ក្រុមកម្មកររោងចក្រផលិតសំលៀកបំពាក់ ឃែនធើរីន (Canterin) ស្នើក្រសួងការងារអន្តរាគមន៍ឱ្យថៅកែរោងចក្រឱ្យផ្ដល់ប្រាក់បំណាច់ផ្សេងៗ ក្រោយពីអាជ្ញាធរចុះរឹបអូសម៉ាស៊ីនកាត់ដេរ ពីក្នុងរោងចក្រ។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលគួរចាត់វិធានការតាមផ្លូវច្បាប់លើថៅកែរោងចក្រ ឃែនធើរីន និងផ្ដល់ប្រាក់សំណងទៅតាមច្បាប់ស្ដីពីការងារទៅដល់ក្រុមកម្មករ ដើម្បីលើកកម្ពស់ការគោរពច្បាប់ការងារនៅកម្ពុជា។
ក្រុមកម្មកររោងចក្រ ឃែនធើរីន អឹភែរឹល ខេមបូឌា លើកឡើងថា ការរឹបអូសម៉ាស៊ីនកាត់ដេរចេញពីអគាររោងចក្រឃែនធើរីន ទាំងមិនទាន់បានផ្ដល់ប្រាក់សំណងត្រឹមត្រូវតាមច្បាប់ការងារ គឺជាការរំលោភសិទ្ធិ និងកម្លាំងពលកម្មរបស់ពួកគាត់។
តំណាងកម្មកររោងចក្រឃែនធើរីន លោកស្រី សាន់ សុផា លើកឡើងថា បើទោះបីជាក្រុមកម្មករទទួលបានប្រាក់បុរេប្រទានពីរដ្ឋាភិបាលកាលពីខែសីហា ឆ្នាំ២០២២ហើយក្ដី ក៏ប្រាក់សំណងទាំងនោះមិនបានគិតបញ្ចូលប្រាក់ជំងឺចិត្ត និងប្រាក់បិទរោងចក្រនៅឡើយ ហើយតំណាងក្រសួងការងារក៏បានប្រាប់ឱ្យកម្មករទទួលយកប្រាក់សំណង រួចចាំតវ៉ាទាមទារប្រាក់អត្ថប្រយោជន៍បន្តទៀត។ លុះដល់ថ្ងៃទី១១ ខែមេសា ក្រុមអាជ្ញាធរបានចុះមករឹបអូសយកម៉ាស៊ីនកាត់ដេរចេញពីរោងចក្រទៅវិញ។ លោកស្រីបន្ថែមថា នៅពេលក្រុមអាជ្ញាធររឹបអូសម៉ាស៊ីនកាត់ដេរ ក្រុមកម្មករដែលតែងដេកយាមខាងមុខរោងចក្រ មិនហ៊ានឃាត់នោះឡើយ ព្រោះក្រុមអាជ្ញាធរខណ្ឌបានបង្ហាញដីកាពីតុលាការ ដែលអនុញ្ញាតឱ្យអាជ្ញាធររឹបអូស។
លោកស្រី សាន់ សុផា៖ «ខ្ញុំគ្រាន់តែស្នើទៅក្រសួងការងារឱ្យគាត់រកភាពយុត្តិធម៌ឱ្យកម្មករដែលគាត់រក ដែលគាត់បានបាត់បង់ការងារហើយថៅកែគាត់មិនទទួលខុសត្រូវ ហើយមួយទៀតវាចម្លែកអីរោងចក្រហ្នឹង បើសិនជាគាត់បិទហើយគាត់ទៅតែម្ដង វាក្ស័យធនវាអត់អីទេ តែនេះគាត់បិទម្ខាង គាត់ទៅផ្គត់ផ្គង់ម្ខាងអ៊ីចឹងទៅណា ដោយរើសកម្មករ ការងារថែមម៉ោងពេញ ឯខាងនេះគាត់បោះបង់កម្មករចោល អ៊ីចឹងខ្ញុំទទូចថា ឱ្យក្រសួងការងារធ្វើម៉េចឱ្យមានការដោះស្រាយដោយសមស្របណាមួយឱ្យកម្មករអ៊ីចឹងទៅ»។
កម្មកររោងចក្រឃែនធើរីនជាង ១រយនាក់ (១៥៣) បានចែកវេនគ្នាយាមនៅខាងមុខអគាររោងចក្រ ដើម្បីកុំឱ្យថៅកែរោងចក្រលួចដឹកយកសម្ភារៈចេញ តាំងពីរោងចក្របិទដំណើរអាជីវកម្មតាំងពីខែមេសា ២០២២ មក ហើយពួកគេបញ្ឈប់ការចែកវេនគ្នាយាម បន្ទាប់ពីក្រុមអាជ្ញាធរចុះរឹបអូសម៉ាស៊ីន និងសម្ភារៈផ្សេងៗចេញពីអគាររោងចក្រ។
