ជនជាតិចិនបន្តប្រើប្រាស់ទឹកដីខ្មែរបើករោងចក្រផលិតគ្រឿងញៀន
2022.05.23

អាជ្ញាធរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបក្រុមឧក្រិដ្ឋជនជាតិចិន៥នាក់បន្ថែមទៀត ដែលបានបើករោងចក្រសិប្បកម្មផលិតគ្រឿងញៀនថ្មីមួយទៀតក្នុងខេត្តកំពង់ស្ពឺកាលពីពេលថ្មីៗនេះ។ មន្ត្រីសង្គមស៊ីវិល សោកស្ដាយដែលសង្គមកម្ពុជាកំពុងក្លាយជាទីតាំងផលិតគ្រឿងញៀនយ៉ាងអនាធិបតេយ្យ ដែលបានជះឥទ្ធិពលអាក្រក់នៅលើឆាកអន្តរជាតិ។
អាជ្ញាធរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយសមត្ថកិច្ចចម្រុះ បង្ក្រាបបានទីតាំងរោងចក្រផលិតគ្រឿងញៀនដ៏មួយទៀតស្ថិតនៅភូមិស្រល់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី២០ ខែឧសភាឆ្នាំ២០២២ ។ ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនជាតិចិនចំនួន ៥នាក់ ដែលពាក់ព័ន្ធក្នុងការផលិត និងចែកចាយគ្រឿងញៀន ព្រមទាំងរឹបអូសសម្ភារៈ និងសារធាតុគីមីពាក់ព័ន្ធក្នុងការផលិត និងឧបករណ៍កែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំ។
នាយករងមន្ទីរប្រឆាំងគ្រឿងញៀន លោក សិរី បុត្រសត្យា ប្រាប់កាសែតក្នុងស្រុក (Hop New) ថ្មីៗនេះ ថា ការបង្ក្រាបទីតាំងផលិតគ្រឿងញៀននេះ សមត្ថកិច្ចបានរឹបអូសសារធាតុគីមីផ្សំសរុបទម្ងន់៦០ គីឡូក្រាម និងសារធាតុគីមីសរុបជាង ៥ពាន់ (៥.២៨០) គីឡូក្រាម។ លោកបន្តថា កម្លាំងសមត្ថកិច្ចក៏ បានបិទគ្រប់បន្ទប់ទាំងអស់ និងបានប្រគល់សិប្បកម្មផលិតគ្រឿងញៀននោះ ឱ្យក្រុមសមត្ថកិច្ចស្រុកភ្នំស្រួចស្រាវជ្រាវបន្តទៀត។ ទោះជាយ៉ាងណា អាជ្ញាធរមិនទាន់បង្ហាញព័ត៌មានជាក់លាក់ណាមួយ ក្នុងការបន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ទៅលើក្រុមឧក្រិដ្ឋជនទាំងនោះ និងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀតនៅឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ អគ្គស្នងការដ្ឋានរងនគរបាលជាតិទទួលបន្ទុកបង្ក្រាបបទល្មើសគ្រឿងញៀន លោក ម៉ក់ ជីតូ និងអ្នកនាំពាក្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វីរិទ្ធិ ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី២២ ឧសភា ។ ចំណែក ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក សម សាមួន ក៏វិទ្យុអាស៊ីសេរីទាន់អាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
ទោះជាយ៉ាងណា លោក ម៉ក់ ជីតូ ធ្លាប់មានប្រសាសន៍ថា ករណីអ្នកជួញដូរគ្រឿងញៀនមានការធ្លាក់ចុះ ប៉ុន្តែចំនួនសារធាតុញៀន និងគ្រឿងញៀន នៅតែមានការកើនឡើងច្រើន គួរឱ្យកត់សម្គាល់។ លោកបន្តថា ការកើនឡើងនៃគ្រឿងញៀន ដោយសារតែក្រុមឧក្រិដ្ឋជន បានលួចបន្លំនាំសារធាតុញៀនចូលកម្ពុជា ដើម្បីផលិតនិងចែកចាយក្នុងស្រុក និងបន្តបញ្ជូនទៅកាន់ប្រទេសទី៣៖ «ក្រុមហ៊ុន សុំ នាំចូល[សារធាតុគីមី] ដើម្បីផលិតជាជីប្រើប្រាស់ក្នុងឧស្សាហកម្ម។ ប៉ុន្តែ ដល់មកបែរជាកែច្នៃ ផលិតគ្រឿងញៀន ទៅមែនសារធាតុញៀននាំចូលទេ។ សារធាតុញៀនមានអ្នកណាអនុញ្ញាតឱ្យនាំចូល។ បញ្ចេញ នៅព្រំដែនយើងមានរាប់រយគីឡូម៉ែត្រ មានសុទ្ធតែភ្នំ សុទ្ធតែព្រៃ និងទន្លេ បងប្អូន(មន្រ្តីច្រកទ្វារព្រំដែន)ប្រឹងប្រែងណាស់ ត្រួតពិនិត្យណាស់។ ប៉ុន្តែ គ្រាន់តែថាមានការចន្លោះប្រហោង នៅច្រករវៀង នាំចូលអ៊ីចឹង មិនពាក់ព័ន្ធនឹងសមត្ថកិច្ចអនុញ្ញាតអីទេ»។
