ក្រុម​អាជីវករ​លើក​គ្នា​ទៅ​ស្នើ​អាជ្ញាធរ​សាងសង់​ដំបូល​ផ្សារ​ច្បារអំពៅ​ឲ្យ​បាន​ឆាប់

ដោយ មាន ឫទ្ធិ
2018-03-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ផ្សារ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ត្រូវ​ភ្លើង​ឆាបឆេះ កាល​ពី​យប់​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ​២០១៨។
ទិដ្ឋភាព​ផ្សារ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ត្រូវ​ភ្លើង​ឆាបឆេះ កាល​ពី​យប់​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ​២០១៨។
Photo screenshot

ក្រុម​អាជីវករ​នៅ​ផ្សារ​ច្បារអំពៅ ដែល​រងគ្រោះ​ឆេះ​ផ្សារ កាលពី​ពាក់​កណ្ដាល​អាធ្រាត្រ ថ្ងៃ​ទី​១៥ មីនា បាន​នាំ​គ្នា​ទៅ​ជួបជុំគ្នា​ក្នុង​វត្ត​ច្បារអំពៅ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា នេះ ដើម្បី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជួយ​សាងសង់​ដំបូល​ផ្សារ​រួមគ្នា​មួយ ឲ្យ​បាន​ខ្ពស់​ឲ្យ​បាន​លឿន​បំផុត ដើម្បី​ពួកគេ​អាច​បន្ត​អាជីវកម្ម​លក់ដូរ​របស់​គេ​បន្ត​ទៀត​បាន។ អភិបាលខណ្ឌ​ច្បារអំពៅ មិនទាន់​សម្រេច​បែប​ណា​ទេ ចំពោះ​សំណើ​នេះ ដោយ​អះអាង​ថា ចាំ​ពិភាក្សា​គ្នា​សិន។

ជំនួប​រវាង​អាជីវករ​រងគ្រោះ និង​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​នោះ ក្រុម​អាជីវករ​បាន​ទាមទារ​ជា​រួម ចំនួន ៣​ចំណុច គឺ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជួយ​សំអាត​កម្ទេចកំទី នៅ​ក្នុង​ផ្សារ​ដែល​ឆេះ ជួយ​សាងសង់​ដំបូល ផ្សារ​ទាំងមូល​ឲ្យ​បាន​ខ្ពស់ នៅ​លើ​ទីតាំង​ចាស់ និង​ធ្វើ​ឲ្យ​បាន​លឿន​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។ ចំណែក តូប​លក់​នីមួយៗ ម្ចាស់​តូប​អះអាង​ថា សុខចិត្ត​សាងសង់​ដោយ​ខ្លួនឯង​ឡើងវិញ។

អាជីវករ​លក់​គ្រឿងក្រអូប​ម្នាក់ ក្នុង​ផ្សារ​ច្បារអំពៅ កញ្ញា គឹម ឆាយ ឲ្យ​ដឹង​ថា ជំនួប​នេះ នឹង​បន្ត​ពិភាក្សា​គ្នា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មីនា​ទៀត ព្រោះ​ការ​ដោះស្រាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ មីនា នៅ​មិនទាន់​ទទួល​បាន​លទ្ធផល​បែប​ណា​ទេ។ ទោះយ៉ាងណា អាជីវករ​ដែល​ខាតបង់​ថវិកា​ជាង ១​ម៉ឺន​ដុល្លារ ក្នុង​ករណី​ឆេះ​ផ្សារ​ច្បារអំពៅ​រូប​នេះ ប្រាប់​ថា ក្រុម​អាជីវករ​សង្ឃឹម​យ៉ាង​មុតមាំ​ថា អាជ្ញាធរ​នឹង​ទទួលយក​សំណើ​របស់​ពួកគេ ព្រោះ​ពួកគេ​សុទ្ធតែ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្សារ៖ «និយាយ​ទៅ ពួក​ខ្ញុំ​សំណូមពរ​ឲ្យ​គាត់ (​អាជ្ញាធរ​) ធ្វើ​តែ​ដំបូល​រួម​ទេ។ សំខាន់​បំផុត​ធ្វើការ​ឲ្យ​លឿន​ហ្នឹង​ណា ឲ្យ​គាត់​កាយ អា​គ្រឿង​ឆេះ​ហ្នឹង កាយ​ឲ្យ​លឿន​នឹង​អាច​ខ្ញុំ​បន្ត​ឆ្នាំងបាយ​តទៅទៀត បើ​ទាមទារ​សាងសង់​តូប​ទៀត នាំ​តែ​យូរ​ទេ​បង ខ្ញុំ​ត្រូវ​ការលក់ដូរ​ឆាប់ៗ​ដែរ​ហ្នឹង»

