លោក ស ខេង ទទួល​ស្គាល់​ថា ជនជាតិ​ចិន​កំពុង​ដណ្ដើម​មុខ​របរ​តូចតាច​របស់​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ហេង រស្មី
2019.03.19
លោក ស ខេង 031819 លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​​នៅ​ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ២០១៩។
រូបថត៖ ហ្វេសប៊ុក SamdechKrolahomSarkheng

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ទទួល​ស្គាល់​ថា កំណើន​ជនជាតិ​ដែល​មក​រកស៊ី​នៅ​ខេត្ត​ព្រះសីហនុ​កំពុង​ដណ្ដើម​ការ​រក​ស៊ី ឬ​មុខ​របរ​តូចតាច​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​នេះ។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​របប​ក្រុង​ភ្នំពេញ​ ត្រូវមាន​យន្តការ​ច្បាស់លាស់​ក្នុង​ការ​បែង​ចែក ឬ​កំណត់​ថា ជន​បរទេស​អាច​រក​ស៊ី​មុខ​របប​អ្វី​បាន​ខ្លះ នៅ​ប្រទេស​កម្ពុជា។

លោក ស ខេង ថា នៅ​ខេត្ត​ព្រះសីហនុ​សព្វថ្ងៃ សូម្បី​មុខ​របរ​កាត់​សក់​ក៏​ជនជាតិ​ចិន​បើក​រកស៊ី​ដែរ។  លោក​បន្ត​ថា ដំបូង​ឡើយ​លោក​ឮ​ថា ជនជាតិ​ចិន មក​វិនិយោគ​ធ្វើ​ឲ្យ​ពលរដ្ឋ​សប្បាយ​ចិត្ត​ព្រោះ​លក់​ដី​បាន​ថ្លៃ ប៉ុន្តែ​ជនជាតិ​ចិន​ក៏​មក​ដណ្ដើម​ការងារ​ពលរដ្ឋ​ខ្មែរ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែរ។ លោក​ថា លោក​បាន​ចាត់តាំង​មន្ត្រី ជំនាញ​ឲ្យ​ចុះ​មក​ស្រាវជ្រាវ​នៅ​ខេត្ត​ព្រះសីហនុ​ដោយ​ជួប​ទាំង​អភិបាលខេត្ត អ្នក​រក​ស៊ី និង​ពលរដ្ឋ​ផង ហើយ​រក​ឃើញ​ថា ជន​ជាតិ​ចិន​មក​ដណ្ដើម​ការងារ​ពលរដ្ឋ​ខ្មែរ​មែន៖ «គាត់ (ពលរដ្ឋ​ខ្មែរ) ពី​មុន​មក​គាត់​ធ្លាប់​កាត់​សក់​ដាច់ ដល់​គេ (ជនជាតិ​ចិន)​ មក​ គាត់​កាត់​លែង​ដាច់ មាន​អ្នក​ណា​មក​កាត់​ជាមួយ​គាត់ បើ​គាត់​កាត់​អត់​សូវ​ល្អ យើង​ទៅ​បិទ​អត់​កើត យើង​ខ្ញុំ​ពិចារណា​ដែរ​ថា ឥឡូវ​បិទ​ទៅ ដើម្បី​ទុក​មុខ​របប​ហ្នឹង​ហាមឃាត់​មុខ​មួយ​ចំនួន​ទុក​ប្រជាពលរដ្ឋ​ធ្វើ ប៉ុន្តែ​ហ្នឹង​ពី​សម័យ​មុន​មាន ប៉ុន្តែ​សម័យ​ឥឡូវ​យើង​ធ្វើ​អត់​កើត»

លោក ស ខេង លើក​ឡើង​បែប​នេះ​ក្នុង​ពិធី​ប្រកាស​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​ថ្ងៃ​ទី១៨ ខែ​មីនា។

ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ​ម្នាក់ សេង​ ម៉េងប៊ុនរ៉ុង ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​មាន​ទាំង​ជនជាតិ​ចិន និង​ពលរដ្ឋ​ខ្មែរ​ប្រកប​របរ​រកស៊ី​ប្រចាំ​ថ្ងៃ​នៅ​ខេត្ត​នេះ ហើយ​មុខ​របរ​ណា​ជនជាតិ​ចិន​រកស៊ី​ជនជាតិ​គេ​ជួយ​ទិញ​ចិន​គ្នា​គេ។ ពលរដ្ឋ​រូប​នេះ​ព្រួយ​បារម្ភ​ថា បើ​បញ្ហា​នេះ​មិន អាច​ដោះ​ស្រាយ​បាន​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ព្រះសីហនុ​នឹង​បាត់​មុខ​របប​ទាំង​អស់ ហើយ​ពលរដ្ឋ​ខ្មែរ​នឹង​ក្លាយ​ជា​អ្នក​ស៊ី​ឈ្នួល​បម្រើ​ការ​ងារ​ឲ្យ​ជនជាតិ​ចិន​វិញ៖ «គាត់ (ជនជាតិ​ចិន) ហាង​កាត់​សក់​ខ្លួន​ឯង គាត់​មាន​កន្លែង​ធ្វើ​ឡាន គាត់​មាន​កន្លែង​លក់​បន្ថែ គាត់​មាន​កន្លែង​លក់​គ្រឿង​ហូប និយាយ​រួម​គាត់​មាន​មួយ​សព្វ​របស់​គាត់ ក្នុង​នាម​ខ្ញុំ ខ្ញុំ​មើល​ថា គាត់​នៅ​រកស៊ី​ជាមួយ​ខ្មែរ​នៅ​ឡើយ​ទេ ប៉ុន្តែ​ទៅ​ពេល​អនាគត​ពេល​នៅ​ពេល​គ្នា​ទៅ​គ្រប់ គាត់​មាន​ស្អីៗ របស់​គាត់​អស់​អ៊ីចឹង​ខ្មែរ​យើង​គាត់​នឹង​បាត់បង់​ការងារ​ហ្នឹង ហើយ​បាន​ន័យ​ថា ចិនៗ គេ​នឹង​ជួយ​គ្នា​គាត់​ហើយ»

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សុខ ផល ឲ្យដឹងកាលពីចុងឆ្នាំ២០១៨ថា ជនជាតិ​ចិន​មក​ស្នាក់​នៅ​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​រហូត​ដល់​ជាង ២១ម៉ឺន​នាក់​ហើយ ក្នុង​នោះ​​ជាង ៧៨.០០០ (ប្រាំ​ពីរ​ម៉ឺន​ប្រាំ​បី​ពាន់)នាក់​កំពុង​រស់នៅ​ខេត្ត​ព្រះសីហនុ ហើយ​មាន​ប័ណ្ណ​ការងារ​ត្រឹមត្រូវ​តែ​ជាង ២ម៉ឺន​នាក់​ប៉ុណ្ណោះ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ សង្កេត​ឃើញ​ថា ជន​បរទេស​ជនជាតិ​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ​ខុស​ពី​ជន​បរទេស​ផ្សេង​ទៀត ព្រោះ​ជនជាតិ​ចិន​កំពុង​បង្ក​បញ្ហា ភាព​ស្មុគស្មាញ និង​ដណ្ដើម​មុខ​របរ​ពលរដ្ឋ​ខ្មែរ​ជា​ដើម។ លោក​យល់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​យក​គំរូ​គ្រប់គ្រង​ជន​បរទេស​តាម​ប្រទេស​ថៃ ដែល​ប្រទេស​នេះ​បាន​កំណត់​ច្បាស់​លាស់​ពី​ប្រភេទ​អាជីវកម្ម​ដែល​ជន​បរទេស​អាច​ប្រកប​របរ​រក​ស៊ី​បាន៖ «នេះ​មក​ពី​កត្តា​ច្បាប់ ឬ​លក្ខខណ្ឌ​ណា​មួយ ដែល​នៅ​ខ្វះ​ខាត​មិន​បាន​កំណត់​ថា កម្រិត​ការងារ​ណា​មួយ ដែល​ត្រូវ​ខ្វះ ហើយ​ត្រូវ​ការ​ធនធាន​មនុស្ស​ពី​ចិន​មក»

ទោះ​ជា​យ៉ាង​ណា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អះអាង​ថា លោក​បាន​​ផ្តួចផ្តើម​ប្រជុំ​អន្តរក្រសួង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ  ហើយ​ជា​លទ្ធផល គឺ​ស្នើ​ទៅ​ក្រសួង​ស្ថាប័ន​នីមួយៗ​ត្រូវ​បំពេញ​ការងារ​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន និង​ចាត់តាំង​ក្រុម​ជំនាញ​មួយ​ក្រុម​ចុះ​មក​ជួយ​ការងារ​រដ្ឋបាល​ខេត្ត​​​ព្រះសីហនុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។