អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យដឹងថា ក្នុងរយៈពេល ៦៣ថ្ងៃ ដើមឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបបានការជួញដូរគ្រឿងញៀន ៦៥៩ករណី ព្រមទាំងឃាត់ខ្លួនមនុស្ស ៣.៨៩៩នាក់។
ក្នុងរយៈពេល១ខែដើមឆ្នាំ២០២៤ នេះ ករណីបង្ក្រាបការជួញដូរគ្រឿងញៀនខុសច្បាប់មានការកើនឡើង បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ កន្លងទៅ។
អង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការងារទាក់ទងបញ្ហាសង្គម និងយុវជន ព្រួយបារម្ភជាខ្លាំង ចំពោះការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ដែលចេះតែកើនឡើងនៅក្នុងប្រទេសកម្ពុជា។
មន្ត្រីផ្នែកតស៊ូមតិ នៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) អ្នកនាង សាក់ កន្និការ យល់ឃើញថា បច្ចុប្បន្ននេះស្របពេល ដែលប្រទេសកម្ពុជា កំពុងមានបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ មានជនឆ្លៀតឱកាសមួយចំនួន បានងាកទៅប្រកបរបរជួញដូរគ្រឿងញៀន ដោយសារតែវាងាយនឹងធ្វើឱ្យពួកគេស្រួលរកប្រាក់។
អ្នកនាង កន្និការ បញ្ជាក់ទៀតថា នៅពេលដែលគ្រឿងញៀន កាន់តែរីករាលដាលឡើង គឺវាធ្វើឱ្យប៉ះពាល់ជាច្រើន ដូចជា ធ្វើឱ្យយុវជនក្លាយខ្លួនទៅជាអ្នកប្រើ វង្វេងស្មារតី កើតមានអំពើហិង្សាក្នុងគ្រួសារ ព្រមទាំងកើតមានអំពើលួច ឆក់ ដែលបង្កឱ្យកើតមានអសន្តិសុខដល់សហគមន៍។
អ្នកនាង សាក់ កន្និការ៖ « ក្រុមយុវជនមួយចំនួន ដែលគាត់រៀនបណ្ដើរធ្វើការបណ្ដើរអ្នកខ្លះគាត់ធ្វើការពេលយប់ រហូត ដល់ គាត់ពិបាកក្នុងការធ្វើដំណើរទៅមក ដោយសារបារម្ភអំពីសុវត្ថិភាពរបស់គាត់ ហើយប្រជាពលរដ្ឋមួយចំនួន ដូច នៅសហគមន៍របស់ខ្ញុំជាដើម យើងរស់នៅតំបន់ជាយក្រុងភ្នំពេញទេ ប៉ុន្តែពេលយប់ព្រលប់ខ្ទង់ម៉ោង៨ - ៩ គឺប្រជាពលរដ្ឋខ្លះគាត់អត់ហ៊ានដើរទេ។ ជាពិសេស នៅកែងផ្ទះរបស់គាត់ ដែលងងឹត គឺគាត់មិនសូវហ៊ានដើរទៅទេ ពីព្រោះគាត់បារម្ភថា នៅទីនោះអាចជាកន្លែង ដែលគេជួញដូរគ្រឿងញៀន » ។
ការព្រួយបារម្ភរបស់សង្គមស៊ីវិលនេះ គឺស្របពេលដែលសកម្មភាពជួញដូរគ្រឿងញៀននៅតែកើនឡើង។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វីរិទ្ធិ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា រយៈពេល ៦៣ថ្ងៃ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នាដើមឆ្នាំ២០២៤ សមត្ថកិច្ចបានបង្ក្រាបការជួញដូរគ្រឿងញៀន ៦៥៩ករណី ហើយឃាត់ខ្លួនមនុស្សចំនួន ៣.៨៩៩នាក់។
លោក មាស វីរិទ្ធិ បញ្ជាក់ទៀតថាក្នុងរយៈពេល១ខែដើមឆ្នាំ២០២៤នេះ ករណីបង្ក្រាបគ្រឿងញៀនខុសច្បាប់មានការកើនឡើង បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ កន្លងទៅ។
