អង្គការសេដាក (CEDAC) នៅខេត្តត្បូងឃ្មុំ សហការជាមួយអង្គការដៃគូផ្សេងទៀត បានរៀបចំសិក្ខាសាលា ព្រមទាំងធ្វើពិធីតាំងពិព័រណ៍ផលិតកសិកម្មសរីរាង្គ នៅព្រឹកថ្ងៃទី១០ មីនា ក្នុងបរិវេណសាលាខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួម ១៥០នាក់។
សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយអំពីការប្រើប្រាស់ និងផលិតនូវរាល់ផលិតផលដែលគ្មានសារធាតុគីមី ពោល គឺជាផលិតផលដំណាំដែលប្រើប្រាស់ជីធម្មជាតិ ដើម្បីធានាបាននូវសុខមាលភាពរបស់ពលរដ្ឋ។
នាយកប្រតិបត្តិអង្គការសេដាក លោក សម វិទូ មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលា និងការតាំងពិព័រណ៍ផលិតផលកសិកម្មរបស់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ រួមមានបន្លែ ផ្លែឈើ ត្រីសាច់ ជាដើមនោះ គឺដើម្បីបង្កើនការយល់ដឹងរបស់អតិថិជន និងអ្នកពាក់ព័ន្ធលើផលិតផលកសិកម្មសរីរាង្គក្នុងស្រុក។ លោកថា ការប្រើប្រាស់ផលិតផលសរីរាង្គ គឺផ្ដល់ផលប្រយោជន៍សម្រាប់សុខភាពមនុស្ស ព្រមទាំងការការពារបរិស្ថានផង។ លើសពីនេះទៀត ដើម្បីផ្ដល់ឱកាសរកប្រាក់ចំណូលដល់ពលរដ្ឋក្រីក្របំផុត តាមរយៈជំនួញដែលមានការគាំទ្រពីសហគមន៍របស់ពួកគាត់ និងជាឱកាសសម្រាប់កសិករបានជួបពិភាក្សា និងចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក ជាដើម៖ «មានន័យថា ពេលដែលយើងបង្កើនការយល់ដឹងដល់អ្នកបរិភោគអ៊ីចឹង អ្នកបរិភោគគាត់ឲ្យតម្លៃខ្ពស់លើផលិតផលទាំងហ្នឹង។ អ៊ីចឹងជាយុទ្ធសាស្ត្រឈ្នះៗទាំងពីរ គឺកសិករក៏ឈ្នះ អ្នកបរិភោគក៏ឈ្នះ»។
លោកថា ដើម្បីជួយគ្រួសារកសិករក្រក្រី ឬកសិករតូចតាចនៅតាមជនបទ អ្នកបរិភោគអាចជួយពួកគាត់បានតាមរយៈជួយទិញផលិតផលធម្មជាតិដែលកសិករផលិតបាន។
ក្នុងកម្មវិធី គឺមានដាក់តាំងផលិតផលកសិកម្មសរីរាង្គរបស់ប្រជាកសិករមកពីសហគមន៍ផ្សេងៗ និងការដើរហែក្បួនតាមទីផ្សារ ដើម្បីផ្សព្វផ្សាយដល់អ្នកទិញ និងអ្នកលក់ឲ្យយល់ពីការប្រើប្រាស់ផលិតផលកសិកម្មធម្មជាតិរបស់កសិករ។ កម្មវិធីនេះ នឹងបញ្ចប់នៅថ្ងៃទី១១ មីនា ក្រោយពេលអង្គការសេដាក ធ្វើសិក្ខាសាលាបូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួន នៅសាលប្រជុំក្នុងវត្តកណ្ដោលជ្រុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។