ក្រុមកម្មករអូសរទេះ អាជីវករ និងប្រជាពលរដ្ឋប្រមាណ ៣០នាក់នៅក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី១០ កញ្ញា ប្រមូលផ្ដុំគ្នាតវ៉ាស្នើឱ្យអាជ្ញាធរខ្មែរអន្តរាគមន៍ទៅភាគីថៃ សុំបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតឡើងវិញ ដើម្បីពួកគាត់ប្រកបរបររកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។
ការតវ៉ានេះ ធ្វើឡើងដោយសន្តិវិធី ដោយក្រុមអ្នកតវ៉ាមានពាក់អាវយឺតសដៃខ្លី ដែលមានសរសេរខ្លឹមសារនៅខាងមុខផងនិងពីក្រោយខ្នងផងថា «អរគុណសន្តិភាព ខ្ញុំសុំរស់ផង» ដើម្បីប្រើជាសញ្ញាសម្ដែងមតិតាមដងផ្លូវនៅក្រុងប៉ោយប៉ែត។
កម្មករអូសរទេះម្នាក់នៅក្រុងប៉ោយប៉ែត លោក ទុំ រេន ថ្លែងថា មូលហេតុដែលពួកលោកតវ៉ាដោយសារចាប់តាំងពីអាជ្ញាធរកម្ពុជានិងថៃបិទច្រកទ្វារព្រំដែនប្រទេសទាំង២មក ពួកលោកបាត់បង់ប្រាក់ចំណូលទាំងស្រុង ហើយគ្មានការងារធ្វើរកប្រាក់ចំណូលទិញស្បៀងអាហារហូបចុកប្រចាំថ្ងៃនោះឡើយ។លោកបញ្ជាក់ថា ពាក្យស្លោកដែលពួកលោកប្រើសម្ដែងមតិនេះ ព្រោះចង់ឱ្យអាជ្ញាធរបានដឹងនិងជួយដោះស្រាយពីទុក្ខលំបាករបស់ពលរដ្ឋនៅតំបន់ព្រំដែនកម្ពុជានិងថៃឱ្យបានឆាប់៖ «ដោយសារដាច់បាយដាច់លុយឱ្យកូនរៀន អត់មានលុយឡើងធនាគារ ព្រោះអត់មានអីរក។ខ្ញុំចង់ឱ្យគាត់ដោះស្រាយជាមួយថៃបើកច្រកទ្វារព្រំដែនឡើងវិញ ។ព្រោះខ្វះខាតអត់លុយអត់កាក់ ព្រោះតែលំបាកខ្លាំងហ្នឹងបាននាំគ្នាធ្វើអីចឹងហ្នឹងហើយ ដើម្បីឱ្យយើងអរគុណសន្តិភាពទៅ ដើម្បីឱ្យរដ្ឋាភិបាលបានជួយអីចឹងទៅ » ។
ការតវ៉ានេះអាជ្ញាធរបានចាប់យុវជនម្នាក់ គឺលោក ស៊ីម វណ្ណៈ បញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ប្រមាណ ៣ម៉ោង ដោយសារតែយុវជនរូបនេះថតវីដេអូក្រុមអ្នកតវ៉ាឡាយតាមហ្វេសប៊ុក នៅពីព្រឹកថ្ងៃទី១០កញ្ញា។ ប៉ុន្តែ ក្រោយមក ប៉ូលិសដោះលែងលោក ស៊ឹម វណ្ណៈ វិញ ដោយឱ្យលោកធ្វើកិច្ចសន្យា បញ្ឈប់ការប្រមូលផ្ដុំគ្នា តវ៉ានៅថ្ងៃក្រោយទៀត។
លោក ស៊ឹម វណ្ណៈ ប្រាប់អាស៊ីសេរីថា ក្នុងពេលធ្វើកិច្ចសន្យានោះ ប៉ូលិសបានគំរាមចាប់លោកបញ្ជូនទៅតុលាការប្រសិនបើនាំគ្នាតវ៉ានៅថ្ងៃក្រោយទៀត៖ «បើយើងអត់ធ្វើគេអត់ដោះលែងយើងមកទេ។វាអយុត្តិធម៌ណាស់ព្រោះយើងអត់មានខុសអីផងគាត់មកសម្លុតរកវ៉ៃខ្ញុំឱ្យខ្ញុំធ្វើកិច្ចសន្យាជាមួយ ខ្ញុំអត់មានខុសងីផង គ្រាន់តែថតតាមផ្លូវសាធារណៈគេចោទខ្ញុំថា ញុះញង់សង្គម យើងអីមួយក៏គេសម្លុត បើគេនិយាយបាន បើខ្ញុំនិយាយខុសរហូត » ។
អាស៊ីសេរីមិនអាចទាក់ទងអធិការនគរបាលក្រុងប៉ោយប៉ែតលោក ធិន ស៊ិនដេត ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហាបានទេនៅថ្ងៃទី១០ កញ្ញា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
