អ្នកវិភាគសង្ស័យថា ក្រុមហ៊ុនចិនដែលឈ្នះការដេញថ្លៃក្នុងការកែលំអព្រលានយន្តហោះភ្នំពេញអន្តរជាតិ ពីក្រុមហ៊ុនបារាំងអាចមកពីខ្វះតម្លាភាពនៅក្នុងការដេញថ្លៃ។ មន្ត្រីរដ្ឋាភិបាលបានការពារចំពោះសេចក្ដីសម្រេចនេះហើយថា ការលើកឡើងរបស់អ្នកវិភាគ មានភាពលម្អៀង និងខ្វះមូលដ្ឋាន។
អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា ក្រុមហ៊ុនចិនដែលឈ្នះការដេញថ្លៃក្នុងការកែលំអព្រលានយន្តហោះនៅក្នុងទីក្រុងភ្នំពេញ គ្មានអ្វីចម្លែកទេ ពីព្រោះវាបានកើតមានឡើង នៅគ្រប់ទីកន្លែងនៅក្នុងវិស័យជំនួញ។ លោកថា ទោះជាក្រុមហ៊ុនមកពីអឺរ៉ុប ឬមកពីប្រទេសចិនក្តី រាល់ការឈ្នះការដេញថ្លៃនីមួយៗ គឺគួរតែអាស្រ័យទៅលើតម្លាភាព និងសុចរិតភាពនៅក្នុងការរៀបចំឱ្យមានការដេញថ្លៃ តែប៉ុណ្ណោះ។
លោកបន្តថា សម្រាប់ពលរដ្ឋកម្ពុជាវិញ អាចសាទរចំពោះក្រុមហ៊ុនមកពីប្រទេសបារាំង ក្នុងករណីដែលបារាំងទទួលបានគម្រោងសាងសង់ព្រលានយន្តហោះ ពីព្រោះវាទាក់ទងនឹងទំនុកចិត្តគុណភាពសេវា របស់ប្រទេសនីមួយៗ។ លោកថា កន្លងមកពលរដ្ឋកម្ពុជា ពេញចិត្តទៅលើគុណភាព និងសេវារបស់ប្រទេសបារាំងជាងប្រទេសចិន ដោយសារប្រទេសចិនទាំងសេវា និងគុណភាពនៅមានកម្រិតនៅឡើយ៖ «ទោះបីជាយ៉ាងណាក៏ដោយ ការដេញថ្លៃអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីភ្នំពេញ នៅពេលដែលក្រុមហ៊ុនចិនទទួលបានសិទ្ធិនៅក្នុងការអភិវឌ្ឍន៍នេះគឺ កាន់តែធ្វើឱ្យសង្គមស៊ីវិល ក៏ដូចជាអន្តរជាតិ និងមហាជនមានការបារម្ភ និងសង្ស័យអំពី តម្លាភាព និងសុចរិតភាពបន្ថែមទៀត។ ក្នុងពេលដែលស្ថានភាពមិនទុកចិត្តគ្នារវាង ពលរដ្ឋជាមួយនឹងរដ្ឋាភិបាល ជាពិសេសពលរដ្ឋ មើលឃើញថា គម្រោងអភិវឌ្ឍន៍ចិននេះគឺ ប៉ះពាល់ដល់ឯករាជ្យភាព និងសន្តិសុខជាតិរបស់កម្ពុជា»។
សារព័ត៌មាន យូរ៉ា អេស៊ា ថែមយ៍ (The Eura Asia Times) កាលពីថ្ងៃទី២៣ វិច្ឆិកា បានផ្សាយថា ក្រុមហ៊ុនបារាំងឈ្មោះ វីនស៊ី អ៊ែរផត (Vinci Airports) ត្រូវបានគេរុញឱ្យទៅម្ខាង ខណៈការវិនិយោគរបស់ក្រុមហ៊ុនចិនកាន់តែច្រើនឡើងចូលមកប្រទេសកម្ពុជាសម្រាប់ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្រុមហ៊ុនសាជីវកម្មចិនមួយឈ្មោះ មេតាលូជីខល (Metallurgical Corporation) ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិនបានឈ្នះ ការដេញថ្លៃ និងបានចុះកិច្ចសន្យា ដែលមានទំហំទឹកប្រាក់ចំនួន ២,៦៧ ពាន់លានយ័ន គឺស្មើចំនួន ៤០៥ លានដុល្លារ ដើម្បីសាងសង់ ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានថ្មី នៅក្នុងទីក្រុងភ្នំពេញ។
បច្ចុប្បន្ននេះកម្ពុជាមានអាកាសយានដ្ឋានចំនួន៣ នៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ គ្រប់គ្រងដោយក្រុមហ៊ុនមួយដែលមានឈ្មោះថា ខាំប៊ូឌៀ អ៊ផត (Cambodia Airports) ដែលក្រុមហ៊ុនបារាំង វីស៊ី (Vinci) មើលការខុសត្រូវ រាល់ប្រតិបត្តិការរបស់ពួកគេ។
កាសែតដដែលបានផ្សាយថា ជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ប្រទេសកម្ពុជាបានទទួលទឹកប្រាក់កម្ចី រាប់ពាន់លានដុល្លារ ពីរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនរបស់ប្រទេសចិន។
អ្នកនាំពាក្យ និងជារដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលលោក ជា អូន មានប្រសាសន៍ថា ការចោទប្រកាន់ថា ចិនមានឥទ្ធិពលមកលើកម្ពុជា មិនត្រឹមត្រូវទេ។ លោកអះអាងថា នៅសហរដ្ឋអាមេរិក និងអឺរ៉ុប ក៏មានក្រុមហ៊ុនចិនមួយចំនួនដែលបានដេញថ្លៃ ដែលទទួលបានការសាងសង់ដែរ។ តើបណ្ដាប្រទេសទាំងនោះទទួលសម្ពាធពីចិនដែរ ឬយ៉ាងណា?
