កសិករចិញ្ចឹមគោ ត្អូញត្អែរពីតម្លៃគោរស់ចុះថោក និងលក់មិនបានប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារ។ កសិករអះអាងថា តម្លៃគោចេះតែបន្តចុះថោក និងគ្មានទីផ្សារច្បាស់លាស់ ដើម្បីលក់ក្នុងតម្លៃសមរម្យឡើយ។ មន្ត្រីសង្គមស៊ីវិល មើលឃើញថា ការនាំចូលសាច់គោពីប្រទេសជិតខាង នាំឱ្យមានការប៉ះពាល់ដល់តម្លៃសាច់គោរបស់ពលរដ្ឋក្នុងស្រុក។
កសិករចិញ្ចឹមគោនៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង រិះគន់អាជ្ញាធរអសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហាតម្លៃគោក្នុងស្រុកចុះថោក ដែលធ្វើឱ្យតម្លៃសាច់លក់ចេញ មិនសមស្របនឹងតម្លៃទំនិញឡើងថ្លៃនៅលើទីផ្សារ។
កសិករចិញ្ចឹមគោម្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ លោក ឡាយ ជា ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី២០ កញ្ញា ថា លោកសោកស្ដាយ ដែលតម្លៃគោបន្ត ចុះថោកខ្លាំង ព្រោះឆ្នាំមុន គោអាយុ២ឆ្នាំ លក់បានតម្លៃ ៤លានរៀន(៤,០០០,០០០៛) បច្ចុប្បន្នតម្លៃត្រឹមតែជាង២លានរៀល (២,០០០,០០០៛)ក្នុង១ក្បាលប៉ុណ្តោះ។ លោកបន្តថា កន្លងមកពេលធ្វើចម្ការខាត លោកតែងតែយកគោទៅលក់ ដើម្បីដោះស្រាយជីវភាព សងបំណុល និងធ្វើកសិកម្មបន្ត។ លោកថា ប៉ុន្តែនៅពេលតម្លៃគោចុះថោកបែបនេះ លោកលក់គោក៏មិនបានប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារឡើយ៖ «ជួបរឿងលំបាកដែរដល់ពេលវាធ្លាក់ថ្លៃ ធ្វើចម្ការទៅខាតទៅលក់គោមួយពីរទៅ ដល់អ៊ីចឹងគោលក់ពីរបីសងគេមិនគ្រប់ផង។ គោវាធ្លាក់ថ្លៃ១សឹងជាង ២លានជាង ( ២ , ០០០ , ០០០៛ ) អីមានអីទៀត។ បានគោហ្នឹងចេះតែលក់ទៅបានសងគេខ្លះទៅ ត្រូវខ្លះអ៊ីចឹងទៅបងមួយឆ្នាំៗហាស។ គោធ្លាក់ថ្លៃក្នុងឆ្នាំហ្នឹង ធ្លាក់តាំងពីដើមឆ្នាំមកតែម្ដង ហើយមិនដឹងមកពីមូលហេតុអីដែរ ទោះបីធ្លាក់ម៉េចក៏ខ្ញុំចេះតែចិញ្ចឹមទៅ ព្រោះដូចថាគោខ្លួនឯង បើប្រវាស់គេទៅមិនរួចទេ។ គោខ្លួនឯងចេះតែចិញ្ចឹមទៅ ចេះបារម្ភៗហើយតែចេះតែចិញ្ចឹមៗទៅ»។
ស្រដៀងគ្នានេះដែរ កសិករចិញ្ចឹមគោម្នាក់ទៀតនៅឃុំកំរៀង ស្រុកកំរៀង លោក រើ សុខរឿន លើកឡើងថា លោកចិញ្ចឹមគោចំនួន ២០ក្បាល ប៉ុន្តែតម្លៃគោបាន ចុះថោកជាបន្តបន្ទាប់ រហូតដល់តម្លៃក្នុង១ក្បាលចុះថោកជិត២លានរៀល(២,០០០,០០០៛)បើធៀបនឹងឆ្នាំកន្លងទៅ ។ លោកបន្តថា តម្លៃគោ គឺគ្មានទីផ្សារច្បាស់លាស់ ឬកំណត់តម្លៃឡើយ ហើយការទិញលក់ គឺអាស្រ័យលើមាត់ឈ្មួញកណ្ដាលទិញគោ។ លោក រើ សុខរឿន អំពាវនាវដល់រដ្ឋាភិបាលរកដំណោះស្រាយទីផ្សារលក់ គោក្នុងតម្លៃសមរម្យជូនពលរដ្ឋ ដើម្បីស្ដារជីវភាព និងកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន៖ « ខ្ញុំធ្លាប់សួរគេអ្នកឈ្មួញគេទិញហ្នឹង គេថា គោគេទិញយកទៅយួន