មន្ត្រីសង្គមស៊ីវិល លើកឡើងថា ក្រុមជនជាតិចិនមួយចំនួននៅតែបន្តធ្វើសកម្មភាពប៉ះពាល់ដល់សង្គមកម្ពុជា បង្កអសន្តិសុខ ដោយពួកគាត់គេមិនខ្លាចញញើតក្នុងការបាញ់បោះ និងកាប់សម្លាប់មនុស្សនៅលើទឹកដីខ្មែរជាដើម។ ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលបែបនេះ ធ្វើឡើងបន្ទាប់ពីមានជនជាតិចិនចំនួន ២ក្រុមបានប្រើកាំបិតដេញកាប់គ្នាយ៉ាងអនាធិបតេយ្យនៅក្រុងព្រះសីហនុ កាលពីពេលថ្មីៗ នេះ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ព្រួយបារម្ភអំពីការប្រព្រឹត្តរបស់ជនបរទេសមួយចំនួន ដែលនៅតែបន្តប្រព្រឹត្តបទល្មើស និងបង្កអសន្តិសុខសង្គម ដែលជាហេតុធ្វើឱ្យអ្នកវិនិយោគិនល្អៗ មិនហ៊ានមកបណ្ដាក់ទុនរកស៊ីនៅខេត្តព្រះសីហនុ។
អ្នកស្រី ជៀប សុធារី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ តុលាថា ជនបរទេស ជាពិសេស ជនជាតិចិន ដែលតែងតែបង្កអសន្តិសង្គមតាមរយៈបាញ់បោះដាក់គ្នានៅទីសាធារណៈ និងកាប់សម្លាប់មនុស្សជាបន្តបន្ទាប់មកនេះ បានធ្វើឱ្យពលរដ្ឋស្ទើរគ្រប់ស្រទាប់វណ្ណៈ រាប់ទាំងអ្នកមាន និងអ្នកក្រ កសិករ ព្រមទាំងសិស្សនិស្សិតតែងតែព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាព។ អ្នកស្រីបញ្ជាក់ថា ពលរដ្ឋក្រីក្រមួយចំនួនភ័យខ្លាចកូនៗ របស់ពួកគេក្លាយជាជនរងគ្រោះ ដោយសារតែពួកគេធ្វើការនៅកន្លែងបើកអាជីវកម្មខុសច្បាប់ និងនៅក្បែរជនបរទេស ដែលមានការប្រើប្រាស់គ្រឿងញៀនជាដើម។
ទោះបីជាយ៉ាងក្ដី អ្នកស្រីនៅតែបន្តស្នើដល់អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ ពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព និងចាត់វិធានការលើជនបរទេសណា ដែលតែងតែយកក្រុងព្រះសីហនុធ្វើជាកន្លែងប្រព្រឹត្តបទឧក្រិដ្ឋ ដូចជា ការជួញដូរមនុស្ស អំពើឃាតកម្ម ការជួញដូរគ្រឿងញៀន ការបាញ់បោះកាប់សម្លាប់មនុស្សតាមទីផ្សារសាធារណៈជាដើម៖ « ដូចថា សមត្ថកិច្ច ខំប្រឹងប្រែងហើយ ក្នុងការអនុវត្តបង្ក្រាបបទល្មើសហ្នឹង ហើយគាត់បញ្ជូនជនល្មើសទៅតុលាការ។ ប៉ុន្តែ ប្រសិនជានៅស្ថាប័នអយ្យការ ឬក៏ស្ថាប័នតុលាការហ្នឹង លោកមានការបន្ធូរបន្ថយ ឬក៏មានមន្ទិលអីនៅពីក្រោយយើង ក៏មិនសូវដឹងដែរ មានការអនុគ្រោះអ៊ីចឹងទៅ វាធ្វើឱ្យការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចហ្នឹង ក៏គាត់មិនមានកម្លាំងចិត្តក្នុងការធ្វើការអនុវត្តតទៅទៀត។ ប៉ុន្តែ ស្ថាប័នសមត្ថកិច្ច និងស្ថាប័នតុលាការក្ដី លោកគួរសហការគ្នា រឹតបន្តឹងបង្ក្រាបបទល្មើសទាំងអស់ហ្នឹង ដើម្បីជនដែលប្រព្រឹត្តបទល្មើសហ្នឹង គាត់ត្រូវទទួលទោសទៅតាមការកំណត់នៃច្បាប់កម្ពុជា។ សូមកុំឱ្យមានការប្រព្រឹត្ត អំពើពុករលួយនៅពីក្រោយខ្នងហ្នឹង ព្រោះយើងចង់ពង្រឹងច្បាប់កម្ពុជា »។
ការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិលរូបនេះ ធ្វើក្រោយពីអ្នកស្រីមើលឃើញថា វិធានការក្នុងការគ្រប់គ្រងជនបរទេសរបស់អាជ្ញាធរខេត្តព្រះសីហនុ ហាក់មិនទាន់ធ្វើឱ្យជនបរទេសមានការខ្លាចញញើតច្បាប់នៅកម្ពុជាឡើយ។
កាលពីយប់ថ្ងៃទី១៧ តុលា ជនជាតិចិន ២ក្រុមបានឈ្លោះទាស់ទែងគ្នារហូតទាញកាំបិទកាប់គ្នានៅក្នុងហាងផឹកស៊ីមួយកន្លែងឈ្មោះ ស៊ី កាង (Sikang) ស្ថិតក្នុងខេត្តព្រះសីហនុ។ ក្នុងហេតុការណ៍នោះ សមត្ថកិច្ចបានចាប់ខ្លួនជនជាតិចិន ៨នាក់ និងរឹបអូសបានកាំបិតចំនួន ៥ដើម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ដើម្បីសុំអត្ថាធិប្បាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៩ តុលា។
ចំណែកអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បដិសេធមិនបកស្រាយរឿងនេះទេ ព្រោះលោកថា ជនជាតិចិនទាំង ៨នាក់កំពុងស្ថិតក្នុងនីតិវិធីស៊ើបសួររបស់សមត្ថកិច្ច។ ទោះយ៉ាងណាក្ដី លោកអះអាងថា អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុតែងតែបង្ក្រាប និងអនុវត្តច្បាប់ជនបរទេសណា ដែលបង្កអសន្តិសង្គម៖ « ដំណើរការនៃប្រតិបត្តិការ ដឹកនាំដោយក្រុមការងារក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកន្លងមកយើងបានដឹកនាំប្រតិបត្តិការ ដែលមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ស្រាវជ្រាវករណី ដែលយើងរកឃើញដែលមានបទល្មើស គឺបានបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ »។
ទោជាយ៉ាងណាក៏ដោយចុះ ក៏អ្នកតាមដានស្ថានការណ៍កម្ពុជា មើលឃើញថា ការបង្កអសន្តិសុខសង្គម ដែលប្រព្រឹត្តដោយជនជាតិចិន ជាពិសេស អាជីវកម្មបែបឧក្រិដ្ឋនៃក្រុមឧក្រិដ្ឋជនជនជាតិចិននៅបន្តកើតមានឡើងនៅកម្ពុជា ហាក់គ្មានភាពថមថយឡើយ ខណៈរដ្ឋាភិបាលក្រុងភ្នំពេញ និងរដ្ឋាភិបាលក្រុងប៉េកាំងបន្តរឹតចំណងមិត្តភាពដែកថែបយ៉ាងស្អិតល្មួតនៃប្រទេសទាំងពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។