ក្រសួងការពារប្រទេសចិន កាលពីថ្ងៃទី២០ ខែកញ្ញា បានប្រគល់រថយន្តជាង ១០០គ្រឿង និងសម្ភារៈយោធាមួយចំនួនដល់ក្រសួងការពារជាតិកម្ពុជា ក្រោមជំនួយឥតសំណងរបស់ប្រទេសចិន។រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ បញ្ជាក់ថា រថយន្ត និងសម្ភារៈទំនើបៗដែលភាគីចិនប្រគល់ឱ្យកម្ពុជានេះនឹងជួយជំរុញសមត្ថភាពកងទ័ព ក្នុងការបំពេញភារកិច្ចរបស់ខ្លួនថែមមួយកម្រិតទៀត។
លើសពីនេះ លោក ទៀ បាញ់ សរសេរនៅលើហ្វេសប៊ុករបស់លោកថា ជំនួយនេះនឹងជួយដល់ការហ្វឹកហ្វឺនជំនាញសង្គ្រោះគ្រោះមហន្តរាយ ជំនាញសុខាភិបាល និងមនុស្សធម៌ ការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងធានាការរស់នៅសុខសាន្តរបស់ប្រជាជន។ រដ្ឋមន្ត្រីការពារជាតិរូបនេះក៏មិនភ្លេចបន្ថែមថា ជំនួយជាសំភារៈយោធារបស់ចិនទាំងនេះ ក៏នឹងទុកប្រើប្រាស់សម្រាប់បង្ក្រាបអ្នកដែលលោកហៅថា ពួកប្រឆាំងជ្រុលនិយមមួយក្តាប់តូចដែលលោកចោទថា ជាអ្នកបង្កចលាចលក្នុងសង្គម។
ទាក់ទងនឹងជំនួយយោធារបស់ប្រទេសចិននេះ កាលពីដើមខែកញ្ញា ប្រទេសចិនក៏បានផ្ដល់រថយន្តទំនើបចំនួន១៥០គ្រឿង និងសម្ភារៈយោធាមួយចំនួន សម្រាប់រដ្ឋាភិបាលកម្ពុជាប្រើប្រាស់ក្នុងផ្នែកយោធា និងដឹកជញ្ជូនមន្ត្រីជាន់ខ្ពស់ នៅពេលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។