ក៏ទិញទៅចិញ្ចឹមអីអ៊ីចឹង គេថាយកទៅចិញ្ចឹមទៅអត់មានទីផ្សារ ហើយអ្នកដែលទិញគោគីឡូយកទៅយួនហ្នឹង ថាយួនទិញទម្លាក់តម្លៃថោកជាងមុន ដល់ពេលអ៊ីចឹងគេទិញទម្លាក់តម្លៃតាមហ្នឹងដែរទៅ។ លក្ខណៈថា ស្ទះចរាចរគោលក់មិនដាច់អ៊ីចឹង យើងដាច់លុយចាយ ដាច់អីអ៊ីចឹង ។ ណាមួយដូចខ្ញុំផ្ទាល់តែម្តង ចិញ្ចឹមគោអត់មានដីខ្លួនឯង ដូចថាយើងដើរច្រូតស្មៅអោយស៊ីអ៊ីចឹង ដូចរាងពិបាកដែរដល់ពេលគោលក់អត់ចេញអ៊ីចឹង អត់លុយចាយអ៊ីចឹង យើងវានេះតាមហ្នឹងហើយបងជីវភាព»។
កសិករចិញ្ចឹមគោព្រួយបារម្ភថា ប្រសិនបើតម្លៃគោនៅតែបន្តធ្លាក់ចុះ និងត្រូវបោះបង់ការចិញ្ចឹមគោ ចោល ហើយស្វែងរកការងារផ្សេង ដើម្បីរកប្រាក់ចំណូលដោះស្រាយបញ្ហាជីវភាពគ្រួសារ និងសងបំណុលនៅធនាគារ។
ចំណែកឈ្មួញទិញគោ និងជាអាជីវករកាប់គោ លោក យ៉ូវ វុទ្ធី ថ្លែងថា ទីផ្សារគោបច្ចុប្បន្នតូចចង្អៀត និងចុះថ្លៃខ្លាំង ព្រោះទីផ្សារនៅប្រទេសវៀតណាមមិនសូវទិញគោរបស់ខ្មែរដូចឆ្នាំមុនៗនោះទេ។ លោកបន្តថា លោកទិញគោយកមកកាប់លក់ គឺអាស្រ័យទៅលើតម្លៃទីផ្សារ ហើយគោមួយចំនួនលោក និងត្រូវលក់ទៅឱ្យឈ្មួញបន្តនាំចេញទៅលក់នៅប្រទេសវៀតណាម។ លោក យ៉ូវ វុទ្ធី សង្កេតឃើញថា ការលក់សាច់ក្នុងស្រុកមានការថយចុះ ដោយសារពលរដ្ឋមិនសូវទិញសាច់គោបរិភោគ ហើយម្យ៉ាងទៀតពលរដ្ឋមួយចំនួនមានជីវភាពលំបាកដែរ ដែលនាំឱ្យតម្លៃគោចុះថោក៖ «មួយរយៈគោឡើងថ្លៃមួយពេលនេះ គាត់អ្នកដែលមានចម្ការអី ឃើញគេចិញ្ចឹមគោចំណេញច្រើន រកបានច្រើន អ្នកខ្លះយកលុយអង្គការទៅរកទៅ ដល់ពេលគោធ្លាក់ភ្លាម កប់ឈឹងខាតហ្នឹងឯង។ យើងគិតថាទីផ្សារគោល្អអ៊ីចឹង ក៏គាត់ទៅយកធនាគារមកទិញ នឹកឃើញថាការធនាគារវាតិចដែរ បើយើងរកទៅវាកើន គោវាថ្លៃហាស។ ដល់ពេលធ្លាក់វិញអ្នកខ្លះទិញមក លក់មកវិញខាត ១លាន ( ១ , ០០០ , ០០០៛ ) ២លាន ( ២ , ០០០ , ០០០៛ ) មែនហ្នឹងឯង ព្រោះឥឡូវវាចេញទៅណាក៏អត់រួច។អ៊ីចឹងចង់គាំងហើយបងអើយ រកស៊ីរាល់ថ្ងៃវិលៗធ្វើអីក៏មិនចេញ វាពិបាកអ៊ីចឹងវាយ៉ាប់ សំខាន់គឺវាអត់មានទីផ្សារអី ត្រូវចេញដោយទូលាយ រកអីក៏ពិបាកទាំងអស់ ដល់អ៊ីចឹងយើងប្រជាពលរដ្ឋគាត់យ៉ាប់ខ្លាំង។ សម័យកូវីតយើងតឹងមួយពេលមែន តែយើងនៅលក់បាន អីបាន នៅរកគ្រាន់បាន តែឥឡូវនេះចប់បណ្តោយ»។
ពលរដ្ឋ និងឈ្មួញទិញគោយល់ឃើញថា កត្តាដែលនាំឱ្យគោធ្លាក់ថ្លៃ គឺមកពីកម្ពុជាគ្មានទីផ្សារនាំចេញគោរស់ និងកែច្នៃសាច់គោនាំចេញច្បាស់លាស់ ទើបបណ្ដាលឱ្យតម្លៃគោក្នុងស្រុកគ្មានស្ថិរភាព។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស្រី វុឌ្ឍី និងលោក តាន់ ផាន់ណារ៉ា ដើម្បីអត្ថាធិប្បាយជុំវិញរឿងនេះបានទេ ដោយទូរស័ព្ទគ្មានអ្នកទទួល ។ ប៉ុន្តែប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង លោក ឈឹម វិជ្ជរ៉ា