កាលពី​ពាក់​កណ្ដាល​អធ្រាត្រ​ថ្ងៃ​ទី១៥ ឈាន​ចូល​ថ្ងៃ ១៦ ខែ​មីនា ផ្សារ​ច្បារអំពៅ​ទាំងមូល បាន​រង​នូវ​ការ​ឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​តូប​ចំនួន ១.៤៤៧ ខូចខាត​ស្ទើរ​ទាំង​ស្រុង។ ករណី​នេះ ការ​សន្និដ្ឋាន​ជាបឋម​របស់​អាជ្ញាធរ សន្និដ្ឋាន​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី។

របាយការណ៍​របស់​នគ​របាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ បាន​រៀបរាប់​ថា នៅ​យប់ ថ្ងៃ​ព្រហស្បតិ៍ ទី ១៥ ខែ​មីនា អគ្គីភ័យ​ឆេះ​ផ្សារ​ច្បារអំពៅ ដែល​ឋិត​នៅ​ភូមិ​កណ្ដាល សង្កាត់​ច្បារអំពៅ ២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ តាម​របាយការណ៍​នេះ សរសេរ​ថា តូប​ដែល​ឆេះ សរុប​ចំនួន ៥៨៨​តូប ក្នុង​នោះ​ឆេះ​តូប​ខាងក្នុង​ផ្សារ​ចំនួន ៣៤០ តូប នឹង​ឆេះ​តូប​ក្រៅ​ផ្សារ​ចំនួន ២៤៨​តូប ដែល​ជា​តូប​សង់​អំពី​ថ្ម​ប្រក់​ស័ង្កសី មាន​ទំហំ​តូប​នីមួយៗ​ស្មើ ២​ម៉ែត្រ។

នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ច្បារអំពៅ​ទី​២ លោក ទេព បូរ៉ា ត្រូវ​បាន​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្ដិ៍​ស្រង់​សម្ដី ពី​កន្លែង​កើត​ហេតុ​ថា ក្នុង​ការ​ពន្លត់​អគ្គីភ័យ​ឆេះ​ផ្សារ​អំពៅ សមត្ថកិច្ច​បាន​ប្រើប្រាស់​ទឹក​អស់​ជាច្រើន​ឡាន ខណៈ​ដែល​ភ្លើង​បាន​ឆេះ​ជាង ១០​ម៉ោង គឺ​តាំងពី​យប់​ពាក់កណ្ដាល​អាធ្រាត្រ ថ្ងៃ​ទី​១៥ មីនា រហូត ដល់​ម៉ោង​ប្រមាណ ៣​រសៀល ថ្ងៃ​ទី​១៦ មីនា។

ក្រៅពី​ស្នើ​ដល់​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ​លើ​ការសាងសង់​ដំបូល​ផ្សារ​ឡើងវិញ ក្រុម​អាជីវករ ដែល​រងគ្រោះ​ឆេះ​តូប និង​អីវ៉ាន់​ទាំងស្រុង ស្នើសុំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ជា​ថវិកា ដល់​ពួកគាត់​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៥០​ភាគរយ នៃ​ការខូចខាត ដើម្បី​ជា​ដើមទុន​ចាប់ផ្ដើម​អាជីវកម្ម​ជាថ្មី។

