សេដាកជ្រើសរើសយុវជន២៥នាក់ចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញកសិកម្ម
2014.05.31

មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា សេដាក (CEDAC) ប្រកាសជ្រើសរើសយុវជនចំនួន ២៥នាក់ ឲ្យចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញមួយស្ដីអំពី ការអភិវឌ្ឍសហគមន៍កសិកម្មអាស្រ័យខ្លួនឯង។
នាយកប្រតិបត្តិនៃអង្គការសេដាក លោក សម វិទូ មានប្រសាសន៍ថា វគ្គនេះមានរយៈពេល ៤ខែ ដោយរៀនសូត្រតាមរយៈការអនុវត្តការងារដោយផ្ទាល់។ យុវជនដែលទើបបញ្ចប់ថ្នាក់ឧត្ដមសិក្សា ចាប់ពីកម្រិតបរិញ្ញាបត្ររងគ្រប់ជំនាញទៅ អាចដាក់ពាក្យសុំរៀនវគ្គនេះបាន ប៉ុន្តែយុវជនដែលបានរៀនជំនាញកសិកម្ម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន កាន់តែប្រសើរ។ ក្នុងរយៈពេលសិក្សា សិក្ខាកាមនឹងទទួលបានប្រាក់ឧបត្ថម្ភពីអង្គការសេដាក ហើយអ្នកដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះប្រកបដោយជោគជ័យនោះ នឹងត្រូវបានជ្រើសរើសអោយបម្រើការងារជាមួយអង្គការសេដាក និងស្ថាប័នពាក់ព័ន្ធនានា។
លោក សម វិទូ៖ «ពេលដែលគាត់ចប់ពីមហាវិទ្យាល័យមក គាត់មិនសូវជាមានជំនាញនៅក្នុងការអនុវត្តផ្ទាល់ទេ។ គាត់មានជំនាញខាងទ្រឹស្ដីច្រើន។ ការអនុវត្តផ្ទាល់វាអាចជួយបង្កើនសមត្ថភាពរបស់គាត់ នៅក្នុងការគ្រប់គ្រងផ្ទាល់ក៏ដូចជាការដកស្រង់បទពិសោធន៍ ក្នុងការអនុវត្តផ្ទាល់របស់កសិករ។ យើងធ្វើការនេះបណ្ដុះបណ្ដាលគាត់ ហើយឲ្យគាត់ទៅធ្វើផ្ទាល់តែម្ដង។ ឧទាហរណ៍ថា យើងឲ្យដី ១០អា បើសិនជាគាត់មានដី ១០អា តើគាត់អាចធ្វើយ៉ាងម៉េចឲ្យ ១០អាហ្នឹង អាចចិញ្ចឹមខ្លួនគាត់រស់ហើយ អាចរកប្រាក់ចំណេញថែមទៀត»។
វគ្គបណ្ដុះបណ្ដាលជំនាន់ទី២៥ នេះនឹងចាប់ទទួលពាក្យពីពេលនេះ ដល់ថ្ងៃទី១៣ ខែមិថុនា ហើយនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែមិថុនា ឆ្នាំ២០១៤ ដល់ពាក់កណ្ដាលខែតុលា ឆ្នាំ២០១៤។
នៅក្នុងសេចក្ដីប្រកាសដដែលសរសេរថា អង្គការនេះកំពុងអនុវត្តផែនការរយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២២ ដែលផ្ដោតទៅលើការកសាងសហគមន៍អាស្រ័យខ្លួនឯង ជាពិសេសផ្ដោតទៅលើផលិតកម្មកសិកម្មសរីរាង្គ ការកែច្នៃ និងទីផ្សារ រួមទាំងការអភិវឌ្ឍសហករណ៍កសិកម្ម។ ដើម្បីអនុវត្តនូវផែនការ ១០ឆ្នាំនេះជោគជ័យ អង្គការនេះត្រូវការជ្រើសរើសបុគ្គលិកបន្ថែមប្រមាណ ៥០០នាក់ ក្នុងកំឡុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។
ទំនាក់ទំនងព័ត៌មាននិងការដាក់ពាក្យ៖ ផ្ទះលេខ៩១ និង ៩៣ ផ្លូវ២០១១ (ផ្លូវB បុរីពិភពថ្មីបឹងឈូក) ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ ០១២ ៤៤៧ ៥៩៩ ០១២ ៧២៥ ៧២៤ ឬemail: cedacinfo@cedac.org.kh៕