លើកឡើងថា តម្លៃសាច់គោនៅតាមទីផ្សារគឺមិនមានការប្រែប្រួលឡើយ ប៉ុន្តែអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ខាងប្រទេសចិន មិនសូវមានតម្រូវការច្រើន ដែលនាំឱ្យប្រទេសវៀតណាមផ្អាក និងបន្ថយចំនួនក្នុងការទិញគោពីកម្ពុជា។ លោកបន្តថា មន្ទីរនៅតែជំរុញដល់ពលរដ្ឋចិញ្ចឹមគោ ដើម្បីតម្រូវទីផ្សារគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុក។ លោក ឈឹម វិជ្ជរ៉ា បញ្ជាក់ថា គ្មានការនាំចូលសាច់គោពីប្រទេសជិតខាងឡើយ ប៉ុន្តែដោយសារការទទួលទិញមានការថយចុះ និងតម្រូវការមានកម្រិត៖ «សម្រាប់នាំចេញហ្នឹងវា វៀតណាមអត់ស៊ីអ៊ីចឹងហាស អ៊ីចឹងហើយបានវាធ្វើអោយធ្លាក់ថ្លៃ។ ហើយសម្រាប់ខេត្តបាត់ដំបងយើង ទិន្នន័យរបស់យើងសរុបគោដែលយើងគិតថាពូជល្អរបស់យើង អាពូជសៗហ្នឹងហាស អ៊ីចឹងយើងមានប្រហែលជាង១សែន៨ម៉ឺនក្បាល ( ១៨០ , ០០០ ) ។ អ៊ីចឹងបាត់ដំបងយើងទៅ ជារៀងរាល់ឆ្នាំ យើងនាំចេញទៅទីផ្សារ ទៅភ្នំពេញ ទៅវៀតណាមទៅអី - ល - ជាបន្តបន្ទាប់អ៊ីចឹង។ ហើយមួយរយៈចុងក្រោយនេះ គឺដូចថាចាប់ពីបិណ្ឌពីអីមកហ្នឹង បើតាមខ្ញុំស៊ើបពីឈ្មួញទៅ វៀតណាមវាអត់ស៊ី អ៊ីចឹងទៅបានវាធ្វើឱ្យមានធ្លាក់ថ្លៃ»។
ជុំវិញរឿងនេះ ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន យល់ឃើញថា ដោយសារមានការប្រកួតប្រជែង នៃការនាំចូលសាច់គោ និងការផ្គត់ផ្គង់សាច់ពីប្រទេសជិតខាង និងបរទេសច្រើន នាំឱ្យតម្រូវការសាច់គោក្នុងស្រុករបស់ពលរដ្ឋ ចុះថោកតម្លៃ។ លោកបន្តថា ការទប់ស្កាត់លំហូរចូលសាច់គោ គឺជួយដល់តម្លៃសាច់គោក្នុងស្រុក ហើយរដ្ឋាភិបាលត្រូវបង្កើតទីផ្សារទិញលក់គោ ឱ្យមានការប្រកួតប្រជែងតម្លៃ ដើម្បីជួយពលរដ្ឋ ដែលពិបាកស្វែងរកឈ្មួញលក់គោ៖ «រដ្ឋាភិបាល ក្រសួងពាក់ព័ន្ធគួរគិតពិចារណា ហើយនឹងរៀបចំឱ្យមានទីផ្សារសម្រាប់អោយកសិករលក់នូវគោសាច់ ឬក៏ទីសត្វឃាតហ្នឹង ប្រមូលទិញគោតម្លៃសមរម្យ ហើយអាចលក់បាននូវតម្លៃល្អ។ ហើយផ្តល់ឱកាសព័ត៌មានផ្សព្វផ្សាយទៀត សម្រាប់អោយប្រជាពលរដ្ឋបានទិញនូវសាច់គោប្រើប្រាស់ ដើម្បីលើកកម្ពស់នូវផលិតផល និងការចិញ្ចឹមបសុសត្វ ឬក៏ការចិញ្ចឹមគោលក់របស់បងប្អូនប្រជាពលរដ្ឋ»។
កសិករចិញ្ចឹមគោ និងសង្គមស៊ីវិល អំពាវនាវដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរកវិធីសាស្ត្រដោះស្រាយបញ្ហាតម្លៃគោចុះថោក និងទប់ស្កាត់ការនាំចូលសាច់គោកកពីប្រទេសជិតខាង។ ពួកគេយល់ថា អាជ្ញាធរពាក់ព័ន្ធ ត្រូវដំឡើងពន្ធនាំចូលគោរស់ និង សាច់គោ ពីបរទេស និងបង្កើតរោងចក្រកែច្នៃសាច់គោ ហើយផ្សព្វផ្សាយដល់អាជីវករកាប់គោ និងពលរដ្ឋអោយគាំទ្រសាច់គោក្នុងស្រុក ដើម្បីលើកទឹកចិត្តដល់កសិករចិញ្ចឹមគោ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។