មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចាត់ទុកករណីរំលោភបំពានសិទ្ធិកូដករបុគ្គលិកណាហ្គាវើលដ៍ (Naga World) ថាជាកំណត់ត្រាថ្មីមួយទៀតពីការរំលោភបំពានសិទ្ធិស្ត្រី បង្កដោយអាជ្ញាធររដ្ឋ ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមតាមដាន និងជំរុញឱ្យអាជ្ញាធរបញ្ឈប់ការរំលោភបំពាននេះ ដើម្បីធានាថា កម្ពុជាបានយកចិត្តទុកដាក់ពិតប្រាកដ ដើម្បីដោះស្រាយអំពើហិង្សាលើស្ត្រី។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងចងក្រងករណីរំលោភបំពានសិទ្ធិកូដករនៅណាហ្គាវើលដ៍នេះជាបណ្ណព័ត៌មានសំខាន់សម្រាប់ផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមិនា ខាងមុខ ដែលជាទិវានារីអន្តរជាតិ។
មន្ត្រីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអះអាងថា មជ្ឈមណ្ឌលលើកយកបញ្ហារបស់កូដករនៅណាហ្គាវើលដ៏ទៅបង្ហាញនៅថ្ងៃសិទ្ធិនារីអន្តរជាតិនៅពេលខាងមុខនោះដោយសារចង់បញ្ជាក់ថាស្ថាប័នពាក់ព័ន្ធពិសេសក្រសួងកិច្ចការនារី និងតំណាងរាស្រ្តចាំបាច់ត្រូវចេញមុខពិនិត្យមើលការអនុវត្តរបស់អាជ្ញាធរទៅលើក្រុមស្ត្រីកូដករ នៅណាហ្គាវើលដ៍ ដែលមិនគួរបណ្ដែតបណ្ដោយឱ្យរឿងនេះបន្តកើតឡើងនៅទីសាធារណៈតទៅទៀតឡើយ។
នាយកផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក សួន យុធ្យា ប្រាប់វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី១ ខែមីនា ថាការចងក្រងព័ត៌មានរបស់កូដករនៅណាហ្គាវើលដ៏ចាប់តាំងពីថ្ងៃពួកគាត់ចាប់ផ្ដើមធ្វើកូដកម្មដំបូងរហូតមកដល់ពេលនេះ គឺជាផ្នែកមួយនៃយុទ្ធនាការរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសម្រាប់ទិវានារីអន្តរជាតិនៅឆ្នាំនេះ។ លោកថាបញ្ហារបស់កូដករនៅណាហ្គាវើលដ៍គួរទទួលបានដំណោះស្រាយបញ្ចប់ទំនាស់ដោយមានអន្តរាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធ៖ « មិនត្រឹមតែក្រសួងកិច្ចការនារីទេ រដ្ឋសភា តំណាងរាស្រ្តក៏ដោយត្រូវមានភារកិច្ចសួរនាំពួកគាត់។ ទោះបីជាពួកគាត់បោះឆ្នោតឱ្យគណបក្សណាក៏ដោយនៅពេលតំណាងរាស្រ្តជាប់ឆ្នោត គ្រប់តំណាងរាស្រ្តទាំងអស់ជាតំណាងរបស់ប្រជាពលរដ្ឋ។ អីចឹងនៅពេលពលរដ្ឋមានបញ្ហា មិនត្រឹមតែក្រសួងកិច្ចការនារីទេ តំណាងរាស្រ្តហ្នឹងក៏ត្រូវតែចុះដែរ ប៉ុន្តែមកដល់ពេលនេះមិនទាន់ឃើញមាននរណាយកចិត្តទុកដាក់ ឯការជំរុញឱ្យមានដំណោះស្រាយក៏មិនមានដែរ»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងធ្វើយុទ្ធនាការបន្តបន្ទាប់នៅតាមបណ្ដាញសង្គមហ្វេសប៊ុកចាប់ផ្ដើមពីថ្ងៃទី១ មីនា ដល់ថ្ងៃទី៨ មីនា ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងពីសមភាពយេនឌ័រ ជំរុញការបង្កើនកិច្ចខិតខំប្រឹងប្រែងដោះស្រាយការរំលោភសិទ្ធិស្រ្តី។ ក្នុងនោះមានសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖ នៅថ្ងៃទី១ ខែមីនា មជ្ឈមណ្ឌលនេះចេញផ្សាយកម្រងសំណួរទាក់ទងនឹងទិវានារីអន្តរជាតិ។ នៅថ្ងៃទី៧ និងមានកម្មវិធីពាក់កណ្ដាលអនឡាញ ប្រារព្ធទិវានារីអន្តរជាតិក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីអនាគតប្រកបដោយចីរភាព» ដោយមានផ្សាយផ្ទាល់តាមហ្វេសប៊ុកពីករណីសិក្សារបស់ស្ត្រីមកពីមជ្ឈដ្ឋានចម្រុះ និងការប្រកួតជើងឯកខាងសិទ្ធិមនុស្ស។ នៅពេលយប់ថ្ងៃដដែលនឹងមានការស្វែងយល់ពីសុខុមាលភាពផ្លូវចិត្ត ក្រោមប្រធានបទ «អបអរសាទរសិទ្ធិនារី អបអរសាទរសុខុមាលភាពរបស់យើង» ។ ចំណែកនៅថ្ងៃទី៨ មជ្ឈមណ្ឌលនឹងផ្សព្វផ្សាយប័ណ្ណព័ត៌មានកាលប្បវត្តិនៃការរំលោភបំពាន ដែលកូដករនៅណាហ្គាវើលដ៍បានប្រឈម។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចសុំការឆ្លើយតបពីមន្ត្រីពាក់ព័ន្ធនៅក្រសួងកិច្ចការនារី និងពីគណៈកម្មការរដ្ឋសភាទទួលបន្ទុកកិច្ចការនារីបាននៅឡើយទេកាលពីយប់ថ្ងៃទី១ ខែមីនា។
ទាក់ទងនឹងការរំលោភបំពានក្រុមស្រ្តីកូដករណាហ្គាវើលដ៍នេះក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍ចំនួន ៥១ កាលពីថ្ងៃទី២៤ ខែកុម្ភៈបានរួមគ្នារិះគន់វិធានការអាជ្ញាធររាជធានីភ្នំពេញថាបានប្រើអំពើហិង្សា និងបៀតបៀនផ្លូវភេទទៅលើកូដករ ដែលភាគច្រើនជាស្រ្តី។ ពួកគេរកឃើញថាសមាជិកសហជីពទ្រទ្រង់សិទិ្ធការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ បានរងនូវអំពើហិង្សា ការចាប់ដាក់ពន្ធនាគារ និងការអនុវត្តវិធានការកូវីដ-១៩ ដោយមិនត្រឹមត្រូវក្នុងកាឆ្លើយតបទៅនឹងការធ្វើកូដកម្មដោយសន្តិវិធី។ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរបានចាប់រុញទាញ និងសែងកូដករអហិង្សាបង្ខំឱ្យចូលក្នុងរថយន្តក្រុង ដើម្បីនាំទៅមណ្ឌលធ្វើចត្តាឡីស័ក នៅខណ្ឌព្រែកព្នៅ។ ក្រុមអង្គការសង្គមស៊ីវិលបញ្ជាក់ច្បាស់ៗថា ហើយសមត្ថកិច្ចជាបុរសម្នាក់ «បានចាប់និងច្របាច់ដោះស្រ្តីម្នាក់» នៅពេលបង្ខំនាងឲ្យចូលទៅក្នុងរថយន្តក្រុង។ ក្រៅពីនេះអាជ្ញាធររដ្ឋធ្លាប់បានប្រើភាសាអាសគ្រាមបំពារបំពានផ្លូវភេទមិនសមរម្យទៅលើកូដករ។
