រាយ​ យើង​ឃើញ​ថា អត់​មាន​អ្វី​ថ្មី​ ក្រៅ​ពី​ការ​ឡប់ប៊ី (Lobby) ឱ្យ​កម្មករ​នោះ លក់​ឡៃឡុង ​សម្ភារៈ​កាក​សំណល់ ​ចាស់ៗ​ ដើម្បី​យក​លុយ​ ទូ​ទាត់​ ជូន​បង​ប្អូន​កម្មករ »

ក្រុម​កម្មករ​ឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ ថៅកែ​រោងចក្រ​ឃែនធើរេន​ នៅ​មិន​ទាន់​បើក​ ប្រាក់​អតីតភាព​ការងារ​ ប្រាក់​ប្រចាំ​ខែ​ឧសភា ​និង​ប្រាក់​អត្ថប្រយោជន៍​ការងារ​ផ្សេងៗ​ ជូន​កម្មករ​ដែល​នៅ​សល់​ជាង៣រយ (៣២០) ​នាក់​នៅ​ឡើយ​ទេ។ លោកស្រី​ សាន​ សុផា ​បន្ថែម​ថា​ កម្មករ​ជាង៣រយនាក់ (៣២០) នោះ​បន្ត​ដេកយាម​នៅ​ខាង​មុខ​រោងចក្រ​ទាំង​ថ្ងៃ​ទាំងយប់​ និង​ជួប​ការ​លំបាក​ជា​ច្រើន​ ដើម្បី​រងចាំ​ដំណោះ​ស្រាយ​ពី​ក្រសួង​ពាក់ព័ន្ធ។ ពួកគាត់​ ជំរុញ​ឱ្យ​ភាគី​ថៅកែ​ចេញ​មុន​ដោះស្រាយ​ប្រាក់ឈ្នួល​ជូន​កម្មករ​ឱ្យ​បាន​ឆាប់​ ដើម្បី​ឱ្យ​កម្មករ​អាច​ទៅ​រក​ការងារ​នៅ​កន្លែង​ថ្មី​ទៀត។ លើស​ពី​នេះ​ លោកស្រី ​សាន សុផា​ បញ្ជាក់​ថា​ បច្ចុប្បន្ន​មាន​កម្មករ​ជាច្រើន​នាក់​កំពុង​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ក្នុង​គ្រួសារ​ និង​កម្មករ​មួយ​ចំនួន​ទៀត​ កំពុង​រង​ការ​ព្រមាន​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ ពី​សំណាក់​ម្ចាស់​បំណុល​ ក្នុង​ការ​រឹបអូស​ ផ្ទះ​សម្បែង​ ដីធ្លី​ និង​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​ផ្សេងៗ​ជាដើម​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។