ការបង្ក្រាបរោងចក្រសិប្បកម្មផលិតគ្រឿងញៀនដ៏ធំសម្បើមនេះ ជាលើកទី២ហើយសម្រាប់ខេត្តកំពង់ស្ពឺ។ កាលពីដើមខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាបកន្លែងកែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំ ក្រោមស្លាក រោងចក្រផលិតដំណាប់ស្វាយ ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយរឹបអូសបានគ្រឿងញៀនជាង១តោន និងសារធាតុញៀនជាង៨០តោន។ លើសពីនេះ ក្នុងហេតុការណ៍បង្ក្រាបនោះ មានជនជាតិចិនម្នាក់ជាមេខ្លោងឈ្មោះ លី សូងហាន (LEE TSUNG HAN) បានស្លាប់ ដោយសារតែបាញ់តដៃជាមួយសមត្ថកិច្ច ពេលដែលពួកគេបានជញ្ជូនគ្រឿងញៀនចំនួន៣រថយន្ត មកដល់បណ្ដោយផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។ អាជ្ញាធរឱ្យដឹងថា មានជនជាតិចិនចំនួន ៦នាក់ទៀត ដែលជាមេខ្លោងកំពុងរត់គេចខ្លួនទៅក្រៅប្រទេស។ លោក ម៉ក់ ជីតូ ធ្លាប់អះអាងថា កម្ពុជាបានស្នើទៅប៉ូលិសអាំងទែរប៉ូល (Interpol) ចេញនិវេទន៍ក្រហម (Red Notice) ដើម្បីតាមចាប់ខ្លួនក្រុមឧក្រិដ្ឋជនគ្រឿងញៀន៦ នាក់នោះ ជាអន្តរជាតិរួចហើយ។
ជុំវិញរឿងនេះ មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា ការបន្តបង្កើតរោងចក្រផលិតគ្រឿងញៀនរបស់ក្រុមឧក្រិដ្ឋជនទាំងនេះ ជាបញ្ហាប្រឈមកាន់រសើប ដែលបានបង្កហានិភ័យខ្ពស់សម្រាប់យុវជនជំនាន់ក្រោយ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADO) លោក អំ សំអាត រិះគន់ថា អាជ្ញាធរខ្វះការត្រួតពិនិត្យនៃដំណើរសង្វាក់ផលិតកម្មរោងចក្រ និងសិក្សាសារធាតុគីមីដែលវត្ថុទាំងនេះហូរចូលច្រកព្រំដែន។ លោកមើលឃើញថា អាជ្ញាធរមានការប្រហែសច្រើនក្នុងការអនុវត្តច្បាប់លើក្រុមឧក្រិដ្ឋជន ជាពិសេសស្ថាប័នពាក់ព័ន្ធមិនបានស៊ើបអង្កេតឱ្យបានច្បាស់លាស់លើមន្ត្រីនៅតាមច្រកទ្វារព្រំដែន និងអ្នកពាក់ព័ន្ធដែលឈរកាងពីក្រោយការបង្កើតរោងចក្រផលិតគ្រឿងញៀនទាំងនេះ៖ «អាហ្នឹង ជាការធ្វេសប្រហែស ឬអសមត្ថភាព របស់អាជ្ញាធរមូលដ្ឋានក្នុងការត្រួតពិនិត្យរោងចក្រ ហើយបើថាអាជ្ញាធរមូលដ្ឋាន មិនអាចចូលទៅត្រួតពិនិត្យ រោងចក្របាន អាហ្នឹងមើលឃើញហើយថា អាថ៌កំបាំងអ្វីនៅពីក្រោយ ហើយអ្នកណានៅពីក្រោយខ្នងនៃរោងចក្រហ្នឹង។ អាហ្នឹង ត្រូវតែមានត្រួតពិនិត្យ និងរាយការណ៍ឱ្យបានទាន់ពេលវេលា។ ការបង្ក្រាបហើយ ត្រូវតែមានការស៊ើបអង្កេត ឱ្យបានដិតដល់។ ទី១ អ្នកដែលពាក់ព័ន្ធក្នុងការផលិតគ្រឿងញៀនក្នុងរោងចក្រហ្នឹង ទោះបីជាមានអ្នកនៅពីក្រោងខ្នងមានឋានន្តរសក្តិ ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់»។
អគ្គស្នងការដ្ឋានរងនគរបាលជាតិទទួលបន្ទុកបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យដឹងថារយៈពេល ៤ខែ ក្នុងឆ្នាំ២០២២ នេះ សមត្ថកិច្ចរឹបអូសបានសារធាតុញៀនបានជាង ៣តោន។ កាលពីឆ្នាំ២០២១ កន្លងទៅ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនសរុបជាង ៦ពាន់ករណី (៦.៣០៨) និងបានរឹបអូសបានសារធាតុញៀនសរុបជាង ៤តោន ព្រមទាំងឃាត់ខ្លួនជនសង្ស័យសរុបជិត ១ម៉ឺន ៤ពាន់នាក់ (១៣.៩៧៩)។ កាលពីឆ្នាំ ២០២១ អាជ្ញាធរក៏បានបណ្ដេញជនជាតិចិនជិត ៣រយនាក់ (២៦៦) ឱ្យត្រឡប់ទៅប្រទេសពួកគេវិញ ក្រោយពីបានប្រព្រឹត្តល្មើសច្បាប់នៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។