លោកបន្ដថា កម្ពុជាត្រូវការពង្រីកព្រលានយន្តហោះឱ្យប្រកបដោយគុណភាព និងស្តង់ដារ អន្តរជាតិ។ នៅពេលសួរថា តើក្រុមហ៊ុនចិនសាងសង់ល្អជាង មានគុណភាពល្អជាងក្រុមហ៊ុនបារាំងឬទេ? លោក ជា អូន ថា ប្រទេសចិនមានព្រលានយន្តហោះធំៗខ្នាតអន្តរជាតិជាច្រើន ដែលធ្វើឱ្យកម្ពុជាអាចជឿទុកចិត្តចំពោះគុណភាពសំណង់មកពីប្រទេសចិន៖ «ព្រលានយន្តហោះ គេធ្វើសម្រាប់យន្តហោះចុះ ហើយយន្តហោះហ្នឹងមិនមែនជាយន្តហោះធម្មតាទេ។ យន្តហោះដែលហោះមកពីប្រទេសនានា ក្នុងពិភពលោកហ្នឹង។ ប្រទេសទាំងអស់ហ្នឹងគឺជាប្រទេសដែលមានស្តង់ដារ បើព្រលានយន្តហោះ ហ្នឹងធ្វើអត់ស្តង់ដារ ត្រឹមត្រូវគេមិនហោះមកទេ។ អាហ្នឹងត្រូវយល់អ៊ីចឹង»។
លោក ជា អូន បន្តថា ទោះបីជាក្រុមហ៊ុនចិនឈ្នះការដេញថ្លៃ នេះក៏ពិតមែន ក៏លោកថា រដ្ឋាភិបាលមិនបានដេញក្រុមហ៊ុនរបស់បារាំងចេញនោះទេ ពោលគឺទាំងក្រុមហ៊ុនចិន និងក្រុមហ៊ុនរបស់ប្រទេសបារាំងនៅធ្វើការជាមួយគ្នានៅឡើយ។ តែលោកមិនបញ្ជាក់លម្អិតថា រវាងក្រុមហ៊ុនបារាំង និងក្រុមហ៊ុនចិន តើពួកគេធ្វើការជាមួយគ្នាបានយ៉ាងដូចម្ដេចនោះ។
អាស៊ីសេរីបានព្យាយាមទាក់ទងក្រុមហ៊ុន វីនស៊ី អ៊ែរផត (Vinci Airports) របស់បារាំង តាមរយៈអ៊ីមែលកាលពីថ្ងៃទី២៥ វិច្ឆិកា តែតំណាងក្រុមហ៊ុន បានឱ្យយើងទាក់ទង អគ្គនាយកផ្នែកទំនាក់ទំនងព្រលានយន្តហោះប្រចាំនៅកម្ពុជា គឺលោក ខែក នរីនដា វិញ។
ទោះជាយ៉ាងណាលោក ខែក នរីនដា បានបដិសេធមិនធ្វើអត្ថាធិប្បាយតាមទូរស័ព្ទ៖ «អ្នកការសែតអ៊ីម៉ែលមកខ្ញុំមកអត់ឆ្លើយតាមទូរស័ព្ទទេ»។
អាស៊ីសេរីក៏បានអ៊ីម៉ែលទៅលោក ខែក នរីនដា ប៉ុន្តែលោកបែរជាឆ្លើយថា រាល់សេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនមិនត្រូវផ្សាយចេញជាសាធារណៈទេ។
ចាប់តាំងពីឆ្នាំ១៩៩៥ មក អាកាសយានដ្ឋាននៅក្នុងប្រទេសកម្ពុជា គ្រប់គ្រងដោយក្រុមហ៊ុន វីនស៊ី អ៊ែរផត របស់បារាំង ដែលរដ្ឋាភិបាលក្រុងភ្នំពេញ បានជួលឱ្យរយៈពេល ៤៥ឆ្នាំ ដើម្បីគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិចំនួន៣ គឺនៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។
ការស្ថាបនាកែលំអអាកាសយានដ្ឋានភ្នំពេញ អន្តរជាតិដែលនឹងត្រូវធ្វើឡើងវិញ ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន សៀងហៃ បោយគ្រុប (Shanghai Baoye Group) នឹងរួមបញ្ចូលទាំងផ្លូវយន្តហោះរត់ចម្ងាយ ៤.០០០ម៉ែត្រទទឹង ៦០ម៉ែត្រ ផ្លូវឡានតាក់ស៊ីចូលមកដឹកអ្នកដំណើរ និងបំពាក់គ្រឿងបរិក្ខារទំនើបៗជាច្រើនទៀត។ ការស្ថាបនានេះទំនងជានឹងបញ្ចប់នៅចុងឆ្នាំ២០២២ ខាងមុខនេះ។
ក្រុមហ៊ុន វីនស៊ី អ៊ែរផត របស់បារាំងបានកាន់កាប់ភាគហ៊ុនប្រមាណ ៧០% និងក្រុមហ៊ុនវិនិយោគម៉ាឡេស៊ី - កម្ពុជា ឈ្មោះ មូហ៊ីបា ម៉ាស្ទ៊ើរ៉ន (Muhibbah Masteron) បានកាន់កាប់ភាគហ៊ុនប្រមាណ ៣០% នៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។