អាស៊ីសេរីក៏បានព្យាយាមទាក់ទងអភិបាលក្រុងប៉ោយប៉ែតលោក គាត ហ៊ុល និង អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បន្ថែមទៀតក៏នៅតែពុំមានការឆ្លើយតប។
ប៉ុន្តែតំណាងក្រុមអ្នកតវ៉ា លោកទុំ រេន ឱ្យដឹងថា អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បានប្រាប់ពួកលោកថា ភាគីថៃមិនអាចបើកច្រកទ្វារព្រំដែនតាមការស្នើសុំរបស់ក្រុមអ្នកតវ៉ានេះបានទេ ដោយសារបារម្ភខ្លាចឆ្លងជំងឺកូវីដ១៩។
ក្រុមអ្នកតវ៉ាបានរំសាយត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីអភិបាលក្រុងប៉ោយប៉ែតបានសន្យានឹងចែកស្បៀងដល់ពួកគាត់នៅពេលខាងមុខ។
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី មានប្រសាសន៍ថា ប្រជាពលរដ្ឋតវ៉ាដោយសន្តិវិធី ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយពីទុក្ខ លំបាករបស់ពួកគាត់ គឺជាសិទ្ធិសេរីភាពសម្ដែងមតិរបស់ពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ។ លោកឱ្យដឹងថា ពលរដ្ឋតវ៉ា ដោយសារអាជ្ញាធរមិនបានផ្តល់ស្បៀងអាហារដល់ពួកគាត់ម្ដងណានោះទេ ស្របពេលដែលក្រុមអ្នកតវ៉ានិងប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត គ្មានប្រាក់ទិញអង្ករច្រកឆ្នាំង៖ «ការចែកអំណោយហ្នឹងចែកឱ្យវាតម្លាភាពទាំងអស់គ្នាទៅ ព្រោះប្រជាពលរដ្ឋបង់ពន្ធជូនរដ្ឋដូចគ្នា ពេលចែកអំណោយប្រជាពលរដ្ឋត្រូវទទួលបានដូចគ្នាទៅ។ លែងវាត់ចែកតែខ្សែបក្សពួកឯង ដល់ពេលប្រជាពលរដ្ឋមិនបានផង ហើយគ្នាមិនក្ដៅក្រហាយ។ ដល់គ្នាពាក់អាវទាមទារឱ្យបើកច្រកមកគាបសង្កត់គ្នាចុះទុកឱ្យគ្នាស្លាប់ឬយ៉ាងម៉េច។ប្រជាពលរដ្ឋគាត់អត់ចង់តវ៉ាទេ គាត់ចង់រស់នៅសន្តិភាព ប៉ុន្តែសន្តិភាពហ្នឹងឱ្យវាមានសន្តិភាពផ្លូវកាយផ្លូវចិត្តផង ។កុំឱ្យផ្លូវកាយមានសន្តិភាព ប៉ុន្តែចិត្តវាអត់ស្ងប់ ដោយសារតែក្រពះវាឃ្លានវាអត់មានអីហូប » ។
អាជ្ញាធរថៃបានបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតតាំងពីថ្ងៃទី២៣ មីនា រហូតមក ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ហើយរហូតមកដល់ថ្ងៃទី១០ កញ្ញា មិនទាន់បើកច្រកទ្វារព្រំដែនឡើងវិញនៅឡើយទេ។
កាលពីថ្ងៃទី១ មិថុនា អាជ្ញាធរខេត្តបន្ទាយមានជ័យបានដាក់កងកម្លាំងរាប់រយនាក់ ដើម្បីទប់ស្កាត់ពលរដ្ឋដែលមានគម្រោងតវ៉ានៅមុខច្រកទ្វារអន្តជាតិប៉ោយប៉ែត ក្នុងបំណងទាមទារឱ្យអាជ្ញាធរកម្ពុជានិងថៃបើកច្រកទ្វារព្រំដែនប្រទេសទាំង២ឡើងវិញ ដោយសារតែពួកគាត់បាត់បង់ប្រាក់ចំណូលបណ្ដាលមកពីការបិទច្រកព្រំដែននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។