ច្បាប់ស្ដីពីការងារចែងថា ការបិទអាជីវកម្មដោយមិនបានជូនដំណឹងដល់កម្មករគឺជារឿងខុសច្បាប់។ ទន្ទឹមគ្នានេះ ថៅកែក្រុមហ៊ុន សហគ្រាសត្រូវទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករចំនួន ៥ចំណុចគឺ ប្រាក់ឈ្នួលចុងក្រោយ ប្រាក់អតីតភាពការងារ ប្រាក់បំណាច់ឆ្នាំ ប្រាក់ជូនដំណឹង និងប្រាក់ជំងឺចិត្ត។ ទោះជាយ៉ាងណា ក្រុមកម្មកររោងចក្រឃែនធើរេន អះអាងថា អាជ្ញាធរនៅតែមិនចាត់វិធានការផ្លូវច្បាប់ទៅលើថៅកែរោងចក្រឡើយ ខណៈថៅកែរោងចក្រនេះ នៅតែបន្តអាជីវកម្មនៅរោងចក្រមួយទៀតមានទីតាំងនៅក្បែររោងចក្រឃែនធើរេន ឈ្មោះ ខ្វលីធី តេក្សស្ទីល (Quality Textiles Co., Ltd.) ស្ថិតក្នុងសង្កាត់ទួលពង្រ រាជធានីភ្នំពេញ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី២៣ ខែមេសា។
ជុំវិញរឿងនេះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ឃើញថា រដ្ឋាភិបាលគួរតែជំរុញឱ្យថៅកែរោងចក្រ ដោះស្រាយបញ្ហាការងារជាមួយក្រុមកម្មករឱ្យបានឆាប់រហ័ស ដើម្បីលើកកម្ពស់ការគោរពច្បាប់ស្ដីពីការងារ នឹងទទួលបានការគាំទ្រពីក្រុមកម្មករ។ លោកបន្ថែមថា បើសិនជារដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហាការងារនេះបាននោះទេ នោះនឹងនាំឱ្យថៅកែរោងចក្រផ្សេងៗទៀត បន្តបិទអាជីវកម្មរត់ចោលកម្មករ ដោយមិនភ័យខ្លាចការអនុវត្តច្បាប់ទៅលើពួកគេនោះឡើយ។
លោក អាត់ ធន់៖ «ក្នុងនាមរដ្ឋាភិបាលគូរតែរកយុត្តិធម៌ឱ្យកម្មករ ជាពិសេសក្រសួងការងារមិនគួរឱ្យឈ្មួញឬក៏ជនខិលខូចមួយចំនួនឆ្លៀតឱកាសក្រុមហ៊ុនបិទ ទៅជាទទួលបានលាភសក្ការផ្សេងៗទេ ហើយខ្ញុំគិតថាបើសម្អុយបំផុត គ្មានលទ្ធភាពរហូតដល់ក្រុមហ៊ុនបិទមែនទែន ត្រូវតែផ្ដល់សំណងឱ្យកម្មករ៥ចំណុច ទើបវាសមជាក្រសួងដែលទទួលខុសត្រូវលើការងារហ្នឹង ដើម្បីឱ្យកម្មករគាត់អស់ចិត្តដែរបាទ»។
អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ធ្លាប់បានលើកឡើងថា ដោយសារតែមន្ត្រីដែលមានតួនាទីគ្រាក់ៗ នៅក្នុងជួររដ្ឋាភិបាល បានដាក់ទុនរកស៊ីជាមួយថៅកែរោងចក្រ ដូច្នេះហើយក្រុមកម្មករ នៅតែត្រូវបានភាគីថៅកែរោងចក្ររំលោភបំពានលើច្បាប់ និងមិនអាចទទួលបានការដោះស្រាយដោយយុត្តិធម៌នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។