លោក មាស វីរិទ្ធិ៖ « យើងនៅមិនឆ្ងាយប៉ុន្មានពីតំបន់ត្រីកោណមាសទេ ដូច្នេះក្រុមឧក្រិដ្ឋជនចម្រុះជាតិសាសន៍នាំពីតំបន់ត្រីកោណមាស ចូលប្រទេសឡាវ ចេញពីឡាវមកកម្ពុជាតាមច្រកភាគឦសាន មានច្រកត្រពាំងគ្រៀលខេត្តស្ទឹងត្រែងនិងច្រកមួយទៀត កំពង់ស្រឡៅក្នុងខេត្តព្រះវិហារ ពីរខេត្តនឹងគួរឱ្យកត់សំគាល់។ ជាក់ស្ដែងដើមខែមីនានេះ យើងរកឃើញគ្រឿងញៀនដែលក្រុមឧក្រិដ្ឋជនផ្លុងចោលព្រមទាំងឈានទៅដល់ការរកឃើញអ្នកដឹកជញ្ជូន ដែលជាជនជាតិខ្មែរផង»។
របាយការណ៍របស់ក្រសួងមហាផ្ទៃ ឱ្យដឹងថាក្នុងឆ្នាំ២០២៣ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៧.០៦២ករណី ហើយបានឃាត់ខ្លួនមនុស្សចំនួនជាង ១ម៉ឺន ៧ពាន់ (១៧.៣៦៣)នាក់។ ក្នុងចំណោមឧក្រិដ្ឋជនដែលសមត្ថកិច្ចឃាត់ខ្លួននោះ មានជនបរទេស ៤៤១នាក់ មកពី ១៥សញ្ជាតិ។
លោក មាស វីរិទ្ធិ ឱ្យដឹងថាក្នុងចំណោមជនបរទេស ១៥សញ្ជាតិនោះ មានជនជាតិវៀតណាម ជនជាតិថៃ ឡាវ ជនជាតិអាមេរិក ឥណ្ឌូនេស៊ី ហើយជនជាតិចិនចំនួនច្រើនជាងគេ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាព(PDP) លោក យ៉ង់ គឹមអេង មានប្រសាសន៍ថាលោកចង់ឃើញរដ្ឋាភិបាលធ្វើការបង្ក្រាប ទៅលើសកម្មភាពជួញដូរគ្រឿងញៀនជាប្រចាំ ដោយមិនដកដៃ ព្រមទាំងការអនុវត្តវិធានការឱ្យបានយូរអង្វែងដោយលុបបំបាត់គ្រឿងញៀន ឱ្យបានទាំងស្រុងនៅក្នុងប្រទេសកម្ពុជា នោះទើបជាការប្រសើរ។
លោក យ៉ង់ គឹមអេង៖ « យើងគ្រាន់តែទៅដល់កន្លែងណា? ភូមិណា? នៅក្នុងឃុំណាក៏មានការលើកឡើងអំពីក្មេងប្រើប្រាស់គ្រឿងញៀនដែរ។ បញ្ហានេះប្រជាពលរដ្ឋបានបង្ហាញការព្រួយបារម្ភជារួម។ ជាទូទៅខ្ញុំមានការព្រួយបារម្ភខ្លាំងជុំវិញបញ្ហាគ្រឿងញៀននេះ ដោយសារតែបានបង្កផលវិបាកខ្លាំងទៅដល់យុវជន ទៅដល់ប្រជាពលរដ្ឋនិងសន្តិសុខសហគមន៍ ដោយសារតែការបង្ក្រាបឃើញមានជាហូរហែ ប៉ុន្តែវាមិនឃើញមានការថមថយ គួរឱ្យកត់សំគាល់និងជាទីទុកចិត្តនៅឡើយ»។
អង្គការក្រៅរដ្ឋាភិបាលរកឃើញថា បច្ចុប្បន្នគ្រឿងញៀន មិនត្រឹមតែរាតត្បាតនៅក្នុងរាជធានីភ្នំពេញនិងទីប្រជុំជនធំៗប៉ុណ្ណោះទេ សូម្បីតែនៅតំបន់ដាច់ស្រយាល របស់ជនជាតិដើមភាគតិចរស់នៅ ក៏គ្រឿងញៀនវាយលុកដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ធ្លាប់បានថ្លែងកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣ ថា កាលពីមុន ប្រទេសកម្ពុជា គ្រាន់តែជាតំបន់ឆ្លងកាត់គ្រឿងញៀនប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នបានក្លាយជាកន្លែងផលិត និងលក់ក្នុងស្រុកតែម្តង។
លោក ស សុខា បានថ្លែងទៀតថា អ្នកជាប់ពន្ធនាគារសរុបក្នុងឆ្នាំ២០២៣ គឺមានចំនួនជាង ៤ម៉ឺន ២ពាន់នាក់ (៤២.២៣៤) ហើយជាងពាក់កណ្ដាល នៃអ្នកជាប់ឃុំទាំងនោះ គឺពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ខណៈឆ្នាំ២០២២ មានអ្នកជាប់ឃុំសរុបជិត ៤ម៉ឺននាក់ (៣៩.០០០) នៅក្នុងពន្ធនាគារទូទាំងប្រទេស។
លោកថា បើអាជ្ញាធរគ្មានវិធានការអ្វីនោះទេ ចំនួនអ្នកជាប់ពន្ធនាគារ អាចនឹងកើនដល់ ៥ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។