រាល់​សំណើ​របស់​អាជីវករ​ផ្សារ​ច្បារអំពៅ មិនទាន់​ទទួល​បាន​ការ​ឆ្លើយតប​យ៉ាងណា ពី​អាជ្ញាធរ​ទេ។ គេហទំព័រ​សារព័ត៌មាន​ថ្មីៗ បាន​ស្រង់​សម្ដី​អភិបាលខណ្ឌ​ច្បារអំពៅ លោក ចេង មុនីរ៉ា បាន​ត្រឹម​សន្យា ជាមួយ​ក្រុម​អាជីវករ​ថា នឹង​យក​សំណើ​ទាំងអស់ ទៅ​ពិភាក្សា​គ្នា​សិន​ហើយ​លោក​ក៏​នៅ​មិនទាន់​អាច​កំណត់​រយៈពេល និង​ទំហំ នៃ​ការ​ដោះស្រាយ​ជូន​ក្រុម​អាជីវករ​បាន​នៅ​ពេល​ណា​ឡើយ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មើលឃើញ​ថា អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ក្នុង​របប​លោក ហ៊ុន សែន គួរតែ​ជួយ​តាម​សំណើ​របស់​អាជីវករ​រងគ្រោះ​នៅ​ផ្សារ​ច្បារអំពៅ ព្រោះ​កន្លងមក លោក​ឃើញ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​បាន​ជួយ​សាងសង់​ផ្សារ​ឡើងវិញ ក្រោយ​ពេល​ឆេះ។ លោក សន ជ័យ គាំទ្រ​សំណើ​របស់​ក្រុម​អាជីវករ ដែល​ស្នើសុំ​អាជ្ញាធរ​ឲ្យ​ជួយ​ត្រឹម​សំអាត​ផ្សារ និង​សាងសង់​ដំបូល​រួម​ឲ្យ​ខ្ពស់ ហើយ​សុខចិត្ត​សង់​តូប​ខ្លួនឯង ដើម្បី​បង្ការ​កុំ​ឲ្យ​មន្ត្រី​ខិលខូច លួច​បន្លំ​សង់​តូប​បន្ថែម​ពីលើ​តូប​ដែល​មាន​ចាស់ ឬ​កុំ​ឲ្យ​កេង​ចំណេញ​ពីលើ​ករណី ឆេះ​ផ្សារ ដូច្នេះ គួរ​ធ្វើតាម​សំណើ​របស់​អាជីវករ ព្រោះ​ករណី​បែប​នេះ កើតឡើង​ច្រើន​កន្លែង​ហើយ៖ «ជា​បទពិសោធន៍​ហ្នឹង អា​រឿង​សង់​តូប ខ្ញុំ​គិត​ថា តូប​មិនសូវ​ធំ​ប៉ុន្មាន​ទេ នៅ​តាម​ផ្សារ អ៊ីចឹង​ប្រជាពលរដ្ឋ​ប្រហែល​ដោះស្រាយ​ខ្លួន​ឯង​បាន​។ ប៉ុន្តែ​រឿង​ការខូចខាត​ទំនិញ​អីហ្នឹង ផ្សេងៗ​ទៀត វា​ជា​រឿង​មួយ​ត្រូវ​មើល​ដែរ។ រឿង​តូប ប្រជាពលរដ្ឋ​ថា មិនបាច់​ជួយ​ទេ ធ្វើ​តែ​ដំបូល​ឲ្យ ខ្ញុំ​គិត​ថា វា​ជា​រឿង​មួយ​ដែល​ល្អ​ដែរ ព្រោះ​អី​ថា នេះ​ជា​ចំណុច​បារម្ភ ហើយ​រឿង​នេះ​កើតឡើង​ច្រើន ដូច​នៅ​ករណី​នៅ​ស្ទឹងត្រែង កាលពី​ប៉ុន្មាន​ឆ្នាំមុន​វា​ធ្លាប់​កើតឡើង​ដែរ។ អាហ្នឹង​គេ​ហៅថា អាជ្ញាធរ​ខ្លះ ធ្លាប់​មាន​បទពិសោធន៍ កន្ទេល​ធំ​បន្លំ​ដេក។ ក្រោយ​ភ្លើង​ឆេះ​ហ្នឹង​ទៅ មាន​អ្នកខ្លះ បាន​ផលប្រយោជន៍​ពី​អគ្គីភ័យ គ្រោះ​មហន្តរាយ​ហ្នឹង​ដែរ»

សង្គម​ស៊ីវិល​សង្ឃឹមថា អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ នឹង​មិន​ធ្វើ​ឲ្យ​ខូច​ឈ្មោះ ដូច​អាជ្ញាធរ​ផ្សេងទៀត ក្នុង​របប​លោក ហ៊ុន សែន ដែល​រង​ការ​ចោទ​ពី​អាជីវ​ការ ថា​បាន​ឆ្លៀតឱកាស​កេង​ចំណេញ​ពី​អាជីវករ​ក្នុង​ករណី ឆេះ​ផ្សារ ហើយ​លួច​សាងសង់​តូប​បន្ថែម​ពីលើ​តូប​ចាស់។ លោក សន ជ័យ ថា ទង្វើ​បែបនេះ នឹង​ធ្វើ​ឲ្យ​អាជីវករ​រង​វិបត្តិ​ផ្លូវចិត្ត​កាន់​តែ​ខ្លាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល