គម្រោងសាងសង់ផ្លូវល្បឿនលឿននៅតែបន្តទៅមុខដោយគ្មានឧបសគ្គបើទោះបីជាកម្ពុជាកំពុងប្រយុទ្ធនឹងជំងឺកូវីដ ១៩

ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការសាងសង់ផ្លូវល្បឿនលឿន ទាមទារអោយអាជ្ញាធរបញ្ឈប់ការសាងសង់មួយរយៈសិនដើម្បី រកដំណោះស្រាយ ផ្ដល់សំណងដែលនៅសេសសល់ចំនួន ៥ គ្រួសារ មុននឹងបន្តគម្រោងសាងសង់នេះទៅមុខទៀត។
ប្រជាពលរដ្ឋរងគ្រោះ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច លោក មៀច លៀងសេង បញ្ជាក់ថា ការសាងសង់ផ្លួវល្បឿន លឿននេះ បានធ្វើឱ្យផ្ទះ និងដំណាំ របស់លោកត្រូវអាជ្ញាធរបានយកគ្រឿងចក្រមកកម្ទេចចោលកាលពីដើមខែធ្នូ ឆ្នាំ ២០២០ អាជ្ញាធរ នៅមិនទាន់បានដោះស្រាយនៅឡើយទេ។
លោកបន្តទៀតថា លោកបានស្នើសុំទៅសាលាខេត្តកំពង់ស្ពឺ និងបានដាក់ពាក្យបណ្ដឹងទៅអង្គការក្រៅរដ្ឋាភិបាល ដើម្បីទាមទារផ្ដល់សំណងទៅតាមតម្លៃទីផ្សារ តាំងពីខែធ្នូឆ្នាំ២០២០ ហើយរហូតមកដល់ថ្ងៃទី ០៧ មករា ឆ្នាំ២០២១ ទៅហើយ នៅតែមិនមានការឆ្លើយតប៖« តាមគោលការណ៍ដែលគេទទួលបាន ខ្ញុំអត់យកលើសពីគេទេ។ បើកាលណាយើងលើសពីគេថា យើងជំទាស់ប្រឆាំងអីគេទៀត។ អញ្ចឹងឱ្យ បានស្មើគេទៅ ថាយើងបាន លុយកាក់ហ្នឹងទៅអាចសង់ផ្ទះបានឡើងវិញ។»
អាជ្ញាធរខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ៨ ខែធ្នូ បានដាក់គ្រឿងចក្រ ចុះឈូសឆាយដី នៅភូមិពាមទុង និងភូមិផ្សេងៗទៀត ដើម្បីអភិវឌ្ឍគម្រោងផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅកំពង់ផែ ក្រុងព្រះសីហនុ។
អាជ្ញាធរខេត្ត អះអាងថា គម្រោងផ្លូវល្បឿនលឿនឆ្លងកាត់ស្រុកភ្នំស្រួច និងស្រុកសំរោងទង មានពលរដ្ឋ ជាងបីពាន់(៣ ១២៧គ្រួសារ) រងផលប៉ះពាល់ ហើយពលរដ្ឋភាគច្រើន បានយល់ព្រមទទួលយកសំណងសមរម្យ ហើយនៅសល់ពលរដ្ឋតិចតួចគ្រួសារប៉ុណ្ណោះ ដែលមិនព្រមទទួលយកសំណង។
ក្រុមពលរដ្ឋ ចំនួន ៥ គ្រួសារ មិនព្រមទទួលយកសំណងពីអាជ្ញាធរ បានអះអាងថា អាជ្ញាធរផ្ដល់សំណងមិនសមរម្យ ទើបពួកគេប្រកែកមិនព្រមទទួល។
ប្រជាពលរដ្ឋរងគ្រោះ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោកស្រី ឡោ ស៊ីណា បញ្ជាក់ថា អាជ្ញាធរ បានផ្ដល់សំណងក្នុងមួយម៉ែត្រការ៉េ តម្លៃមួយដុល្លារ ទៅ ពីរ ដុល្លារ តាមប្រភេទដីកសិកម្ម និងដីលំនៅឋាន។ ប៉ុន្តែលោកស្រី មិនអាចទទួលយកបានទេ ពីព្រោះពលរដ្ឋរងគ្រោះផ្សេងទៀតអាជ្ញាធរបានផ្ដល់សំណងចំនួនពី ៤ ទៅ ៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហេតុដូច្នេះលោកស្រីថា អាជ្ញាធរត្រូវតែផ្ដល់សំណងតាមតម្លៃទីផ្សារ៖«ខ្ញុំគ្រាន់តែចង់ទាមទារឱ្យពួកគាត់ដែលពាក់ព័ន្ធ ហៅទៅដំណោះស្រាយគ្នា ដំណោះស្រាយយើងចរចាទៅ។ ខាងពួកខ្ញុំក៏មិនទាមទារតម្លៃលើសដែរ គ្រាន់តែថាឱ្យសមរម្យដូចគេមក។ ចុះហេតុអ្វីបានជាគេ ៥ ទៅ ៨ ដុល្លា ហេតុអ្វីបានជាខ្ញុំ បានតែ១ ទៅ ២ ដុល្លា។»
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់អាស៊ីសេរីថា ប្រជាពលរដ្ឋជាង៣ ពាន់គ្រួសារ(៣ ១២៧គ្រួសារ) បានសុខចិត្តទទួលយកសំណងអស់ហើយនៅសេសសល់តែ ៥ គ្រួសារទៀតតែប៉ុណ្ណោះដែលមិនព្រមទទួលយកសំណង។ តែទោះជាយ៉ាងណា លោកនិយាយថា អាជ្ញាធរមិនទាន់បិទផ្លូវការចរចានោះទេ ដើម្បីអោយប្រជាពលរដ្ឋបានស្ងប់ចិត្ត៖«អំពាវនាវឱ្យបងប្អូនពុកម៉ែ មាមីងទាំងអស់ត្រូវចូលរួមសហការគ្នា នៅក្រោមការអភិវឌ្ឍន៍ក្រោមម្លប់នៃសន្តិភាព។ កាលពីមុខក្រែងរត់ចូលតែត្រង់សេតើ ម៉េចមិនថារំលោភសិទ្ធិមនុស្ស? ចុះដល់ពេលប្រទេសសុខសាន្ត នាំគ្នាអភិវឌ្ឍន៍ម៉េចក៏ដារំលោភសិទ្ធិមនុស្ស។ អញ្ចឹងសូមអំពាវនាវមនុស្សអគតិមួយចំនួនតូច ដែលធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍន៍ហ្នឹងចូលរួមទាំងអស់គ្នាទៅ។»
អ្នកសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តកំពង់ស្ពឺលោក រ័ត្ន ថាវី មានប្រសាសន៍ថា អាជ្ញាធរផ្ដល់សំណងមួយ ដុល្លារ ទៅពីរ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ហាក់ដូចជាមិនសមទៅនឹងតម្លៃដែលពលរដ្ឋត្រូវទទួលបាន ពីព្រោះដំណាំ និងផ្ទះសម្បែងដែលបានសាងសង់រួចនៅលើដីមានទំនាស់នោះ អាចមានតម្លៃថ្លៃជាងនេះ។
លោកបន្តថា អាជ្ញាធរហាក់បីដូចជាព្រងើយកន្តើយចំពោះពលរដ្ឋដែលនៅសេសសល់ចុងក្រោយដោយសារតែអាជ្ញាធរគិតថា សំណងភាគច្រើនពលរដ្ឋអាចទទួលយកបាន តាមគោលការណ៍របស់រដ្ឋាភិបាលកន្លងមក៖«ដោយសារតែខ្ញុំពិនិត្យមើលទៅឃើញថា គេអត់សូវខ្វល់ ពីផលប៉ះពាល់ ការពេញចិត្ត ឬមិនពេញចិត្តរបស់ ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ហ្នឹងទេ។ មានន័យថា តម្លៃដែលគេកំណត់ឱ្យ ប៉ុន្មាន អ្នកឯងត្រូវតែយកប៉ុណ្ណឹង ហើយបើមិនយកទេ ជាក់ស្ដែងដូច ៥គ្រួសារ ហ្នឹងគាត់អត់ព្រមទទួលយក គេឈូសបំផ្លាញដំណាំគាត់តែម្ដង ឈូសកម្ទេចផ្ទះគាត់តែម្ដង។»
រដ្ឋាភិបាល កំពុងសាងសង់ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា និងចំណាយថវិកាសាងសង់សរុបប្រមាណពីរពាន់លាន(២ ០០០លាន) ដុល្លារអាមេរិក។ គម្រោងនេះ សាងសង់ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់របស់រដ្ឋចិន (CRBC) ហើយគ្រោងបញ្ចប់សាងសង់នៅខែកញ្ញា ឆ្នាំ២០២២។
ស្ថាបនិកអង្គការមាតាធម្មជាតិលោក អាឡិច ហាន់ដូ្រហ្កន់សាឡេស ដេវិតសុន មានប្រសាសន៍ថា គណបក្សកុម្មុយនិស្តចិន ចាត់ទុកប្រទេសកម្ពុជា ជារបបមួយដែលរីករាយសហការជាមួយចិនក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ដើម្បីបំពេញមហិច្ឆតារបស់ប្រទេសចិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៖«កាលណាក្រុមហ៊ុនចិនមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅស្រុកខ្មែរ វាមានឱកាស ប្រព្រឹត្តអំពើពុករលួយទ្រង់ទ្រាយធំណាស់។ រឿងហ្នឹងខ្ញុំមិនមែនសង្ស័យទេ ខ្ញុំដឹងច្បាស់តែម្ដង ដោយសារអ្វីគឺដោយសារខ្ញុំ ធ្លាប់ស្រាវជ្រាវ និយាយជាមួយវិស្វករ ចិនរឿងវារីអគ្គិសនី រឿងផ្លូវថ្នល់ ផ្សេងៗ ហ្នឹង។ យើងឃើញថា ក្រុមហ៊ុនចិនតែងតែបំប៉ោង ទាក់ទង នឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។»
ផ្លូវល្បឿនលឿន សាងសង់សម្រេចបានជិតសាមសិប (២៧%)ភាគរយហើយ ផ្លូវនេះគ្រោងនឹងសាងសង់ឲ្យចប់នៅខែកញ្ញា ឆ្នាំ២០២២ ហើយរដ្ឋាភិបាល កំពុងចរចាជាមួយក្រុមហ៊ុនវិនិយោគមួយទៀត ដើម្បីសាងសង់ផ្លូវល្បឿនលឿន ខ្សែទី២ ពីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។