កូដករម្នាក់ឈ្មោះ អាទីន បានប្រាប់វិទ្យុអាស៊ីសេរីថា នាងឈឺចាប់នឹងទង្វើរបស់អាជ្ញាធរដែលបៀតបៀនរាងកាយនាង និងកូដករជាស្ត្រីមួយចំនួនទៀត៖ « ឈឺហួសថ្លែងហើយបង ហើយខ្ញុមជាកូដករមួយរូប ដែលត្រូវបានអាជ្ញាធរគាត់បានប្រើវិធីបង្ខំឱ្យខ្ញុំឡើងឡានហ្នឹង គឺគាតើយកដៃគាត់ជាមនុស្សប្រុស ដែលខ្ញុំមិនដែលស្គាល់មកសង្រ្គប់ខ្ញុំពីក្រោយ ច្របាច់ដៃយើងឡើងជាំ។ ខ្ញុំស្នើសុំឱ្យក្រសួងកិច្ចការនារីជួយមើលផងទៅថាគួរចាត់វិធានការអត់ នៅពេលដែលគេធ្វើលើស្រ្តី មានការទាត់ធាក់ពីអាជ្ញាធរមានសមត្ថកិច្ចចឹង។ វវាជាទង្វើមួយដែលប៉ហពាល់ធ្ងន់មែនទែន ប៉ុន្តែគាត់បែរជាអត់ឃើញឈឺឆ្អាលសោះ»។
តែទោះជាយ៉ាងណា សាលារាជធានីភ្នំពេញបានចេញសេចក្ដីប្រកាសព័ត៌មានច្រានចោលការចោទប្រកាន់ពីការប្រព្រឹត្តអំពើហិង្សា និងការបៀតបៀនរបស់អាជ្ញាធរ។ សាលាក្រុងចោទសួរថា តើអាចទៅរួចដែរឬទេ ដែលថា អាជ្ញាធរអាចប្រព្រឹត្តនូវទង្វើអសីលធម៌ដូចការចោទប្រកាន់ នៅចំពោះមនុស្សម្នា អាជីវករ អ្នកធ្វើដំណើរ នៅទីប្រជុំជនជាច្រើននាក់ដែលមានកាមេរ៉ាទូរស័ព្ទគ្រប់ដៃ រួមទាំងសមត្ថកិច្ចដទៃទៀត ដែលកំពុងភារកិច្ចនៅតាមទីសាធារណៈនោះ?។
តែទោះជាយ៉ាងណាក្រុមកូដករ និងសង្គមស៊ីវិលនៅតែអះអាងថាពិតជាមានរឿងបែបនេះមែន ហើយអាជ្ញាធរតែងបដិសេធ ទង្វើរបស់ខ្លួន បើទោះបីជាមានភស្ដុតាងជាក់ស្ដែងយ៉ាងណាក៏ដោយ។
ក្រុមកម្មករនៅណាហ្គាវើលដ៍ បានចាប់ផ្ដើមកូដកម្មអហិង្សាកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ទាមឱ្យក្រុមហ៊ុនទទួលយកកម្មកជាង៣រយនាក់ឱ្យចូលធ្វើការវិញ។ ប៉ុន្តែមកដល់ពេលនោះ មានថ្នាក់ដឹកនាំ និងសមាជិកសហជីពចំនួន១១នាក់ហើយ ដែលចូលរួមការតវ៉ានេះ កំពុងជាប់ឃុំនៅពន្ធនាគារ ដោយអាជ្ញាធរចោទប្រកាន់ពីបទញុះញង់ និងបំពានវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
ក្រុមអង្គការសង្គមស៊ីវិលពិសេសផ្នែកសិទ្ធិមនុស្ស និងសិទ្ធិការងារបានទទូចដល់អាជ្ញាធរឱ្យបញ្ចប់វិវាទការងារនេះ និងដោះលែងតំណាងសហជីពឱ្យមានសេរីភាពវិញ។ ពួកគេបានដាក់លិខិតសុំអន្តរាគមន៍រឿងនេះទៅក្រសួង ស្ថាប័នពាក់ព័ន្ធ មានរដ្ឋសភា ក្រសួងកិច្ចការនារី និងក្រសួងមហាផ្ទៃជាដើម ប៉ុន្តែនៅមិនទាន់ចំណាត់ការណាមួយ ដើម្បីបញ្ចប់រឿងនេះ។ ចំណែកក្រុមកូដករត្រូវបង្ខំចិត្តបែរទៅធ្វើយុទ្ធនាការតាមបណ្ដាញសង្គម ជំនួសឱ្យការតវ៉ានៅក្បែរអាគារបនល្បែងណាហ្គាវើលដ៍ ដោយសារកូដករជាច្រើននាក់ត្រូវធ្វើចត្តាឡីស័កការបង្គាប់បញ្ជារបស់អាជ្ញាធរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។